អានតួអត្ថបទ
អូស្រ្តាលី

អ្នកជំនាញអូស្រ្តាលី៖សហរដ្ឋអាមេរិកលែងមានភាពលេចធ្លោខាងយោធានៅតំបន់ប៉ាស៊ីហ្វិកទៀតឡើយ

នៅ​ថ្ងៃ​ចន្ទ ទី១៩ សីហា មជ្ឈមណ្ឌល​គិតគូរ​អូស្រ្តាលី​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បញ្ជាក់​ថា សហរដ្ឋអាមេរិក​លែង​មាន​ភាព​លេចធ្លោ​ខាងយោធា​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ទៀត​ឡើយ និង​ថា ក្រុង​វ៉ាស៊ីតោន​អាច​នឹងមាន​ការ​លំបាក​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​ការ​ការពារ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ប្រឆាំងនឹង​ប្រទេសចិន​ដែល​កំពុង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់។ តាម​របាយការណ៍​ដដែល កម្លាំងទ័ព​អាមេរិកាំង​ជា​កម្លាំង​ដែល​កំពុង​ស្វិតស្រទោន និង​ត្រៀមខ្លួន​មិន​បាន​ល្អ​ដើម្បី​ប្រឈម​នឹង​កម្លាំងទ័ព​របស់​ចិន។

អ្នកជំនាញអូស្រ្តាលី៖សហរដ្ឋអាមេរិកលែងមានភាពលេចធ្លោខាងយោធានៅតំបន់ប៉ាស៊ីហ្វិកទៀតឡើយ
អ្នកជំនាញអូស្រ្តាលី៖សហរដ្ឋអាមេរិកលែងមានភាពលេចធ្លោខាងយោធានៅតំបន់ប៉ាស៊ីហ្វិកទៀតឡើយ James Griffin/U.S. Navy/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

គេ​មិន​ដឹង​ថា តើ​របាយការណ៍​រៀបចំ​ដោយ​ក្រុមអ្នកជំនាញ​អូស្រា្តលី​មួយ​នេះ​បាន​ឆ្លុះបញ្ចាំង​ការ​ពិត​ឬ​អត់​ទេ។ តែ​បើ​ជា​រឿង​ត្រឹមត្រូវ​មែន នោះ​វា​អាច​ជា​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក​ដែល​ពឹង​លើ​ការ​ធានា​សន្តិសុខ​ពី​ក្រុង​វ៉ាស៊ីនតោន មាន​ដូច​ជា​អូស្រា្តលី តៃវ៉ាន់ ឬ​ក៏​ប្រទេស​ជប៉ុន។ របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ទោះ​បី​ជា​សហរដ្ឋអាមេរិក​ចង់​ចូល​ខ្លួន​អន្តរាគមន៍​ក៏​អាច​ពិបាក​ដែរ។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​រៀបរៀង​របាយការណ៍​ថែម​ទាំង​បាន​លើក​ឡើង​ពី​អសាធនភាព​យុទ្ធសាស្រ្ត​របស់​ក្រុង​វ៉ាស៊ីនតោន​ក្រោម​ហេតុផល​ថា រដ្ឋបាល​អាមេរិកាំង​រវល់​ផ្តោត​ខ្លាំង​តែ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​ដើមបូព៌ា ហើយ​មិន​សូវ​ខ្វាយខ្វល់​ចំពោះ​តំបន់​ប៉ាស៊ីហ្វិក។

ផ្ទុយ​ទៅ​វិញ គឺ​ចិន​ដែល​កំពុង​ឡើង​ឥទ្ធិពល និង​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ដើម្បី​គ្រប់គ្រង​សណ្តាប់ធ្នាប់​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ដោយ​ប្រើ​កម្លាំងទ័ព នេះ​បើ​តាម​របាយការណ៍។ គួរ​រម្លឹក​ថា​នៅ​ក្នុង​អំណាច​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង ថវិកា​យោធា​របស់​ក្រសួង​ការពារជាតិ​បាន​កើន​ជិត ៧៥% ពោល​មាន​ទឹកប្រាក់ ១៧៨ ០០០លានដុល្លារ។ នេះ​ជា​តួលេខផ្លូវការ តែ​បើ​ក្រៅ​ផ្លូវការ​វិញ​អាច​មាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។ ជាមួយ​នឹង​កំណើន​ថវិកា​យោធា ចិន​បាន​វិនិយោគ​ក្នុង​ប្រព័ន្ធ​មីស៊ីលបាលីស្ទិក និង​ប្រព័ន្ធប្រឆាំងទប់​ដែល​នឹង​បង្ក​ការ​លំបាក​ដល់​កម្លាំងទ័ពអាមេរិកាំង​ដែល​ព្យាយាម​ចូល​ក្នុង​តំបន់​មាន​ជម្លោះ។

បើ​គេ​ជឿ​លើ​របាយការណ៍​របស់​ក្រុមអ្នកជំនាញ​អូស្រ្តាលី​ដដែល មូលដ្ឋានទ័ព​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​សឹង​តែ​ទាំង​អស់​នៅ​តំបន់​ប៉ាស៊ីហ្វិកខាងលិច មាន​ដូច​ជា​ផ្លូវ​ចុះ​យន្តហោះចម្បាំង ឬ​កំពង់ផែ​កំពុង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផុយស្រួយ និង​កំពុង​រង​ការ​គំរាមកំហែង។ ហានិភ័យ​ទាំង​អស់​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ចិន​វាយក្រសោប​យក​កោះតៃវ៉ាន់ កោះ Senkaku ដែល​ជប៉ុន​កំពុង​កាន់កាប់ ឬ​មួយ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​កម្លាំងទ័ពអាមេរិកាំង​គ្មាន​ពេល​អន្តរាគមន៍។ តែ​ក្រុម​អ្នកជំនាញ​ឲ្យ​យោបល់​ថា បើ​ចង់​ប្រឈម​នឹង​មហាអំណាច​ចិន សហរដ្ឋអាមេរិក​ត្រូវ​ដាក់​ពង្រាយ​គ្រាប់មីស៊ីល រួម​ទាំង​ផ្លាស់ប្តូរ​តួនាទី​របស់​កងទ័ព និង​ពិនិត្យមើល​ឡើង​វិញ​នូវ​យុទ្ធសាស្រ្ត​ការពារ​តំបន់​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​អូស្រា្តលី និង​ប្រទេស​ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ