អានតួអត្ថបទ
ហុងកុង

ហុងកុង៖បន្ទាប់ពីបាតុកម្មរបស់គ្រូបង្រៀនក្នុងថ្ងៃសៅរ៍ ជាបាតុកម្មរបស់សិស្ស និស្សិតនៅថ្ងៃអាទិត្យ

ហុងកុង​កំពុង​បន្ត​គ្របដណ្តប់​ដោយ​ក្បួនបាតុកម្ម។ នៅ​ថ្ងៃ​សៅរ៍ ទី១៧ សីហា មាន​គ្រូបង្រៀន​ប្រមាណ​ជា ១ ០០០នាក់​បាន​ដង្ហែរ​ក្បួន​បាតុកម្ម​ក្រោម​ដំណក់​ទឹកភ្លៀង​នៅ​តាម​ផ្លូវ។ បន្ទាប់​មក​នៅ​ថ្ងៃ​អាទិត្យ ទី១៨ សីហា ជា​បាតុកម្ម​របស់​ក្រុម​សិស្ស និស្សិត​ដែល​នឹង​មាន​អ្នក​ចូលរួម​ច្រើន និង​ទ្រង់ទ្រាយ​ធំ។ តែ​ខុស​ពី​បាតុកម្ម​របស់​គ្រូបង្រៀន គម្រោង​បាតុកម្ម​របស់​សិស្ស និស្សិត​មិន​មាន​ការ​អនុញ្ញាត​ពី​រដ្ឋអំណាច​ទេ។ កម្មវត្ថុ​នៃ​ក្បួន​បាតុកម្ម​របស់​គ្រូបង្រៀន និង​សិស្ស និស្សិត គឺ​ដើម្បី​គាំទ្រ​ដល់​ចលនា​បាតុកម្ម​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ហុងកុង​ដែល​បន្ត​ប្រឆាំង​នឹង​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក។

តាំងពីជាង ២ខែមកហើយដែលក្រុមអ្នកប្រជាធិបតេយ្យហុងកុងចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋអំណាច
តាំងពីជាង ២ខែមកហើយដែលក្រុមអ្នកប្រជាធិបតេយ្យហុងកុងចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋអំណាច Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្រោម​ដំណក់​ទឹកភ្លៀង​ជាមួយ​នឹង​ដៃ​កាន់​ឆ័ត្រ​ដែល​គ្រូបង្រៀន​ប្រុស ស្រី​ជា​ច្រើន​រយ​នាក់​បាន​ដង្ហែរ​ក្បួនបាតុកម្ម​នៅ​តាម​ដង​ផ្លូវ។ ពួក​គេ​បាន​នាំ​គ្នា​ដើរ​តម្រង់​ឆ្ពោះ​ទៅ​សង្កាត់​ដែល​មាន​ប្រមូល​ផ្តុំ​ដោយ​ក្រសួង និង​ស្ថាប័ន​សំខាន់ៗ ពិសេស​អាគារ​រដ្ឋាភិបាល​របស់​ប្រមុខ​ដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​ដែល​កំពុង​ធ្លាក់​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​ចំណោម​មហាជន​ហុងកុង​ទូទៅ។ ក្បួន​បាតុកម្ម​របស់​គ្រូបង្រៀន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់ គ្មាន​ហិង្សា និង​ការ​ប៉ះទង្គិច​ណា​មួយ​ជាមួយ​នឹង​កម្លាំង​ប៉ូលិស​ឡើយ។ កំណត់សម្គាល់​មួយ​ទៀត បាតុកម្ម​របស់​គ្រូបង្រៀន​ពេល​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋអំណាច។

នៅ​ក្នុង​ក្បួនបាតុកម្ម គ្រូបង្រៀន​មិន​បាន​លើក​បដា​អ្វី​ទាំង​អស់ តែ​បាន​នាំ​គ្នា​ស្រែក​ដៀមដាម​ដាក់​ប៉ូលិស​ហុងកុង​ដែល​បាន​ប្រើ​អំពើហិង្សា​លើ​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​នា​ពេល​ថ្មីៗ​កន្លង​មក​ដោយ​ស្រែក​ថា « ប៉ូលិស​ហុងកុង​ដឹង​ច្បាប់ ប៉ូលិស​ហុងកុង​រំលោភ​ច្បាប់ »។ បន្ទាប់​មក បាតុករ​គ្រូបង្រៀន​ក៏​បាន​ស្រែក​គាំទ្រ​ដល់​សិស្ស និស្សិត​របស់​ខ្លួន​ដែល​នឹង​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី១៨ សីហា​ដែល​មិន​មាន​ការ​អនុញ្ញាត​ពី​រដ្ឋអំណាច​ទេ។ បាតុកម្ម​របស់​សិស្ស និស្សិត​នៅ​ថ្ងៃ​អាទិត្យ ទី១៨ សីហា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បាតុកម្ម​ក្រោម​ទ្រង់ទ្រាយ​ធំ​ដែល​មាន​មាន​មនុស្ស​ចូលរួម​ដល់​ទៅ ១លាននាក់ និង​ដែល​គ្រប់​គ្នា​បារម្ភ​ពី​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​បាតុករ និង​កម្លាំងប៉ូលិស។

គួរ​រម្លឹក​ថា តាំង​ពី​ជាង ២ខែ​មក​ហើយ​ដែល​ក្រុម​អ្នកប្រជាធិបតេយ្យ​ហុងកុង​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋអំណាច​ដោយ​ទាមទារ​ឲ្យ​ដក​ចេញ​ទាំង​ស្រុង​នូវ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក។ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ចលនា​បាតុកម្ម​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​ពលរដ្ឋ​ហុងកុង​ទូទៅ​បាន​ប្រឈម​មុខ​យ៉ាង​ហិង្សា​ទល់​នឹង​កម្លាំង​ប៉ូលិស​ហុងកុង។ ចំណែក​នៅ​ចិន​ដីគោក​វិញ ទោះ​បី​ជា​រដ្ឋអំណាច​ក្រុង​ប៉េកាំង​នៅ​មិន​ទាន់​បាន​ចាត់​វិធានការ​អ្វី​ក៏​ដោយ​ក៏​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្រុម​សារព័ត៌មាន​ផ្លូវការ​ចិន​បាន​ផ្សព្វផ្សាយ​ច្រើន​ដង​នូវ​រូបភាព​វីដែអូ​ដែល​បង្ហាញ​រថយន្ត​ដឹក​ទាហាន​ចិន រថក្រោះ និង​កម្លាំងប៉ូលិស​ដែល​កំពុង​ហ្វឹកហាត់​នៅ​ក្នុង​ពហុកីឡាដ្ឋាន​មួយ​ក្នុង​ទីក្រុង Shenzhen ដែល​មាន​ចម្ងាយ​ប្រមាណ ២៥គីឡូម៉ែត្រ​ពី​ទីក្រុង​ហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ