ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាស៊ី

អាមេរិកអនុម័តគម្រោងលក់យន្តហោះចម្បាំងF-16 ចំនួន​៦៦គ្រឿង ឱ្យតៃវ៉ាន់

media អាមេរិក​អនុម័ត​ការលក់​យន្តហោះ​ចម្បាំង​ F-16 ចំនួន​៦៦​គ្រឿង​ទៅ​ឱ្យ​តៃវ៉ាន់ REUTERS/Ints Kalnins

នៅល្ងាច​ថ្ងៃអង្គារ​ទី ២០​សីហា ម្សិលមិញ សហរដ្ឋ​អាមេរិក បាន​ប្រកាសជូន​ដំណឹង​ស្តី​ពី​សេចក្តីអនុម័ត​លក់​អាវុធ​យន្តហោះ​ចម្បាំង​​ប្រភេទ F-១៦ ចំនួន ៦៦​គ្រឿង​ទៅ​ឱ្យ​តៃ​វ៉ាន់។ ជា​គម្រោង​ដ៏​ធំ​បំផុត​មួយ​ដែល​មាន​​​តម្លៃ​ទឹក​ប្រាក់​សរុប​ ៨ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ​សេចក្តី​សម្រេច​នេះ ​នឹង​អាច​ធ្វើ​ឱ្យ​ប៉េកាំង​ក្តៅ​ក្រហាយ​ខ្លាំង​ជាក់​ជា​ប្រាកដ។

“ការ​លក់​អាវុធ​ទៅ​តៃវ៉ាន់​នេះ គឺ​ជា​សេចក្តី​សម្រេច​ដ៏​សមស្រប​ទៅ​នឹង​ពាក្យ​សន្យា​របស់​អាមេរិក​ ក្នុង​ការជួយ​​រក្សា​សមត្ថភាព​ការពារ​ខ្លួន​របស់​តៃវ៉ាន់” ! នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​​ក្រសួង​ការបរទេស​អាមេរិក ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​អះអាង​ទៀត​ថា ការ​លក់​នេះ​បានបម្រើ​ប្រយោជន៍​សេដ្ឋកិច្ច ប្រយោជន៍​ជាតិ​និង​សន្តិសុខ​របស់​អាមេរិក។

​ក្រសួង​ការបរទេស​អាមេរិក បាន​​បញ្ជូន​សំណើទៅ​ឱ្យ​សភា តាំង​ពី​សប្តាហ៍​មុន ស្រប​តាម​បែបបទ​​​ជា​ផ្លូវការ​​នៃ​គម្រោង​លក់​អាវុធ​នេះហើយ។ តាម​ធម្មតា សមាជិក​សភា​មាន​ពេល​៣០​ថ្ងៃ​ សម្រាប់​ធ្វើ​ការ​ប្រឆាំង​ ប៉ុន្តែនា​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​ ​គេ​ពុំ​ដែល​ឃើញ​មាន​ករណីបែប​នេះ​កើត​ឡើង​ឡើយ។​

កងទ័ព​តៃ​វ៉ាន់​មានបំពាក់​​យន្តហោះ​ចម្បាំង​F-១៦ ​ដែរ ដែល​បាន​ទិញ​ពី​អាមេរិក កាលពី​ឆ្នាំ​១៩៩២។ តែ​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​លើក​នេះ សំដៅ​ទិញ​យន្តហោះ​ចម្បាំង​ថ្មីជាង​ និង​មាន​បំពាក់​បច្ចេកវិទ្យា​ព្រម​ទាំង​អាវុធ​ ទំនើប​ជាង​​។ តាម​គម្រោង តៃវ៉ាន់​មិន​ត្រឹម​តៃ​ទិញ​​យន្តហោះ​ចម្បាំង​ចំនួន​៦៦​គ្រឿង​ទេ តែ​ថែម​ទាំង​ម៉ាស៊ីន​ប្រតិករ ៧៥​គ្រឿង រ៉ាដា និង​គ្រឿង​បន្លាស់​សម្រាប់​ប្តូរ​ ​ផ្សេង​ជា​ច្រើនទៀត សម្រាប់​ទៅ​ជួសជុល​យន្តហោះ​យោធាដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​វិស័យ​អាកាសចរ​យោធា​​តៃវ៉ាន់​ឱ្យនៅរឹងមាំ​ល្អ ព្រម​ទាំង​អាវុធ​ជា​ច្រើន​ទៀត។

ប៉ុន្តែគម្រោង​នេះ​បាន​ធ្វើ​ឱ្យ​ចិន​ខឹង​សម្បា​យ៉ាង​ខ្លាំង។ ​​​ចិនបាន​បរិហារ​ ​ ​ការលក់​យន្តហោះ​ចម្បាំង ដែលជា​គម្រោងទិញ​លក់​អាវុធ​ដ៏​ធំ​បំផុត​មួយ​រវាង​អាមេរិក​និង​តៃវ៉ាន់នេះ និង​បាន​គំរាម​ចាត់​វិធានការ​សង​សឹក​វិញ​ តែ​​មិនបញ្ជាក់​ថា​ជា​វិធានការ​បែបណា​ទេ។ ចិន​តែង​ចាត់​ទុក​តៃវ៉ាន់​ជាផ្នែក​មួយ​នៃទឹកដី​ចិន ដែល​ប៉ះបោរបំបែក​ខ្លួន​ចេញ​ ហើយ​ដែល​ប៉េកាំង​មាន​គម្រោង​ចង់​ប្រើ​កម្លាំង​ក្រសោប​​យក​មក​វិញ ជានិច្ច។

ចំណែក​ខាង​វ៉ាស៊ីន ថ្វីបើ​បាន​ផ្តាច់​ទំនាក់ទំនង​ការ​ទូត​​ជាមួយ​តៃវ៉ាន់ នៅ​ឆ្នាំ​១៩៧៩ ដើម្បីទទួល​ស្គាល់​ចិន​ តាម​គោលការណ៍​ចិន​តែ​មួយ​មែន តែ​បន្តរក្សា​សម្ព័ន្ធ​ភាព​ និង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធដ៏​ចំបង​ឱ្យ​តៃវ៉ាន់​​។ អាមេរិក​របស់​លោក​ត្រាំ ថែម​ទាំងបាន​ពង្រឹង​ចំណង​សម្ព័ន្ធ​ភាព​ជាមួយ​កោះ​តៃវ៉ាន់​ថែម​ទៀត។ កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​តៃវ៉ាន់​ បាន​លើក​ស្ទួយ​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​ច្រក​សមុទ្ទ​តៃវ៉ាន់ និង​ក្នុង​តំបន់​ទាំង​មូល​ផង ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាមេរិក​ត្រូវ​តែ​បន្ត​ធ្វើ​ទៀត​! នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​ការ​ទូត​អាមេរិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ