សិង្ហបុរី៖ សញ្ញាសេដ្ឋកិច្ចធ្លាក់ចុះ និងជម្លោះនយោបាយផ្ទៃក្នុង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៦
រហូតមកដល់ឆ្នាំ២០១៩ សិង្ហបុរីមានចំណាត់ថ្នាក់សេដ្ឋកិច្ចដែលមានភាពប្រកួតប្រជែងបំផុត លើពិភពលោក វាស់វែងដោយ សន្ទស្សន៍ប្រកួតប្រជែងសាកល IMD ដោយស្ថិតពីលើអតីតជើងឯកកាលពីឆ្នាំមុន គឺសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ក្នុងរយៈពេលខ្លី សិង្ហបុរីត្រូវប្រឈមនឹងកំណើនសេដ្ឋកិច្ចថមថយផងដែរ ពីឥទ្ធិពលរបស់សង្គ្រាមពាណិជ្ជកម្ម ព្រោះប្រទេសនេះពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មអន្ដរជាតិ។ ហើយសម្រាប់រយៈពេលវែង ជម្លោះគ្រួសារនៃអ្នកនយោបាយជាន់ខ្ពស់អាចបង្កជាបញ្ហានយោបាយផ្ទៃក្នុង។
ទោះជាប្រទេសតូច សិង្ហបុរីត្រូវគេចាត់ទុកជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ គ្មានបំណុលបរទេស មានចំណូលពន្ធខ្ពស់ និងមានផលលើសនៃជញ្ជឹងពាណិជ្ជកម្ម។ សិង្ហបុរីអនុវត្តបានយ៉ាងល្អប្រសើរ គោលការណ៍ ទីផ្សារសេរី និងអភិបាលកិច្ចល្អ។ មូលហេតុនេះហើយដែលគេអាចមើលឃើញថាសហគ្រាសរដ្ឋ ដើរតួនាទីយ៉ាងចម្បង និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សម្រាប់ថវិកាមួយដុល្លារៗ ដែលប្រជាពលរដ្ឋសិង្ហបុរីបង់ពន្ធជូនរដ្ឋ នោះស្ថាប័នរដ្ឋ និងមន្រ្ដីរដ្ឋបាលសាធារណៈ បានប្រើប្រាស់ថវិកាទាំងនោះ ស្ទើរតែល្អឥតខ្ចោះ។ យោងតាម សន្ទស្សន៍ប្រសិទ្ធភាពរដ្ឋាភិបាល របស់ធនាគារពិភពលោក សិង្ហបុរីមានពិន្ទុ២,២៥ លើពិន្ទុសរុប២,៥០។
សិង្ហបុរីក៏ជាប្រទេសបើកចំហ និងទាក់ទាញបំផុតផងដែរ សម្រាប់ការវិនិយោគបរទេស ព្រោះប្រទេសនេះស្ទើរគ្មានអំពើពុករលួយ ហើយអត្រាពន្ធលើពាណិជ្ជកម្មមានកម្រិតទាបបំផុត។ សេដ្ឋកិច្ចសិង្ហបុរីពឹងផ្អែកលើការនាំចេញផលិតផលឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ ទេសចរណ៍ និងសេវាកម្មកំពង់ផែទឹកជ្រៅដ៏មមាញឹកបំផុត។
ទោះជាយ៉ាង ក្នុងពេលបច្ចុប្បន្ននេះ គេបានអង្កេតឃើញពីសញ្ញាប្រែប្រួលជាអវិជ្ជមានខ្លះៗ ដែលកំពុងកើតមានឡើងនៅសិង្ហបុរី ពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ខណៈជម្លោះផ្ទៃក្នុងគ្រួសារនៃអ្នកនយោបាយជាន់ខ្ពស់ ក៏អាចបង្កជាកង្វល់នយោបាយផងដែរ សម្រាប់រយៈពេលវែង។
ហេតុអ្វីសេដ្ឋកិច្ចសិង្ហបុរីធ្លាក់ចុះ?
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលសិង្ហបុរី តាមរយៈក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆ្នាំនេះ ពីចន្លោះ ១,៥ ទៅ ២,៥ភាគរយ មកត្រឹមចន្លោះអត្រាពី ០ ទៅ ១ភាគរយ ប៉ុណ្ណោះ។ នេះដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពីការកើនឡើងភាពតានតឹងរបស់សង្គ្រាមពាណិជ្ជកម្ម និងការធ្លាក់ចុះវិស័យឧស្សាហកម្មផលិត។ វាជាអត្រាកំណើនទាបបំផុតមិនធ្លាប់មាន អំឡុងមួយទសវត្សរ៍កន្លងមកនេះ។ ពោលគឺនៅអំឡុងវិបត្តិហិរញ្ញវត្ថុសាកល សេដ្ឋកិច្ចសិង្ហបុរីមានអត្រាទាប តែវាធ្លាក់ត្រឹម ០,៦ភាគរយប៉ុណ្ណោះ។
ពាណិជ្ជកម្មអន្ដរជាតិរបស់សិង្ហបុរីស្មើ ប្រមាណ ៣០០ ទៅ៤០០ភាគរយ នៃចំណូលជាតិសរុប អំឡុងប៉ុន្មានឆ្នាំចុងក្រោយ។ ដូច្នេះ សេដ្ឋកិច្ចសិង្ហបុរី ពឹងផ្អែកខ្លាំងលើសុខទុក្ខរបស់សេដ្ឋកិច្ចសាកល។ សិង្ហបុរីស្ថិតក្នុងលំដាប់ថ្នាក់ទីពីរ នៅលើពិភពលោក តាមពីក្រោយប្រទេសលុចសំបូរ ផ្អែកលើទំហំពាណិជ្ជកម្មសរុប ធៀបជាមួយនឹងចំណូលជាតិសរុប។ ការនាំចេញ ជាពិសេស ក្នុងវិស័យអេឡិចត្រូនិច គីមី និងសេវាកម្ម ជាប្រភពយ៉ាងចម្បង សម្រាប់ចំណូលជាតិ។ សិង្ហបុរីក៏ត្រូវគេស្គាល់ផងដែរថាជាប្រទេសដែលមានសមត្ថភាពខ្ពស់ ក្នុងការនាំចូលវត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេច ហើយកែច្នៃផលិតផលទាំងនោះ ដើម្បីនាំចេញម្ដងទៀត ជាឧទាហរណ៍ ដូចជា ក្នុងវិស័យឧស្សាហកម្មកែច្នៃ និងការចម្រាញ់ប្រេង ជាដើម។
សម្រាប់ពេលបច្ចុប្បន្ន ចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សិង្ហបុរី។ អស់រយៈពេលជាង២៧ឆ្នាំមកហើយ ដែលសេដ្ឋកិច្ចចិនមានកំណើនខ្ពស់ ដូច្នេះ សេដ្ឋកិច្ចសិង្ហបុរីដែលនាំចេញទៅចិនច្រើន ក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ។ ក៏ប៉ុន្តែ ដោយសារឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម ទីផ្សារសំខាន់ៗរបស់ពិភពលោកកំពុងធ្លាក់ចុះ ក្នុងនោះក៏មានទីផ្សារប្រទេសចិនផងដែរ។ ដូច្នេះ វាបានរុញច្រានឱ្យមានឥទ្ធិពលអវិជ្ជមានលើសង្វាក់ផលិតកម្មសាកល ជាពិសេស ការធ្លាក់ចុះនៃតម្រូវការសាកល ហើយជាលទ្ធផល សេដ្ឋកិច្ចសិង្ហបុរីក៏ត្រូវរងផលប៉ះពាល់ផងដែរ។
ជម្លោះគ្រួសារ និងបញ្ហានយោបាយផ្ទៃក្នុងសិង្ហបុរី
សម្រាប់បញ្ហានយោបាយផ្ទៃក្នុង ឯណោះវិញ គេអង្កេតឃើញថា ក្រោយពីមរណភាពរបស់ លោកលី ក្វាន់យូ កូនៗរបស់គាត់ចេះតែមានបញ្ហានឹងគ្នា តួយ៉ាងរឿងដែលលោកលី ក្វាន់យូ ផ្ដាំផ្ញើឱ្យកម្ទេចផ្ទះរបស់គាត់ចោល ក្រោយការស្លាប់របស់គាត់។ ក៏ប៉ុន្តែ កូនប្រុសច្បងរបស់គាត់ គឺ លោកលី សៀនឡុង ដែលជានាយករដ្ឋមន្រ្តីសិង្ហបុរីបច្ចុប្បន្ន មិនព្រមគោរពតាមបណ្ដាំឪពុក ដោយលើកហេតុផលថាទុកផ្ទះនេះសម្រាប់មរតកជាតិ។ ផ្ទុយទៅវិញ ប្អូនៗរបស់គាត់ បានតវ៉ាចង់ឱ្យគោរពតាមបណ្ដាំឪពុក និងលើកហេតុផលថា នាយករដ្ឋមន្រ្តីសិង្ហបុរីបច្ចុប្បន្ន ទុកផ្ទះនេះដើម្បីឥទ្ធិពលអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ បញ្ហានេះបង្កឱ្យមានការចោទសួរអំពី ជម្លោះគ្រួសាររបស់អ្នកនយោបាយជាន់ខ្ពស់ និងការបែកបាក់គ្នា ក្នុងរង្វង់គ្រួសារ របស់លោកលី ក្វាន់យូ ដែលនៅបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើនយោបាយផ្ទៃក្នុងសិង្ហបុរី។
សរុបជារួម ក្នុងរយៈពេលខ្លី បើទោះជាសិង្ហបុរីត្រូវប្រឈមនឹងកំណើនសេដ្ឋកិច្ចថមថយ ក៏សិង្ហបុរីជាប្រទេសដែលសម្បូរដោយធនធានមនុស្សច្រើន ដូច្នេះ ប្រទេសមួយនេះនៅតែអាចបន្តភាពជោគជ័យរបស់ខ្លួន។ លើសពីនេះ នៅក្នុងរយៈពេលវែង ប្រសិនបើបញ្ហាជម្លោះគ្រួសារនៃអ្នកនយោបាយជាន់ខ្ពស់ អាចបង្កជាបញ្ហានយោបាយផ្ទៃក្នុង នោះវាអាចនឹងបង្កឱ្យមានផលប៉ះពាល់ដល់គុណភាពផ្ទៃក្នុងនៃសង្គមសិង្ហបុរីទាំងមូល។ គេមិនត្រូវភ្លេចទេថា នៅស្ថានភាពផ្ទៃក្នុង គុណភាពបីកំណត់ជោគវាសនានៃភាពជោគជ័យរបស់សិង្ហបុរី។ ទីមួយ លទ្ធភាពដែលសិង្ហបុរីធ្វើឱ្យប្រទេសក្លាយជាសង្គមមានសុវត្ថិភាពបំផុតសម្រាប់រស់នៅ និងប្រកបការងារ។ ទីពីរ លទ្ធភាពដែលសិង្ហបុរីយកចិត្តទុកដាក់លើប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសដោយស្មើភាពគ្នា។ និងទីបី លទ្ធភាពដែលសិង្ហបុរីបន្តធានាចីរភាពនៃភាពជោគជ័យសម្រាប់ពលរដ្ឋសិង្ហបុរីគ្រប់ជំនាន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ