អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌាចង់​សើរើ​ទ្រឹស្តី​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ ក្រោយ​ជំនួប​ក្រុម​ប្រឹក្សា​សន្តិសុខ​ស្តីពី​កាស្មៀរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជោគវាសនា​តំបន់កាស្មៀរ​ ដែល​ឥណ្ឌា ទើប​បាន​សម្រេច​ដក​ស្វ័យភាព កាលពី​ថ្ងៃទី ៥​សីហា ២០១៩ បាន​ឡើង​ឆាក​អង្គការ​សហប្រជាជាតិ​ ជា​លើក​ទីមួយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧១មក ក្នុង​ជំនួប​ប្រជុំ​ដោយ​បិទ​ទ្វារ។ ជា​លទ្ធផល ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ មិន​បាន​ចេញ​សម្រេច​ចិត្ត​អ្វី​ទាំង​អស់។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​​​ប៉ាគីស្ថាន យល់​ថា​ជា​ជោគ​ជ័យ​របស់​ខ្លួន ហើយ​​ឥណ្ឌា​ប្រកាស​បរិហារ​ការ​ជ្រៀតជ្រែក​របស់​បរទេស និង​ព្រលយ​ជា​លើក​ទីមួយ ឆន្ទៈ​ចង់​សើរើ​នយោបាយ​ប្រើ​អាវុធ​នុយក្លែអ៊ែរ​ឡើង​វិញ​យ៉ាង​ដូច្នោះ ?!

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​ប្រជុំ​ស្តីពី​កាស្មៀរ ថ្ងៃទី ១៦ សីហា ២០១៩
ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​ប្រជុំ​ស្តីពី​កាស្មៀរ ថ្ងៃទី ១៦ សីហា ២០១៩ LOEY FELIPE / SC CHAMBER / AFP
ផ្សាយពាណិជ្ជកម្ម

តាម​សំណើរ​បស់​ចិន​និង​ប៉ាគីស្ថាន ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​រួម​មាន​សមាជិក​អចិន្ត្រៃយ៍​ ៥ (ចិន​ រុស្ស៊ី សហរដ្ឋ​អាមេរិក បារាំង​ អង់គ្លេស​) និង​សមាជិក​មិន​អចិន្ត្រៃយ៍​ទាំង​១០ បាន​បើក​ជំនួប​ប្រជុំ​ ដោយ​បិទ​ទ្វារ នៅទីក្រុងញូវយ៉ក។ របៀប​ប្រជុំ​ដោយ​បិទ​ទ្វារ ជា​សំណើ​របស់​រុស្ស៊ី។ ឯ​ភាគី​ជម្លោះ​ទាំង​ពីរ ​ឥណ្ឌា និង​ប៉ាគីស្ថាន​ គ្មាន​វត្តមាន​ទេ ព្រោះ​មិន​មែន​ជាសមាជិករបស់​ក្រុមប្រឹក្សា​នៅ​ខែ​នេះ។ បុព្វហេតុ​ប៉ាគីស្ថាន ត្រូវ​រំពឹង​លើ​រុស្ស៊ី​និង​ចិន។

ប៉ុន្តែ ​គ្មាន​ទេ​សេចក្តី​ថ្លែងការណ៍​រួម ​គ្មាន​ទេ​សេចក្តី​សម្រេចចិត្ត ! ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ មិន​អាច​អារ​កាត់​សេចក្តី​អ្វី​បាន បាន​ត្រឹម​នាំ​គ្នា​សម្តែង​ការ​ព្រួយ​បារម្ភ​​។ ហើយ​សមាជិកភាគ​ច្រើន ​យល់​ថា​សំណុំ​រឿង​កាស្មៀរ​នេះ​ជា​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន ដែល​ត្រូវ​ដោះស្រាយ​ ជា​លក្ខណៈ​ទ្វេភាគី ដូច​អ្វី​ដែ​លបាន​ចែង​ក្នុង​សេចក្តី​សម្រេចចិត្ត​អង្គការ​សហប្រជាជាតិ កាលពី​ឆ្នាំ​១៩៧១។

ឥណ្ឌា​ស្ថិត​នៅ​ខាង​មហាអំណាច​

ចិន​និង​រុស្ស៊ី ថ្វីបើ​គាំទ្រ​ប៉ាគីស្ថាន​ ជួយ​ជ្រោមជ្រែង​ឱ្យ​មាន​សកម្មភាព​ការទូត​ថ្ងៃ​នេះ​មែន តែ​មិន​សូវ​ស្វាហាប់។ ចិន​កំពុង​វក់​វី​នឹង​បញ្ហា​ហុងកុង ​​ត្រូវ​បង្ខំ​ចិត្ត​ជួយ​ប៉ាគីស្ថានដែល​ជា​អតិថិជន​អាវុធ​ដ៏​ចំបង​ផង និង​​​ដើម្បី​សម្រេច​បំណង​ពាណិជ្ជកម្ម​ផ្លូវ​សូត្រ​ថ្មី​របស់​ខ្លួន​ផង ព្រមទាំង​ដើម្បី​ឱ្យ​ប៉ាគីស្ថានជួយ​ទប់​ឥទ្ធិពល​ឥណ្ឌា​ដែល​កំពុង​រីកសាយភាយ​ខ្លាំង​នៅ​អាស៊ីអាគ្នេយ៍​ផង។ តែចិន​ក៏​​មិន​ចង់​បង្កើន​សត្រូវស្វែង​រក​ជម្លោះ​​ជាមួយ​ឥណ្ឌាដែរ។

ចំណែក​រុស្ស៊ី ធ្លាប់​មាន​សម្ព័ន្ធមេត្រីភាពជាមួយ​ឥណ្ឌា​តាំង​ពី​យូរលង់​មក​ហើយ។ រុស្ស៊ី​ជា​អ្នក​ផ្គត់ផ្គង់​​​អាវុធនិង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល​ឱ្យ​ឥណ្ឌា​​តាំង​ពី​ជា​ងកន្លះ​សតវត្សរ៍​មក។ ​ប៉ាគីស្ថាន​​ គ្រាន់​តែ​ជា​មិត្ត​ថ្មី​ថ្មោង​ ទើប​មាន​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី​កាលពី​ឆ្នាំ​២០១៧​ប៉ុណ្ណោះ។

ខាង​អឺរ៉ុប​ បារាំង-អង់គ្លេស​វិញ ពួក​គេ​សុទ្ធ​តែ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​នឹង​ឥណ្ឌា។ អង់គ្លេស​ធ្លាប់​ជា​ប្រទេស​អាណានិគម ជា​មេចំណែក​ពុះ​ដី។ បារាំងទើប​​មាន​កិច្ចព្រមព្រៀង​យក្សពីរ​ជា​មួយ​ឥណ្ឌា។ រីឯ​អាមេរិក​ កំពុង​មាន​ជំហរ​ពិបាក​ខ្លាំង​ជាងគេ។ អាមេរិក​ មិន​ដឹង​ត្រូវ​សម្រេច​កាន់​ជើង​ខាង​ណា​ទេ ឥណ្ឌា​ដៃគូជា​អាទិភាព​តាំង​ពី​សម័យ​លោក​ប៊ូស​មក​ដើម្បី​ទប់​ចិន តែ​ក៏​ត្រូវ​ការ​ប៉ាគីស្ថាន​ដើម្បី​សន្តិភាព​អាហ្វហា្កនីស្ថាន ដើម្បី​បាន​ដក​កងទ័ព​អាមេរិក​ត្រលប់​មក​វិញ។

​ជោគជ័យ​​​​​សម្រាប់​ប៉ាគីស្ថាន

ប៉ុន្តែ​​នេះ​ជា​លើក​ទី​មួយ​ហើយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧១​មក ដែល​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ ព្រម​ទទួល​យក​សំណុំ​រឿង​កាស្មៀរ​មក​ជជែក។ កន្លះ​សតវត្សរ៍​ក្រោយ​មក​ទើប​គេ​ឃើញ​អង្គការ​សហប្រជាជាតិ​ប៉ះ​ឯកសារ​​កាស្មៀរ​ជា​ថ្មី។ អ៊ីចឹង​ហើយ​បាន​ជា​ជំនួប​ប្រជុំ​ម្សិលមិញ គ្មាន​លទ្ធផល​អ្វី​មែន តែ​ជា​ជោគជ័យ​ការ​ទូត​សម្រាប់​ប៉ាគីស្ថាន នោះ។

ប៉ាគីស្ថាន​ ចង់​ឃើញ​សំណុំ​រឿង​កាស្មៀរ​ក្លាយ​ជា​សំណុំរឿង​អន្តរជាតិ​ណាស់ និង​ឱ្យ​សំឡេង​របស់​ប្រជាពលរដ្ឋ​កាស្មៀរ ខ្ទរ​លើ​​ឆាក​អន្តរជាតិ។ ហើយ​នៅ​ទី​បំផុត ប៉ាគីស្ថាន​ក៏​បាន​សម្រេច​បំណង ដោយ​មាន​ការ​គាំទ្រ​ពី​ចិន។ ស្នើ​បើក​ប្រជុំ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​ ជា​ទង្វើ​ដ៏​កម្រ​បំផុត​របស់​ចិន។

សេចក្តី​សម្រេច​​​​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៧១​ ស្តី​ពីកាស្មៀរ​

ជម្លោះ​កាស្មៀរ​បាន​​ផ្ទុះ​​​ឡើង ជាលើក​ដំបូង​នៅ​ឆ្នាំ​១៩៤៧ នៅ​ពេល​អង់គ្លេស​បាន​ពុះ​ច្រៀក​អាណាចក្រ​ឥណ្ឌា​ ជា​ប្រទេស​ឥណ្ឌាមួយភាគ​និង​​មួយ​ភាគ​ទៀតដែល​មាន​ពលរដ្ឋ​កាន់​សាសនា​អ៊ីស្លាម ​ជា​ប្រទេស​ប៉ាគីស្ថាន។ ប៉ុន្តែផ្ទុយ​ពី​ឆន្ទៈរបស់​ពលរដ្ឋ​ ស្តេច​នៅ​តំបន់​កាស្មៀរ​ ចង់​នៅ​ជា​ឥណ្ឌាជាង​ ​ ទើប​តំបន់​កាស្មៀរ​ត្រូវ​ពុះ​ចែក​ជា​ពីរ (ពីរភាគ​ជា​ឥណ្ឌា មួយភាគ​ជា​ប៉ាគីស្ថាន) នៅ​ឆ្នាំ ១៩៤៩ ខណ្ឌ​ចែក​ដោយ​គំនូស​ព្រំដែន​ដែល​មាន​ឈ្មោះ​ថា បន្ទាត់​ឈប់​បាញ់​។ កាលណោះ​អង្គការ​សហប្រជាជាតិ បាន​ស្នើ​រៀប​ចំ​ប្រជាមតិ ប៉ុន្តែ​ទាំង​ឥណ្ឌា​ទាំង​ប៉ាគីស្ថាន គ្មាន​នរណា​ចង់​ធ្វើ​តាមទេ ព្រោះ​ខ្លាច​កាស្មៀរ​សុំ​ឯករាជ្យ​។

នៅ​ទី​បំផុត តំបន់​កាស្មៀរ​បាន​ក្លាយ​ជា​ប្រភព​នៃ​សង្គ្រាម​ឥណ្ឌា-ប៉ាគីស្ថាន​ដល់​ទៅ​ពីរ​លើក ឆ្នាំ​១៩៦៥ និង​១៩៧១។ សង្គ្រាម​ឆ្នាំ ១៩៧១​ បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លូក​ដៃ​ធ្វើ​អន្តរាគមន៍ និង​បាន​សម្រេច​ជា​ផ្លូវការ​ រក្សា​Statu quo នូវ​គំនូស​បែក​ចែក​ឆ្នាំ​១៩៤៧។ បន្ទាត់​ឈប់​បាញ់ ក្លាយ​ជាខ្សែ​​បន្ទាត់​ត្រួត​ពិនិត្យ​ព្រំដែន រហូត​មក​ទល់​ពេលនេះ ដែល​ប្រឈម​នឹង​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ជា​ញឹកញយ។​

សេចក្តី​សម្រេច​ចិត្ត​អង្គការ​សហប្រជាជាតិឆ្នាំ​១៩៧១ បាន​ជំរុញ​ឱ្យ​​ឥណ្ឌា​និង​ប៉ាគីស្ថាន​​រក​ឃើញ​កិច្ចព្រមព្រៀង​ ដ៏​សំខាន់​មួយ នៅ​ឆ្នាំ​១៩៧២ គឺ​កិច្ចព្រមព្រៀង “Simla” ដែល​ភាគី​ទាំង​ពីរ​សន្យា​ដោះស្រាយ​ ជម្លោះ​ ជា​លក្ខណៈ​ទ្វេភាគី រាប់​ទាំង​វិបត្តិ​កាស្មៀរ​ផង។ គឺ​តាម​រយៈ​​កិច្ចព្រមព្រៀង​ស៊ីមឡានេះហើយ​ដែល​​ឥណ្ឌា​​​មាន​ហេតុផល​គ្រប់គ្រាន់​បដិសេធ​ មិន​ឱ្យ​យក​សំណុំ​រឿង​កាស្មៀរ​ទៅ​ពឹង​ពាក់​អន្តរជាតិ និង​បដិសេធ​មិន​ទទួល​អន្តរា​គមន៍អន្តរជាតិ ណា​មួយ​ ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ​ សម្រាប់ដោះស្រាយ​វិបត្តិ​កាស្មៀរ។

ដោយ​សារ​តែ​មូលហេតុ​នេះ​ ទើប​ឥណ្ឌា​​បរិហារការ​ជ្រៀត​ជ្រែករបស់​សហគមន៍​អន្តរជាតិ​ ក្នុង​សំណុំ​រឿង​កាស្មៀរ។

ឥណ្ឌា​កំពុង​ចង់​សើរើ​នយោបាយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​

ប៉ុន្តែ ទន្ទឹមនឹង​ភាព​តាន​តឹង​នៅ​តំបន់​កាស្មៀរ រដ្ឋមន្ត្រី​ក្រសួ​ងការពារ​ជាតិ​ឥណ្ឌា​បាន​ធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​ Pokhran កន្លែង​សាកល្បង​នុយក្លេអ៊ែរ ដោយ​បាន​ព្រលយ​ឱ្យ​អំពី​លទ្ធភាព​នៃ​​ការ​សើរើ​កិច្ចសន្យា​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ ក្នុង​ពេល​មាន​ជម្លោះ​ឡើង​វិញ។

នៅ​ឆ្នាំ​១៩៩៩ ឥណ្ឌា​បាន​សន្យា​ប្រកាន់​យក​គោលការណ៍​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ ភ្លាម​ទេ ក្នុង​ករណី​មាន​ជម្លោះ​។ ចិន​ក៏​បាន​ប្រកាន់​ជំហរ​នេះ​ដូច​គ្នា លើក​លែង​ប៉ាគីស្ថានមួយ។

ប៉ុន្តែ​​បើ​តាម​ប៉ាគីស្ថាន ឥណ្ឌា​កុហក់ !​ កិច្ចសន្យា​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​ឥណ្ឌា​ អស់​សុពលភាព​ តាំង​ពី​ឆ្នាំ​២០០៣​មក នៅ​ពេល​រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រកាស​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​រាល់​គ្រប់​ការ​វាយប្រហារ​គីមី និង​ជីវសាស្ត្រ។

​ការ​សើរើ​គោលការណ៍​មិន​ប្រើ​អាវុធនុយក្លេអ៊ែរ ជា​ផ្នែក​មួយ​នៃកម្មវិធី​នយោបាយ​របស់​បក្ស​ជាតិ​និយម​ឥណ្ឌូ​របស់​លោក​មូឌី ដែល​មាន​ផ្សព្វផ្សាយ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ឆ្នាំ ២០១៤ ប៉ុន្តែ​លោក​ម៉ូឌី​ផ្ទាល់​បាន​សន្យា​ថា​មិន​ប៉ះពាល់ ឬ​ប្តូរ​ផ្លាស់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ