ចិនគំរាមអភិវឌ្ឍន៍ Shenzhen ដើម្បីកាច់ហុងកុង
ប្រឈមនឹងជោគជ័យរបស់សកម្មជនប្រជាធិបតេយ្យហុងកុង ដែលបានប្រមូលគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំ ដោយសន្តិភាពកាលពីថ្ងៃអាទិត្យ មិនខ្លាចការប្រើកម្លាំងយោធាបង្ក្រាប ប៉េកាំងបានយកបញ្ចេញអាវុធសេដ្ឋកិច្ចមកគំរាមម្តង ! បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន រដ្ឋាភិបាលចិនបានលើកគម្រោងអភិវឌ្ឍន៍ក្រុង ស្ហិនចិន (Shenzhen) ដែលនៅទល់មុខក្រុងហុងកុង ឱ្យក្លាយជាក្រុងគំរូ មានសេដ្ឋកិច្ចខ្លាំងនិងប្រកួតប្រជែងខ្ពស់បំផុត លំដាប់លេខមួយពិភពលោក តែម្តង នៅថ្ងៃអនាគត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៩
ប្រទេសមួយប្រព័ន្ធពីរ ប៉ុន្តែគឺប្រព័ន្ធបែបសង្គមនិយមដែលនឹងត្រូវឈ្នះ។ នៅឆ្នាំ២០៣៥ Shenzhen ស្ហិនចិន នឹងក្លាយជាក្រុងលំដាប់ទីមួយពិភពលោក ខាងផ្នែកប្រកួតប្រជែង និងទាក់ទាញក្រុមហ៊ុន។ នេះបើតាមឯកសារដែលសារព័ត៌មានផ្លូវការចិនបានផ្សាយនៅថ្ងៃចន្ទទី១៩សីហា២០១៩។
ដើម្បីសម្រេចផែនការ ភូមិនេសាទដ៏តូចនៅភាគខាងត្បូងប្រទេស ស្ហិនចិន ដែលកាលពី៤០ឆ្នាំមុន ធ្លាប់ត្រូវបានប្រធានាធិបតីចិន តេញ ស៊ាវពីង ជ្រើសរើសជាតំបន់សេដ្ឋកិច្ចពិសេស នឹងក្លាយក្រុងសេដ្ឋកិច្ចគំរូបែបសង្គមនិយមចិន នៅឆ្នាំ២០២៥។ គម្រោងអភិវឌ្ឍន៍នឹងចាប់ផ្តើម ចាប់ពីចុងខែនេះ ដោយមានសំណង់ការដ្ឋានពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ទំហំ៤០ម៉ឺនម៉ែត្រការ៉េ។
សមត្ថភាពឧស្សាហកម្មក៏នឹងបង្កើន។ ក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នឹងត្រូវបង្កើតថ្មី ដោយមានកម្លាំងពលកម្មក្មេងនិងប្រកបដោយគុណភាពបញ្ជូនមកពីទាំងប្រទេសចិន។ ផែនការទាក់ទាញអ្នកជំនាញបរទេស សហគ្រិនអន្តរជាតិដែលមានលំនៅអចិន្ត្រៃយ៍នៅចិន ក៏នឹងត្រូវដាក់ឱ្យដំណើរការដែរ។
សារាចរនេះ ត្រូវបានអនុម័តកាលពីខែកក្កដា ក្នុងកិច្ចប្រជុំលើកទី៩របស់គណៈកម្មការកណ្តាលស្តីពីការធ្វើកំណែទម្រង់ តែទើបត្រូវបានផ្សព្វផ្សាយឱ្យដឹង ក្នុងថ្ងៃដែលមានការប្រមូលផ្តុំធ្វើបាតុកម្មទ្រង់ទ្រាយធំនៅ ហុងកុង។ ពិតជាមិនមែនចៃដន្យឡើយ ?!
សារព័ត៌មានចិនទំនងជាចង់ព្រមានថា ក្រុងហិរញ្ញវត្ថុហុងកុង មិនមែនមិនអាចជំនួសបានទេ ! ហុងកុងតំណាងឱ្យតែ៣%នៃផលិតផលសរុបរបស់ចិនតែប៉ុណ្ណោះ។ ចំណែកស្ហិនចិន ដែលមានប្រជាជន១២លាននាក់ ទល់នឹង៧លាននាក់នៅហុងកុង មានកម្លាំងសេដ្ឋកិច្ចស្មើហុងកុងហើយ។ ប៉ុន្តែសារព័ត៌មានចិនភ្លេចបញ្ជាក់ថា ក្រុងស្ហិនចិនក៏រងឥទ្ធិពលនិងការលំបាកខ្លាំងដែរ ពីកំណើនសេដ្ឋកិច្ចបន្ថយល្បឿនរបស់ចិន។ សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក បានមកបង្អាក់និងរំខានយុទ្ធសាស្ត្រចិនសម្រាប់ឆ្នាំ២០២៥ណាស់ ដោយគម្រោងខ្លះត្រូវពន្យារពេល ខ្លះមិនអាចចាប់ផ្តើមបានដូចការគ្រោងទុក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ