អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើបរាជ័យនៃវេទិកាប្រចាំឆ្នាំនៃកោះប៉ាស៊ីហ្វិកស្តីពីអាកាសធាតុជាកំហុសរបស់អ្នកណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ សីហា វេទិកា​នៃ​កោះ​ប៉ាស៊ីហ្វិក​ដែល​មាន​សមាជិក​ចំនួន ១៦ប្រទេស​បាន​បិទ​បញ្ចប់​កិច្ចប្រជុំប្រចាំឆ្នាំ​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​ទូវ៉ាលូ​ដោយ​គ្មាន​ទទួល​បាន​លទ្ធផល​ជាក់ស្តែង​អ្វី​ទាំង​អស់។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី១៦ សីហា អង្គការ​តំបន់​ប៉ាស៊ីហ្វិក​មួយ​នេះ​បាន​ត្រឹម​ព្រមាន​ពិភពលោក​ស្តីពី​ការ​គំរាមកំហែង​អាកាសធាតុ​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។ អូស្រា្តលី​ដែល​ជា​ប្រទេស​សមាជិក​ម្នាក់​បាន​ជំទាស់​នឹង​ការ​យល់​ឃើញ​របស់​ប្រទេស​សមាជិក​ផ្សេង និង​បន្ត​ដើរ​តួអង្គ​មុខ​ពីរ​នៅ​ក្នុង​តំបន់​ស្តីពី​បញ្ហា​អាកាសធាតុ។

វេទិកានៃកោះប៉ាស៊ីហ្វិក​បើកកិច្ចប្រជុំរយៈពេល ៣ ថ្ងៃពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ២០១៩ក្នុងប្រទេសទូវ៉ាលូ
វេទិកានៃកោះប៉ាស៊ីហ្វិក​បើកកិច្ចប្រជុំរយៈពេល ៣ ថ្ងៃពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ២០១៩ក្នុងប្រទេសទូវ៉ាលូ Adam TAYLOR / AUSTRALIAN PRIME MINISTER'S OFFICE / AFP
ផ្សាយពាណិជ្ជកម្ម

គេ​នាំ​គ្នា​និយាយ​ច្រើន​ជា​ប្រទេស តែ​ច្រើន​ជា​កោះ​ឯករាជ្យ​តូចៗ​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ អង្គការ​តំបន់​ប៉ាស៊ីហ្វិក​មួយ​នេះ​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៧១ ដោយ​មាន​ឈ្មោះ​ដំបូង​ជា​វេទិកា​ប៉ាស៊ីហ្វិក​ខាងត្បូង និង​បាន​ប្តូរ​ឈ្មោះ​ក្នុង​ខែ​តុលា ឆ្នាំ ២០០០ ជា​វេទិកា​នៃ​កោះ​ប៉ាស៊ីហ្វិក​មក​ដល់​សព្វថ្ងៃ។ វេទិកា​នៃ​កោះ​ប៉ាស៊ីហ្វិក​មាន​សមាជិក​ចំនួន ១៦ប្រទេស បូក​នឹង​ដែនដី​របស់​បារាំង​នៅ​ឯ​នាយសមុទ្រ​ចំនួន​ពីរ​ដែល​សរុប​ទៅ​មាន ១៨សមាជិក។ វេទិកា​នៃ​កោះ​ប៉ាស៊ីហ្វិក​ជា​ស្ថាប័ន​សំខាន់​សម្រាប់​កិច្ចសហប្រតិបត្តិការ​នយោបាយ​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

តែ​គ្មាន​កតិកាសញ្ញា ឬ​សន្ធិសញ្ញា​អន្តរជាតិ​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​បង្កើត​អង្គការ​មួយ​នេះ​ទេ។ ម្យ៉ាង​ទៀត ក៏​គ្មាន​វិធាន​ជា​លាយលក្ខណ៍អក្សរ​សម្រាប់​រៀបចំ​ការ​ប្រជុំ​ដែរ។ ជា​រៀងរាល់​ឆ្នាំ វេទិកា​នៃ​កោះ​ប៉ាស៊ីហ្វិក​បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​កំណត់​ដោយ​ការ​មូលមតិ​គ្នា​នូវ​តួនាទី​របស់​សហគមន៍​មួយ​សម្រាប់​តំបន់​ប៉ាស៊ីហ្វិក។ ក្នុង​ឆ្នាំ ១៩៩៤ វេទិកា​នៃ​កោះ​ប៉ាស៊ីហ្វិក​បាន​ក្លាយ​ជា​អ្នកសង្កេតការណ៍​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

សេដ្ឋកិច្ច​អូស្រា្តលី​ពឹង​លើ​ធនធាន​ធម្មជាតិ​ក្រោម​ដី

នៅ​ក្នុង​កិច្ចប្រជុំ​រយៈ​ពេល ៣ ថ្ងៃ​ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ សីហា​ក្នុង​ប្រទេស​ទូវ៉ាលូ វេទិកា​នៃ​កោះ​ប៉ាស៊ីហ្វិក​បាន​ត្រឹម​អំពាវនាវ​ដល់​ពិភពលោក​ឲ្យ​ជួយ​គិតគូរ​អនាគត​តំបន់​ប៉ាស៊ីហ្វិក​ដែល​កំពុង​រង​គ្រោះ​ដោយ​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស។ អ្វី​ដែល​ជា​ក្តីបារម្ភ​ខ្លាំង​សម្រាប់​ក្រុម​ប្រទេស​នៅ​ក្នុង​តំបន់​ដែល​ភាគ​ច្រើន​ជា​កោះ​តូចៗ គឺ​ការ​លិចលង់​កោះ​ដែល​មិន​សូវ​ខ្ពស់​ទៅ​ក្នុង​សមុទ្រ​នៅ​ពេល​ទឹកសមុទ្រ​ឡើង។ ចំណែក​សម្រាប់​កោះ​ដែល​ខ្ពស់​វិញ​ហាក់​បន្ត​រង​ព្យុះសមុទ្រ​ជា​ញឹកញាប់។ ក្រុម​ប្រទេស​ភាគ​ច្រើន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​បាន​យល់​ឃើញ​ថា បាតុភូត​ធម្មជាតិ​ខុស​ពី​សព្វ​មួយ​ដង​បាន​កើត​ចេញ​ពី​កំណើន​នៃ​ការ​ចាក់​ឧស្ម័នផ្ទះកញ្ចក់​របស់​មនុស្ស​ទៅ​ក្នុង​បរិយាកាស។

ទោះ​បី​ជា​មាន​ការ​ព្រួយ​បារម្ភ​ដូច​នេះ​ក៏​ដោយ​ក៏​ដោយ​ក៏​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​រយៈពេល ៣ថ្ងៃ​មិន​បាន​ឯកភាព​គ្នា​លើ​វិធានការ​រួម​មួយ​ដើម្បី​ដោះស្រាយ​ទេ។ អូស្រា្តលី​ជា​ប្រទេស​ដែល​មិន​ចុះ​សម្រុង​ជាមួយ​គេ និង​កំពុង​រង​ការ​ស្តីបន្ទោស​ខ្លាំង​ពី​ក្រុម​ប្រទេស​សមាជិក​ផ្សេង​ទៀត។ មូលហេតុ មក​ពី​អូស្រា្តលី​មិន​ព្រម​បោះបង់​ការ​ប្រើ​ធ្យូងថ្ម​ដើម្បី​ផលិត​ថាមពល​អគ្គិសនី។ គួរ​បញ្ជាក់​ថា អូស្រា្តលី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​កំពុង​បំពុល​បរិយាកាស​ខ្លាំង​ជាង​គេ​ដែរ ពោល​ឋិត​នៅ​ចំណាត់​ទី១៣ នៃ​ក្រុម​ប្រទេស​ដែល​បាន​ចាក់​ចោល​ឧស្ម័នកាបូនិក​ច្រើន​ជាង​គេ​ក្នុង​លោក។ ចូរ​កុំ​ភ្លេច​ថា អូស្រា្តលី​ជា​ប្រទេស​នាំ​ធ្យូងថ្ម​ចេញ​លំដាប់​ទី១ ក្នុង​លោក និង​ពឹងផ្អែក​ខ្លាំង​លើ​ធ្យូងថ្ម​ដើម្បី​ផលិត​ថាមពល​អគ្គិសនី។

ក្រៅ​ពី​ធ្យូងថ្ម អូស្រា្តលី​នៅ​មាន​រ៉ែដែក និង​ឧស្ម័នធម្មជាតិ​ដែល​សុទ្ធសឹង​ជា​ធនធាន​ធម្មជាតិ​បំពាល់​បរិយាកាស។ រដ្ឋាភិបាល​អូស្រា្តលី​ក៏​បាន​យល់​ឃើញ​ពី​ផលវិបាក​សម្រាប់​បរិយាកាស តែ​សម្លឹង​ឃើញ​សេដ្ឋកិច្ច​ជា​រឿង​អាទិភាព ព្រោះ​រ៉ែដែក រ៉ែធ្យូងថ្ម និង​ឧស្ម័នធម្មជាតិ​ជា​ប្រភព​ចំណូល​ទី១ របស់​ប្រទេស និង​បាន​បង្កើត​ការងារ​យ៉ាង​ច្រើន​សម្បើម​ដល់​ប្រជាជន។ នៅ​ក្នុង​ន័យ​នេះ នាយរដ្ឋមន្រ្តី​នៃ​ប្រទេស​ទូវ៉ាលូ​លោក Sopoaga មិន​ញញើត​និយាយ​វាយប្រហារ​លើ​សមភាគី​អូស្រា្តលី​លោក Morrison ថា លោក Morrison កំពុង​ខ្វាយខ្វល់​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​អូស្រ្តាលី ខ្ញុំ​កំពុង​ខ្វាយខ្វល់​ជួយ​ស្រោចស្រង់​ប្រជាជន​ទូវ៉ាលូ។

អូស្រ្តាលី​កំពុង​ដើរ​តួអង្គ​មុខ​ពីរ?

មាន​ការ​លោក​ឡើង​ថា អូស្រា្តលី​កំពុង​ដើរ​តួអង្គ​មុខ​ពីរ​នៅ​ក្នុង​តំបន់​ដោយ​ដៃ​ម្ខាង​ចូលរួម​ជួយ​កាត់​បន្ថយ​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស និង​ដៃ​ម្ខាង​ទៀត​បន្ត​ចាក់​ឧស្ម័នកាបូនិក​ទៅ​ក្នុង​បរិយាកាស។ នាយករដ្ឋមន្រ្តី​អូស្រា្តលី​លោក Scott Morrison បាន​អះអាង​ច្បាស់ៗ​ថា គេ​អាច​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​គំរូ​សេដ្ឋកិច្ច​របស់​ប្រទេស​អូស្រា្តលី។ គួរ​រម្លឹក​ថា​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥​ស្តីពី​អាកាសធាតុ អូស្រា្តលី​ក៏​មិន​បាន​រួម​ចំណែក​ខ្លាំងក្លា​ប៉ុន្មាន​ទេ​ដោយ​បាន​សន្យា​កាត់​បន្ថយ​ឧស្ម័នពុល​ទៅ​ក្នុង​បរិយាកាស​ត្រឹម ២៦% ប៉ុណ្ណោះ​នៅ​មុន​ឆ្នាំ ២០៣០។

នៅ​មួយ​ថ្ងៃ​មុន​កិច្ចប្រជុំ​នៃ​ក្រុមប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ សីហា រដ្ឋាភិបាល​អូស្រា្តលី​បាន​ទម្លាក់​ថវិកា​ចំនួន ៣០០លានអឺរ៉ូ​ដើម្បី​ជួយ​ដល់​ក្រុម​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​សម្រាប់​វិនិយោគ​នៅ​ក្នុង​ថាមពល​ក កើត​ឡើង​វិញ និង​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស។ តែ​សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​ពេល​នេះ​គឺ​ថា ហេតុអ្វី​បាន​ជា​អូស្រា្តលី​ខ្លួន​ឯង​មិន​ងាក​ទៅ​វិនិយោគ​ថាមពល​ក កើត​ឡើង​វិញ និង​បែរ​ជា​បន្ត​ប្រើ​ធ្យូងថ្ម​ដើម្បី​ផលិត​ថាមពល​របស់​ខ្លួន​ទៅ​វិញ?។ តាម​ក្រុម​អ្នកវិភាគ គឺ​ដើម្បី​លួងចិត្ត​ក្រុមប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​កុំ​ឲ្យ​ធ្លាក់​ក្នុង​ឥទ្ធិពល​របស់​ចិន ពិសេស​កុំ​ឲ្យ​ចិន​អាច​យក​ប្រទេស ឬ​កោះ​ណា​មួយ​ដើម្បី​សាងសង់​មូលដ្ឋានទ័ព​នៅ​ក្នុង​តំបន់។

តែ​នាយករដ្ឋមន្រ្តី​សាម័រ​ដែល​ជា​សមាជិក​ម្នាក់​ក្នុង​វេទិកា​នៃ​កោះ​ប៉ាស៊ីហ្វិក​បាន​បញ្ជាក់​ថា បញ្ហា​ភូមិសាស្រ្តនយោបាយ​មិនមែន​ជា​រឿង​សំខាន់ និង​ជា​ក្តីបារម្ភ​សម្រាប់​ក្រុម​ប្រទេស​ខ្លះ​នៅ​តំបន់​ប៉ាស៊ីហ្វិក និង​ថា ក្រុម​ប្រទេស​ទាំង​នោះ​នឹង​ទទួល​ស្វាគមន៍​គ្រប់​ជំនួយ​ទាំង​អស់ មាន​ទាំង​ជំនួយ​របស់​ចិន។ នាយករដ្ឋមន្រ្តី​សាម័រ​រូប​នេះ​ដដែល​បាន​បញ្ចេញ​ឃ្លា​មួយ​ថា សត្រូវ​របស់​អ្នក​ផ្សេង​មិនមែន​ជា​សត្រូវ​របស់​យើង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ