ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

OMS ៖ ជារៀងរាល់៤០វិនាទីម្តង មានមនុស្សម្នាក់ធ្វើអត្តឃាត

media  
ចង ជា​វិធី​សម្លាប់​ខ្លួន​ដែល​គេ​ជួប​ញឹកញយ​ជាងគេ zoomtech

ក្នុង​មួយ​ឆ្នាំៗ មាន​មនុស្ស​ចំនួន ៨​សែន​នាក់ បាន​បញ្ចប់​ជីវិត​ដោយសម្លាប់​ខ្លួនឯង នៅលើពិភពលោក ពោល​គឺក្នុង​៤០​វិនាទីម្តង មាន​មនុស្ស​ម្នាក់​បាន​ធ្វើ​អត្តឃាត។ ថ្វី​បើ​អត្រា​អត្តឃាត​បាន​ថយ​ចុះ​ ជា​ទូទៅ ក្នុង​កំរិត​ពិភពលោកមែន តែសម្រាប់​​អង្គការ​សុខភាព​ពិភពលោក OMS ​នេះ​ជា​តួលេខ​ដ៏​ច្រើន គួរ​ឱ្យ​ព្រួយ​បារម្ភ​ដដែល។ ​សម្រាប់​​រយៈ​ពេល​មួយ​ខែនេះ អង្គការ​សុខភាព​ពិភពលោក​នឹង​​បើក​យុទ្ធនាការ​បង្ការ​ការ​ធ្វើ​អត្តឃាត​។

នៅ​ក្នុង​​របាយការណ៍​ ចេញ​ផ្សាយ​មួយ​ថ្ងៃ​មុន​ទិវាបង្ការ​ការធ្វើ​អត្តឃាត​ពិភពលោក​ ថ្ងៃទី ១០​កញ្ញា អង្គការ​សុខភាព​ពិភពលោក​បាន​ពន្យល់​លម្អិត​ថា នៅ​រវាង​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៦ ករណី​អត្តឃាត​នៅ​លើ​ពិភពលោក​បាន​ធ្លាក់​ចុះ -៩,៨%។ តំបន់​ដែល​មាន​ករណី​អត្តឃាត​​ចុះ​ខ្លាំងជាង​គេ​ ​​ដល់-​១៩,៦%​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង ហើយ​ត្រឹម​តែ-​​៤,២%​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ មាន​តែ​តំបន់​​​អាមេរិក មួយ​ទេ​ដែល​ករណី​អត្តឃាត (ភាគ​ច្រើន​ដោយ​ប្រើ​​កាំភ្លើង​ជា​អាវុធ​សម្លាប់​ខ្លួន​ច្រើន)​បាន​កើន​ឡើង ដល់​ទៅ​+៦%។

អត្រា​អត្តឃាត​ពិភពលោក​ធ្លាក់​ចុះ ដោយ​សារ​តែ​បណ្តា​ប្រទេស​មួយ​ចំនួន​ធំ​បាន​ដាក់​ឱ្យ​ដំណើរការ​យុទ្ធ​សាស្ត្រ​បង្ការ​ការ​ធ្វើ​អត្តឃាត។ ប៉ុន្តែ​ ​គេរាប់​ឃើញជារៀង​រាល់​៤០​វិនាទី​ម្តង​មាន​ករណី​ស្លាប់​ដោយ​ទង្វើ​អត្តឃាត​ម្នាក់​ តាំង​ពី​ឆ្នាំ​២០១៤​មក។

ករណី​អត្តឃាតភាគ​ច្រើន​ ​មាន​កើត​ឡើង​ ​នៅ​ក្នុង​ប្រទេស​​ក្រីក្រ​និង​មធ្យម តែ​នៅ​ប្រទេស​អ្នក​មាន​ អត្រា​អត្តឃាតមាន​កំរិត​​ខ្ពស់​ខ្លាំង​គេ។ នៅទ្វីប​អាហ្វ្រិក អឺរ៉ុប និងអាស៊ី​អាគ្នេយ៍ អត្រាអត្តឃាត មាន​កំរិត​១០,៥​នាក់ ក្នុង​ចំណោម​ប្រជាជន​១០ម៉ឺន​នាក់ ពោល​គឺ​​ខ្ពស់​ជា​មធ្យមភាគ​ពិភពលោក​។ បើ​តាម​ការ​ប្រៀបធៀប​អន្តរជាតិ ប្រទេស​ ហ្គីយ៉ាន អតីត​ប្រទេស​ក្រោម​អាណានិគមនិយម​អង់គ្លេស ស្ថិត​នៅក្បែរ​ប្រទេស​វ៉េណេស៊ុយអេឡា គឺ​ជា​ប្រទេស​ដែល​មាន​អត្រា​អត្តឃាត​ខ្ពស់​ជាង​បំផុត​នៅលើ​ពិភពលោក (៣០,២​នាក់សម្រាប់​ពលរដ្ឋ​​១០​ម៉ឺន​នាក់) ដោយ​ប្រើ​ថ្នាំ​បំពុល​សម្លាប់​សត្វល្អិត។ រុស្ស៊ី​ជាប់​លំដាប់​ទីពីរ ដោយ​ហេតុ​តែ​ផឹក​ស្រា​ច្រើន​ជ្រុល។ លីទុយអានី ឡេសូតូ អ៊ូហ្កង់ដា ស្រីលង្កា កូរ៉េខាង​ត្បូង ឥណ្ឌា និង​ជប៉ុន សុទ្ធ​សឹង​ជា​ប្រទេស​ជាប់​លំដាប់​មាន​អត្រា​អត្តឃាត​ខ្ពស់​បន្ត​បន្ទាប់​គ្នា​។

បុរស​សម្លាប់​ខ្លួន​ច្រើន​ជាង​ស្ត្រី។ ប្រទេស​កាន់​តែ​មាន គំលាត​មាន​កាន់​ខ្លាំង។ ចំណែក​មធ្យោបាយ​សម្លាប់​ខ្លួន​ ដែល​ប្រើ​ច្រើន​ជាងគេ​គឺ​ការ​ចង​ក លេប​ថ្នាំ​បំពុល​សម្លាប់​សត្វ​ល្អិត និង​ដោយ​កាំភ្លើង។

បើ​តាម​អង្គការ​សុខភាព​ពិភពលោក ការ​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត បាន​កាន់​បន្ថយ​ករណី​អត្តឃាត​បាន​យ៉ាង​ច្រើន​។ ស្រីលង្កា និង​កូរ៉េខាង​ត្បូង​បាន​អនុវត្ត​គំនិត​ផ្តួច​ផ្តើម​នេះ និង​បាន​បញ្ចុះ​អត្រា​អត្តឃាត​បាន​៧០%​នៅ​ស្រីលង្កា ជា​ឧទាហរណ៍​ជាក់ស្តែង។

ជាង​ពាក់កណ្តាល​នៃ​អត្តឃាតជន មាន​អាយុ​ក្រោម​៤៥​ឆ្នាំ។ អត្តឃាត​បាន​ក្លាយ​ជាមូលហេតុ​ទី​ពីរ​នៃ​មរណភាព​របស់​យុវជន​អាយុ​ពី​ ១៥-២៤​ឆ្នាំ​ បន្ទាប់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ