ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

កូរ៉េខាងត្បូងសម្លឹងឃើញកិច្ចចរចាជាថ្មីឆាប់ៗរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង តែកូរ៉េខាងជើងមិនចាប់អារម្មណ៍

media  
លោកគីម យុនចុង (រូបស្តាំ) ទីប្រឹក្សារងនៃសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង និង​លោក Stephen Biegun ប្រេសិតពិសេសអាមេរិកាំងទទួលបន្ទុកសំណុំរឿងកូរ៉េខាងជើង ថ្ងៃទី២១ ទី២១ សីហា ២០១៩ Reuters

នៅ​ឧបទ្វីបកូរ៉េ ក្រុង​សេអ៊ូល​បាន​ថ្លែង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២២ សីហា​ដោយ​បញ្ជាក់​ថា កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​ត្រូវ​ផ្តើម​កិច្ចចរចា​រវាង​គ្នា​ជា​ថ្មី​នា​ពេល​ឆាប់ៗ​ខាង​មុខ​ស្តីពី​ការ​រំសាយនុយក្លេអ៊ែរ ព្រម​ទាំង​មាន​សុទិដ្ឋនិយម​ថា គម្រោង​កិច្ចចរចា​ឡើង​វិញ​ស្តីពី​ការ​រំសាយនុយក្លេអ៊ែរ​កូរ៉េខាងជើង​នោះ​នឹង​ត្រូវ​ទទួល​ផលវិជ្ជមាន។ ចំណាប់អារម្មណ៍​របស់​កូរ៉េខាងត្បូង​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ជំនួប​រវាង​ភាគី​កូរ៉េខាងត្បូង​លោក​គីម យុនចុង និង​ប្រេសិតពិសេស​អាមេរិក​ទទួល​បន្ទុក​បញ្ហា​កូរ៉េខាងជើង​លោក Stephen Biegun។ តែ​ក្រុង​ព្យុងយ៉ាង​បាន​ឆ្លើយ​តប​ភ្លាមៗ​ថា ខ្លួន​មិន​ចាប់​អារម្មណ៍​នឹង​កិច្ខសន្ទនា​ជា​ថ្មី​ជាមួយ​ភាគី​អាមេរិក​ឡើយ ដរាប​ណា​អាមេរិក​មិន​បិទបញ្ចប់​សកម្មភាព​យោធា​អរិភាព​របស់​ខ្លួន​ទេ​នោះ។

លោក​គីម យុនចុង​ដែល​ជា​ទីប្រឹក្សារង​នៃ​សន្តិសុខជាតិ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ពី​មុខ​ក្រុមអ្នកកាសែត បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​លោក Stephen Biegun ប្រេសិតពិសេស​អាមេរិកាំង​ទទួល​បន្ទុក​សំណុំរឿង​កូរ៉េខាងជើង។ លោក​គីម យុនចុង​បាន​ថ្លែង​ដោយ​មាន​សុទិដ្ឋិនិយម​ថា ការ​ផ្តើម​កិច្ចចរចា​នា​ពេល​ឆាប់ៗ​ខាង​មុខ​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន​នឹង​ទទួល​បាន​ផល​វិជ្ជមាន។ តែ​លោក​មិន​បាន​បញ្ជាក់​ពី​ផល​វិជ្ជមាន​កម្រិត​ណា និង​ថា តើ​កិច្ចចរចា​ជា​ថ្មី​នោះ​នឹង​អាច​ចាប់​ផ្តើម​នៅ​ពេល​ណា​ទេ។

អ្វី​ដែល​គេ​អាច​និយាយ​បាន តាំង​ពី​ក្រោយ​ជំនួបកំពូល​លើក​ទី២ នា​ខែ​កុម្ភៈ​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​មក កិច្ចចរចា​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​កំពុង​ជាប់គាំង។ កាល​ពី​ថ្ងៃទី៣០ មិថុនា​កន្លង​ទៅ​ទៀត លោក​ត្រាំ និង​លោក​គីម​បាន​ជួប​គ្នា​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព​ដែល​ខ័ណ្ឌចែក​រវាង​កូរ៉េ​ទាំង​ពីរ។ នា​ឱកាស​នោះ ឥស្សរជន​ទាំង​ពីរ​បាន​ត្រឹម​សន្យា​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​កិច្ចចរចា​រវាង​គ្នា។ តែ​រហូត​មក​ដល់​ពេល​នេះ គេ​ឃើញ​មាន​តែ​សកម្មភាព និង​ការ​ឆ្លើយឆ្លង​សម្តី​ដាក់​គ្នា​ដោយ​នៅ​ម្ខាង សហរដ្ឋអាមេរិក​បាន​បន្ត​រៀបចំ​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង និង​នៅ​ម្ខាង​ទៀត កូរ៉េខាងជើង​បាន​បន្ត​បាញ់​សាកល្បង​គ្រាប់មីស៊ីល។

ជា​ចម្លើយ​តប​នឹង​សមយុទ្ធ​រវាង​ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន ក្រុង​ព្យុយ៉ាង​បាន​ថ្លែង​លែង​បន្ត​កិច្ចចរចា​អន្តរកូរ៉េ​ទៀត​ឡើយ និង​ទុក​ទ្វារ​ចំហ​សម្រាប់​កិច្ចសន្ទនា​ជាមួយ​សហរដ្ឋអាមេរិក។ តែ​ពេល​នេះ កូរ៉េខាងជើង​បាន​ប្តូរ​ជំហរ​ដោយ​បញ្ជាក់​ថា ខ្លួន​អាច​នឹង​បើក​កិច្ចចរចា​ឡើង​វិញ​ជាមួយ​សហរដ្ឋអាមេរិក​បាន បើ​សហរដ្ឋអាមេរិក​បញ្ឈប់​ជា​មុន​នូវ​រាល់​សកម្មភាព​យោធា​អរិភាព។ នៅ​ក្នុង​ន័យ​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាងជើង​បាន​លើក​ឡើង​ពី​ការ​ដែល​អាមេរិក​ទើប​បាន​សាកល្បងគ្រាប់មីស៊ីល​ចម្ងាយ​មធ្យម និង​មាន​គម្រោង​ពង្រាយ​យន្តហោះចម្បាំង F៣៥ នៅ​ក្នុង​តំបន់។ « យើង​រក្សា​ជំហរ​ចង់​ដោះស្រាយ​គ្រប់​បញ្ហា​ដោយ​សន្តិវិធី​តាម​កិច្ចសន្ទនា និង​ការ​ចរចា។ តែ​យើង​មិន​ចាប់​អារម្មណ៍​នឹង​កិច្ចសន្ទនា និង​ការ​ចរចា​ណា​ដែល​មាន​ការ​គំរាមកំហែង​ផ្លូវ​យោធា​ទេ » នេះ​ជា​ការ​បញ្ជាក់​របស់​រូប​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាងជើង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ