ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/11 12h00 GMT

ជាង ២០ឆ្នាំក្រោយធ្លាក់ក្នុងដៃចិនដីគោក តើសង្គមហុងកុងកំពុងពុះចែកជាពីរឬ?

ជាង ២០ឆ្នាំក្រោយធ្លាក់ក្នុងដៃចិនដីគោក តើសង្គមហុងកុងកំពុងពុះចែកជាពីរឬ?
 
ជាង ២០ឆ្នាំក្រោយធ្លាក់ក្នុងដៃចិនដីគោក តើសង្គមហុងកុងកំពុងពុះចែកជាពីរឬ? REUTERS/Tyrone Siu

នៅ​ថ្ងៃ​អាទិត្យ ទី១៨​សីហា ទឹកដី​ហុងកុង​បាន​គ្រប់ដណ្តប់​ជា​ថ្មី​ដោយ​មហាបាតុកម្ម​របស់​ក្រុម​សកម្មជន​អ្នកប្រជាធិបតេយ្យ​ដែល​អាច​មាន​អ្នក​ចូលរួម​ដល់​ទៅ ១លាននាក់។ បាតុកម្ម​ជា​ថ្មី​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បាតុកម្ម​របស់​ក្រុម​គ្រូបង្រៀន​នា​ថ្ងៃ​សៅរ៍ ទី១៧ សីហា។ តែ​ទន្ទឹម​នឹង​បាតុកម្ម​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​ប្រឆាំង​រដ្ឋអំណាច​ហុងកុង ក៏​មាន​លេច​ឡើង​នូវ​បាតុកម្ម​គាំទ្រ​រដ្ឋអំណាច​ហុងកុង និង​រដ្ឋអំណាច​ក្រុង​ប៉េកាំង​ដែរ។

ក្រៅ​ពី​នៅ​ទឹកដី​ហុងកុង បាតុកម្ម​រវាង​ក្រុម​អ្នកប្រឆាំង និង​ក្រុម​អ្នកគាំទ្រ​រដ្ឋអំណាច​ហុងកុង​ក៏​ត្រូវ​បាន​រៀបចំ​ដោយ​ពលរដ្ឋ​ចិន​នៅ​បរទេស ដូច​យ៉ាង​ក្នុង​ប្រទេស​បារាំង កាណាដា ឬ​ប្រទេស​អង់គ្លេស។

បាតុកម្ម​ក្រោម​ទ្រង់ទ្រាយ​ធំ​ក្នុង​ថ្ងៃ​អាទិត្យ ទី១៨ សីហា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ថ្ងៃ​សាកល្បង​កម្លាំង​រវាង​ក្រុម​បាតុករ​អ្នក​ប្រជាធិបតេយ្យ​ប្រឆាំង​រដ្ឋអំណាច​ហុងកុង និង​ក្រុម​បាតុករ​អ្នក​គាំទ្រ​រដ្ឋអំណាច​ហុងកុង និង​រដ្ឋអំណាច​ក្រុង​ប៉េកាំង។ តាំង​ពី​ថ្ងៃ​សៅរ៍ ទី១៧ សីហា ក្បួន​បាតុកម្ម​របស់​ក្រុម​អ្នក​គាំទ្រ​រដ្ឋអំណាច​ហុងកុង និង​មាន​ទំនោរ​រក​ចិនដីគោក​បាន​រៀបចំ​ឡើង​ដំណាល​គ្នា​នឹង​ក្បួនបាតុកម្ម​របស់​ក្រុម​អ្នក​ប្រឆាំង​រដ្ឋអំណាច​ហុងកុង និង​ចិនប៉េកាំង។ ក្រៅ​ពី​នៅ​ទឹកដី​ហុងកុង បាតុកម្ម​រវាង​អ្នកប្រឆាំង និង​អ្នកគាំទ្រ​ក៏​ត្រូវ​បាន​សហគមន៍​ចិន​នៅ​បរទេស​រៀបចំ ដូច​យ៉ាង​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស និង​នៅ​ទីក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​កាណាដា ដូច​ជា Toronto Calgary និង Vancouver។

ក្នុង​បាតុកម្ម​ថ្ងៃ​អាទិត្យ ទី១៨ សីហា​នេះ​ដែរ គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ជំហរ​របស់​រដ្ឋអំណាច​ចិនដីគោក​ដែល​បន្ត​ធ្វើ​ជា​អ្នក​ទស្សនា និង​បាន​ត្រឹម​សម្តែង​សាច់​ដុំ​តាម​រយៈ​ការ​បង្ហាញ​គ្រឿងសពា្វវុធ រថក្រោះ និង​ការ​ហ្វឹកហាត់​កម្លាំងទាហាន​នៅ​ក្នុង​ទីក្រុង Shenzhen ដែល​មាន​ព្រំដែន​ជាប់​ហុងកុង។ រហូត​មក​ដល់​ពេល​នេះ រដ្ឋអំណាច​ក្រុង​ប៉េកាំង​កំពុង​បន្ត​ទុក​ឲ្យ​កម្លាំង​ប៉ូលិស​ហុងកុង​ជា​អ្នក​ដោះស្រាយ​ស្ថានការណ៍។ តែ​គេ​មិន​ដឹង​ថា តើ​ភាព​អត់ធ្មត់​របស់​ក្រុង​ប៉េកាំង​នឹង​បន្ត​មាន​ដល់​ពេល​ណា​ទេ។ បើ​តាម​មើល​ទៅ អ្វីៗ​វា​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុង​ក្បួនបាតុកម្ម។ ជា​ទូទៅ អ្នករៀបចំ​បាតុកម្ម​តែង​ប្រកាស​ជា​បាតុកម្ម​សន្តិវិធី និង​អហិង្សា តែ​ចុង​បញ្ចប់​មាន​បង្កប់​ដោយ​ការ​ប្រឈម​មុខ​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ និង​កម្លាំង​ប៉ូលិស។

បើ​ក្បួន​បាតុកម្ម​ដែល​មាន​មនុស្ស​ចូលរួម​យ៉ាង​ច្រើន​សម្បើម​ក្នុង​ថ្ងៃ​អាទិត្យ ទី១៨ សីហា​ធ្លាក់​ក្នុង​ស្ថានការណ៍​ច្របូកច្របល់​ខ្លាំង​ពិបាក​គ្រប់គ្រង ឬ​មិន​អាច​គ្រប់គ្រង​បាន ចិន​ដែល​ជា​ម្ចាស់ទឹកដី​ហុងកុង​ប្រហែល​ជា​ពិបាក​បន្ត​ក្រពាត់ដៃ​មើល​បន្តិច។ ត្រង់​ថា តើ​ចិន​ចេញ​មុខ​អន្តរាគមន៍​តាម​វិធីសាស្រ្ត​ណា និង​ក្រោម​រូបភាព​មួយ​ណា​នោះ​ជា​រឿង​មួយ​ដែល​គេ​មិន​ទាន់​អាច​និយាយ​បាន​នៅ​ឡើយ​ទេ។

សង្គម​ហុងកុង​កំពុង​ពុះចែក​ជា​ពីរ?

រូបភាព​នៃ​ក្បួនបាតុកម្ម​រៀបចំ​ដោយ​ក្រុម​អ្នកប្រឆាំង​រដ្ឋអំណាចហុងកុង និង​ចិនដីគោក ហើយ​ក្បួនបាតុកម្ម​រៀបចំ​ដោយ​ក្រុម​អ្នកគាំទ្រ​រដ្ឋអំណាចហុងកុង និង​ចិនដីគោក​ពេល​នេះ ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​បែកបាក់​សង្គម​ហុងកុង​ជា​ពីរ។ កុំ​ថា​ឡើយ​ដល់​ទៅ​អ្នក​ជិតខាង អ្នក​រួម​ការងារ ឬ​មួយ​ក៏​មិត្តភក្តិ សូម្បី​តែ​ក្នុង​ក្រុម​សមាជិក​គ្រួសារ​តែ​មួយ​ក៏​យល់​ឃើញ និង​មាន​ជំហរ​ខុស​គ្នា​ដែរ។ អ្នក​ខ្លះ​បាន​ចូលរួម​ជាមួយ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋអំណាច ហើយ​អ្នក​ខ្លះ​ទៀត​បាន​ចូលរួម​ជាមួយ​ក្រុមបាតុករ​គាំទ្រ​រដ្ឋអំណាច។ ក្រុម​បាតុករ​គាំទ្រ​រដ្ឋអំណាច​ហុងកុង និង​ចិនដីគោក​មិន​យល់​ស្រប​តាម​ការ​ទាមទារ​របស់​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ និង​យល់​ថា ការ​ដែល​ហុងកុង​បាន​ស្គាល់​​ស្ថានភាព​រុងរឿង​ដូច​សព្វថ្ងៃ​ក៏​ដោយសារ​តែ​មាន​ការ​ជួយ​គាំទ្រ និង​ជ្រោមជ្រែង​ពី​រដ្ឋអំណាច​កណ្តាល​នៅ​ប៉េកាំង។

នៅ​ត្រង់​ចំណុច​នេះ ក្រុម​អ្នកប្រជាធិបតេយ្យ​ក៏​បាន​យល់​ឃើញ​ដូច​គ្នា​ដែរ តែ​អ្វី​ដែល​ពួក​គេ​បន្ត​ទាមទារ​ចង់​បាន​ពេល​នេះ គឺ​សេរីភាព និង​ប្រជាធិបតេយ្យ​ដូច​ដែល​ហុងកុង​ធ្លាប់​ស្គាល់​នៅ​ក្នុង​ជំនាន់​អាណានិគមនិយម​អង់គ្លេស ពោល​មុន​នឹង​អង់គ្លេស​ប្រគល់​ហុងកុង​ទៅ​ឲ្យ​ចិន​ក្នុង​ឆ្នាំ ១៩៩៧។ អ្វី​ដែល​ពួក​អ្នក​ប្រជាធិបតេយ្យ​ចង់​បាន គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គោរព​តាម​គោលការណ៍​ដែល​ចិន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ប្រទេស​អង់គ្លេស។ គឺ​ជា​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ដែល​ចិន​ត្រូវ​ទុក​ហុងកុង​ជា​ដែនដី​ស្វយ័ត​ទទួល​បាន​សេរីភាព​ពេញ​លេញ​រហូត​ដល់​ឆ្នាំ ២០៤៧។ តែ​ក្រុម​អ្នកប្រជាធិបតេយ្យ​មាន​អារម្មណ៍​ថា​បន្តិច​ម្តងៗ ចិន​ប៉េកាំង​ហាក់​កំពុង​ក្រសោប​យក​ហុងកុង​មក​គ្រប់គ្រង​យ៉ាង​ណែន​ក្នុង​ដៃ ដូច​យ៉ាង​តែងតាំង​ឥស្សរជន​របស់​ខ្លួន​សម្រាប់​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រមុខ​ដឹកនាំ​ហុងកុង​ជា​ដើម។

ថ្មីៗ​នេះ​ទៀត លោកស្រី​ការី ឡាំ​ដែល​ជា​ប្រមុខ​ដឹកនាំ​ហុងកុង​មាន​ទំនោរ​រក​ចិន​បាន​ព្រាង​ច្បាប់​មួយ​ដើម្បី​បញ្ចូន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់​ទោស​នៅ​ចិន។ សេចក្តី​ព្រាងច្បាប់​មួយ​នេះ​ជា​ជា​ប្រភព​នៃ​ការ​ផ្ទុះ​បាតុកម្ម​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​តាំង​ពី​ខែ​មិថុនា​មក​ដល់​ពេល​នេះ។ ប្រឈម​នឹង​ការ​បះបោរ លោកស្រី​ការី ឡាំ​បាន​ព្យួរ​សេចក្តីព្រាងច្បាប់​នេះ​វិញ តែ​ក្រុម​អ្នកប្រជាធិបតេយ្យ​បន្ត​ទាមទារ​ឲ្យ​លោកស្រី​កប់​ចោល​ជា​ស្ថាពរ។

ប្រតិកម្ម​ស្រាលៗ​របស់​បស្ចិមលោក

ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ច្រើន​ជា​ប្រតិកម្ម​ដែល​មាន​ការ​ប្រយ័ត្នប្រយែង និង​មាន​ការ​ថ្លឹងថ្លែង។ នេះ​អាច​ថា​មក​ពី​វិបត្តិហុងកុង​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន ព្រោះ​ជា​ដែនដី​ស្វយ័ត​មែន តែ​ហុងកុង​ស្ថិត​ក្នុង​អធិបតេយ្យ​តែ​មួយ​របស់​ចិន។ តែ​សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​ពេល​នេះ​គឺ​ថា ហេតុអ្វី​បាន​ជា​មាន​ប្រទេស​បស្ចិមលោក​ខ្លះ​ហាក់​បាន​ចូលរួម​ជួយ​ឈឺឆ្អាល​ខ្លាំង​នៅ​ក្នុង​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ផ្សេង តែ​បែរ​ជា​មិន​សូវ​ខ្វាយខ្វល់​ប៉ុន្មាន​នឹង​រឿង​ផ្ទៃក្នុង​របស់​ចិន​ពេល​នេះ​ទៅ​វិញ។ លើស​ពី​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថែម​ទាំង​មិន​ញញើត​និយាយ​ពេញ​មាត់​ថា វិបត្តិ​នៅ​ហុងកុង​សព្វថ្ងៃ​មាន​ការ​អុជអាល និង​ជួយ​គាំទ្រ​ពី​ប្រទេស​មួយ​ចំនួន​ទៀត​ផង។

ប្រតិកម្ម​ពី​បរទេស​ចំពោះ​ព្រឹត្តិការណ៍​នៅ​ហុងកុង​មិន​ខ្វះ​ទេ តែ​ច្រើន​ជា​ប្រតិកម្ម​ដែល​មាន​ការ​ថ្លឹងថ្លែង​ដោយ​មិន​បាន​គាំទ្រ​ភាគី​នេះ ឬ​ថ្កោលទោស ស្តីបន្ទោស​ភាគី​នោះ​ទេ ទោះ​បី​ជា​គេ​ដឹង​ថា កម្លាំង​ប៉ូលិស​ហុងកុង​បាន​ប្រើ​អំពើហិង្សា​ចាស់ដៃ​លើ​បាតុករ​ក៏​ដោយ។ និយាយ​ជា​រួម ច្រើន​ជា​ប្រតិកម្ម​ត្រឹម​អំពាវនាវ​ឲ្យ​មាន​ភាព​អត់ធ្មត់ កាត់​បន្ថយ​ភាព​តានតឹង និង​ដោះស្រាយ​ផ្ទៃក្នុង​ដោយ​សន្តិវិធី។ មូលហេតុ មក​ពី​ប្រទេស​ទាំង​នោះ ពិសេស​ប្រទេស​ដែល​កំពុង​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ល្អ​ជាមួយ​ចិន​មិន​ចង់​ធ្វើ​ឲ្យ​ចិន​អាក់អន់​ស្រពន់​ចិត្ត ព្រោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​ធ្វើ​ការ​សងសឹក​វិញ​តាម​ផ្លូវ​ពាណិជ្ជកម្ម នេះ​ជា​ចំណុច​ទី១។ ចំណែក​ចំណុច​ទី២ នៅ​ហុងកុង ក៏​ដូច​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស​ចិន​ដែរ មាន​អ្នកវិនិយោគបរទេស​ច្រើន​ណាស់​ដែល​កំពុង​រកស៊ី​នៅ​ទីនោះ។

អ៊ីចឹង​បើ​ប្រទេស​ណា​មួយ​ហ៊ាន​ស្តីបន្ទោស​ចិន​ខ្លាំង​ពេក ក្រុម​អ្នកវិនិយោគ​របស់​ជនជាតិ​នៃ​ប្រទេស​នោះ​ចិន​អាច​នឹង​ទទួល​ផលវិបាក និង​ការ​សឹងសឹក​ពី​រដ្ឋាភិបាល​ចិន​វិញ។ គឺ​ដោយ​ខ្លាច​បាត់បង់​ប្រយោជន៍​ជាមួយ​ចិន​ដែល​មាន​ប្រទេស​ខ្លះ​សុខចិត្ត​នៅ​ស្ងៀម និង​ខ្លះ​ទៀត​បញ្ចេញ​ប្រតិកម្ម​ដែរ តែ​ជា​ប្រតិកម្ម​ដែល​មាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ហុងកុង

    ហុងកុង៖បន្ទាប់ពីបាតុកម្មរបស់គ្រូបង្រៀនក្នុងថ្ងៃសៅរ៍ ជាបាតុកម្មរបស់សិស្ស និស្សិតនៅថ្ងៃអាទិត្យ

    ស្វែងយល់បន្ថែម

  • ហុងកុង ត្រៀម​ប្រឈម​នឹង​បាតុកម្មផ្តាច់ព្រ័ត្រ ?!

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    តើអ្វី​ជា​វិបត្តិ​បន្ទាប់​របស់​ហុងកុង​ នៅពេល​ដែល​ការប្រឆាំង​តវ៉ា​កាន់តែ​រីករាល​ដាលខ្លាំង​?

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ចិន​បញ្ចូន​ទ័ព​​ទៅ​​ព្រំដែន​​ហុងកុង ត្រាំ​​ភ្ជាប់​​​សង្គ្រាម​ពាណិជ្ជកម្ម​​ទៅ​​នឹង​​វិបត្តិ​ហុងកុង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ