អ្នកវិទ្យាសាស្រ្តរកឃើញវិធីសាស្រ្តថ្មីដើម្បីទប់ស្កាត់កុំឲ្យ មូសខ្លាអាចចម្លងមេរោគគ្រុនឈាម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០០
នៅតំបន់អាស៊ីអាគ្នេយ៍ ជម្ងឺគ្រុនឈាម កំពុងរាតត្បាត សម្លាប់មនុស្សរាប់រយនាក់ នៅប្រទេសហ្វីលីពីន និងកំពុងធ្វើឲ្យអ្នកជម្ងឺកកកុញ នៅតាមមន្ទីរពេទ្យ ក្នុងប្រទេសវៀតណាម ភូមា ម៉ាឡេស៊ីនិងកម្ពុជា ជាដើម។ អាកាសធាតុក្តៅខ្លាំង នៅឆ្នាំនេះ រួមផ្សំនឹងការធ្លាក់ចុះខ្សោយ នៃភាពបន្សាំ ក្នុងខ្លួនមនុស្ស ជាកត្តាអំណោយផល សំខាន់ធំពីរ សម្រាប់ ការរីករាលត្បាតសត្វមូស ខ្លា ដែលជាប្រភពចម្លងមេរោគគ្រុនឈាម។ នៅក្នុងកាលៈទេសៈ នេះ អ្នកវិទ្យាសាស្រ្ត កំពុងពិសោធន៍រក វិធីសាស្រ្តថ្មីដើម្បីកម្ចាត់ប្រភពចម្លងមេរោគគ្រុនឈាម។
វិធីសាស្រ្តថ្មីដែលអ្នកវិទ្យាសាស្រ្តកំពុងពិសោធន៍សាកល្បងនោះ គឺការចាក់ប្រភេទបាក់តេរី ម្យ៉ាងឈ្មោះ Wolbachia ទៅក្នុងខ្លួនសត្វមូសខ្លា ដែលគេកំពុងចិញ្ចឹម នៅក្នុងមន្ទីរពិសោធន៍។
បន្ទាប់មក គេបញ្ចេញ លែង សត្វមូសខ្លា ទាំងញី ទាំងឈ្មោះ ដែលមានបាក់តេរី Wolbachia នៅក្នុងខ្លួនរួចហើយនោះ ទៅក្នុងធម្មជាតិ។ ប៉ុន្មានសប្តាហ៍ក្រោយមក កូនៗមូសខ្លា ដែលមានឆ្លងបាក់តេរី Wolbachia នៅក្នុងខ្លួន គឺ មានសមត្ថភាព តិចណាស់ ដើម្បី អាចក្លាយជាប្រភព ចម្លងមេរោគគ្រុនឈាម ទៅមនុស្ស។
តាមកម្មវិធីពិភពលោកដើម្បី ប្រយុទ្ធប្រឆាំង សត្វមូស ដែលជាដឹកនាំការសិក្សាសាកល្បងលើកនេះ បាក់តេរី Wolbachiaនេះ មិនត្រឹមតែជួយទប់ស្កាត់កុំឲ្យសត្វមូសអាចចម្លងមេរោគគ្រុនឈាម ទៅមនុស្សតែប៉ុណ្ណោះទេ ប៉ុន្តែ វានឹងជួយផង មិនឲ្យសត្វមូសខ្លា អាចចម្លងវីរុសហ្ស៊ីកា ដែលផ្ទុះខ្លាំងនៅប្រទេសប្រេស៊ីល មេរោគChikungunya ហើយនិងមេរោគFièvre jaune ទៀតផង។
ការប៉ាន់ស្មានចុងក្រោយរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា មានករណីគ្រុនឈាមប្រមាណ៣៩០លាននាក់ក្នុងមួយឆ្នាំៗ នៅលើពិភពលោក។ នៅតំបន់អាស៊ីអាគ្នេយ៍ ជម្ងឺគ្រុនឈាម បានសម្លាប់មនុស្សច្រើនជាង ១៨០០នាក់ និងចម្លងមនុស្សយ៉ាងតិច ៦សែននាក់
បាក់តេរី ដែលគ្មានគ្រោះថ្នាក់ដល់ជីវិតមនុស្ស
អ្នកវិទ្យាសាស្រ្តបានរកឃើញបាក់តេរី wolbachia ដំបូងបំផុត នៅឆ្នាំ ១៩២០ នៅក្នុងខ្លួនសត្វមូស ដែលរស់នៅក្នុងប្រព័ន្ធបង្ហូរទឹកក្រោមដីមួយ នៅសកលវិទ្យាល័យអាមេរិកាំង Harvard University school of public health។
គេបានរកឃើញថា នៅក្នុងធម្មជាតិ សត្វល្អិត ប្រមាណ៦០% ដូចជា កន្ទុំរុយ រុយផ្លែឈើ ឬមេអំបៅរាត្រី មានបាក់តេរី wolbachia។ រហូតដល់ឆ្នាំ ១៩៧០ ទើបអ្នកវិទ្យាសាស្រ្តសិក្សា ឃើញថា តាមពិត គេអាចប្រើបាក់តេរី wolbachia ដើម្បី សម្លាប់កម្ចាត់សត្វសង្កើច។
សម្រាប់អ្នកវិទ្យាសាស្រ្តរបស់កម្មវិធី ពិភពលោកដើម្បីប្រយុទ្ធប្រឆាំងសត្វមូស បាក់តេរី wolbachia ដែលគេប្រើចាក់បញ្ចូលក្នុងមូសខ្លា គ្មានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ។
កន្លងមក គេបានប្រើវិធីសាស្រ្តជាច្រើន ដើម្បី ប្រយុទ្ធប្រឆាំងនឹងការចម្លងមេរោគគ្រុនឈាម ដូចជាការប្រើបាញ់ ថ្នាំមូស ថ្នាំ គីមី ដើម្បីសម្លាប់សត្វមូស ជាដើម ប៉ុន្តែ សម្រាប់អ្នកស្រាវជ្រាវរបស់កម្មវិធីពិភពលោក ប្រយុទ្ធប្រឆាំងសត្វមូស វិធីនេះ មិនសូវមានប្រសិទ្ធិភាពច្រើននោះទេ ប៉ុន្តែ ផ្ទុយទៅវិញ វាបានសម្លាប់សត្វល្អិតផ្សេងទៀត ដែលតាមពិតដើរតួសំខាន់នៅក្នុងប្រព័ន្ធ ជីវចម្រុះ។
មួយវិញទៀត គេវាយតម្លៃថា ថ្នាំគីមី លែងសូវមានប្រសិទ្ធិភាព សម្លាប់មូសខ្លា ព្រោះមូសខ្លាចេះតែវិវត្តខ្លួន រហូតដើម្បីស៊ាំនឹងថ្នាំមូស។ ថ្នាំមូសអាចមានប្រសិទ្ធិភាពសម្រាប់រយៈពេលខ្លី ព្រោះវាអាចធ្វើឲ្យសត្វមូស ស្ងាត់បាត់តែប៉ុន្មានថ្ងៃ ប៉ុន្តែ ក៏អាចត្រលប់មកខាំមនុស្សសាជាថ្មី នៅពេលគ្មានការប្រុងប្រយ័ត្ន។
សម្រាប់អ្នកវិទ្យាសាស្រ្ត នៅពេលថ្នាំគីមី លែងសូវមានប្រសិទ្ធិភាពលើសត្វមូស ហើយថែមទាំងសម្លាប់សត្វល្អិត ដែលមានប្រយោជន៍សម្រាប់ធម្មជាតិទៅវិញ យ៉ាងដូច្នេះ ការប្រើបាក់តេរី គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាព ដើម្បីកម្ចាត់សត្វមូស ដែលជាប្រភពចម្លងមេរោគគ្រុនឈាម ដល់មនុស្ស ជិត ១០០លាននាក់ នៅក្នុងពិភពលោក ជារៀងរាល់ឆ្នាំ។ នៅម៉ាឡេស៊ី និងសិង្ហបុរីជាដើម គេកំពុងពិសោធន៍ ប្រើបាក់តេរី ក្នុងក្របខ័ណ្ឌ ផ្សេង ដើម្បីកាត់បន្ថយ ចំនួនសត្វមូសខ្លា ប្រភពចម្លងមេរោគគ្រុនឈាម។
មូសខ្លា ឈ្មោល ដែលមានបាក់តេរី wolbachia ដែលគេលែងទៅក្នុងធម្មជាតិ នឹងមិនអាចទៅចូលរួមបង្កកំណើត ជាពងមូស ជាមួយ នឹងមូសខ្លាញីនោះទេ។
អ្នកវិទ្យាសាស្រ្តបានប្រឹងប្រែងរកវិធីសាស្រ្ត មធ្យោបាយជាច្រើនដើម្បី ប្រយុទ្ធប្រឆាំងនឹងការចម្លងមេរោគគ្រុនឈាម ដូចជាប្រើថ្នាំ គីមី ដើម្បីបំបាត់សត្វមូស ឬតាមរយៈប្រើបាក់តេរីដើម្បីធ្វើឲ្យមូស មិនអាចពង កើតជាកូនចៅ តទៅទៀតបាន។ ប៉ុន្តែ សម្រាប់អ្នកវិទ្យាសាស្រ្ត របស់កម្មវិធីប្រយុទ្ធប្រឆាំងសត្វមូស គោលដៅ របស់កម្មវិធីវិញ គឺមិនមែនលុបបំបាត់សត្វមូស ឲ្យអស់ពីផែនដីនោះទេ។ គោលដៅ សំខាន់គឺរកមធ្យោបាយ ដែលអាចរារាំងកុំឲ្យសត្វមូសអាចចម្លងមេរោគគ្រុនឈាមទៅមនុស្ស។
នៅភាគខាងជើងប្រទេសអូស្ត្រាលី ជាទីដែលគេបានសាកល្បងកម្មវិធីនេះមុនគេ វិធីសាស្រ្តចាក់បញ្ចូលបាក់តេរី ទៅក្នុងខ្លួនសត្វមូស មានប្រសិទ្ធិភាព កាត់បន្ថយការចម្លងមេរោគ គ្រុនឈាម ទៅមនុស្ស ដល់ទៅ ៩៨ភាគរយ។ កម្មវិធីនេះកំពុងត្រូវគេសាកល្បងនៅក្នុងប្រទេសចំនួន ៩ផ្សេងទៀត ដូចជាវៀតណាមជាដើម ជាទី ករណីឆ្លង មេរោគគ្រុនឈាម បានថយចុះ ៨៦ភាគរយ នៅខេត្ត វិញលុង ចាប់តាំងពីគេអនុវត្តវិធីសាស្រ្ត ចាក់បាក់តេរី wolbachiaទៅក្នុងក្នុងខ្លួន មូសខ្លា កាលពីឆ្នាំមុន។
អ្នកតំណាងកម្មវិធីពិភពលោកដើម្បីប្រយុទ្ធប្រឆាំង នឹងសត្វមូស នៅប្រទេសវៀតណាម ដែលជាអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងពីប្រសិទ្ធិភាពនៃវិធីសាស្រ្តប្រើបាក់តេរី wolbachiaដើម្បី ទប់ស្កាត់ការចម្លងមេរោគ គ្រុនឈាម នៅវៀតណាម។ គេសង្ឃឹមលទ្ធផលជាវិជ្ជមានមួយទៀត នៅប្រទេសឥណ្ឌូណេស៊ី។ ប៉ុន្តែ សម្រាប់អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក គេទាមទារឲ្យមានការពិសោធន៍ នៅក្នុងរយៈពេលយូរតទៅទៀត និងក្នុងទ្រង់ទ្រាយធំ ដើម្បី ប្រាកដឲ្យច្បាស់ក្នុងចិត្តថា វិធីសាស្រ្ត ចាក់បាក់តេរី ទៅក្នុងខ្លួនសត្វមូស ពិតជាមានប្រសិទ្ធិភាពមែន ដើម្បី កាត់បន្ថយការចម្លងមេរោគគ្រុនឈាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ