អានតួអត្ថបទ

ឥណ្ឌា-ប៉ាគីស្ថាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តំបន់​កាស្មៀរ អ.ស.ប.បើកប្រជុំបន្ទាន់

ភាព​តាន​តឹង បាន​ឡើង​តាន​តឹង​មួយ​កំរិត​ទៀត​នៅ​ថ្ងៃ​នេះ ​នៅ​តំបន់ព្រំដែនកាស្មៀរ​ដែល​ខណ្ឌ​ចែក​ឥណ្ឌា​និង​ប៉ាគីស្ថាន​​។ មានការ​បាញ់​តប​ត​គ្នា បណ្តាល​ឱ្យ​ទាហាន​ទាំង​សង​ខាង ប៉ាគីស្ថាននិង​ឥណ្ឌា​ ស្លាប់​ជា​ច្រើន​នាក់។ នេះ​ជា​ប៉ះទង្គិច​ប្រដាប់​អាវុធ​លើក​ទី​មួយ​ គិត​ចាប់​តាំង​ពីអាជ្ញាធរ​ឥណ្ឌា​បាន​សម្រេច​ជា​ឯកតោ​ភាគី ដក​ស្វ័យភាព​តំបន់​កាស្មៀរ​មក។ ការ​ដ​ក​ស្វ័យភាព​ដែល​បាន​ជំរុញ​ឱ្យ​ប៉ាគីស្ថាន​ប្តឹង​ទៅក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ ឱ្យ​បើក​ប្រជុំ​បន្ទាន់​នៅ​ល្ងាច​នេះ។

បាតុកម្ម​ប្រឆាំង​ឥណ្ឌា នៅ​ក្រុង​ Peshawar​ប្រទេស​ប៉ាគីស្ថាន ថ្ងៃ​ទី ១៥ សីហា ២០១៩
បាតុកម្ម​ប្រឆាំង​ឥណ្ឌា នៅ​ក្រុង​ Peshawar​ប្រទេស​ប៉ាគីស្ថាន ថ្ងៃ​ទី ១៥ សីហា ២០១៩ REUTERS/Fayaz Aziz
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អ្នក​នាំ​ពាក្យ​យោធា​ប៉ាគីស្ថាន គឺ​ឥណ្ឌា​ជា​អ្នក​រំលោភ​បទ​ឈប់​បាញ់ ជា​ថ្មី​ ដោយ​បាន​បង្កើន​ការ​បាញ់​​នៅ​តាមបន្ទាត់​​ព្រំ​ដែន​ជាប់​ជ​ម្លោះ ដែល​ខណ្ឌ​ចែក​ឥណ្ឌា​ពី​ប៉ាគី​ស្ថាន និង​ដែលពុះ​ចែក​តំបន់​កាស្មៀរ​ជា​ពីរ។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ទាហាន​ប៉ាគីស្ថាន​បី​នាក់ និង​ជន​ស៊ីវិល​ពី​រនាក់។ នេះ​បើ​តាម​ប្រភព​ប៉ាគីស្ថាន​ដដែល​ដែល​អះអាង​ថា​ ខាង​ឥណ្ឌា​ក៏​មាន​ស្លាប់​ទាហាន​៥​នាក់​ដែរ តែ​ញូវដាលី​បាន​ច្រាន​ចោល​ព័ត៌មាន​នេះ​។

ឧប្បត្តិហេតុ​នៅ​ព្រំ​ដែន​ដែល​ស្ថិត​ក្រោម​សម្ពាធ​រហូត​ មិន​មែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ឡើយ។ ភាព​តាន​តឹង​នៅ​តំបន់​កាស្មៀរ បាន​ឡើងប៉ោង​ខ្លាំង​​តាំង​ពី​ ​ជា​ច្រើន​សប្តាហ៍​មក​ហើយ ពោល​គឺ​មុន​ការ​សម្រេច​លុប​ចោល​លក្ខន្តិកៈ​ពិសេស​របស់​តំបន់​កាស្មៀរ​ឥណ្ឌានៅ​​ថ្ងៃទី​៥​សីហា ​ទៅ​ទៀត។ ហើយបើ​​បរិបទ​ការ​ទូតតាន​តឹង​ទៀត ​តំបន់​ជាប់​ជម្លោះ​គ្នា​ស្រាប់​ពិត​ជា​កាន់​តែ​ងាយរងគ្រោះ​ឡើងជា​ប្រាកដ​យ៉ាង​ដូច្នេះឯង។

ហើយ​គឺ​នៅ​ព្រឹក​ថ្ងៃ​នេះតែ​ម្តង​ដែល បញ្ហា​កាស្មៀរ​ បាន​ក្លាយ​ជា​ប្រធានបទ​ស្នូល​នៃ​ជំនួប​ប្រជុំ​ដោយ​របស់​បិទ​ទ្វារ​របស់​ក្រុម​ប្រឹក្សាស​ន្តិសុខ​អង្គការ​សហប្រជាជាតិ។ តាំង​ពី​ថ្ងៃ​ទី ៥ សីហា​មក ប៉ាគីស្ថាន​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ចូល​ធ្វើ​អន្តរាគមន៍​។ រដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រមុខ​ការ​ទូត​អឺរ៉ុប អញ្ជើញ​ទៅ​ប៉េកាំង​ដើម្បី​ជួប​សមភាគី​ចិន​។ គឺ​មិត្ត​ចិន​នេះ​ហើយ​ដែល​មាន​ទឹក​មាត់​ប្រៃ និង​បាន​ផ្តល់​ការគាំទ្រ​ដល់​ប៉ាគីស្ថាន ​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​​ព្រម​សិក្សា​សំណុំ​រឿង​កាស្មៀរ។

រដ្ឋ​Jammu et Cachemire ឬ​តំបន់​កាស្មៀរ ដែល​មាន​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម និង​ដែល​ប៉ាគីស្ថាន​តែង​ទាមទារ​យក​មក​គ្រប់គ្រង ត្រូវ​បាន​កាត់​ផ្តាច់​ពី​ពិភព​ខាង​ក្រៅ គ្មាន​ទូរស័ព្ទ​ ទូរទស្សន៍​ គ្មាន​អ៊ីនធ័រនែត គ្មាន​ការ​ជួប​ជុំ តាំ​ងពី​ថ្ងៃ​ទី ៤​សីហា​មក មួយ​ថ្ងៃ​មុន​ការ​ដក​ស្វ័យភាព​តំបន់​កាស្មៀរ​នេះ។ តែ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ប្រកាស​ថា​វិធានការ​ខ្ទប់​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ និង​ទូរគមនាគមន៍​ នឹង​ត្រូវ​លើក​ចេញ​វិញ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ