អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុង៖ហេតុអ្វីបានជាការធ្វើសម្បទានរបស់លោកស្រីការី ឡាំនៅមិនទាន់អាចរំងាប់ភាពបះបោររបស់បាតុករបាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កញ្ញា ប្រមុខដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​បាន​អំពាវនាវ​ដល់​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ឲ្យ​ចូល​អង្គុយ​តុចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ។ ការ​អំពាវនាវ​របស់​លោកស្រី​ការី ឡាំ​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​លោកស្រី​បាន​ប្រកាស​ដក​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក។ ទន្ទឹម​នឹង​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា លោកស្រី​ការី ឡាំ​ក៏​បាន​បញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់​លោកស្រី​មិន​បាន​ធ្វើ​ឡើង​តាម​បញ្ជា ឬ​គំនាប​របស់​រដ្ឋអំណាច​កណ្តាល​នៅ​ក្រុង​ប៉េកាំង​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​របស់​លោកស្រី​ការី ឡាំ​ហាក់​នៅ​មិន​ទាន់​អាច​រំងាប់​ភាព​បះបោរ​របស់​បាតុករ​បាន​នៅ​ឡើយ​ទេ។

ប្រមុខដឹកនាំហុងកុងលោកស្រីការី ឡាំ
ប្រមុខដឹកនាំហុងកុងលោកស្រីការី ឡាំ Reuters
ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រង់​ចំា​ដល់​ការ​ចូល​បវេសនកាល​របស់​សភា​ហុងកុង​នៅ​ខែ​តុលា​ខាង​មុខ​ទើប​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក​នឹង​ត្រូវ​ដក​ចេញ​ជា​ស្ថាពរ។ សូម​រម្លឹក​ថា ទំរាំ​បង្ខំ​ចិត្ត​ដក​ចេញ​វិញ​ពេល​នេះ សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ​ត្រូវ​បាន​លោកស្រី​ការី ឡាំ​ព្យួរ បន្ទាប់​ពី​មាន​បាតុកម្មប្រឆាំង​យ៉ាង​ហិង្សា​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ។ ហេតុផល​នៃ​ការ​ដក​ចេញ​ជា​ស្ថាពរ​ពេល​នេះ​ត្រូវ​បាន​លោកស្រី​ការី ឡាំ​ពន្យល់​ថា ដើម្បី​ចៀងវាង​អំពើហិង្សា​ជា​ថ្មី បិទបញ្ចប់​ភាព​អនាធិបតេយ្យ រៀបចំ​សណ្តាប់ធ្នាប់សង្គម​ឡើង​វិញ និង​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ហុងកុង​ឲ្យ​មាន​ដំណើរ​ទៅ​មុខ​ឡើង​វិញ។

លោកស្រី​ការី ឡាំ​បាន​បញ្ជាក់​បន្ថែម​ថា ការ​សម្រេចចិត្ត​របស់​លោកស្រី​មិនមែន​ធ្វើ​ឡើង​តាម​បញ្ជា ឬ​គំនាប​របស់​រដ្ឋអំណាច​កណ្តាល​នៅ​ក្រុង​ប៉េកាំង​ទេ។ តាម​ប្រមុខដឹកនាំ​ហុងកុង ចិនដីគោក​ថែម​ទាំង​បាន​យល់ គោរព និង​គាំទ្រ​លើ​ការ​សម្រេចចិត្ត​របស់​លោកស្រី​ទៀត​ផង។ តាម​ពិត​ទៅ នរណា​ក៏​ដឹង​ដែរ​ថា បើ​គ្មាន​ការ​បង្គាប់បញ្ជា​ពី​រដ្ឋអំណាចកណ្តាល​នៅ​ក្រុង​ប៉េកាំង​ទេ លោកស្រី​ការី ឡាំ​ដែល​ជា​មនុស្សជំនិត​របស់​ចិនដីគោក​ក៏​មិន​ហ៊ាន​ធ្វើ​ដូច្នោះ​ដែរ។ ចូរ​កុំ​ភ្លេច​ថា ហុងកុង​ជា​ដែនដី​ស្វយ័ត​មែន តែ​ស្ថិត​ក្នុង​អធិបតេយ្យ​របស់​ចិន​តែ​មួយ។ ឥឡូវ​នេះ លោកស្រី​ការី ឡាំ​បាន​អំពាវនាវ​ដល់​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ឲ្យ​ចូល​អង្គុយ​តុចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ។

ការ​សម្រេច​របស់​លោកស្រី​ការី ឡាំ​យឺតពេល

បើ​តាម​មើល​ទៅ ការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល និង​ការ​អំពាវនាវ​របស់​លោកស្រី​ការី ឡាំ​ពេល​នេះ​ហាក់​នៅ​មិន​ទាន់​អាច​រំងាប់​ភាព​បះបោរ​របស់​បាតុករ​ហុងកុង​បាន​នៅ​ឡើយ​ទេ។ នេះ​ក៏​ដោយសារ​តែ​ទី១ យឺតពេល និង​ទី២ ក្រុម​បាតុករ​បាន​ទាមទារ​លើ​ចំណុច​ផ្សេង​ទៀត។ ប្រជាជន​ហុងកុង​ទូទៅ​មាន​ចាស់ មាន​ក្មេង​បាន​យល់​ឃើញ​ដូច​គ្នា​ថា ដំបៅ​ដែល​កើត​ចេញ​ពី​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​បាន​រីក​រាលដាល និង​បាន​ក្លាយ​ទៅ​ជា​ដំបៅ​មហារីក​ដែល​ពិបាក​ព្យាបាល។ ពិត​ណាស់ សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក​ជា​ដើមចម​នៃ​ការ​ផ្ទុះ​កំហឹង​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​ហុងកុង​តាំង​ពី ៥សប្តាហ៍។

តែ​បន្តិច​ម្តងៗ​ឥឡូវ​នេះ ការ​តវ៉ា​របស់​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ និង​ប្រជាជន​ហុងកុង​ទូទៅ​បាន​ទាមទារ​លើ​លក្ខខណ្ឌ​ចំនួន ៤ ទៀត ទី១ បើក​ការ​ស៊ើបអង្កេត​មួយ​ស្តីពី​ទង្វើ ឥរិយាបទ​របស់​កម្លាំង​ប៉ូលិស ទី២ លើកលែង​ទោស​ដល់​បាតុករ​ដែល​បាន​ចាប់​ខ្លួន ទី៣ បញ្ឈប់​ការ​ហៅ​បាតុករ​ថា​ជា​កុប្បករ ឬ​អ្នក​បះបោរ និង​ទី៤ បង្កើត​ប្រព័ន្ធ​បោះឆ្នោត​សកល​សម្រាប់​ជ្រើសរើស​ប្រមុខដឹកនាំ​ហុងកុង។ គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន ចិនដីគោក​ជា​អ្នក​ជ្រើសរើស​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រមុខដឹកនាំ​នៅ​ហុងកុង។ តែ​ខណៈ​នេះ លោកស្រី​ការី ឡាំ​បាន​ច្រើន​ចោល​ចំពោះ​ការ​ទាមទារ​ទាំង ៤ នេះ។

ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ធូរស្រាល​សម្រាប់​ហុងកុង​ហាក់​នៅ​ឆ្ងាយ

ទោះ​បី​ជា​លោកស្រី​ការី ឡាំ​បាន​ប្រកាស​ដក​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូចម្រាស​ចេញ​វិញ​ក៏​ដោយ ក៏​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ធូរស្រាល​សម្រាប់​ហុងកុង​ហាក់​នៅ​ឆ្ងាយ។ បើ​គេ​មើល​មួយ​ភ្លែត​ទៅ វិបត្តិ​នៅ​ហុងកុង​សព្វថ្ងៃ​ទើប​ផ្តើម​ចេញ​ពី​ការ​ដែល​រដ្ឋអំណាច​ហុងកុង​គ្រោង​បង្កើត​ច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក។ តែ​បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា រឿង​គម្រោង​បង្កើត​ឲ្យ​មាន​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ​គ្រាន់​ជា​ដំណក់ទឹក​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ទឹក​ហៀរ​ចេញ​ពី​កែវ​តែ​ប៉ុណ្ណោះ។ អ្វី​ដែល​ក្រុម​អ្នកប្រជាធិបតេយ្យ និង​ប្រជាជន​ហុងកុង​ទូទៅ​បន្ត​ទាមទារ​ចង់​បាន​យ៉ាង​ទទូច​ពេល​នេះ គឺ​សេរីភាព និង​ប្រជាធិបតេយ្យ​ដូច​ដែល​ហុងកុង​ធ្លាប់​ស្គាល់​នៅ​ក្នុង​ជំនាន់​អាណានិគមនិយម​អង់គ្លេស ពោល​មុន​អង់គ្លេស​ប្រគល់​ហុងកុង​ទៅ​ឲ្យ​ចិន​ក្នុង​ឆ្នាំ ១៩៩៧។

ចូរ​កុំ​ភ្លេច​ថា បើ​ផ្អែក​តាម​កិច្ចព្រមព្រៀង​ដែល​ចិនដីគោក​បាន​ចុះ​ហត្ថលេខា​ជាមួយ​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៩៧ ក្រុង​ប៉េកាំង​បាន​យល់ព្រម​ទុក​ហុងកុង​ជា​ដែនដី​ស្វយ័ត​ដែល​ទទួល​បាន​សេរីភាព​ពេញលេញ​រហូត​ដល់​ឆ្នាំ ២០៤៧។ តែ​ប្រជាជន​ហុងកុង​ទូទៅ​មាន​អារម្មណ៍​ថា​បន្តិច​ម្តងៗ ចិនដីគោក​ហាក់​កំពុង​ក្រសោប​យក​ហុងកុង​មក​គ្រប់គ្រង​យ៉ាង​ណែន​ក្នុង​ដៃ​ទៅ​វិញ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ ក្រុម​អ្នកប្រជាធិបតេយ្យ និង​ប្រជាជន​ហុងកុង​ទូទៅ​បន្ត​ទាមទារ​ឲ្យ​ចិនដីគោក​គោរព​ត្រឹមត្រូវ​លើ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។ នៅ​ថ្ងៃ​សៅរ៍ ទី៧ កញ្ញា​ចុង​សប្តាហ៍​នេះ ចលនា​អ្នកប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ថ្មី​ដោយ​បិទ​ខ្ទប់​មធ្យោបាយ​ដឹកជញ្ជូន ដូច​យ៉ាង​នៅ​អាកាសយានដ្ឋាន​ជា​ដើម។

ចំណែក​ក្រុង​ប៉េកាំង​បាន​ព្រមាន​ទុក​ជា​មុន​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កញ្ញា​នេះ​ថា ក្រោយ​លោកស្រី​ការី ឡាំ​ប្រកាស​ដក​សេចក្តីព្រាងច្បាប់​ចេញ​វិញ​មក ក្រុម​បាតុករ​គ្មាន​លេស​ណា​ផ្សេង​ដើម្បី​បង្ក​អំពើហិង្សា​ឡើយ។ ឃើញ​ថា វិបត្តិ​ហុងកុង​ហាក់​នៅ​មិន​ទាន់​មាន​សញ្ញា​ធូរស្រាល​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ