អានតួអត្ថបទ
ការប្រែប្រួលអាកាសធាតុ

របាយការណ៍​របស់​អសប៖ ​សមុទ្រ​អាច​ប្រែក្លាយ​ពី​មិត្ត ទៅ​ជា​សត្រូវ​របស់មនុស្សលោក

មហាសមុទ្រ​ជាប្រភព​ធនធាន ចិញ្ចឹម​ជីវិត​មនុស្ស ប៉ុន្តែ មហាសមុទ្រ​ដដែល ក៏​អាច​បញ្ចេញ ភាពពិសពុល​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​នៅក្នុង​ពិភពលោក​រងទុក្ខ​វេទនាដែរ។ គេ​ប្រហែល​អាច​ជៀស​រួចផុត​ពី​សេណារីយ៉ូ ដ៏អាក្រក់​នេះបាន ប្រសិន​បើ​គេ​ចូលរួម កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូនិក ដើម្បី ជួយសម្រាល​បន្ទុក របស់​មហាសមុទ្រ ដែល​កំពុង​ដើរតួនាទី ជា​អេប៉ុង​ស្រូប​យក​កំដៅ​លើ​ផែនដី ផង និង​ឧស្ម័ន​កាបូនិក​ផង។ នេះ​បើតាម​របាយការណ៍​ពិសេស​ររៀបរៀង​ឡើង​ដោយ​ក្រុមអ្នកជំនាញ​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ។ 

កប៉ាល់នេសាទអាមេរិក​នៅឈូងសមុទ្រ​ម៉ិចស៊ិកថ្ងៃទី ២៤​សីហា ២០១៩
កប៉ាល់នេសាទអាមេរិក​នៅឈូងសមុទ្រ​ម៉ិចស៊ិកថ្ងៃទី ២៤​សីហា ២០១៩ ©Drew Angerer/Getty Images/AFP
ផ្សាយពាណិជ្ជកម្ម

ត្រីសមុទ្រ​ថយចុះ​ចំនួន ព្យុះសង្ឃរា​កាន់តែ​សាហាវ និង​កើនឡើង​ចំនួន។ មនុស្ស​រាប់លាន​នាក់​ផ្លាស់ទី​កន្លែង​រស់នៅ​របស់ខ្លួន ដោយសារ​កំពស់ទឹកសមុទ្រ​ចេះ​តែកើនឡើង។ តថភាព​ទាំងនេះ​កំពុង​កើត​មាន នៅ​សតវត្សរ៍​ទី ២១ យើងនេះ។ នៅក្នុង​របាយការណ៍​ពិសេស​របស់​ខ្លួន ដែល​ផ្តោត​ទៅលើ​មហាសមុទ្រ ហើយ​និង​តំបន់ទឹកកក​នៅលើ​ផែនដី ក្រុមអ្នកជំនាញ​អន្តររដ្ឋាភិបាល​បាន​រកឃើញថា ប្រសិន​មនុស្ស​មិន​កាត់បន្ថយ ឧស្ម័នកាបូនិក ជាអតិបរមាទេ យ៉ាងហោចណាស់ ៣០ភាគរយ​នៃ​ទឹកកក​នៅ ប៉ូល​ខាងជើង​នឹង​រលាយ យ៉ាងយូរ​បំផុត នៅ​ចុងសតវត្សរ៍ ហើយ​និង​វា​នឹង​បញ្ចេញ ឧស្ម័នកាបូនិក រាប់ពាន់លាន​តោន ដែល​សព្វថ្ងៃ កំពុង​ជាប់គាំង​ក្រោមផ្ទាំងទឹកកក។

របាយការណ៍​កម្រាស ៩០០​ទំព័រ​របស់​អ្នកវិទ្យាសាស្រ្ត ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ទទួល ឲ្យ​ចុះផ្សាយ នៅ​ថ្ងៃ ព្រហស្បតិ៍​ម្សិលមិញ ជារបាយការណ៍​ទី​៤ របស់​អង្គការសហប្រជាជាតិ នៅក្នុង​រយៈពេល​តែមួយឆ្នាំ។ នៅថ្ងៃទី ២៣​កញ្ញាខាងមុខ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នឹង​កោះអញ្ជើញ​មេដឹកនាំ​ក្នុង​ពិភពលោក​ឲ្យ​ចូលរួម​នៅក្នុង​សន្និសីទ​ស្តីពី​អាកាសធាតុ​នៅទីក្រុង​ញូវយ៉ក។

តាមអ្នកជំនាញ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ មាន​ការខកចិត្ត​ខ្លាំង​នឹង​មេដឹកនាំ​របស់​ប្រទេស​មហាអំណាច ដែល​គ្មាន​ឆន្ទៈ​ចង់​យក​សំណុំរឿង​ប្រែប្រួល អាកាសធាតុ​ដាក់​លើ​តុពិភាក្សា។ អ្នកជំនាញ ដែល​តាមដាន​នយោបាយ​អាកាសធាតុ នៅ​ប្រទេស​ចិន អាមេរិក ឥណ្ឌា និង​នៅ​សហភាព​អឺរ៉ុប​បាន​បង្ហាញថា ក្រុមប្រទេស​ទាំង​៤ ដែល​បញ្ចេញ ប្រមាណ ៦០ភាគរយ​នៃ​ឧស្ម័នកាបូនិក សរុប ត្រូវ​ប្រឈម​នឹង​គ្រោះមហន្តរាយ ដូចជា​ការឡើង​កំពស់​ទឹកសមុទ្រ និង​ការរលាយទឹកកក ប៉ុន្តែ គ្មាន​ប្រទេស​ណាមួយ​ត្រៀមខ្លួន ដើម្បី កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​របស់ខ្លួន​នោះទេ ដោយសារ​តែ​មហិច្ឆតា​សេដ្ឋកិច្ច។

គ្មាន​ប្រទេស​ណាមួយ មាន​ឆន្ទៈ កាត់បន្ថយ ឧស្ម័ន​កាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែល​ជា​ប្រភព​នៃការឡើង​កំដៅផែនដី និង​ការរលាយ​ទឹកកក​នៅ​តំបន់​ប៉ូល។ ប៉ុន្តែ អ្នកជំនាញ​បាន​ព្រមាន​រួចហើយថា នៅ​ត្រឹម ឆ្នាំ ២០៥០ ទីក្រុង​ធំៗ នៅតាម​មាត់សមុទ្រ និង​ប្រទេស​កោះជាច្រើន​នឹង​ប្រឈម​នឹង​ឡើងកំពស់ទឹកសមុទ្រ ជារៀងរាល់ឆ្នាំ។ មហាសមុទ្រ​មិនត្រឹម​តែ​ស្រូប​យក​ឧស្ម័នកាបូនិក ដែល​មនុស្ស​បាន​បញ្ចេញ ប៉ុន្តែ ស្រូប​យក​ជាង​៩០ភាគរយ នៃ​កំដៅ ដែលបណ្តាល​មកពី​ឧស្ម័នផ្ទះកញ្ចក់។ ជាមួយ នឹង​ការកើនឡើង​ឧស្ម័នផ្ទះកញ្ចក់ មហាសមុទ្រ​ហាក់លែង​មាន​សមត្ថភាព សម្រាប់​ដើរតួនាទី​របស់ខ្លួន។ ដោយ​ស្រូប​យកច្រើន ឧស្ម័នកាបូនិក ទឹកសមុទ្រ​មានកាន់តែ​ច្រើន​ជាតិអាស៊ីដ ដែល​ប៉ះពាល់ ដល់​ខ្សែចង្វាក់ ជីវិត​សត្វសមុទ្រ ធនធាន​ចំណីអាហារ​សំខាន់ របស់​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ