អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ប៉ាគីស្ថានបារម្ភពីអំពើប្រល័យពូជសាសន៍នៅកាស្មៀរឥណ្ឌា និងស្នើឲ្យមានការស៊ើបអង្កេតពីអង្គការសហប្រជាជាតិ

នៅ​ថ្ងៃ​អង្គារ ទី១០ កញ្ញា ប្រទេស​ប៉ាគីស្ថាន​តាម​រយៈ​ប្រមុខ​ការទូត​លោក​ម៉ាកដុម ស្ហា ម៉ាម៉ូដ គូស្ហ៊ី​បាន​បារម្ភ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​ក្នុង​តំបន់​កាស្មៀរឥណ្ឌា និង​បាន​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពី​អង្គការ​សហប្រជាជាតិ។ លោក​ម៉ាម៉ូដ គូស្ហ៊ី​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​លើ​វេទិកា​នៃ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ កាល​ពី​ថ្ងៃ​ចន្ទ ទី៩ កញ្ញា ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោកស្រី​មីសែល បាស្ហឺឡេ​បាន​ថ្លែង​នៅ​ក្នុង​ពេល​បើក​សម័យប្រជុំ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ថា លោកស្រី​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​ថ្មីៗ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ស្តីពី​សិទ្ធិ​ពលរដ្ឋ​កាស្មៀរ។ ប្រតិកម្ម​របស់​ប្រមុខ​ការទូត​ប៉ាគីស្ថាន​លោក​ម៉ាម៉ូដ គូស្ហ៊ី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ឥណ្ឌា​បាន​សម្រេច​ដក​ស្វ័យភាព​ចេញ​ពី​តំបន់​កាស្មៀរឥណ្ឌា​កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ។ លោក​ម៉ាម៉ូដ គូស្ហ៊ី​បាន​បន្ថែម​ថា បើ​ឥណ្ឌា​គ្មាន​អ្វី​លាក់លៀម​ទេ ឥណ្ឌា​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គណៈកម្មការ​ស៊ើបអង្កេត​ចូល​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​ទីកន្លែង។

ប្រមុខការទូតប៉ាគីស្ថានលោក Makhdoom Shah Mahmood Qureshi
ប្រមុខការទូតប៉ាគីស្ថានលោក Makhdoom Shah Mahmood Qureshi AFP
ផ្សាយពាណិជ្ជកម្ម

« ប្រជាជន​រស់នៅ​តំបន់​ចាមូ កាស្មៀរ​កំពុង​ទន្ទឹង​រង់ចាំ​នូវ​រឿង​ដ៏​អាក្រក់​បំផុត។ ខ្ញុំ​ញ័រ​ខណៈ​ពេល​ដែល​ខ្ញុំ​និយាយ​នៅ​ទី​នេះ​នូវ​ពាក្យ “ប្រល័យពូជសាសន៍” តែ​ខ្ញុំ​ត្រូវ​តែ​និយាយ​វា​ដោយ​ចៀស​មិន​រួច។ បើ​គេ​ផ្អែក​តាម​អនុសញ្ញា​ស្តីពី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ប្រជាជន​កាស្មៀរ​ខាង​ឥណ្ឌា​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ជីវិត​ក្នុង​នាម​ជា​ក្រុម​នាម​ជា​ក្រុមជាតិសាសន៍ ក្រុមជាតិពិន្ធុ និង​ក្រុម​អ្នកកាន់សាសនា។ គឺ​ជា​ការ​គំរាមកំហែង​មក​ពី​របប​ឃាតកម្ម របបស្អប់​ស្រ្តីភេទ និង​របប​ស្អប់ខ្ពើម​ជនបរទេស។

អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ធ្លាប់​បានប្រកាស​អាសន្ន​រួច​ហើយ​ដោយ​បញ្ជាក់​ថា ស្ថានការណ៍​បាន​ឆ្លង​ផុត​ជំហានទី១០ ដែល​ឈាន​ទៅ​កាន់​អំពើ​ប្រល័យពូជសាសន៍។ ប្រសិន​បើ​ឥណ្ឌា​មិន​មាន​អ្វី​ត្រូវ​លាក់​បាំង​ទេ ឥណ្ឌា​ត្រូវ​តែ​អនុញ្ញាត​ឱ្យ​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ចូល​ទៅ​យកការណ៍​ដូច​ដែល​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោកស្រី​មីសែល បាស្ហឺឡេ​បាន​ទាមទារ។

ចំណែក​ប្រទេស​ប៉ាគីស្ថាន យើង​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​អនុញ្ញាត​ឲ្យ​គណៈកម្មការ​នេះ ឬ​ស្ថាប័ន​ណា​ផ្សេង​ចូល​ពិនិត្យ​នៅ​តំបន់កាស្មៀរ​ខាង​ប៉ាគីស្ថាន។ ដូច្នេះ​ឥណ្ឌា​ក៏​ត្រូវ​ធ្វើ​ដូច​គ្នា​នេះ​នៅ​តំបន់​កាស្មៀរ​ខាង​ខ្លួន​ដែរ។ លោក​ប្រធាន ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ត្រូវ​តែ​ទទួល​យក​តាម​សំណើសុំ​របស់​ប្រជាជន​កាស្មៀរ និង​ត្រូវ​ឆ្លើយតប​នឹង​សញ្ញាព្រមាន​នៃ​គ្រោះមហន្តរាយ​មួយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ