ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

ហេតុអ្វីបានជាផ្ទៃដីកសិកម្មចំនួន ១ភាគ៣ ក្នុងលោកត្រូវបានខូចខាត និងប្រហែលមិនអាចធ្វើកសិកម្មបាន?

ហេតុអ្វីបានជាផ្ទៃដីកសិកម្មចំនួន ១ភាគ៣ ក្នុងលោកត្រូវបានខូចខាត និងប្រហែលមិនអាចធ្វើកសិកម្មបាន?
 
ហេតុអ្វីបានជាផ្ទៃដីកសិកម្មចំនួន ១ភាគ៣ ក្នុងលោកត្រូវបានខូចខាត និងប្រហែលមិនអាចធ្វើកសិកម្មបាន? AFP Photos/Himanshu Sharma

ចាប់​ពី​ថ្ងៃ​ចន្ទ ទី២ កញ្ញា និង​មាន​រយៈពេល ២សប្តាហ៍ ទីក្រុង​ញូដែលី ប្រទេស​ឥណ្ឌា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទអន្តរជាតិ​លើកទី១៤ ស្តីពី​យុទ្ធនាការ​ទប់ស្កាត់​នឹង​ការ​ខូចខាត​ដី​កសិកម្ម។ អាហ្រ្វិក​ជា​ទ្វីប​ដែល​បាន​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ ព្រោះ​មាន​ផ្ទៃដី​ចំនួន ២ភាគ៣ កំពុង​ហួតហែង​ខ្លាំង។ តែ​អង្គការ​សហប្រជាជាតិ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ព្រឹត្តិការណ៍​មួយ​នេះ​ហាក់​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស និង​ទ្វីប​ផ្សេង​ទៀត​ក្នុង​លោក។

តាម​អង្គការសហប្រជាជាតិ ផ្ទៃដី​កសិកម្ម​ខូចខាត​មិន​អាច​ធ្វើ​ឲ្យ​ប្រជាកសិករ​បន្ត​រស់​ជាមួយ​នឹង​ដី​របស់​ពួក​គេ​បាន​ទៀត​ឡើយ ហើយ​ពួក​គេ​ត្រូវ​ប្តូរ​ទីតាំង​ទៅ​នៅ​កន្លែង​ផ្សេង​វិញ។ អ្វី​ទៅ​ជា​ដើមចម​ដែល​បាន​ធ្វើ​ឲ្យ​ដីខូចខាត?។

មាន​ហេតុផល​សំខាន់​ចំនួន ៣ ដែល​បាន​ធ្វើ​ឲ្យ​ដីកសិកម្ម​ងាយ​រងគ្រោះ ខូចខាត បាត់​គុណភាព ទី១ គឺ​ការ​កាប់បំផ្លាញ​ព្រៃឈើ។ ចូរ​កុំ​ភ្លេច​ថា នៅ​ពេល​ដែល​គេ​កាប់​ដើមឈើ​ចេញ ដី​នោះ​នឹង​ធូរ​លែង​មាន​ភាព​ណែន និង​ងាយ​ហូរច្រោះ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់ដី។ តែ​គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា នគរោបនីយកម្ម និង​អាជីវកម្មរ៉ែ​បាន​ជំរុញ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្រោម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​លោក។ ហេតុផល​ទី២ គឺ​ការ​ប្រើប្រាស់​ដីហួសកម្រិត​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​ឲ្យ​បាន​ច្រើន និង​ការ​ប្រើប្រាស់​ជីគីមី​ដោយ​គ្មាន​កម្រិត។ ទង្វើ​របៀប​នេះ​នឹង​ធ្វើ​ឲ្យ​ដី​បាត់បង់​គុណភាព និង​មាន​ជាតិពុល​ខ្លាំង។ ចំណែក​ហេតុផល​ទី៣ ដែល​បាន​ធ្វើ​ឲ្យ​ដី​ងាយ​រងគ្រោះ​ខូចខាត បាត់​គុណភាព គឺ​ការ​ផ្លាស់ប្តូរ​អាកាសធាតុ និង​ភាព​មិន​ទៀងទាត់​រវាង​រដូវប្រាំង និង​រដូវភ្លៀង។

បើ​គ្រប់​គ្នា​នៅ​តែ​បន្ត​មិន​អើពើ​ចំពោះ​រឿង​នេះ​ទេ នោះ​មហន្តរាយ​​កើត​ចេញ​ពី​ការ​ខូចខាត បាត់​គុណភាព​ដីកសិកម្ម​នឹង​អាច​មាន​ទំហំ​ធំធេង​ណាស់។ នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​យ៉ាង​ម៉ាឡាវី ឬ​តង់សានី ការ​ខាតបង់​ក្នុង​មួយ​ឆ្នាំៗ​ដែល​បណ្តាល​មក​ពី​ការ​ខូចខាត បាត់​គុណភាព​ដីកសិកម្ម​មាន​តម្លៃ​ស្មើ​ពី ១០ ទៅ ១៥% នៃ​ផលិផល​សរុប​ក្នុង​ស្រុក។ ពិត​ណាស់ អាហ្រ្វិក​ជា​ទ្វីប​ដែល​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយសារ​តែ​អាកាសធាតុ​ស្ងួតហួតហែង​របស់​ខ្លួន ក្នុង​នោះ មាន​ផ្ទៃដីកសិកម្ម​ចំនួន ២ភាគ ៣ កំពុង​រង​ការ​គំរាមកំហែង។ តែ​អ្វី​ជា​ការ​កត់សម្គាល់​នា​ពេល​បច្ចុប្បន្ន បាតុភូត​មួយ​នេះ​ហាក់​មិនមែន​ជា​លក្ខណៈពិសេស​សម្រាប់​ទ្វីបអាហ្រ្វិក ឬ​ទ្វីប​ណា​មួយ​​ទេ តែ​វា​បាន​ក្លាយ​ជា​បាតុភូត​នៅ​លើ​ពិភពលោក​ទាំង​មូល។

ជាក់ស្តែង​នៅ​សហរដ្ឋអាមេរិក មាន​ផ្ទៃដីកសិកម្ម​ជាង ១ភាគ៣ បាន​រង​ការ​គំរាមកំហែង​ខូតខាត និង​បាត់​គុណភាព។ ១ភាគ៤​នៅ​ទ្វីប​អាមេរិកឡាទីន និង ១ភាគ៥ នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ផ្ទៃដីកសិកម្ម​ចំនួន ១ភាគ៣ បាន​ខូចខាត បាត់​គុណភាព ហើយ​ឧប្បត្តិហេតុ​មួយ​នេះ​បាន​រីករាល​ដាល​កាន់​តែ​ខ្លាំង​ដោយ​ក្នុង ១ឆ្នាំៗ មាន​ផ្ទៃដី​ចំនួន ១៤៥ ០០០ហិចតា​បន្ថែម​ទៀត​បាន​រងការ​ខូចខាត បាត់​គុណភាព។ នៅ​គ្រប់​ទីកន្លែង​ក្នុង​លោក ប្រជាកសិករ​ដែល​មិន​អាច​បន្ត​រស់នៅ​ដោយ​ប្រកប​របរ​កសិកម្ម​ជាមួយ​ដី​របស់​ខ្លួន​បាន​បង្ខំ​ចិត្ត​ចាកចេញ។ តាម​តួលេខ​របស់​អង្គការ​សហប្រជាជាតិ ការ​ខូតខាត​ដី​កសិកម្ម​អាច​បង្ក​ឲ្យ​មាន​ប្រជាជន​ចំណាកស្រុក​ពី ៥០លាន​ទៅ ៧០០លាននាក់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០។ តែ​សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​គេ​មាន​បាន​ត្រៀម​កន្លែង​គ្រប់គ្រាន់ និង​សមរម្យ​ដើម្បី​ទទួល​ប្រជាជន​ចំណាកស្រុក​ទាំង​នោះ​ហើយ​ឬ?។

នៅ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​ចំពោះ​សំណួរ​នេះ​ទេ ហើយ​នេះ​ក៏​មិនមែន​ជា​ប្រធានបទ​នៃ​សន្និសីទអន្តរជាតិ​រយៈពេល ២សប្តាហ៍​ក្នុង​ទីក្រុង​ញូដែលី ប្រទេស​ឥណ្ឌា​ពេល​នេះ​ដែរ។ កម្មវត្ថុ​ចម្បង​នៃ​សន្និសីទអន្តរជាតិ​ដែល​ចូលរួម​ដោយ ១៩៦ប្រទេស និង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​រយៈពេល ២សប្តាហ៍ គឺ​ជជែក និង​ផ្តោះប្តូរ​យោបល់​គ្នា​ទៅ​វិញ ទៅ​មក​ដើម្បី​ស្វែង​រក​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ដីកសិកម្ម​បន្ត​ខូចខាត បាត់គុណភាព។ បន្ទាប់​មក គេ​ក៏​ត្រូវ​ព្យាយាម​ស្រោចស្រង់​ឡើង​វិញ​នូវ​ដីកសិកម្ម​ដែល​បាន​ខូចខាត បាត់គុណភាព។ តែ​គេ​ក៏​ត្រូវ​ដឹង​ថា វិធានការ និង​ដំណោះស្រាយ​សម្រាប់​ប្រទេស​មួយ​មិន​ច្បាស់​ជា​អាច​យក​ទៅ​អនុវត្ត​នៅ​ក្នុង​ប្រទេស​មួយ​ទៀត​បាន​ទេ។ មាន​ន័យ​ថា វា​អាស្រ័យ​លើ​ស្ថានភាពដី អាកាសធាតុ និង​វប្បធម៌​នៃ​ការ​ធ្វើ​កសិកម្ម​របស់​ប្រទេស​នីមួយៗ។

អ្វី​ដែល​គ្រប់​គ្នា​ចង់​បាន ចង់​ឮ និង​ចង់​ឃើញ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​នៃ​សន្និសីទ គឺ​ការ​សន្យា​របស់​ថ្នាក់ដឹកនាំ​ម្នាក់ៗ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ការ​កាប់បំផ្លាញ​ព្រៃឈើ និង​ការ​ស្រោចស្រង់​ដីកសិកម្ម​ខូចខាត បាត់បង់​គុណភាព​ឡើង​វិញ។ ត្រង់​ចំណុច​នេះ ឥណ្ឌា​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​បាន​ប្រកាស​រួច​ហើយ​ពី​កម្មវត្ថុ​ប្រកប​ដោយ​មហិច្ឆតាការ​ក្នុង​ការ​ស្តារ​ដីកសិកម្ម​ខូចខាត​ចំនួន ៥លានហិចតា​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    របាយការណ៍ Giec អំពាវនាវ​ឱ្យ​មនុស្សជាតិ​ប្តូរ​ទម្លាប់​ធ្វើ​កសិកម្ម​និង​ទម្លាប់​អាហារ ដើម្បី​អាកាសធាតុ

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    តើអ្នកដឹងទេ ថាយើងលេបជាតិប្លាស្ទិករាប់ពាន់មុខចូលក្នុងពោះជារៀងរាល់ថ្ងៃ ?

    ស្វែងយល់បន្ថែម

  • ក្រុមប្រទេសG7 ព្រមព្រៀងគ្នា​ជួយ​ប្រទេស​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះព្រៃ​អាម៉ាហ្សូន

    ស្វែងយល់បន្ថែម

  • ព្រៃ​អាម៉ាហ្សូន៖ កូឡុំប៊ី​អំពាវនាវ​រក​ជំនួយ ខណៈ​ភ្លើងផ្តើម​ឆេះ​ជាង​១៦០០​ចំណុច​ថ្មី​ទៀត

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ