លោកដូណាល់ ត្រាំ ប្រកាសឈប់ចរចាសន្តិភាព ជាមួយពួកតាលីបង់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥១
ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ទី ៧ កញ្ញា បានប្រកាសបញ្ឈប់ ការចរចាសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់។ តាមរយៈសារTwitter លោកដូណាល់ ត្រាំ បានទម្លាយព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នោះ គឺលោកបានសម្រេចផងដែរ លុបចោលទៅវិញ ជំនួបសម្ងាត់ ជាមួយមេដឹកនាំតាលីបង់ ដែលត្រូវប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី ៨កញ្ញា នៅCamp David ក្នុងរដ្ឋម៉ារីលែន។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ម្សិលមិញ បានសម្រេចលុបចោល ការចរចា សន្តិភាពជាមួយក្រុមតាលីបង់ ដែលរដ្ឋបាលរបស់លោកបានផ្តួចផ្តើម ជិត១ឆ្នាំមកនេះ។ មានចំណុចសំខាន់ពីរ ដែលលោកដូណាល់ ត្រាំ បានប្រកាស នៅក្នុងសារTwitterរបស់លោក នៅថ្ងៃសៅរ៍ម្សិលមិញ។ ទី១ គឺលោកបានសម្រេច ឲ្យគេឈប់ចរចា ដើម្បី ស្វែងរកកិច្ចព្រមព្រៀង សន្តិភាព ជាមួយពួកតាលីបង់។ ចំណែកទី២ គឺលោកបានបញ្ជាឲ្យគេលុបចោលទៅវិញ ជំនួបសម្ងាត់ របស់លោកជាមួយមេក្រុមតាលីបង់ ដែលត្រូវរៀបចំធ្វើ នៅថ្ងៃអាទិត្យនេះ នៅCamp David។ តាមលោកដូណាល់ ត្រាំ នៅពេលមេដឹកនាំតាលីបង់ និងប្រមុខរដ្ឋាភិបាលអាហ្វហា្កនីស្ថានកំពុងរៀបចំខ្លួន ធ្វើដំណើរមកទឹកដីអាមេរិក ដើម្បីជួប លោក នៅCamp David លោកបានសម្រេចលុបចោលទៅវិញ ជំនួបសម្ងាត់នោះទៅវិញ។
តាមម្ចាស់សេតវិមាន ហេតុផលដែលធ្វើឲ្យលោកសម្រេចចិត្តនៅនាទីចុងក្រោយយ៉ាងដូច្នេះ គឺការវាយប្រហារភេរវកម្ម នៅទីក្រុងកាប៊ូល កាលពីថ្ងៃព្រហស្បតិ៍ ដែលពួកតាលីបង់ បានចេញមុខ ទទួលខុសត្រូវ និងដែលបានសម្លាប់ទាហានអាមេរិកាំង១រូបផងដែរ។ គិតចាប់តាំងពីដើមឆ្នាំនេះ មានទាហានអាមេរិកាំង ១៦នាក់ ដែលស្លាប់នៅក្នុងការវាយប្រហារភេរវកម្មរបស់ពួកតាលីបង់ ឬពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅអាហ្វហ្កានីស្ថាន។
ដើម្បី ដាក់សម្ពាធ បង្កើនទម្ងន់ របស់ខ្លួន ក្នុងពេលចរចាជាមួយអាមេរិក ពួកតាលីបង់បានជ្រើសរើសវិធីសាស្រ្តវាយប្រហារភេរវកម្ម នៅទីក្រុងកាប៊ូល។ នៅក្នុងសារTwitter កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរបស់ពួកតាលីបង់បានកោតសរសើរវីរភាពរបស់ភេរវជនអត្តឃាតដែលបានសម្លាប់ជនឈ្លានពានបរទេស។
តាមប្រធានាធិបតីអាមេរិក ជាមួយវិធីសាស្រ្តបែបនេះ ក្រុមតាលីបង់ត្រូវបរាជ័យ ទាំងស្រុង ព្រោះវារឹតតែធ្វើឲ្យស្ថានភាពចរចា កាន់តែធ្លាក់ចុះអាក្រក់។
សម្រាប់លោកដូណាល់ ត្រាំ បើសិនពួកតាលីបង់ គ្មានសមត្ថភាព រៀបចំ បទឈប់បាញ់ នៅក្នុងពេលចរចាសន្តិភាពជាមួយអាមេរិក ហើយផ្ទុយទៅវិញ ប្រព្រឹត្តហិង្សា វាយប្រហារភេរវកម្មសំលាប់ប្រជាជនស៊ីវិល និងទាហានអាមេរិកាំង នោះ មានន័យ ពួកតាលីបង់ គ្មានមធ្យោបាយដើម្បី ចរចាឲ្យបានកិច្ចព្រមព្រៀង សំខាន់ណាមួយនោះទេ។
កិច្ចចរចាសន្តិភាពជាមួយពួកតាលីបង់បានបង្ហាញពន្លឺច្រើន ព្រោះថា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រេសិតអាមេរិក លោកZalmay Khalilzad ដែលទទួលបន្ទុកការចរចា ជាមួយពួកតាលីបង់ បាននិយាយថា គេរកបានកិច្ចព្រមព្រៀងជាគោលការណ៍មួយជាមួយក្រុមតាលីបង់ និងបានបង្ហាញកិច្ចព្រមព្រៀងនេះដល់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន នៅថ្ងៃចន្ទ ទី ២កញ្ញា។ តាមអ្នកតំណាងអាមេរិក លោកដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅថ្ងៃខាងមុខ។ ការណ៍នេះធ្វើឲ្យគេសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពជាមួយពួកតាលីបង់ នឹងអាចលេចរូបរាង នាពេលឆាប់ៗខាងមុខ។
ការប្រឹងប្រែង ចរចា សន្តិភាពជាមួយពួកតាលីបង់ ដែលអាមេរិកបានខ្នះខ្នែង មួយឆ្នាំ មកនេះ នឹងត្រូវចប់ត្រឹមនេះ ដោយឥតន័យ ឬយ៉ាងណា?
គេមិនដឹងថា តើទៅថ្ងៃមុខ នឹងមានការវិវត្តន៍ប៉ុណ្ណានោះ នៅពេលដែលប្រធានាធិបតីអាមេរិក ប្រកាសឲ្យគេឈប់ចរចាយ៉ាងដូច្នេះ រាល់ការចរចាដើម្បីសន្តិភាព ជាមួយពួកតាលីបង់ក៏ត្រូវតែបញ្ឈប់ជាបន្ទាន់ដែរ។
ប៉ុន្តែ បើមើលទៅលើឥរិយាបថ នយោបាយចរចាកន្លង របស់លោកដូណាល់ ត្រាំ ការចរចាជាមួយពួកតាលីបង់ គ្រាន់ត្រូវផ្អាកមួយរយៈ សិនប៉ុណ្ណោះ។ លោកដូណាល់ ត្រាំ ធ្លាប់បាន ដើរចេញ មិនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយលោកគីម ជុងអ៊ុន កាលពីខែកុម្ភៈ នៅទីក្រុងហាណូយ។ ប៉ុន្តែ លោកដូណាល់ ត្រាំនៅតែបង្ហាញចេតនាចង់ចរចាជាមួយ លោកគីម ជុងអ៊ុន។ លោកដូណាល់ ត្រាំនឹងអាចដូច្នេះទៀត ជាមួយពួកតាលីបង់ ដើម្បី សម្រេចគោលដៅនយោបាយរបស់លោក គឺ ដកកងទ័ពអាមេរិកចេញឲ្យអស់ពីប្រទេសអាហ្វហ្កានីស្ថាន។
លោកដូណាល់ ត្រាំ ដែលវាយតម្លៃថា អាមេរិកបានចំណាយលុយច្រើនពេក ហើយនិងទាហានច្រើនពេកនៅក្នុងសង្រ្គាមអាហ្វហ្កានីស្ថានបានសន្យាធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពអាមេរិក ឲ្យបានមុនការបោះឆ្នោត ប្រធានាធិបតី នៅឆ្នាំ ២០២០។ ដើម្បីសម្រេចផែនការនេះ លោកបានបញ្ជូនប្រេសិតឲ្យទៅចរចា ដោយសម្ងាត់ជាមួយពួកតាលីបង់។ ដំណឹងនៅថ្ងៃនេះ ធ្វើឲ្យគេឃើញទៀតថា ដើម្បីដកអាមេរិក ចេញពីសង្រ្គាមអាហ្វហ្កានីស្ថាន លោកដូណាល់ ត្រាំ បានត្រៀមទទួលជួប មេដឹកនាំតាលីបង់ នៅទឹកដីអាមេរិក ដែលនេះ ជារឿងមិនធ្លាប់មានទេ នៅក្នុងប្រវត្តិប្រធានាធិបតីអាមេរិក។ ម្យ៉ាងទៀត វាគ្រោងធ្វើឡើងនៅតែប៉ុន្មានថ្ងៃ មុនដែលអាមេរិកត្រូវប្រារព្ធខួប ១៨ឆ្នាំ នៃភេរវកម្មវាយប្រហារអគារភ្លោះ នៅទីក្រុងញូវយ៉ក ១១កញ្ញាឆ្នាំ២០០១។ ភេរវកម្មរបស់ពួកអាល់កៃដា ទៅលើអគារភ្លោះ ដែលជាដើមហេតុធ្វើឲ្យអាមេរិកបើកសង្រ្គាមឈ្លានពាន នៅអាហ្វហ្កានីស្ថាន ដើម្បីបណ្តេញពីតាលីបង់ពីអំណាច ដោយសារតែពួកនេះ លាក់មេដឹកនាំអាល់កៃដា អូសាម៉ា បិនឡាដិន។
រដ្ឋាភិបាលអាហ្វហ្កានីស្ថានត្រេកអរខ្លាំងជាងគេ
ការដែលរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ត្រេកអរ នៅពេលលឺថា អាមេរិកឈប់ចរចាជាមួយ តាលីបង់ ព្រោះ ថា ទី ១ ប្រធានាធិបតីអាមេរិកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាគោលការណ៍ ដែល ប្រេសិតអាមេរិកបានរកឃើញជាមួយពួកតាលីបង់ នៅដើមសប្តាហ៍នេះទេ។ រដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលមិនត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងតុរចរចាសន្តិភាព ជាមួយពួកតាលីបង់ មានការបារម្ភខ្លាំង បើសិន លោកដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងដែល ភាគីអាហ្វហ្កានីស្ថាន វាយតម្លៃ គ្រោះថ្នាក់ ដល់សន្តិសុខរបស់អាហ្វហ្កានីស្ថាន។ ទៅតាមកិច្ចព្រមព្រៀង អាមេរិកសុខចិត្តដកកងទ័ព ជាង៥ពាន់នាក់ ពីអាហ្វហ្កានីស្ថាន នោះបើទោះបីជាមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពក្តី។ ចំណែកពួកតាលីបង់គ្រាន់តែសន្យា ឈប់វាយប្រហារភេរវកម្ម និងឈប់ផ្តល់ជំរក ដល់ក្រុមជីហាត ប៉ុន្តែ ក្រុមនេះ មិនអនុវត្តបទឈប់បាញ់នោះទេ។
សម្រាប់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន កិច្ចព្រមព្រៀង សន្តិភាពអាចធ្វើទៅបាន លុះណាតែពួកតាលីបង់ ឈប់ សម្លាប់ប្រជាជនស៊ីវិល អាហ្វហ្កានីស្ថាន គោរពបទឈប់បាញ់ ហើយនិងចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលពួកតាលីបង់ បដិសេធ មិនស្រាលមិនព្រមចរចាជាមួយ រហូតមក។
អ្នកជំនាញមួយចំនួន បានចោទសួរថា ដើម្បីដកកងទ័ពចេញពីសង្រ្គាម ដែលខ្លួនសាងឡើងនៅអាហ្វហ្កានីស្ថាន តើអាមេរិក សុខចិត្តធ្វើអ្វីគ្រប់យ៉ាង ពោលគឺចង់បានឲ្យខាងតែបាន កិច្ចព្រមព្រៀង ជាមួយពួកតាលីបង់ ទោះបីជាកិច្ចព្រមព្រៀងនោះ មិនអាចធានាឲ្យមានសន្តិភាព និងបញ្ឈប់ ការវាយប្រហារភេរវកម្ម របស់ពួកតាលីបង់ឬយ៉ាងណា ?
លោកដូណាល់ ត្រាំ បានលើកឡើងថា ដោយសារតែ ពួកតាលីបង់នៅតែវាយប្រហារភេរវកម្ម រហូតសម្លាប់ទាហានអាមេរិក ទើបលោកសម្រេចចិត្តឈប់ចរចា នៅពេលនេះ។
ប៉ុន្តែ ទំនងមើលទៅ លោកដូណាល់ ត្រាំ ប្រហែលដឹងថា អាមេរិកកំពុងតែអន់ ចាញ់ប្រៀបខ្លាំង ក្នុងពេលចរចាជាមួយពួកតាលីបង់។ ពួកតាលីបង់ ដែលប្រើដៃមួយ ចរចាជាមួយអាមេរិក និងដៃមួយទៀត ដើម្បីបញ្ជូនមនុស្សឲ្យទៅធ្វើភេរវកម្មអត្តឃាតសម្លាប់ទាហានអាមេរិកាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ