អានតួអត្ថបទ
សហរដ្ឋអាមេរិក-អាហ្វហ្កានីស្ថាន

លោកដូណាល់ ត្រាំមានសុទិដ្ឋិនិយមសម្រាប់សន្តិភាពនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន

នៅ​ថ្ងៃ​សុក្រ ទី១៦ សីហា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ​ជួប​ប្រជុំ​ជាមួយ​ក្រុម​ទីប្រឹក្សា និង​រដ្ឋមន្រ្តី​មួយ​ចំនួន​របស់​លោក។ ប្រធានបទ​នៃ​កិច្ចប្រជុំ​បាន​ផ្តោត​លើ​កិច្ចចរចា​ថ្មីៗ​ចុង​ក្រោយ​រវាង​ភាគី​សហរដ្ឋអាមេរិក និង​ភាគី​ឧទ្ទាម​តាលីបង់​ក្នុង​គោលដៅ​ដក​ទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន និង​បិទបញ្ចប់​ជម្លោះ​រុំាំរ៉ៃ​នៅ​ក្នុង​ប្រទេស​អាស៊ីកណ្តាល​មួយ​នេះ។ នៅ​ក្នុង​បណ្តាញសង្គម Twitter លោក​ត្រាំ​បាន​សាទរ​លើ​លទ្ធផល​ដែល​ទទួល​បាន និង​មាន​សុទិដ្ឋិនិយម​រក​បាន​សន្តិភាព​សម្រាប់​ប្រទេស​អាហ្វហ្ហានីស្ថាន។

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ
ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​ក្រុម​ទីប្រឹក្សា និង​រដ្ឋមន្រ្តី​មួយ​ចំនួន​របស់​លោក​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិ្លបវាយកូនគោ​របស់​លោក​នៅ Bedminster ស្ថិត​ក្នុង​រដ្ឋ New Jersey ដែល​លោក​ត្រាំ​កំពុង​វិស្សមកាល។ មាន​វត្តមាន​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ត្រាំ​រួម​មាន អនុប្រធានាធិបតី ប្រមុខ​ការទូត ទីប្រឹក្សាសន្តិសុខជាតិ រដ្ឋមន្រ្តី​ការពារជាតិ មេបញ្ជាការ​កងទ័ព ប្រេសិត​អាមេរិកាំង​ទទួល​បន្ទុក​សំណុំរឿង​អាហ្វហ្កានីស្ថាន និង​នាយិកា CIA។ « កិច្ចប្រជុំ​ល្អ​ណាស់​ស្តីពី​អាហ្វហ្វានីស្ថាន។ ភាគី​ម្ខាង​ទៀត​ក៏​ដូច​ជា​យើង​ដែរ​ពិត​ជា​ចង់​បាន​កិច្ចព្រមព្រៀង​មួយ បើ​អាច​ធ្វើ​បាន​ដើម្បី​បញ្ចប់​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​ដែល​បាន​អូសបន្លាយ​តាំង​ពី ១៩ឆ្នាំ » នេះ​ជា​សារ​ដែល​លោក​ត្រាំ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញសង្គម Twitter របស់​លោក។

ចំណែក​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ថ្លែង​ថា ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ស្អិតរមួត និង​បន្ត​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើ​ការងារ​រហូត​ទទួល​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ទាំង​ស្រុង​មួយ​ដែល​ក្នុង​នោះ មាន​បទ​ឈប់បាញ់​មួយ និង​ការ​កាត់​បន្ថយ​អំពើ​ហិង្សា។ ជំនួប​រវាង​លោក​ត្រាំ​ជាមួយ​ក្រុម​ទីប្រឹក្សា និង​រដ្ឋមន្រ្តី​មួយ​ចំនួន​របស់​លោក​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ភាគី​អាមេរិក និង​ភាគី​ឧទ្ទាមតាលីបង់​នៅ​អាហ្វហ្កានីស្ថាន​បិទបញ្ចប់​ជំនួប​ចុង​ក្រោយ​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា។ តែ​មុន​នឹង​មាន​កិច្ចព្រមព្រៀង​ស្ថាពរ​មួយ ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​ជជែក​លើ​ចំណុច​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​ដែល​នៅ​សេសសល់ ហើយ​លោក Zalmay Khalilzad ដែល​ជា​ប្រេសិត​អាមេរិកាំង​ទទួល​បន្ទុក​បញ្ហា​អាហ្វហ្កានីស្ថាន​នឹង​ត្រូវ​ត្រឡប់​ទៅ​ចរចា​ជាមួយ​ភាគី​តាលីបង់​ជា​ថ្មី។

គួរ​បញ្ជាក់​ថា ភាគី​អាមេរិក និង​ភាគី​ឧទ្ទាមតាលីបង់​នៅ​អាហ្វហ្កានីស្ថាន​បាន​ផ្តើម​កិច្ចចរចា​តាំង​ពី ១ឆ្នាំ​មក​ហើយ និង​បាន​ជួប​ចរចា​គ្នា​ចំនួន ៨ដង។ កម្មវត្ថុ​របស់​រដ្ឋបាល​អាមេរិក​ក្នុង​សម័យ​លោក​ត្រាំ គឺ​កាត់​បន្ថយ​ទ័ពអាមរិក​ដែល​កំពុង​បន្ត​ឈរ​ជើង​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​តាំង​ពី​ឆ្នាំ ២០០១ និង​ស្វែង​រក​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​អូសបន្លាយ​តាំង​ពី ១៩ឆ្នាំ​នៅ​អាហ្វហ្កានីស្ថាន។ សូម​រម្លឹក​ថា លោក​ត្រាំ​ធ្លាប់​បាន​បង្ហាញ​ជំហរ​ច្រើន​ដង​ពី​ការ​ចង់​ដក​ទ័ពអាមេរិក​ទាំង​អស់​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន​ដែល​លោក​យល់​ថា សង្រ្គាម​នៅ​ក្នុង​ប្រទេស​អាស៊ីកណ្តាល​មួយ​នេះ​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ចាយ​លុយ​អស់​រាប់សិបពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ