ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/11 12h00 GMT
អាស៊ី

ប្រទេស​មហាសេដ្ឋី​ប្រេង​នឹង​ពិចារណា​កាត់បន្ថយ​ការផលិតប្រេងបន្ថែមទៀត

media រោងចក្រ​ផលិតប្រេង​របស់​របស់អារ៉ាប៊ី សាអូឌីត​នៅShaybahថ្ងៃទី ២២​ឧសភា ២០១៨ ©REUTERS/Ahmed Jadallah

ប្រឈម​នឹង​តម្លៃ​ប្រេង​នៅទ្រឹង​នៅទីផ្សារ​អន្តរជាតិ ប្រទេស​មហាសេដ្ឋី​ផលិត​ប្រេង ដែល​ជួប្រជុំ​គ្នា នៅសប្តាហ៍នេះ នឹង​ពិចារណា ពីការកាត់បន្ថយ​បរិមាណ​ផលិតប្រេង ក្នុង​គោលដៅ ស្រោចស្រង់​ឡើងវិញ តម្លៃប្រេង។ ប៉ុន្តែ អ្នកជំនាញ​ជាច្រើន​សង្ស័យ​ថា វិធានការ​កាត់បន្ថយ​ការផលិតប្រេង របស់​ក្រុមប្រទេស​OPEC នឹង​មិនជួយ ជំរុញ តម្លៃប្រេងឆៅ ឡើងថ្លៃ ខ្ពស់​ឡើងវិញនោះទេ នៅក្នុង​កាលៈទេសៈ​ដែល​កំពុង​ផ្ទុះ​មាន​សង្រ្គាមពាណិជ្ជកម្ម រវាង​អាមេរិក​និង​ចិន។

 

អង្គការ​នៃ​ក្រុមប្រទេស​នាំចេញ​ប្រេង ហៅកាត់​ថា OPEP និង​ប្រទេស​មិនមែន​ជា​សមាជិក ដូចជា​រុស្ស៊ី ជាដើម​ចង់​ទប់​តម្លៃ​ប្រេងឆៅ ដែល​កាន់តែ​ធ្លាក់​ចុះ នៅ​លើ​ទីផ្សារ​អន្តរជាតិ។ តម្លៃ​ប្រេងឆៅ​បាន​ធ្លាក់ចុះ​តម្លៃ ជា​លំដាប់ នោះបើទោះ​ជា​ក្រុមប្រទេស​ផលិត និង​នាំចេញប្រេង បាន​សម្រេច​កាត់បន្ថយ ការផលិត ហើយ​ការធ្លាក់ថយចុះ​នៃ​ការនាំចេញប្រេង​របស់​អ៊ីរ៉ង់ និង​វ៉េណេស៊ុយអេឡា ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក។

នៅមួយ​ថ្ងៃ​មុន បើក​មហាសន្និបាត​ស្តីពីថាមពល​អន្តរជាតិ នៅ​ទីក្រុង​អាប៊ូដាប៊ី រដ្ឋមន្រ្តី​ថាមពល​របស់​ប្រទេស​អេមីរ៉ា អារ៉ាប់រួម បាន​និយាយ​ថា ក្រុមប្រទេស​នាំចេញប្រេង នឹង​ចាត់វិធានការ​ចាំបាច់​នានា​ដើម្បី​ស្រោចស្រង់​ទីផ្សារ​ប្រេង​ឲ្យ​មាន​លំនឹង​ឡើងវិញ។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តី ថាមពល របស់​ប្រទេស​ជង្រុកប្រេង ដូចជា​អេមីរ៉ា អារ៉ាប់រួម ទទួលស្គាល់ថា ជោគវាសនា​របស់​ទីផ្សារ​ប្រេងឆៅ​សព្វថ្ងៃ លែង​ត្រូវ​កំណត់ ដោយ​តម្រូវការ និង​ការផ្គត់ផ្គង់​ប្រេង​ដូចមុន​ទៀតហើយ ប៉ុន្តែ វា​អាស្រ័យ​ទៅលើ​ឥទ្ធិពល ផលប៉ះពាល់​ដោយ​សង្រ្គាមពាណិជ្ជកម្ម ចិនអាមេរិក ហើយ​និង​កត្តាភូមិសាស្រ្ត​នយោបាយ។

ដើម្បី​ជំរុញ ឲ្យ​តម្លៃ​ប្រេងឆៅ ឡើង​ខ្ពស់ នៅទីផ្សារ ក្រុមប្រទេស​មហាសេដ្ឋី​ប្រេង​តែង​អនុវត្ត​ផែនការ​កាត់បន្ថយ​បរិមាណ​ផលិតប្រេង។ កាលពី​ខែធ្នូ​ឆ្នាំមុន អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ហៅកាត់ OPEP និង​ប្រទេស​រុស្ស៊ី ធ្លាប់​បាន​សម្រេច​កាត់បន្ថយ ការផលិត​ប្រេង ប្រមាណ ១លាន ២សែន បារីល ក្នុង​មួយ​ថ្ងៃ។ នៅ​ខែ​មិថុនា​កន្លងទៅ គេ​បាន​បោះឆ្នោត ពន្យារ​វិធានការ​នេះ​សម្រាប់​រយៈពេល​៩ខែ​បន្ត​ទៀត។

ប៉ុន្តែ ការប្រឹងប្រែង​នេះ​មិន​បាន​ជួយ​ឲ្យទប់​តម្លៃប្រេង ដែលចេះ​តែ​ធ្លាក់ចុះ​ជា​លំដាប់​នោះទេ។ នៅ​ថ្ងៃ​សុក្រ តម្លៃប្រេងឆៅ នៅទីផ្សារអឺរ៉ុប​មាន​តម្លៃ ៦១​ដុល្លារ ក្នុង​មួយ​បារីល គឺ​តិចជាង​ឆ្នាំមុន នៅក្នុង​រយៈពេល​ដូចគ្នា ដែល​មាន​តម្លៃ​ដល់​ទៅ​៧៥ដុល្លារ។ សង្រ្គាមពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ដែល​កំពុង​រួបរឹត​សេដ្ឋកិច្ច​ចិន បានធ្វើឲ្យ ​តម្រូវការ​ប្រេងឆៅ​ របស់​ចិន​ធ្លាក់​ចុះ ដែល​នាំ​ឲ្យ​តម្រូវការ​ប្រេងឆៅ​ក្នុង​លោក​ធ្លាក់​ចុះ​ជា​លក្ខណៈ​ស្វ័យប្រវត្តិ។ សម្រាប់​រដ្ឋមន្រ្តី​អេមីរ៉ា អារ៉ាប់រួម ប្រទេស​ផលិតប្រេង មិនអាច​គិតតែ​កាត់បន្ថយ​ការផលិតប្រេង នៅរាល់ពេល​មាន​ភាពតានតឹង នោះទេ។ ការកាត់បន្ថយ​ការផលិត នឹង​អាច​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​មហាសេដ្ឋី​ប្រេង បាត់បង់​ចំណែក​ភាគហ៊ុន​របស់ខ្លួន នៅទីផ្សារ (ពី៣៥%​នៅឆ្នាំ ២០១២ មក​នៅ​៣០% ឆ្នាំ ២០១៩)។ រដ្ឋមន្រ្តី​ថាមពល​អេមីរ៉ា អារ៉ាប់រួម​សង្ឃឹម​ថា នៅក្នុង​កិច្ចប្រជុំ​នៅថ្ងៃ​ចុងក្រោយ នៃ​មហាសន្និបាត នៅថ្ងៃ​ព្រហស្បតិ៍​ខាងមុខ ក្រុមប្រទេស​នាំចេញ​ប្រេង នឹង​មិន​សម្រេច​ចិត្ត ជ្រើសរើស​យក​ផែនការ​កាត់បន្ថយ​ការផលិត ដើម្បី ស្រោចស្រង់​តម្លៃប្រេង​នោះទេ។

ក្រុមអ្នកជំនាញ​ប្រេង ដូចជា Rapidan Energy Group ​វិញ​វាយតម្លៃថា សម្ព័ន្ធ​ប្រទេស​ជង្រុកប្រេង គួរតែ​កាត់បន្ថយ បរិមាណ​ផលិតប្រេង​១លាន​បារីល​បន្ថែមទៀត ដើម្បី​រក្សា​លំនឹង​ទីផ្សារប្រេង។ ប៉ុន្តែ អ្វីដែល​នឹង​អាច​ចោទឡើង​ថា តើ​ប្រទេស​ណាមួយ ដែល​នឹង​សុខចិត្ត​ទទួល​បន្ទុក កាត់បន្ថយ​ការផលិតប្រេង​របស់​ខ្លួននោះ។ អារ៉ាប៊ី សាអូឌីត ដែល​ផលិតប្រេង ច្រើនជាង គេ​គឺ​តំណាង​ឲ្យ​១ភាគ៣​នៃ​ការផលិត​សរុប​ក្នុង​ពិភពលោក ហាក់​លែង​ចង់​កាត់បន្ថយ​ប្រេង ដែល​អារ៉ាប៊ី សាអូឌីត​រអ៊ូថា បានធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូលជាតិ​របស់ខ្លួន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ