ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

លេខ​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ជាង​៤០០លាន​នាក់ លេចធ្លាយ​ទៅក្នុង​បណ្តាញ​អ៊ីនធ័រនែត

media រូបភាព3-D របស់​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​Facebook នៅថ្ងៃទី ១៨​មិថុនា ២០១៩ ©REUTERS/Dado Ruvic/Illustration/File Photo

លេខទូរស័ព្ទ និង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក ជាង​៤០០​លាននាក់ ត្រូវ​បាន​គេ​ឃើញ ស្តុក​ទុក នៅក្នុង​បណ្តាញ​អ៊ីនធ័រនែត ដែល​អ្នកណា​ក៏អាច​ចូល​យក​ទៅ​ប្រើប្រាស់​បាន ដោយ​មិនចាំបាច់​ត្រូវ​ប្រើ​ពាក្យ ឬ​លេខសម្ងាត់។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ វិបសៃតិ៍ ព័ត៌មាន​ស្តីពី​បច្ចេកវិទ្យា​អាមេរិកាំង​មួយ ឈ្មោះ TechCrunch។ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បញ្ជាក់​ព័ត៌មាននេះ កាលពី​ថ្ងៃ​ពុធម្សិលមិញ។ ការបែកធ្លាយ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ទៅ​ក្នុង​ដៃ​ជន​ទី​៣ ជារឿងអាស្រូវ​ថ្មី​មួយទៀត របស់​ ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​ធ្លាប់​រងការចោទប្រកាន់ថា បានធ្វេសប្រហែស​ក្នុង​ការការពារ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់។

 

តាម​ការចុះផ្សាយ​របស់​វិបសៃតិ៍​ព័ត៌មាន​អាមេរិកាំង TechCrunch លេខ​ទូរស័ព្ទ របស់អ្នកប្រើប្រាស់​ហ្វេសប៊ុក ជាង ៤០០​លាននាក់ ត្រូវ​បាន​គេ​ឃើញ​ស្តុកទុក នៅក្នុង​បណ្តាញ​អ៊ីនធ័រនែតមួយ ដែល​មិនមែនជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក។ នៅក្នុង​ចំណោម គណនី​ហ្វេសប៊ុក ជាង​៤០០​លាន ដែល​មាន​លេខ​ទូរស័ព្ទ លេចធ្លាយ ធ្លាក់ទៅក្នុង​ដៃ​របស់​ជនទី​៣ មាន ១៣៣​លានគណនី នៅ​អាមេរិក ៥០លាន នៅ​ប្រទេស​វៀតណាម និង​១៨​លាន នៅ​ប្រទេស​អង់គ្លេស។

ក្រៅពីលេខ​ទូរស័ព្ទ បណ្តាញ​អ៊ីនធ័រនែត បាន​ស្តុកទុក​ទិន្នន័យ​ផ្សេង​ទៀត ដូចជា​អត្តសញ្ញាណ ភេទ និង​ទីកន្លែង ភូមិសាស្រ្ត​របស់​អ្នកប្រើប្រាស់​បណ្តាញសង្គម​ហ្វេសប៊ុក។ តាម​វិបសៃតិ៍ ព័ត៌មាន​TechCrunch លេខទូរស័ព្ទ របស់​អ្នកប្រើប្រាស់​សង្គម​ហ្វេសប៊ុក ត្រូវ​បាន​គេ​ស្តុក​ទុក នៅក្នុង​បណ្តាញ​អ៊ីនធ័រនែត​មួយ​ដែល​គ្មាន​ប្រព័ន្ធ​ការពារ ពោល គឺ​អ្នកណា​ក៏អាច​ចូល​ទៅមើលបាន ដោយ​មិនចាំបាច់​ត្រូវការ ចុះ​លេខ​សោរ​សម្ងាត់ (Password)។

នៅពេល​មាន​លេខទូរស័ព្ទ​របស់​ខ្លួន ត្រូវ​ស្តុក​ទុក នៅក្នុង​បណ្តាញ​អ៊ីនធ័រនែត ដែលគ្មាន​ការការពារ​យ៉ាងដូច្នេះ អ្នកប្រើប្រាស់​ហ្វេសប៊ុក​អាច​ប្រឈម​នឹង​ការរំខាន ដោយសារ​ការទូរស័ព្ទ ផ្សាយពាណិជ្ជកម្ម ពីជនអនាមិក ឬ​ការលួច​របស់​ចោរអ៊ីនធ័រនែត ដូច​ករណី​របស់​ប្រធាន​ក្រុមហ៊ុន​Twitter ​កន្លងមក។

នៅថ្ងៃ​ពុធ ម្សិលមិញ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បញ្ជាក់ ការចុះផ្សាយ​របស់​វិបសៃតិ៍ TechCrunch ប៉ុន្តែ អះអាង​ថា មាន​តែ អ្នកប្រើប្រាស់ ហ្វេសប៊ុក ពាក់កណ្តាល ប៉ុណ្ណោះ ពោល​គឺ​ជាង ២០០​លាន​គណនី ដែល​មាន​លេខទូរស័ព្ទ​របស់ខ្លួន ត្រូវ​បាន​លេចធ្លាយ ទៅ​ក្នុង​បណ្តាញអ៊ីនធ័រនែត។ មួយវិញទៀត បើតាម​ហ្វេសប៊ុក ព័ត៌មាន​ឯកជន​របស់​អ្នកប្រើប្រាស់ ដែល​ធ្លាក់​ទៅក្នុង​ដៃ​របស់​ជនទី៣ ភាគច្រើន ជា​ព័ត៌មាន​ថតចម្លង និង​ព័ត៌មាន​ចាស់ៗតែប៉ុណ្ណោះ។ ដោយ​ធានា​ថា គណនី​របស់​អ្នកប្រើប្រាស់ មិន​ត្រូវ​បាន​គេ​លួច​ចូល​ទៅ​យក​ទិន្នន័យ ក្រុមហ៊ុន​ហ្វេសប៊ុក​អះអាង​ដែរ​ថា ខ្លួន​បាន​រឹបអូស​យក​ទិន្នន័យ​ទាំងនោះ​មកវិញរួចហើយ នៅក្រោយ​ឧប្បត្តិហេតុលើកនេះ។

នៅ​ចុង​ខែ​សីហា​កន្លងទៅ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បង្ហាញ​ឲ្យ​ឃើញ ពី​របៀប​ប្រើប្រាស់​ថ្មី ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ហ្វេសប៊ុក ចូល​ទៅ​គ្រប់គ្រង ត្រួតពិនិត្យ ទិន្នន័យ​ផ្ទាល់ខ្លួន របស់ខ្លួន ដែល​ក្រុមហ៊ុន​អាមេរិកាំង ផ្សេងទៀត ក្រៅពី​ហ្វេសប៊ុក បានយក​ទៅ​ប្រើប្រាស់។ ការប្រកាស​យ៉ាងដូច្នេះ​របស់​ហ្វេសប៊ុក ធ្វើឡើង​នៅ​មួយសប្តាហ៍​ក្រោយ ហ្វេសប៊ុក​បាន​ទទួល​ស្គាល់​ថា ខ្លួនបានថត កត់ត្រា ជា​អក្សរ កិច្ចសន្ទនា​របស់​អ្នកប្រើប្រាស់ ហ្វេសប៊ុក។

រងការចោទប្រកាន់​ថា ខកខាន មិន​បានការពារ និង​បណ្តោយ​ទុកឲ្យ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ធ្លាក់​ទៅក្នុង​ដៃ​របស់​ជនទី៣ ក្រុមហ៊ុន​ហ្វេសប៊ុក ទៅ​ត្រូវ​បាន​អាជ្ញាធរ​ការពារ​ជីវិត​ឯកជន​អាមេរិកាំង ពិន័យ​ជា​ប្រាក់ ៥ពាន់​លាន​ដុល្លារ កាលពី​ចុងខែ​កក្កដា កន្លងទៅ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ