តើបរាជ័យនៃវេទិកាប្រចាំឆ្នាំនៃកោះប៉ាស៊ីហ្វិកស្តីពីអាកាសធាតុជាកំហុសរបស់អ្នកណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១២
នៅថ្ងៃព្រហស្បតិ៍ ទី១៥ សីហា វេទិកានៃកោះប៉ាស៊ីហ្វិកដែលមានសមាជិកចំនួន ១៦ប្រទេសបានបិទបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរយៈពេល ៣ថ្ងៃនៅក្នុងប្រទេសទូវ៉ាលូដោយគ្មានទទួលបានលទ្ធផលជាក់ស្តែងអ្វីទាំងអស់។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនាព្រឹកថ្ងៃសុក្រ ទី១៦ សីហា អង្គការតំបន់ប៉ាស៊ីហ្វិកមួយនេះបានត្រឹមព្រមានពិភពលោកស្តីពីការគំរាមកំហែងអាកាសធាតុនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ អូស្រា្តលីដែលជាប្រទេសសមាជិកម្នាក់បានជំទាស់នឹងការយល់ឃើញរបស់ប្រទេសសមាជិកផ្សេង និងបន្តដើរតួអង្គមុខពីរនៅក្នុងតំបន់ស្តីពីបញ្ហាអាកាសធាតុ។
គេនាំគ្នានិយាយច្រើនជាប្រទេស តែច្រើនជាកោះឯករាជ្យតូចៗនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ អង្គការតំបន់ប៉ាស៊ីហ្វិកមួយនេះបានចាប់កំណើតក្នុងឆ្នាំ ១៩៧១ ដោយមានឈ្មោះដំបូងជាវេទិកាប៉ាស៊ីហ្វិកខាងត្បូង និងបានប្តូរឈ្មោះក្នុងខែតុលា ឆ្នាំ ២០០០ ជាវេទិកានៃកោះប៉ាស៊ីហ្វិកមកដល់សព្វថ្ងៃ។ វេទិកានៃកោះប៉ាស៊ីហ្វិកមានសមាជិកចំនួន ១៦ប្រទេស បូកនឹងដែនដីរបស់បារាំងនៅឯនាយសមុទ្រចំនួនពីរដែលសរុបទៅមាន ១៨សមាជិក។ វេទិកានៃកោះប៉ាស៊ីហ្វិកជាស្ថាប័នសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនយោបាយនៅក្នុងតំបន់ប៉ាស៊ីហ្វិក។
តែគ្មានកតិកាសញ្ញា ឬសន្ធិសញ្ញាអន្តរជាតិណាមួយដែលបញ្ជាក់ពីការបង្កើតអង្គការមួយនេះទេ។ ម្យ៉ាងទៀត ក៏គ្មានវិធានជាលាយលក្ខណ៍អក្សរសម្រាប់រៀបចំការប្រជុំដែរ។ ជារៀងរាល់ឆ្នាំ វេទិកានៃកោះប៉ាស៊ីហ្វិកបានរៀបចំកិច្ចប្រជុំថ្នាក់ប្រមុខរដ្ឋាភិបាលដើម្បីកំណត់ដោយការមូលមតិគ្នានូវតួនាទីរបស់សហគមន៍មួយសម្រាប់តំបន់ប៉ាស៊ីហ្វិក។ ក្នុងឆ្នាំ ១៩៩៤ វេទិកានៃកោះប៉ាស៊ីហ្វិកបានក្លាយជាអ្នកសង្កេតការណ៍នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។
សេដ្ឋកិច្ចអូស្រា្តលីពឹងលើធនធានធម្មជាតិក្រោមដី
នៅក្នុងកិច្ចប្រជុំរយៈពេល ៣ ថ្ងៃពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ទី១៥ សីហាក្នុងប្រទេសទូវ៉ាលូ វេទិកានៃកោះប៉ាស៊ីហ្វិកបានត្រឹមអំពាវនាវដល់ពិភពលោកឲ្យជួយគិតគូរអនាគតតំបន់ប៉ាស៊ីហ្វិកដែលកំពុងរងគ្រោះដោយការឡើងកំដៅនៅក្នុងបរិយាកាស។ អ្វីដែលជាក្តីបារម្ភខ្លាំងសម្រាប់ក្រុមប្រទេសនៅក្នុងតំបន់ដែលភាគច្រើនជាកោះតូចៗ គឺការលិចលង់កោះដែលមិនសូវខ្ពស់ទៅក្នុងសមុទ្រនៅពេលទឹកសមុទ្រឡើង។ ចំណែកសម្រាប់កោះដែលខ្ពស់វិញហាក់បន្តរងព្យុះសមុទ្រជាញឹកញាប់។ ក្រុមប្រទេសភាគច្រើនក្នុងតំបន់ប៉ាស៊ីហ្វិកបានយល់ឃើញថា បាតុភូតធម្មជាតិខុសពីសព្វមួយដងបានកើតចេញពីកំណើននៃការចាក់ឧស្ម័នផ្ទះកញ្ចក់របស់មនុស្សទៅក្នុងបរិយាកាស។
ទោះបីជាមានការព្រួយបារម្ភដូចនេះក៏ដោយក៏ដោយក៏កិច្ចប្រជុំនៃក្រុមប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិករយៈពេល ៣ថ្ងៃមិនបានឯកភាពគ្នាលើវិធានការរួមមួយដើម្បីដោះស្រាយទេ។ អូស្រា្តលីជាប្រទេសដែលមិនចុះសម្រុងជាមួយគេ និងកំពុងរងការស្តីបន្ទោសខ្លាំងពីក្រុមប្រទេសសមាជិកផ្សេងទៀត។ មូលហេតុ មកពីអូស្រា្តលីមិនព្រមបោះបង់ការប្រើធ្យូងថ្មដើម្បីផលិតថាមពលអគ្គិសនី។ គួរបញ្ជាក់ថា អូស្រា្តលីស្ថិតក្នុងចំណោមប្រទេសដែលកំពុងបំពុលបរិយាកាសខ្លាំងជាងគេដែរ ពោលឋិតនៅចំណាត់ទី១៣ នៃក្រុមប្រទេសដែលបានចាក់ចោលឧស្ម័នកាបូនិកច្រើនជាងគេក្នុងលោក។ ចូរកុំភ្លេចថា អូស្រា្តលីជាប្រទេសនាំធ្យូងថ្មចេញលំដាប់ទី១ ក្នុងលោក និងពឹងផ្អែកខ្លាំងលើធ្យូងថ្មដើម្បីផលិតថាមពលអគ្គិសនី។
ក្រៅពីធ្យូងថ្ម អូស្រា្តលីនៅមានរ៉ែដែក និងឧស្ម័នធម្មជាតិដែលសុទ្ធសឹងជាធនធានធម្មជាតិបំពាល់បរិយាកាស។ រដ្ឋាភិបាលអូស្រា្តលីក៏បានយល់ឃើញពីផលវិបាកសម្រាប់បរិយាកាស តែសម្លឹងឃើញសេដ្ឋកិច្ចជារឿងអាទិភាព ព្រោះរ៉ែដែក រ៉ែធ្យូងថ្ម និងឧស្ម័នធម្មជាតិជាប្រភពចំណូលទី១ របស់ប្រទេស និងបានបង្កើតការងារយ៉ាងច្រើនសម្បើមដល់ប្រជាជន។ នៅក្នុងន័យនេះ នាយរដ្ឋមន្រ្តីនៃប្រទេសទូវ៉ាលូលោក Sopoaga មិនញញើតនិយាយវាយប្រហារលើសមភាគីអូស្រា្តលីលោក Morrison ថា លោក Morrison កំពុងខ្វាយខ្វល់ជួយស្រោចស្រង់សេដ្ឋកិច្ចអូស្រ្តាលី ខ្ញុំកំពុងខ្វាយខ្វល់ជួយស្រោចស្រង់ប្រជាជនទូវ៉ាលូ។
អូស្រ្តាលីកំពុងដើរតួអង្គមុខពីរ?
មានការលោកឡើងថា អូស្រា្តលីកំពុងដើរតួអង្គមុខពីរនៅក្នុងតំបន់ដោយដៃម្ខាងចូលរួមជួយកាត់បន្ថយការឡើងកំដៅនៅក្នុងបរិយាកាស និងដៃម្ខាងទៀតបន្តចាក់ឧស្ម័នកាបូនិកទៅក្នុងបរិយាកាស។ នាយករដ្ឋមន្រ្តីអូស្រា្តលីលោក Scott Morrison បានអះអាងច្បាស់ៗថា គេអាចដោះស្រាយបញ្ហាអាកាសធាតុដោយធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់គំរូសេដ្ឋកិច្ចរបស់ប្រទេសអូស្រា្តលី។ គួររម្លឹកថានៅក្នុងសន្និសីទអន្តរជាតិក្រុងប៉ារីសឆ្នាំ ២០១៥ស្តីពីអាកាសធាតុ អូស្រា្តលីក៏មិនបានរួមចំណែកខ្លាំងក្លាប៉ុន្មានទេដោយបានសន្យាកាត់បន្ថយឧស្ម័នពុលទៅក្នុងបរិយាកាសត្រឹម ២៦% ប៉ុណ្ណោះនៅមុនឆ្នាំ ២០៣០។
នៅមួយថ្ងៃមុនកិច្ចប្រជុំនៃក្រុមប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ទី១៥ សីហា រដ្ឋាភិបាលអូស្រា្តលីបានទម្លាក់ថវិកាចំនួន ៣០០លានអឺរ៉ូដើម្បីជួយដល់ក្រុមប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកសម្រាប់វិនិយោគនៅក្នុងថាមពលក កើតឡើងវិញ និងសម្រាប់ប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅនៅក្នុងបរិយាកាស។ តែសំណួរដែលគ្រប់គ្នាកំពុងចោទសួរពេលនេះគឺថា ហេតុអ្វីបានជាអូស្រា្តលីខ្លួនឯងមិនងាកទៅវិនិយោគថាមពលក កើតឡើងវិញ និងបែរជាបន្តប្រើធ្យូងថ្មដើម្បីផលិតថាមពលរបស់ខ្លួនទៅវិញ?។ តាមក្រុមអ្នកវិភាគ គឺដើម្បីលួងចិត្តក្រុមប្រទេសនៅតំបន់ប៉ាស៊ីហ្វិកកុំឲ្យធ្លាក់ក្នុងឥទ្ធិពលរបស់ចិន ពិសេសកុំឲ្យចិនអាចយកប្រទេស ឬកោះណាមួយដើម្បីសាងសង់មូលដ្ឋានទ័ពនៅក្នុងតំបន់។
តែនាយករដ្ឋមន្រ្តីសាម័រដែលជាសមាជិកម្នាក់ក្នុងវេទិកានៃកោះប៉ាស៊ីហ្វិកបានបញ្ជាក់ថា បញ្ហាភូមិសាស្រ្តនយោបាយមិនមែនជារឿងសំខាន់ និងជាក្តីបារម្ភសម្រាប់ក្រុមប្រទេសខ្លះនៅតំបន់ប៉ាស៊ីហ្វិក និងថា ក្រុមប្រទេសទាំងនោះនឹងទទួលស្វាគមន៍គ្រប់ជំនួយទាំងអស់ មានទាំងជំនួយរបស់ចិន។ នាយករដ្ឋមន្រ្តីសាម័ររូបនេះដដែលបានបញ្ចេញឃ្លាមួយថា សត្រូវរបស់អ្នកផ្សេងមិនមែនជាសត្រូវរបស់យើងទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ