ហុងកុង៖បន្ទាប់ពីបាតុកម្មរបស់គ្រូបង្រៀនក្នុងថ្ងៃសៅរ៍ ជាបាតុកម្មរបស់សិស្ស និស្សិតនៅថ្ងៃអាទិត្យ
ហុងកុងកំពុងបន្តគ្របដណ្តប់ដោយក្បួនបាតុកម្ម។ នៅថ្ងៃសៅរ៍ ទី១៧ សីហា មានគ្រូបង្រៀនប្រមាណជា ១ ០០០នាក់បានដង្ហែរក្បួនបាតុកម្មក្រោមដំណក់ទឹកភ្លៀងនៅតាមផ្លូវ។ បន្ទាប់មកនៅថ្ងៃអាទិត្យ ទី១៨ សីហា ជាបាតុកម្មរបស់ក្រុមសិស្ស និស្សិតដែលនឹងមានអ្នកចូលរួមច្រើន និងទ្រង់ទ្រាយធំ។ តែខុសពីបាតុកម្មរបស់គ្រូបង្រៀន គម្រោងបាតុកម្មរបស់សិស្ស និស្សិតមិនមានការអនុញ្ញាតពីរដ្ឋអំណាចទេ។ កម្មវត្ថុនៃក្បួនបាតុកម្មរបស់គ្រូបង្រៀន និងសិស្ស និស្សិត គឺដើម្បីគាំទ្រដល់ចលនាបាតុកម្មរបស់ក្រុមអ្នកប្រជាធិបតេយ្យហុងកុងដែលបន្តប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជនសង្ស័យហុងកុងទៅកាត់ទោសនៅចិនដីគោក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៩
គឺនៅក្រោមដំណក់ទឹកភ្លៀងជាមួយនឹងដៃកាន់ឆ័ត្រដែលគ្រូបង្រៀនប្រុស ស្រីជាច្រើនរយនាក់បានដង្ហែរក្បួនបាតុកម្មនៅតាមដងផ្លូវ។ ពួកគេបាននាំគ្នាដើរតម្រង់ឆ្ពោះទៅសង្កាត់ដែលមានប្រមូលផ្តុំដោយក្រសួង និងស្ថាប័នសំខាន់ៗ ពិសេសអាគាររដ្ឋាភិបាលរបស់ប្រមុខដឹកនាំហុងកុងលោកស្រីការី ឡាំដែលកំពុងធ្លាក់ប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមមហាជនហុងកុងទូទៅ។ ក្បួនបាតុកម្មរបស់គ្រូបង្រៀនបានធ្វើឡើងនៅក្នុងសភាពស្ងប់ស្ងាត់ គ្មានហិង្សា និងការប៉ះទង្គិចណាមួយជាមួយនឹងកម្លាំងប៉ូលិសឡើយ។ កំណត់សម្គាល់មួយទៀត បាតុកម្មរបស់គ្រូបង្រៀនពេលនេះទទួលបានការអនុញ្ញាតពីរដ្ឋអំណាច។
នៅក្នុងក្បួនបាតុកម្ម គ្រូបង្រៀនមិនបានលើកបដាអ្វីទាំងអស់ តែបាននាំគ្នាស្រែកដៀមដាមដាក់ប៉ូលិសហុងកុងដែលបានប្រើអំពើហិង្សាលើក្រុមបាតុករអ្នកប្រជាធិបតេយ្យនាពេលថ្មីៗកន្លងមកដោយស្រែកថា « ប៉ូលិសហុងកុងដឹងច្បាប់ ប៉ូលិសហុងកុងរំលោភច្បាប់ »។ បន្ទាប់មក បាតុករគ្រូបង្រៀនក៏បានស្រែកគាំទ្រដល់សិស្ស និស្សិតរបស់ខ្លួនដែលនឹងចុះផ្លូវធ្វើបាតុកម្មនៅថ្ងៃអាទិត្យ ទី១៨ សីហាដែលមិនមានការអនុញ្ញាតពីរដ្ឋអំណាចទេ។ បាតុកម្មរបស់សិស្ស និស្សិតនៅថ្ងៃអាទិត្យ ទី១៨ សីហាត្រូវបានគេមើលឃើញថា ជាបាតុកម្មក្រោមទ្រង់ទ្រាយធំដែលមានមានមនុស្សចូលរួមដល់ទៅ ១លាននាក់ និងដែលគ្រប់គ្នាបារម្ភពីការផ្ទុះអំពើហិង្សារវាងបាតុករ និងកម្លាំងប៉ូលិស។
គួររម្លឹកថា តាំងពីជាង ២ខែមកហើយដែលក្រុមអ្នកប្រជាធិបតេយ្យហុងកុងចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋអំណាចដោយទាមទារឲ្យដកចេញទាំងស្រុងនូវសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជនសង្ស័យហុងកុងទៅកាត់ទោសនៅចិនដីគោក។ ក្នុងរយៈពេលចុងក្រោយនេះ ចលនាបាតុកម្មរបស់ក្រុមអ្នកប្រជាធិបតេយ្យដែលទទួលបានការគាំទ្រកាន់តែច្រើនពីពលរដ្ឋហុងកុងទូទៅបានប្រឈមមុខយ៉ាងហិង្សាទល់នឹងកម្លាំងប៉ូលិសហុងកុង។ ចំណែកនៅចិនដីគោកវិញ ទោះបីជារដ្ឋអំណាចក្រុងប៉េកាំងនៅមិនទាន់បានចាត់វិធានការអ្វីក៏ដោយក៏ក្នុងរយៈពេលចុងក្រោយនេះ ក្រុមសារព័ត៌មានផ្លូវការចិនបានផ្សព្វផ្សាយច្រើនដងនូវរូបភាពវីដែអូដែលបង្ហាញរថយន្តដឹកទាហានចិន រថក្រោះ និងកម្លាំងប៉ូលិសដែលកំពុងហ្វឹកហាត់នៅក្នុងពហុកីឡាដ្ឋានមួយក្នុងទីក្រុង Shenzhen ដែលមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីទីក្រុងហុងកុង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ