អានតួអត្ថបទ

អាហ្វហ្កានីស្ថាន ៖ ភេរវកម្ម មរណៈ កណ្តាលរោងការ នៅ​ក្រុងកាប៊ូល

ជា​ភេរវកម្ម​ដ៏​កំណាច បង្ក​គ្រោះ​មរណៈ​ច្រើន​​បំផុត​សម្រាប់​ឆ្នាំ​២០១៩ ! មាន​ស្លាប់យ៉ាងហោច​ណាស់ ៦៣​នាក់ របួស​ជាង​១៨០​នាក់ នៅ​ក្នុង​ភេរវកម្ម បំផ្ទុះ​គ្រាប់​​ ក្នុងរោង​​ពិធី​អាពាហ៍ពិពាហ៍​ មួយ​នៅ​ភាគ​ខាង​លិច​ក្រុង​កាប៊ូល ពី​សំណាក់​ពួក​ភេរវនិយម​ជា​បណ្តាញ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​អាហ្វហ្កានីស្ថាន។ ។ ភេរវកម្មអត្តឃាត​នេះ​បាន​កើត​ឡើង​ ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​អាហ្វហ្កានីស្ថាន កំពុងបណ្តុះ​ពន្លក​​ក្តី​សង្ឃឹម​ថា ​រវាង​អាមេរិក​និង​តាលីបង់​នឹង​សម្រេច​​កិច្ចព្រមព្រៀង​សន្តិភាព ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ភេរវកម្មអត្តឃាត​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ នៅ ក្រុង​កាប៊ូល ថ្ងៃទី ១៧ សីហា ២០១៩
ភេរវកម្មអត្តឃាត​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ នៅ ក្រុង​កាប៊ូល ថ្ងៃទី ១៧ សីហា ២០១៩ REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

អត្តឃាតជន បាន​ចូល​ទៅ​បំ​​ផ្ទុះ​ភេរវកម្ម ​​នៅ​វេលា​ម៉ោង​២២​និង​៤០​នាទី​យប់ ក្នុង​ពិធី​មង្គលការមួយ ​ដែល​មាន​ភ្ញៀវក្មេង​ចាស់​ប្រុស​ស្រី​​ ជា​ច្រើន​រយ​នាក់ កំពុង​ទទួល​ទាន​អាហារ​និង​រាំ​លេង​សប្បាយ នៅសង្កាត់​​ភាគ​ខាង​លិច​ក្រុង​កាប៊ូល។ សង្កាត់​ ដែល​មាន​ប្រជាជន​ភាគ​ច្រើន​​ ជា​ជនជាតិ​ ភាគតិច​ហាហ្សារ៉ា និកាយ​ឈីអ៊ីត​ រស់​នៅ​ច្រើន។

បើតាមរូបថត និង​រូបភាព​វីដេអូ​របស់​​សាក្សី រោង​ការ​ដែល​លម្អ​យ៉ាង​ប្រណិត បាន​បាក់​បែក ប្រលាក់​ទៅ​ដោយ​ស្នាម​ឈាម និង​ក្រាល​ត្រៀបត្រា​ទៅដោយ​សាក​សព។ ​បើ​តាម​សាក្សី ភេរវជន បាន​ចូល​ទៅ​បំផ្ទុះ​គ្រាប់​ក្នុង​រោង​ការខាង​បុរស។ តែក្នុង​ចំណោម​​ជន​រងគ្រោះស្លាប់ ក៏​​មាន​ស្ត្រី​ និង​កុមារ​ជា​ច្រើន​នាក់ដែរ។ នេះ​បើ​តាម​​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដែល​​បានប្រកាស​​បង្ហាញ​តុល្យការ​ជន​រងគ្រោះដ៏​ធ្ងន់ធ្ងរ​​នៅពេល​​ព្រឹក​ថ្ងៃ​អាទិត្យ។

ក្រោយ​ហេតុការណ៍​ភ្លាម ​ពួក​តាលីបង់ បាន​ចេញ​មុខ​បដិសេធ​ នៅ​ថ្ងៃអាទិត្យ ថា​គ្មាន​ពាក់​ព័ន្ធ​នឹង​ភេរវកម្ម​ទេ។ “អេមីរ៉ាត​អ៊ីស្លាម (ឈ្មោះ​ដែល​អង្គការ​តាលីបង់ហៅខ្លួន​ឯង) សូម​ថ្កោល​ទោស​​ យ៉ាង​ចាស់​ដៃ ភេរវកម្ម​ប្រឆាំង​នឹង​ជន​ស៊ីវិល​ នៅ​កាប៊ូល។ គ្មាន​ហេតុ​ផល​អ្វីដែល​អាច​មក​ការពារ​ទង្វើសម្លាប់​​មនុស្ស ​សម្លាប់​ស្ត្រី​ និង​កុមារ យ៉ាង​ឃោរឃៅ ដូច្នេះ​ទេ !” នេះ​ជា​សារទ្វីត​របស់​អ្នក​នាំពាក្យ​តាលីបង់​ដដែល។

ជិត​២៤​ម៉ោងក្រោយ​ភេរវកម្ម ទើប​​បណ្តាញ​ក្រុម​រដ្ឋ​អ៊ីស្លាមនៅ​អាហ្វហ្កានីស្ថាន ដែល​តែង​បង្ក​ភេរវកម្ម​អត្តឃាត​បែប​នេះ​ បាន​ចេញ​មុខ​ប្រកាស​ថា​ជា​ស្នាដែ​របស់​ពួកគេ។ សហគមន៍​ជនជាតិ​ភាគតិច ហាហ្សារ៉ា ធ្លាប់​រង​ការ​វាយប្រហារ​របស់​ពួក​​រដ្ឋ​អ៊ីស្លាម​អាហ្វហ្កានីស្ថាន​នេះ​ជា​ញឹកញយ។

ភេរវកម្ម​​នេះ​ បាន​កើត​ឡើង​ក្នុង​ខណៈ​ដែល​ប្រជាពលរដ្ឋ​អាហ្វហ្កានីស្ថាន កំពុង​មាន​ក្តី​សង្ឃឹម​ថា​ ​សហរដ្ឋ​អាមេរិក​និង​តាលីបង់ អាច​សម្រេច​កិច្ចព្រមព្រៀង​​នឹង​គ្នា ដើម្បី​បើក​ផ្លូវ​ឱយ​មាន​ការ​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន និង​ក្រុម​ឧទ្ទាមបះបោរ​នានា។​

ប្រភពអាមេរិក​ជា​ច្រើន​បាន​ព្រលយ​ឱ្យ​ដឹង នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ថា​កិច្ចព្រមព្រៀង​នឹង​លេច​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ ដោយ​នៅដោះស្រាយ​តែ​ពីរ​បី​ចំណុច​ទៀត​ប៉ុណ្ណោះ។ អន្តរការី​ពិសេស​អាមេរិក​ទទួល​បន្ទុក​ចរចា​ នឹងទៅ​បង្ហើយ​​កិច្ចចរចា នៅប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ