នៅទីក្រុងកាប៊ូល ក្រុមតាលីបង់ចរចាផង និងវាយប្រហារភេរវកម្មផង
យ៉ាងហោចមនុស្ស១០នាក់ស្លាប់ និង ជាង៤០នាក់រងរបួស នៅក្នុងហេតុការណ៍វាយប្រហារភេរវកម្ម កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងកាប៊ូលរបស់ប្រទេសអាហ្វហ្កានីស្ថាន។ នៅក្នុងចំណោមជនរងគ្រោះស្លាប់ នៅក្នុងហេតុការណ៍បំផ្ទុះរថយន្ត កាលពីថ្ងៃម្សិលមិញ មានផងដែរ ទាហានអាមេរិកាំង និងទាហានរូម៉ានី។ ក្រុមតាលីបង់ ដែលកំពុងបើកការចរចាសន្តិភាពជាមួយភាគីអាមេរិក បានចេញមុខអះអាងទទួលខុសត្រូវលើភេរវកម្ម នៅថ្ងៃព្រហស្បតិ៍។ តើពួកឧទ្ទាមតាលីបង់កំពុងមានផែនការ យុទ្ធសាស្រ្តអ្វី បានជាបើកការចរចាផង និងវាយប្រហារធ្វើភេរវកម្មផងយ៉ាងដូច្នេះ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅមិនដល់១ សប្តាហ៍ផង ពួកឧទ្ទាមតាលីបង់បានបើកការវាយប្រហារភេរវកម្មដល់ទៅ ២លើក នៅទីក្រុងកាប៊ូល។ បន្ទាប់ពីភេរវកម្ម កាលពីថ្ងៃចន្ទ ដែលបានសម្លាប់ មនុស្ស ១៦នាក់ និងរបួស ១២០នាក់ ក្រុមតាលីបង់បានចេញមុខអះអាងជាថ្មី ថា ហេតុការណ៍បំផ្ទុះរថយន្ត នៅថ្ងៃព្រហស្បតិ៍ ជាស្នាដៃរបស់ខ្លួន នៅក្នុងសង្កាត់ដដែល គឺសង្កាត់ ដែលសំបូរដោយស្ថានទូត និងទីស្នាក់ការរបស់ចារកិច្ចអាហ្វហ្កានីស្ថាន។
អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថានបានលើកឡើងពីមនុស្សស្លាប់១០នាក់ និងរបួស ៤២នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍របស់អូតង់ ទាហានរបស់កងកម្លាំងទ័ពបរទេស ២នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារភេរវកម្ម ដែលនៅក្នុងនោះ ១នាក់ ជាទាហានអាមេរិក និង១នាក់ទៀត ជាទាហានរូម៉ានី។ កាលពីថ្ងៃចន្ទ រូម៉ានី ដែលមានទ័ពរបស់ខ្លួន ៧៥០នាក់ ចូលរួម ក្នុងប្រតិបត្តិការទ័ពរបស់អូតង់នៅអាហ្វហ្កានីស្ថាន បានបាត់បង់ជីវិតទាហានរបស់ខ្លួន១នាក់ហើយ នៅក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃចន្ទ។
នៅក្នុងសារTwitter អ្នកនាំពាក្យរបស់ក្រុមតាលីបង់ អះអាងថា ដោយសំដៅវាយប្រហារទៅលើក្បួនរថយន្តរបស់ពួកឈ្លានពានបរទេស សមាជិករបស់ខ្លួនបានបំផ្ទុះរថយន្ត នៅត្រង់ចូល សង្កាត់ដ៏មានសុវត្ថិភាពបំផុត និងបានសម្លាប់ជនឈ្លានពាន ១២នាក់ និងសមាជិកចារកម្មអាហ្វហ្កានីស្ថាន ៨នាក់។
ហេតុការណ៍បំផ្ទុះរថយន្តសំដៅសង្កាត់ ដែលសំបូរទៅដោយស្ថានទូតបរទេស នៅទីក្រុងកាប៊ូល កើតមាន នៅក្នុងពេលដែលក្រុមតាលីបង់កំពុងបើកចរចា ជាមួយភាគីអាមេរិក ដើម្បី សន្តិភាពនៅអាហ្វហ្កានីស្ថាន។
សម្រាប់អ្នកជំនាញ ដោយបើកការវាយប្រហារភេរវកម្មក្នុងពេលចរចា យ៉ាងដូច្នេះ ក្រុមតាលីបង់ទំនងចង់ដាក់សម្ពាធបន្ថែម លើភាគីអាមេរិក នៅក្នុងពេលដែលការចរចា ស្តីពីកិច្ចព្រមព្រៀង ដែលឈានទៅដល់ការដកកងទ័ពអាមេរិក ដ៏ឆាប់បំផុត ចេញពីអាហ្វហ្កានីស្ថាន បានផ្តល់លទ្ធផលវិជ្ជមានរហូតមក។
ទៅតាមគម្រោងកិច្ចព្រមព្រៀង ដែលអាមេរិកចរចាជាមួយពួកឧទ្ទាមតាលីបង់ អាមេរិកសន្យាដកកងទ័ពរបស់ខ្លួនជាង ៨ពាន់នាក់ ក្នុងចំណោម ទ័ពរបស់ខ្លួន ជាង ១ម៉ឺន ៤ពាន់នាក់ ដែលប្រចាំការនៅអាហ្វហ្កានីស្ថាន។ ជាថ្នូរមកវិញ តាលីបង់សន្យា ឈប់វាយប្រហារភេរវកម្ម និងត្រូវបើកការចរចាសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។
ទាក់ទងនឹងខ្លឹមសាររបស់គម្រោងកិច្ចព្រមព្រៀង រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងតុចរចា នៅទីក្រុងដូហា បានសំដែងក្តីបារម្ភ របស់ខ្លួន ជាពិសេស ទៅលើជោគវាសនា សុវត្ថិភាពរបស់កងទ័ពអាហ្វហ្កានីស្ថាន ដែលរហូតមក បានទទួលជំនួយយោធា និងហិរញ្ញវត្ថុពីក្រសួងការពារជាតិអាមេរិក។ ប្រជាជនអាហ្វហ្កានីស្ថានភាគច្រើនបារម្ភផងដែរ ថា នៅក្រោយចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ពួកតាលីបង់អាចនឹងមិនគោរពតាមការសន្យា ផ្ទុយទៅវិញ បន្តមនោគមវិជ្ជា បិទសិទ្ធិសេរីភាព និងមិនព្រមរំលែកចែកអំណាចជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថានបច្ចុប្បន្ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ