ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាស៊ី

ឥណ្ឌាផ្តើមកំណែទម្រង់លើវិស័យធនាគារ ខណៈប្រទេសបន្តស្គាល់កំណើនសេដ្ឋកិច្ចថមថយ

media  
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman AFP

នៅ​ក្នុង​ប្រទេស​ឥណ្ឌា រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ ទី៣០ សីហា​ពី​ការ​ផ្តើម​ធ្វើ​កំណែទម្រង់​ស៊ីជ្រៅ​លើ​វិស័យ​ធនាគារ។ សេចក្តីប្រកាស​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​ប្រទេស​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ថមថយ​រយៈពេល ៥ត្រីមាស​ជាប់ៗ​គ្នា។ សម្រាប់​ត្រីមាសទី១ ឆ្នាំ ២០១៩ ឥណ្ឌា​មាន​កំណើន​សេដ្ឋកិច្ច​ត្រឹម ៥% ពោល​តិច​ជាង​ការ​ប្រមើល​ទុក​របស់​ក្រុម​អ្នកវិភាគ​ដែល​មាន ៥,៧%។ គួរ​រម្លឹក​ថា តាំង​ពី​លោក​ណារិន ដ្រា ម៉ូឌី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ក្នុង​ឆ្នាំ ២០១៤ ឥណ្ឌា​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧%។

ក្នុង​រយៈពេល ៥ត្រីមាស​ជាប់​គ្នា ឥណ្ឌា​ដែល​ថ្មីៗ​ធ្លាប់​ស្គាល់​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% បាន​ធ្លាក់​មក​នៅ​ត្រឹម​ប្រមាណ​ជា ៥% ប៉ុណ្ណោះ។ ចំណែក​អត្រា​អ្នក​ការងារ​ធ្វើ​ក៏​បាន​ឡើង​ដល់​កម្រិត​មួយ​ខ្ពស់​គិត​តំាង​ពី​ទសវត្ស​ឆ្នាំ ៧០។ មាន​ហេតុផល​សំខាន់​ចំនួន​ពីរ​ដែល​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ឥណ្ឌា​ស្គាល់​ភាព​ថមថយ ទី១ ការ​ចាយវាយ​របស់​ពលរដ្ឋ​ហាក់​នៅ​ទ្រឹង និង​ទី២ វិបត្តិ​កង្វះ​សាច់ប្រាក់​ដែល​បាន​ជំរុញ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ណារិនដ្រា ម៉ូឌី​ឲ្យ​ផ្តើម​កំណែទម្រង់​លើ​វិស័យ​ធនាគារ។ តាម​រយៈ​កំណែទម្រង់​មួយ​នេះ​ត្រូវ​បាន​ក្រុង​ញូដែលី​សង្ឃឹម​ថា នឹង​អាច​ជួយ​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​ត្រីមាស​ខាង​មុខ។

នៅ​ក្នុង​កំណែទម្រង់​លើ​វិស័យ​ធនាគារ​ត្រូវ​បាន​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​លោកស្រី​នៀម៉ាឡា ស៊ីថារ៉ាម៉ា​ប្រាប់​ឲ្យ​ដឹង​ថា ត្រូវ​ចាប់​ផ្តើម​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ធនាគារ​រដ្ឋ​ចំនួន ១០ ឲ្យ​ទៅ​ជា​៤ ធនាគារ​វិញ ហើយ​ធនាគារ​ថ្មី​ទាំង ៤ បូក​បញ្ចូល​គ្នា​នឹង​មាន​សាច់ប្រាក់សកម្ម​សរុប​ជាង ៧១០ ០០០លានដុល្លារ ហើយ​រដ្ឋាភិបាល​នឹង​បន្ថែម​លុយ​ជាង ៧ ០០០លានដុល្លារ។ ជាមួយ​នឹង​កំណែទម្រង់​នេះ ធនាគារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នឹង​ធ្លាក់​ពី ២៧ធនាគារ​មក​នៅ​ត្រឹម ១២ធនាគារ​ប៉ុណ្ណោះ។ ថ្មីៗ​នេះ និង​ដើម្បី​ជួយ​បំពេញ​កង្វះ​សាច់ប្រាក់ ធនាគារ​កណ្តាល​បាន​បញ្ជូន​លុយ​ទៅ​ឲ្យ​រដ្ឋាភិបាល​ចំនួន ២៤ ០០០លានដុល្លារ។

លោក​រ៉ាហ្ស៊ី គូម៉ា​រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ធនាគារ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច តែ​ដើម្បី​អាច​ដើរ​តួនាទី​មួយ​នេះ​បាន ធនាគារ​ត្រូវ​មាន​សមត្ថភាព​ផ្តល់​ប្រាក់កម្ចី​ឲ្យ​បាន​ច្រើន​ជាង​នេះ។ ក្រៅ​ពី​ធ្វើ​កំណែទម្រង់​លើ​វិស័យ​ធនាគារ រដ្ឋាភិបាល​ក្រុង​ញូដែលី​ក៏​បាន​ពិចារណា​លើ​ផ្នែក​ផ្សេង ពិសេស​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​លើ​ក្រុម​អ្នកវិនិយោគបរទេស​សម្រាប់​វិស័យ​គន្លឹះ​ចំនួន ៤ ដូច​ជា​អាជីវកម្ម​រ៉ែធ្យូងថ្ម​ជា​ដើម។ គួរ​រម្លឹក​ថា តាំង​ពី​លោក​ណារិន ដ្រា ម៉ូឌី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ក្នុង​ឆ្នាំ ២០១៤ ឥណ្ឌា​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧%។ តែ​ឥណ្ឌា​នៅ​មិន​ទាន់​អាច​បង្កើត​ការងារ​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ឥណ្ឌា​ចំនួន ១ ២០០ ០០០នាក់​ដែល​បាន​ចូល​ក្នុង​ទីផ្សារការងារ​ជា​រៀងរាល់​ឆ្នាំ​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ