អង្គការ Amnesty International បរិហារពីអវត្តមានក្រមសីលធម៌ និងភាពគ្មានតម្លាភាពរបស់ឧស្សាហកម្មអាវុធ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៣
ចាប់ពីថ្ងៃអង្គារ ទី១០ ដល់ថ្ងៃសុក្រ ទី១៣ កញ្ញា ពិព័ណ៌គ្រឿងសព្វាវុធផ្តើមរៀបចំនៅក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។ គឺជាឱកាសមួយដែលអនុញ្ញាតឲ្យឧស្សាហកម្មអាវុធគ្រាក់ៗក្នុងលោកមកពីប្រទេសអឺរ៉ុប អាមេរិក រុស្ស៊ី ចិន អ៊ីស្រាអែល ឬប្រេស៊ីលដាក់តាំងអាវុធថ្មីៗគ្រប់ប្រភេទរបស់ខ្លួន។ តែឆ្លៀតក្នុងឱកាសនេះ អង្គការក្រៅរដ្ឋាភិបាល Amnesty International បានឆ្លៀតចេញផ្សាយរបាយការណ៍មួយដោយបរិហារពីអវត្តមានក្រមសីលធម៌ និងពីភាពគ្មានតម្លាភាពរបស់ឧស្សាហកម្មអាវុធ។ Amnesty International បានសោកស្តាយពីកង្វះការខិតខំប្រឹងប្រែងរបស់ឧស្សាហកម្មអាវុធទាំងនោះក្នុងការទប់ស្កាត់កុំឲ្យអាវុធរបស់ពួកគេរួមចំណែកដល់ការរំលោភសិទ្ធិមនុស្ស។
ទំរាំសម្រេចបានរបាយការណ៍មួយចេញផ្សាយពេលនេះ Amnesty International បានបើកការស៊ើបអង្កេត និងធ្វើការសួរនាំទៅកាន់ឧស្សាហកម្មអាវុធគ្រាក់ៗជាច្រើនក្នុងលោក។ អង្គការក្រៅរដ្ឋាភិបាលមួយនេះមិនចង់ដឹងពីជំនួញអាវុធរបស់ពួកគេទេ តែចង់ដឹងពីនយោបាយលក់អាវុធរបស់ពួកគេ និងចង់ដឹងថា តើអាវុធរបស់ពួកគេត្រូវបានយកទៅប្រើដោយគោរពតាមសន្ធិសញ្ញាអន្តរជាតិស្តីពីពាណិជ្ជកម្មអាវុធ ឬអត់។ នៅក្នុងន័យនេះ និងដើម្បីទទួលបានព័ត៌មានជាក់លាក់ Amnesty International បានធ្វើសំណើសុំជួបក្រុមហ៊ុនផលិតអាវុធធំៗដោយផ្ទាល់ក្នុងលោកចំនួន ២២ក្រុមហ៊ុន មិនថារបស់ប្រទេសអឺរ៉ុប អាមេរិក រុស្ស៊ី ចិន អ៊ីស្រាអែល ឬប្រទេសប្រេស៊ីលទេ។
តែក្នុងចំណោមក្រុមហ៊ុនទាំង ២២ ដែលបានសុំ មានតែ ៨ក្រុមហ៊ុនប៉ុណ្ណោះដែលបានយល់ព្រមឆ្លើយ ក្នុងនោះមាន ក្រុមហ៊ុន Airbus របស់អឺរ៉ុប ក្រុមហ៊ុន BAE Systeme និងក្រុមហ៊ុន Rolls-Royce របស់អង់គ្លេស ក្រុមហ៊ុន Leonardo របស់អ៊ីតាលី ក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុន Raytheon របស់អាមេរិកាំង ក្រុមហ៊ុន Saab របស់ស៊ុយអែត និងក្រុមហ៊ុន Thales របស់ប្រទេសបារាំង។ ចំណែក ១៤ក្រុមហ៊ុនផ្សេងទៀតបានបដិសេធមិនតបនឹងសំណើសុំជួបរបស់ Amnesty International ទេ។ នេះអាចថាជារឿងមួយធម្មតា ព្រោះការជួញដូរអាវុធជាជំនួញមួយរសើបខ្លាំងណាស់សម្រាប់ក្រុមហ៊ុនក៏ដូចជាប្រទេសរបស់ពួកគេ។ បើតាម Amnesty International ក្រុមហ៊ុនផលិតអាវុធទាំង ៨ ដែលយល់ព្រមឆ្លើយសុទ្ធសឹងជាក្រុមហ៊ុនដែលបានលក់អាវុធសម្រាប់ធ្វើសង្រ្គាមនៅក្នុងប្រទេសយេម៉ែន។
របាយការណ៍របស់Amnesty International បានសង្កេតឃើញជារួមថាក្នុងមួយឆ្នាំៗ ឧស្សាហកម្មអាវុធធំៗក្នុងលោក មិនថារបស់ប្រទេសណាមួយទេ គឺបានលក់អាវុធក្នុងបរិមាណយ៉ាងច្រើនសម្បើមទៅកាន់តំបន់ដែលគ្របដណ្តប់ដោយជម្លោះប្រដាប់អាវុធវឹកវរ និងបណ្តាប្រទេសដែលកំពុងស្គាល់អស្ថិរភាពខ្លាំង។ តែអ្វីដែល Amnesty International មានការសោកស្តាយខ្លាំងនៅត្រង់ថាជាទូទៅ អាវុធទាំងអស់នោះត្រូវបានយកទៅប្រើដោយខុសច្បាប់នៅក្នុងជម្លោះប្រដាប់អាវុធដែលមានបង្កប់ដោយទង្វើរំលោភសិទ្ធិមនុស្ស និងការបំពានច្បាប់មនុស្សធម៌។ អង្គការក្រៅរដ្ឋាភិបាលមួយនេះចង់ដាស់តឿនដល់ក្រុមហ៊ុនលក់អាវុធទាំងអស់ក្នុងលោកថា ពួកគេមានកាតព្វកិច្ចត្រួតពិនិត្យការប្រើប្រាស់អាវុធរបស់ពួកគេដូចដែលកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ និងរបស់អង្គការនៃកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ចបានតម្រូវ។
ការដែល Amnesty International បានលើកឡើងពីសង្រ្គាមនៅក្នុងប្រទេសយេម៉ែនមិនមែនជារឿងចៃដន្យឡើយ។ មិនចៃដន្យព្រោះសង្រ្គាមដែលបានផ្តួចផ្តើមដោយប្រទេសអារ៉ាប៊ីសាអូឌីតជាមួយប្រទេសអារ៉ាប់មួយចំនួនពេលនេះកំពុងបន្តសម្លាប់ជនស៊ីវិលយ៉ាងច្រើនសម្បើមជាមួយនឹងអាវុធរបស់អាមេរិកាំង បារាំង អ៊ីតាលី ឬមួយប្រទេសអង់គ្លេស។ បើការប្រើអាវុធនៅក្នុងជម្លោះ ហើយមានទិសដៅមួយនេះមិនមែនជារឿងខុសច្បាប់ និងមិនមែនជាទង្វើរំលោភសិទ្ធិមនុស្ស រួមទាំងបំពានច្បាប់មនុស្សធម៌ តើវាជាទង្វើអ្វីទៅ?។ តែក្រុមហ៊ុនផលិតអាវុធនីមួយៗក្នុងចំណោមក្រុមហ៊ុនទាំង ៨ ដែលសុទ្ធចិត្តឆ្លើយបានអះអាងស្រដៀងគ្នាថា ខ្លួនបានតាមដាន និងត្រួតពិនិត្យត្រឹមត្រូវលើការប្រើអាវុធដែលបានលក់ចេញ។
ក្រុមហ៊ុន Airbus បានបញ្ជាក់ថា ខ្លួនតែងធ្វើជំនួញប្រកបដោយក្រមសីលធម៌ ហើយក្រុមហ៊ុន Leonardo បានបញ្ជាក់ពីការលើកស្ទួយសិទ្ធមនុស្ស។ ចំណែកក្រុមហ៊ុនអាមេរិកាំង Lockheed Martin និងRaytheon បានអះអាងថា ពួកគេកំពុងបន្តធ្វើឱ្យប្រសើរឡើងនូវស្តង់ដារ និងការគ្រប់គ្រងអាជីវកម្មប្រកបដោយក្រមសីលធម៌ រួមទាំងការប្តេជ្ញាចិត្តខ្ពស់ក្នុងការគោរពសិទ្ធិមនុស្ស។ តែសម្រាប់ Amnesty International វិញ ចម្លើយរបស់ក្រុមហ៊ុនទាំងនេះបន្តស្រពិចស្រពិល ឬមួយគ្មានការពិតទាល់សោះ។ តាម Amnesty International គ្មានក្រុមហ៊ុនណាមួយដែលមានគោលនយោបាយប្រាកដប្រជា ឬនីតិវិធីពិសេសដើម្បីបញ្ជាក់ពីការលក់អាវុធប្រកបដោយក្រមសីលធម៌ និងមានតម្លាភាពរបស់ខ្លួនឡើយ។ សំណួរ បើអាវុធអាមេរិកាំង ឬបារាំងត្រូវបានប្រើសម្លាប់ជនស៊ីវិលនៅក្នុងជម្លោះប្រទេសណាមួយ តើវាជាកំហុសរបស់ក្រុមហ៊ុនផលិតអាវុធ ឬមួយជាកំហុសរបស់រដ្ឋាភិបាលបារាំង ឬរដ្ឋបាលអាមេរិកាំង?។
Amnesty International បានឆ្លើយដោយទម្លាក់ការទទួលខុសត្រូវលើរដ្ឋាភិបាលបារាំង ឬអាមេរិកាំង ព្រោះដើម្បីអាចនាំអាវុធចេញបាន ក្រុមហ៊ុនបារាំង ឬអាមេរិកាំងត្រូវទទួលបានការអនុញ្ញាតពីរដ្ឋអំណាចរបស់ប្រទេសខ្លួនជាមុនសិន។ ចំណែកក្រុមអ្នកជំនាញក៏បានយល់ឃើញដូចគ្នានេះដោយបានអះអាងថា មិនមែនក្រុមហ៊ុនទេដែលជាអ្នកទទួលខុសត្រូវចាត់ចែងលើសង្រ្គាម សន្តិភាព អប់រំ ឬដោះស្រាយពីភាពក្រីក្រ តែគឺរដ្ឋាភិបាល។ បើរដ្ឋាភិបាលបានសម្រេចលក់អាវុធទៅឲ្យប្រទេសណាមួយ ក្រុមហ៊ុននឹងធ្វើតាមដោយមិនប្រកែកទេ។ ពិតណាស់ ក្រុមហ៊ុនផលិតអាវុធក៏មានចំណែកទទួលខុសត្រូវរបស់ខ្លួនដែរ តែរដ្ឋមានកាតព្វកិច្ចការពារជនស៊ីវិល ប្រតិបត្តិតាមបទដ្ឋានអន្តរជាតិ និងត្រូវធ្វើឲ្យមានការគោរពច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ