ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

នៅចិន នាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកស្រីមែរកិលទាមទារឲ្យគោរពសិទ្ធិ និងសេរីភាពនៅហុងកុង

media  
ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រីមែរកិល និងសមភាគីចិនលោកលី ខឺជាំងក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៦ កញ្ញា ២០១៩ Reuters

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​នា​ថ្ងៃ​សុក្រ ទី៦ កញ្ញា។ នេះ​ជា​ទស្សនកិច្ច​លើកទី១២ នៅ​ចិន​តាំង​ពី​លោកស្រី​បាន​កាន់​តំណែង​ជា​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់។ ក៏​ដូច​ជា​ដំណើរ​ទស្សនកិច្ច​មុនៗ លោកស្រី​បាន​នាំ​ទៅ​ជាមួយ​នូវ​ប្រធានក្រុមហ៊ុន សហគ្រាស​អាល្លឺម៉ង់​គ្រាក់ៗ ដូច​យ៉ាង​ប្រធាន​ក្រុមហ៊ុន​ផលិតរថយន្ត​ម៉ាក Volkswagen ឬ​ក្រុមហ៊ុន​ធានារ៉ាប់រង Allianz ជាដើម។ តែ​ក្រៅ​ពី​ផ្តោត​ក្នុង​វិស័យ​សេដ្ឋកិច្ច លោកស្រី​មែរកិល​មិន​ភ្លេច​និយាយ​ពី​ស្ថានការណ៍​បះបោរ​នៅ​ហុងកុង​ដែល​លោកស្រី​បាន​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ និង​សេរីភាព​ចំពោះ​ប្រជាជន​ហុងកុង។

ការ​ទាមទារ​យ៉ាង​ដូច​នេះ​របស់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​លោកស្រី​មែរកិល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​សមភាគី​ចិន​លោក​លី ខឺជាំង។ « ខ្ញុំ​បាន​គូសបញ្ជាក់​ថា សិទ្ធិ និង​សេរីភាព​ត្រូវ​តែ​ទទួល​បាន​ការ​ធានា។ នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន អ្វីៗ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ដើម្បី​បញ្ជៀស​អំពើហិង្សា ហើយ​ដំណោះស្រាយ​នឹង​ត្រូវ​ជា​ដំណោះស្រាយ​នយោបាយ​តាម​រយៈ​កិច្ចសន្ទនា » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​មែរកិល។ ការ​ថ្លែង​យ៉ាង​ដូច​នេះ​ដោយ​លោកស្រី​មែរកិល​ផ្អែក​លើ​ការ​អំពាវនាវ​ឲ្យ​មាន​កិច្ចសន្ទនា​របស់​ប្រមុខដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​កាល​ពី​ថ្ងៃ​អង្គារ ទី៤ កញ្ញា។

បន្ទាប់​មក លោកស្រី​មែរកិល​បាន​មើល​ឃើញ​ពី​ការ​បោះ​មួយ​ជំហាន​ដ៏​សំខាន់​ដែល​លោកស្រី​ការី ឡាំ​បាន​ប្រកាស​ដក​ចេញ​វិញ​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​កាត់​ទោស​នៅ​ចិនដីគោក។ ទន្ទឹម​នឹង​អំពាវនាវ​រដ្ឋាភិបាល​ចិន​ឲ្យ​គោរព​សិទ្ធិ និង​សេរីភាព​នៅ​ហុងកុង ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏​បាន​ស្នើ​ដល់​ក្រុមបាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង​ឲ្យ​ទទួល​យក​ការ​បោះដៃ អំពាវនាវ​របស់​ប្រមុខ​ដឹកនាំ​ហុងកុង​ដែរ។ គួរ​បញ្ជាក់​ថា​នៅ​មុន​លោកស្រី​មែរកិល​ដាក់​ជើង​ជាន់​ទឹកដី​ចិន ក្រុម​សកម្មជន​អ្នកប្រជាធិបតេយ្យ​ហុងកុង​បាន​សរសេរ​លិខិត​មួយ​ដោយ​អំពាវនាវ​ឲ្យ​លោកស្រី​ជួយ​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​អំពី​ការ​ទាមទារ​ចង់​បាន​របស់​ពួក​គេ។

សូម​រម្លឹក​ថា តាំង​ពី​បាន​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ នេះ​ជា​ទស្សនកិច្ច​លើកទី១២ របស់​លោកស្រី​មែរកិល​នៅ​ក្នុង​ប្រទេស​ចិន។ នៅ​លើក​នេះ​ក៏​ដូច​ជា​លើក​មុនៗ លោកស្រី​មែរកិល​បាន​នាំ​ទៅ​ជាមួយ​នូវ​ប្រធានក្រុមហ៊ុន សហគ្រាស​អាល្លឺម៉ង់​គ្រាក់ៗ ដូច​យ៉ាង​ប្រធាន​ក្រុមហ៊ុន​ផលិតរថយន្ត​ម៉ាក Volkswagen ឬ​ក្រុមហ៊ុន​ធានារ៉ាប់រង Allianz ជាដើម។ តែ​អ្វី​ជា​ការ​កត់សម្គាល់ មាន​អ្នក​សារព័ត៌មាន​បរទេស​ជា​ច្រើន​មិន​ត្រូវ​បាន​រដ្ឋអំណាច​ចិន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​ទស្សនកិច្ច​របស់​លោកស្រី​មែរកិល​ទេ​ក្រោម​ហេតុផល​ថា មិន​មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​ពួក​គេ ព្រោះ​មាន​អ្នកកាសែត​ច្រើន​ពេក​ដែល​បាន​អម​ដំណើរ​ជាមួយ​លោកស្រី​មែរកិល។

បន្ទាប់​ពី​បាន​ទទួល​ជួប​ដោយ​សមភាគី​ចិន​លោក​លី ខឺជាំង លោកស្រី​មែរកិល​បាន​ទទួល​ជួប​ដោយ​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​នៅ​ក្នុង​ពិធី​ទទួល​ទានអាហារ​ពេល​ល្ងាច៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ