អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

នៅទីក្រុង​កាប៊ូល ក្រុមតាលីបង់​ចរចា​ផង និង​វាយប្រហារ​ភេរវកម្ម​ផង​

យ៉ាងហោច​មនុស្ស​១០​នាក់ស្លាប់ និង ជាង​៤០នាក់​រងរបួស នៅក្នុង​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង​កាប៊ូល​របស់ប្រទេស​អាហ្វហ្កានីស្ថាន។ នៅក្នុង​ចំណោម​ជនរងគ្រោះ​ស្លាប់ នៅក្នុង​ហេតុការណ៍​បំផ្ទុះរថយន្ត កាលពី​ថ្ងៃ​ម្សិលមិញ មាន​ផងដែរ ទាហាន​អាមេរិកាំង និង​ទាហាន​រូម៉ានី។ ក្រុមតាលីបង់ ដែល​កំពុងបើក​ការចរចា​សន្តិភាព​ជាមួយ​ភាគី​អាមេរិក បាន​ចេញមុខ​អះអាង​ទទួល​ខុសត្រូវ​លើ​ភេរវកម្ម នៅ​ថ្ងៃ​ព្រហស្បតិ៍។ តើ​ពួកឧទ្ទាម​តាលីបង់​កំពុង​មានផែនការ យុទ្ធសាស្រ្ត​អ្វី បានជា​បើក​ការចរចា​ផង និង​វាយប្រហារ​ធ្វើ​ភេរវកម្ម​ផងយ៉ាងដូច្នេះ?  

ទាហាន​របស់អូតង់Resolute Support Mission ស៊ើបអង្កេត​លើ​កន្លែង​រងការវាយប្រហារ​ភេរវកម្ម​អត្តឃាត កាលពីថ្ងៃ​ព្រហស្បតិ៍ទី ៥​កញ្ញា ២០១៩
ទាហាន​របស់អូតង់Resolute Support Mission ស៊ើបអង្កេត​លើ​កន្លែង​រងការវាយប្រហារ​ភេរវកម្ម​អត្តឃាត កាលពីថ្ងៃ​ព្រហស្បតិ៍ទី ៥​កញ្ញា ២០១៩ ©REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

នៅមិន​ដល់​១ សប្តាហ៍ផង ពួកឧទ្ទាម​តាលីបង់​បាន​បើក​ការវាយប្រហារ​ភេរវកម្ម​ដល់​ទៅ ២លើក នៅ​ទីក្រុង​កាប៊ូល។ បន្ទាប់​ពី​ភេរវកម្ម កាលពី​ថ្ងៃ​ចន្ទ ដែល​បាន​សម្លាប់ មនុស្ស ១៦នាក់ និង​របួស ១២០នាក់ ក្រុមតាលីបង់​បាន​ចេញមុខ​អះអាង​ជាថ្មី ថា ហេតុការណ៍​បំផ្ទុះរថយន្ត នៅ​ថ្ងៃ​ព្រហស្បតិ៍ ជា​ស្នាដៃ​របស់ខ្លួន នៅ​ក្នុង​សង្កាត់​ដដែល គឺ​សង្កាត់ ដែល​សំបូរ​ដោយ​ស្ថានទូត និង​ទីស្នាក់ការ​របស់​ចារកិច្ច​អាហ្វហ្កានីស្ថាន។

អ្នកនាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន​បាន​លើកឡើង​ពី​មនុស្ស​ស្លាប់​១០នាក់ និង​របួស ៤២នាក់។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​អូតង់ ទាហាន​របស់​កងកម្លាំងទ័ព​បរទេស ២នាក់ បាន​បាត់បង់​ជីវិត នៅក្នុង​ការវាយប្រហារ​ភេរវកម្ម ដែល​នៅក្នុង​នោះ ១នាក់ ជាទាហាន​អាមេរិក និង​១នាក់​ទៀត ជា​ទាហាន​រូម៉ានី។ កាលពី​ថ្ងៃ​ចន្ទ រូម៉ានី ដែល​មាន​ទ័ព​របស់ខ្លួន ៧៥០នាក់ ចូលរួម ក្នុង​ប្រតិបត្តិការ​ទ័ព​របស់​អូតង់​នៅអាហ្វហ្កានីស្ថាន បាន​បាត់បង់​ជីវិត​ទាហាន​របស់ខ្លួន​១នាក់ហើយ នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​ចន្ទ។

នៅក្នុង​សារTwitter អ្នកនាំពាក្យ​របស់​ក្រុមតាលីបង់ អះអាងថា ដោយ​សំដៅ​វាយប្រហារ​ទៅលើ​ក្បួនរថយន្ត​របស់​ពួកឈ្លានពាន​បរទេស សមាជិក​របស់ខ្លួន​បាន​បំផ្ទុះ​រថយន្ត នៅត្រង់ចូល សង្កាត់​ដ៏​មានសុវត្ថិភាពបំផុត និង​បាន​សម្លាប់​ជនឈ្លានពាន ១២នាក់ និង​សមាជិក​ចារកម្ម​អាហ្វហ្កានីស្ថាន ៨នាក់។

ហេតុការណ៍​បំផ្ទុះរថយន្តសំដៅ​សង្កាត់ ដែល​សំបូរ​ទៅដោយ​ស្ថានទូត​បរទេស នៅទីក្រុង​កាប៊ូល កើតមាន នៅក្នុង​ពេល​ដែល​ក្រុមតាលីបង់​កំពុង​បើក​ចរចា ជាមួយ​ភាគី​អាមេរិក ដើម្បី សន្តិភាព​នៅអាហ្វហ្កានីស្ថាន។

សម្រាប់អ្នកជំនាញ ដោយ​បើក​ការវាយប្រហារ​ភេរវកម្ម​ក្នុង​ពេល​ចរចា យ៉ាងដូច្នេះ ក្រុមតាលីបង់​ទំនង​ចង់​ដាក់សម្ពាធ​បន្ថែម លើ​ភាគី​អាមេរិក នៅក្នុង​ពេល​ដែល​ការចរចា ស្តីពី​កិច្ចព្រមព្រៀង ដែល​ឈាន​ទៅ​ដល់​ការដក​កងទ័ព​អាមេរិក ដ៏ឆាប់បំផុត ចេញពី​អាហ្វហ្កានីស្ថាន បាន​ផ្តល់​លទ្ធផល​វិជ្ជមាន​រហូតមក។

ទៅតាម​គម្រោង​កិច្ចព្រមព្រៀង ដែល​អាមេរិក​ចរចា​ជាមួយ​ពួកឧទ្ទាមតាលីបង់ អាមេរិក​សន្យា​ដក​កងទ័ព​របស់ខ្លួន​ជាង ៨ពាន់នាក់ ក្នុង​ចំណោម ទ័ព​របស់ខ្លួន ជាង ១ម៉ឺន ៤ពាន់នាក់ ដែល​ប្រចាំការ​នៅ​អាហ្វហ្កានីស្ថាន។ ជាថ្នូរមកវិញ តាលីបង់​សន្យា ឈប់​វាយប្រហារ​ភេរវកម្ម និង​ត្រូវ​បើកការចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

ទាក់ទង​នឹង​ខ្លឹមសារ​របស់​គម្រោង​កិច្ចព្រមព្រៀង រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដែល​មិនត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​តុ​ចរចា នៅទីក្រុង​ដូហា បានសំដែង​ក្តីបារម្ភ របស់ខ្លួន ជាពិសេស ទៅលើ​ជោគវាសនា សុវត្ថិភាព​របស់​កងទ័ព​​អាហ្វហ្កានីស្ថាន ដែល​រហូតមក បាន​ទទួល​ជំនួយ​យោធា និង​ហិរញ្ញវត្ថុ​ពី​ក្រសួងការពារ​ជាតិ​អាមេរិក។ ប្រជាជន​អាហ្វហ្កានីស្ថាន​ភាគច្រើន​បារម្ភ​ផងដែរ ថា នៅក្រោយ​ចុះកិច្ចព្រមព្រៀង​ជាមួយ​អាមេរិក ពួកតាលីបង់​អាច​នឹង​មិន​គោរព​តាមការសន្យា ផ្ទុយទៅវិញ បន្ត​មនោគមវិជ្ជា បិទសិទ្ធិសេរីភាព និង​មិន​ព្រម​រំលែក​ចែក​អំណាច​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ