អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សិង្ហបុរី៖ សញ្ញាសេដ្ឋកិច្ចធ្លាក់ចុះ និងជម្លោះនយោបាយផ្ទៃក្នុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

រហូតមក​ដល់​ឆ្នាំ​២០១៩ សិង្ហបុរីមាន​​ចំណាត់ថ្នាក់​​សេដ្ឋកិច្ចដែល​មាន​ភាពប្រកួតប្រជែងបំផុត ​លើ​ពិភពលោក វាស់វែងដោយ សន្ទស្សន៍ប្រកួតប្រជែងសាកល IMD ដោយស្ថិត​ពីលើ​អតីត​ជើង​ឯកកាល​ពីឆ្នាំមុន គឺសហរដ្ឋ​អាមេរិក​។ ទោះជាយ៉ាងណា ក្នុងរយៈពេល​ខ្លី សិង្ហបុរីត្រូវប្រឈម​នឹង​កំណើនសេដ្ឋកិច្ច​ថមថយផងដែរ ​ពីឥទ្ធិពលរបស់​​សង្គ្រាម​ពាណិជ្ជកម្ម​ ព្រោះ​ប្រទេសនេះពឹងផ្អែក​ខ្លាំង​លើពាណិជ្ជកម្មអន្ដរជាតិ។ ហើយ​សម្រាប់​រយៈពេល​វែង ជម្លោះគ្រួសារ​នៃអ្នក​នយោបាយ​ជាន់ខ្ពស់អាចបង្កជា​បញ្ហានយោបាយផ្ទៃក្នុង។

ទិដ្ឋភាពនៃកន្លែងលក់បាយនៅការិយាល័យ Grab ក្នុងប្រទេសសិង្ហបុរី។
ទិដ្ឋភាពនៃកន្លែងលក់បាយនៅការិយាល័យ Grab ក្នុងប្រទេសសិង្ហបុរី។ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

ទោះជា​ប្រទេស​តូច សិង្ហបុរី​ត្រូវគេ​ចាត់ទុក​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រឹងមាំ គ្មាន​បំណុល​បរទេស មានចំណូល​ពន្ធខ្ពស់​ និង​មាន​ផលលើសនៃជញ្ជឹងពាណិជ្ជកម្ម​។ សិង្ហបុរី​អនុវត្តបាន​យ៉ាង​ល្អប្រសើរ ​គោលការណ៍ ​ទីផ្សារ​សេរី និងអភិបាលកិច្ច​ល្អ។ មូលហេតុនេះហើយដែល​គេអាច​មើល​ឃើញថាសហគ្រាសរដ្ឋ​ ដើរតួនាទីយ៉ាងចម្បង និង​មាន​ប្រសិទ្ធភាពខ្ពស់ ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សម្រាប់ថវិកាមួយដុល្លារៗ ដែលប្រជាពលរដ្ឋ​សិង្ហបុរីបង់ពន្ធជូនរដ្ឋ នោះស្ថាប័នរដ្ឋ​ និង​មន្រ្ដីរដ្ឋបាលសាធារណៈ បាន​ប្រើប្រាស់ថវិកាទាំងនោះ ស្ទើរតែល្អឥតខ្ចោះ។ យោងតាម សន្ទស្សន៍ប្រសិទ្ធភាពរដ្ឋាភិបាល របស់ធនាគារ​ពិភពលោក សិង្ហបុរី​មានពិន្ទុ២,២៥ លើពិន្ទុសរុប២,៥០​។

សិង្ហបុរី​ក៏ជា​ប្រទេសបើក​ចំហ និង​ទាក់ទាញបំផុតផងដែរ សម្រាប់​ការវិនិយោគបរទេស ព្រោះប្រទេស​នេះ​ស្ទើរគ្មាន​អំពើពុករលួយ ហើយ​អត្រា​ពន្ធលើ​ពាណិជ្ជកម្ម​មាន​កម្រិត​ទាបបំផុត។ សេដ្ឋកិច្ច​សិង្ហបុរីពឹងផ្អែក​លើការនាំចេញផលិត​ផល​ឧស្សាហកម្ម សេវាកម្ម​ហិរញ្ញវត្ថុ ទេសចរណ៍ និង​សេវាកម្ម​កំពង់ផែ​ទឹកជ្រៅ​ដ៏មមាញឹកបំផុត។

ទោះជាយ៉ាង ក្នុង​ពេល​បច្ចុប្បន្ននេះ គេបាន​អង្កេត​ឃើញ​ពីសញ្ញាប្រែប្រួលជាអវិជ្ជមាន​​ខ្លះៗ ដែល​កំពុង​កើត​មានឡើង​នៅ​សិង្ហបុរី ពាក់ព័ន្ធ​នឹងកំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ ខណៈ​ជម្លោះផ្ទៃ​ក្នុង​គ្រួសារ​នៃ​អ្ន​កនយោបាយ​ជាន់ខ្ពស់ ក៏អាចបង្កជាកង្វល់​នយោបាយ​ផងដែរ សម្រាប់​រយៈពេលវែង។

ហេតុអ្វីសេដ្ឋកិច្ចសិង្ហបុរីធ្លាក់​ចុះ?

កាល​ពីពេល​ថ្មីៗនេះ រដ្ឋាភិបាល​សិង្ហបុរី​ តាមរយៈក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម បាន​កាត់បន្ថយ​ការព្យាករណ៍កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​ឆ្នាំនេះ ពី​ចន្លោះ ១,៥ ទៅ ២,៥ភាគរយ មកត្រឹមចន្លោះអត្រាពី ០ ទៅ ១ភាគរយ ប៉ុណ្ណោះ។ នេះ​ដើម្បីឆ្លើយតប​ទៅនឹង​បញ្ហាប្រឈម​ពីការកើន​ឡើង​​ភាពតានតឹង​របស់​សង្គ្រាម​ពាណិជ្ជកម្ម និង​ការធ្លាក់​ចុះ​វិស័យឧស្សាហកម្មផលិត។ វាជាអត្រាកំណើនទាបបំផុតមិន​ធ្លាប់មាន​ អំឡុង​​មួយទសវត្សរ៍កន្លងមក​នេះ។ ពោល​គឺ​នៅអំឡុង​វិបត្តិហិរញ្ញវត្ថុ​សាកល​ សេដ្ឋកិច្ច​សិង្ហបុរីមាន​អត្រាទាប តែវាធ្លាក់​ត្រឹម​ ​០,៦ភាគរយប៉ុណ្ណោះ។​

ពាណិជ្ជកម្មអន្ដរជាតិរបស់សិង្ហបុរីស្មើ ប្រមាណ ៣០០ ទៅ៤០០ភាគរយ នៃចំណូលជាតិសរុប អំឡុង​ប៉ុន្មានឆ្នាំចុងក្រោយ។ ដូច្នេះ សេដ្ឋកិច្ច​សិង្ហបុរី ​ពឹងផ្អែក​ខ្លាំងលើសុខទុក្ខរបស់​សេដ្ឋកិច្ចសាកល។ សិង្ហបុរី​ស្ថិត​ក្នុង​លំដាប់​ថ្នាក់ទីពីរ នៅ​លើ​ពិភពលោក តាម​ពីក្រោយ​ប្រទេសលុច​សំបូរ ផ្អែក​លើ​ទំហំពាណិជ្ជកម្ម​សរុប ធៀប​ជាមួយ​នឹង​ចំណូលជាតិសរុប។  ការនាំចេញ ជាពិសេស ក្នុងវិស័យអេឡិចត្រូនិច គីមី និងសេវាកម្ម ជាប្រភព​យ៉ាងចម្បង សម្រាប់​ចំណូលជាតិ។ សិង្ហបុរី​ក៏​ត្រូវគេស្គាល់ផងដែរថាជា​ប្រទេស​ដែល​មាន​សមត្ថភាពខ្ពស់ ក្នុងការ​នាំចូល​វត្ថុធាតុដើម និង​ទំនិញពាក់កណ្តាល​សម្រេច ហើយ​កែច្នៃផលិតផល​ទាំងនោះ​ ដើម្បី​នាំ​ចេញម្ដង​ទៀត ជាឧទាហរណ៍ ដូចជា ក្នុងវិស័យឧស្សាហកម្មកែច្នៃ និងការចម្រាញ់ប្រេង ជាដើម។

សម្រាប់​ពេល​បច្ចុប្បន្ន ចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សិង្ហបុរី។ អស់រយៈពេលជាង២៧ឆ្នាំ​មកហើយ ដែល​សេដ្ឋកិច្ច​ចិន​មាន​កំណើនខ្ពស់ ដូច្នេះ សេដ្ឋកិច្ចសិង្ហបុរីដែល​នាំចេញទៅចិន​ច្រើន ​ក៏ទទួល​បានលទ្ធផល​ល្អប្រសើរ​ផងដែរ។ ក៏ប៉ុន្តែ ដោយសារ​ឥទ្ធិពល​នៃសង្គ្រាម​ពាណិជ្ជកម្ម ទីផ្សារសំខាន់ៗរបស់​ពិភពលោកកំពុងធ្លាក់ចុះ ក្នុង​នោះក៏មាន​ទីផ្សារប្រទេសចិន​ផងដែរ។ ដូច្នេះ វាបានរុញច្រាន​ឱ្យ​មានឥទ្ធិពលអវិជ្ជមាន​លើ​សង្វាក់ផលិតកម្ម​សាកល ជាពិសេស ការធ្លាក់ចុះ​នៃតម្រូវការសាកល ហើយជាលទ្ធផល សេដ្ឋកិច្ចសិង្ហបុរីក៏ត្រូវរងផលប៉ះពាល់ផងដែរ។

ជម្លោះគ្រួសារ និង​បញ្ហានយោបាយផ្ទៃក្នុង​សិង្ហបុរី

​សម្រាប់​បញ្ហានយោបាយផ្ទៃក្នុង ឯណោះវិញ គេអង្កេតឃើញថា ក្រោយពីមរណភាពរបស់ លោកលី ក្វាន់យូ កូនៗរបស់គាត់ចេះតែមានបញ្ហានឹងគ្នា តួយ៉ាងរឿងដែលលោកលី ក្វាន់យូ ផ្ដាំផ្ញើឱ្យកម្ទេចផ្ទះរបស់គាត់ចោល ក្រោយការស្លាប់របស់គាត់។ ក៏ប៉ុន្តែ កូនប្រុសច្បងរ​បស់គាត់ គឺ លោក​លី សៀនឡុង ដែល​ជានាយករដ្ឋមន្រ្តី​សិង្ហបុរីបច្ចុប្បន្ន មិនព្រមគោរពតាមបណ្ដាំឪពុក ដោយលើក​ហេតុផលថាទុកផ្ទះនេះសម្រាប់​មរតក​ជាតិ។ ផ្ទុយទៅវិញ ប្អូនៗរបស់គាត់ បានតវ៉ាចង់ឱ្យគោរពតាមបណ្ដាំឪពុក និង​លើក​ហេតុផលថា នាយករដ្ឋមន្រ្តី​សិង្ហបុរីបច្ចុប្បន្ន ទុក​ផ្ទះនេះដើម្បីឥទ្ធិពល​អំណាច​របស់​ខ្លួនតែប៉ុណ្ណោះ។ បញ្ហានេះ​បង្កឱ្យ​មាន​ការ​​ចោទ​សួរអំ​ពី ជម្លោះគ្រួសាររបស់អ្នកនយោបាយជាន់ខ្ពស់ និង​ការ​បែក​បាក់គ្នា​ ក្នុង​រង្វង់​គ្រួសារ​ របស់លោកលី ក្វាន់យូ ដែល​នៅ​បន្ត​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​នយោបាយផ្ទៃក្នុងសិង្ហបុរី។

សរុបជារួម ក្នុង​រយៈពេលខ្លី បើទោះជាសិង្ហបុរីត្រូវប្រឈម​នឹង​កំណើនសេដ្ឋកិច្ច​ថមថយ ក៏​​សិង្ហបុរីជា​ប្រទេស​ដែល​សម្បូរដោយធនធាន​មនុស្សច្រើន ដូច្នេះ ប្រទេស​មួយនេះនៅតែអាចបន្តភាពជោគជ័យរបស់ខ្លួន។ លើសពី​នេះ នៅក្នុង​រយៈពេល​វែង ប្រសិន​បើ​​បញ្ហាជម្លោះគ្រួសារ​នៃអ្នក​នយោបាយ​ជាន់ខ្ពស់ អាចបង្ក​ជា​បញ្ហា​នយោបាយផ្ទៃក្នុង នោះ​វា​អាច​នឹង​បង្ក​ឱ្យ​មាន​ផលប៉ះពាល់ដល់​គុណភាពផ្ទៃក្នុង​នៃ​សង្គម​សិង្ហបុរីទាំងមូល។ គេមិន​ត្រូវភ្លេចទេថា នៅស្ថានភាពផ្ទៃក្នុង គុណភាពបីកំណត់ជោគវាសនានៃភាពជោគជ័យរបស់សិង្ហបុរី។ ទីមួយ លទ្ធភាពដែលសិង្ហបុរី​ធ្វើឱ្យប្រទេសក្លាយជាសង្គមមានសុវត្ថិភាពបំផុតសម្រាប់រស់នៅ និងប្រកបការងារ។ ទីពីរ លទ្ធភាពដែលសិង្ហបុរីយកចិត្តទុកដាក់លើប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសដោយស្មើភាពគ្នា។ និងទីបី លទ្ធភាពដែលសិង្ហបុរីបន្តធានាចីរភាពនៃភាពជោគជ័យសម្រាប់ពលរដ្ឋសិង្ហបុរីគ្រប់ជំនាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ