ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ឥណ្ឌា៖ដំណើរការជំរឿនក្នុងរដ្ឋអាសាមបានបិទបញ្ចប់ដោយមានមនុស្សជិត ២លាននាក់អាចបាត់បង់សញ្ជាតិឥណ្ឌា

media យុទ្ធនាការ​ធ្វើ​ជំរឿនពលរដ្ឋ​នៅ​ក្នុង​រដ្ឋ​អាសាម​ក្នុង​ប្រទេស​ឥណ្ឌា AFP

នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដំណើរការ​ជំរឿន​ប្រកប​ដោយ​ភាព​ចម្រូចសម្រាស​ខ្លាំង​ទើប​បាន​បិទបញ្ចប់​នៅ​ក្នុង​រដ្ឋ​អាសាម​ស្ថិត​ភាគឦសាន​ប្រទេស។ កម្មវត្ថុ​នៃ​ការ​ធ្វើ​ជំរឿន​នេះ គឺ​ស្វែង​រក​អត្តសញ្ញាណ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស និង​ដែល​បន្ទាប់​មក ​ពួក​គេ​បាន​ទទួល​សញ្ជាតិ​ឥណ្ឌា។ ស្ថាប័ន​ទទួល​បន្ទុក​ធ្វើ​ជំរឿន​បាន​ផ្សព្វផ្សាយ​សេចក្តីប្រកាសព័ត៌មាន​ផ្លូវការ​មួយ​នា​ថ្ងៃ​សៅរ៍ ទី៣១ សីហា​ដោយ​បញ្ជាក់​ថា មាន​មនុស្ស​ជិត ២លាននាក់​អាច​ប្រឈម​នឹង​ការ​បាត់បង់​សញ្ជាតិ​ឥណ្ឌា ហើយ​ពួក​គេ​មាន​សិទ្ធិ​តវ៉ា​នៅ​តុលាការ​ដើម្បី​អាច​រក្សា​សញ្ជាតិ​ឥណ្ឌា​របស់​ពួក​គេ​បាន។ គួរ​រម្លឹក​ថា អាសាម​ជា​រដ្ឋ​មួយ​ដែល​បញ្ហា​សាសនា និង​ជាតិពិន្ធុ​ស្ថិត​ជា​បញ្ហា​ដ៏​រសើបខ្លាំង។

សេចក្តីប្រកាសព័ត៌មាន​ផ្លូវការ​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃ​សៅរ៍ ទី៣១ សីហា​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ចំនួន ៣១ ១០០ ០០០នាក់​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីជាតិ​ពលរដ្ឋ និង​មាន ១ ៩០០ ០០០នាក់​ផ្សេង​ទៀត​ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​មិន​មាន​នៅ​ក្នុង​បញ្ជីជាតិ​នោះ​ទេ។ គឺ​មនុស្ស​ទាំង ១ ៩០០ ០០០នាក់​នេះ​ហើយ​ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​សញ្ជាតិ​ឥណ្ឌា ព្រោះ​ពួក​គេ​មិន​អាច​បង្ហាញ​ភស្តុតាង​ដែល​បញ្ជាក់​ថា គ្រួសារ​របស់​ពួក​គេ​ជា​ជនជាតិ​ឥណ្ឌា​នៅ​មុន​ខែ​មេសា ឆ្នាំ ១៩៧១។ ជម្រើស​យក​ឆ្នាំ ១៩៧១ ជា​លក្ខខណ្ឌ​សម្រាប់​រដ្ឋអំណាច​ក្នុង​រដ្ឋ​អាសាម​មិន​មែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​ជា​ឆ្នាំ​ដែល​មាន​ជនភៀសខ្លួន​មក​ពី​ប្រទេស​បង់ក្លាដែស​ក្បែរខាង​រត់​ទៅ​រស់នៅ​ក្នុង​រដ្ឋ​អាសាម។

រដ្ឋអំណាច​ក្នុង​រដ្ឋ​អាសាម​បាន​បញ្ជាក់​ថា មាន​ជនជាតិ​បង់ក្លាដែស​ប្រមាណ​ជា ២ ០០០ ០០០នាក់​បាន​ទទួល​សញ្ជាតិ​ឥណ្ឌា​ដោយ​ខុស​ច្បាប់។ នេះ​ហើយ​ជា​ហេតុផល​ដែល​បាន​ជំរុញ និង​លើក​ទឹកចិត្ត​រដ្ឋអំណាច​ឲ្យ​ធ្វើ​ជំរឿន​ដើម្បី​ចង់​ដឹង​ថា តើ​ពលរដ្ឋ​រូប​ណា​ជា​ជនជាតិ​ឥណ្ឌា​ដែល​មាន​គ្រួសារ​ជា​ជនជាតិ​ឥណ្ឌាពិតប្រាកដ។ ទោះ​ជា​យ៉ាង​នេះ​ក្តី កុំ​ថា​ឡើយ​ជនជាតិ​ឥណ្ឌា​មាន​ដើមកំណើត​បង់ក្លាដែស ឬ​ដើមកំណើត​ផ្សេង សូម្បី​តែ​ជនជាតិ​ឥណ្ឌា​ពី​កំណើត​ក៏​ពិបាក​រក​ភស្តុតាង​ទៅ​បង្ហាញ​សញ្ជាតិ​របស់​ខ្លួន​ដែរ​នៅ​ជិត ៥០ឆ្នាំ​ក្រោយ​មក។ គ្រួសារ​អ្នកកាន់សាសនាអ៊ីស្លាម​ជា​ជន​រងគ្រោះ​មុន​គេ​នៅ​ក្នុង​យុទ្ធនាការ​ជំរឿន​ពេល​នេះ ហើយ​អ្នក​ត្រេកត្រអាល គឺ​ក្រុម​អ្នកជាតិនិយម​ហិណ្ឌូ​ដែល​កំពុង​កាន់អំណាច។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ដែល​ជា​អ្នកជាតិនិយមហិណ្ឌូ​ម្នាក់​បាន​ចាត់ទុក​​ក្រុម​ជនអន្តោប្រវេសន៍​បង់ក្លាដែស​ជា​សត្វកណ្តៀរ។ យ៉ាង​ណា​ក៏​ដោយ មនុស្ស​ទាំង ១ ៩០០ ០០០នាក់​ដែល​មិន​ស្ថិត​ក្នុង​បញ្ជីជាតិ​ពលរដ្ឋ​មាន​ពេល ៤ខែ​ដើម្បី​ប្តឹង​ទៅ​តុលាការ។ បើ​បណ្តឹង​របស់​ពួក​គេ​ត្រូវ​បាន​បដិសេធ ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាត់ទោស​នៅ​តុលាការ​សម្រាប់​ជនបរទេស។ បើ​តុលាការ​មួយ​នេះ​បញ្ជាក់​ពី​ការ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជីជាតិ​ពលរដ្ឋ​មែន ពួក​គេ​នឹង​ត្រូវ​បាត់បង់​សញ្ជាតិ​ឥណ្ឌា។ ពេល​នោះ ពួក​គេ​នឹង​ក្លាយ​ជា​មនុស្ស​គ្មាន​ទឹកដី ព្រោះ​ភាគ​ច្រើន​បាន​អះអាង​ថា​ពួក​គេ​គ្មាន​សញ្ជាតិ​បង់ក្លាដែស​ទេ។ នៅ​ចុង​បញ្ចប់ ពួក​គេ​អាច​នឹង​បញ្ចប់​ជីវិត​ចុង​ក្រោយ​នៅ​ក្នុង​ពន្ធនាគារ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ