ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ប្រមុខដឹកនាំហុងកុងព្រមានអាមេរិកពី​ការលូកដៃចូលជ្រៀតជ្រែកនៅក្នុងវិបត្តិផ្ទៃក្នុងហុងកុង

media  
ប្រមុខដឹកនាំហុងកុងលោកស្រីការី ឡាំ Reuters

នៅ​ថ្ងៃ​អង្គារ ទី១០ កញ្ញា ប្រមុខដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​បាន​ចេញ​មុខ​ព្រមាន​អាមេរិក​ប្រឆាំង​នឹង​រាល់​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​នៅ​ក្នុង​វិបត្តិ​ហុងកុង។ លោកស្រី​ការី ឡាំ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ដោយ​បញ្ជាក់​បន្ថែម​ថា វា​មិន​សមរម្យ​ទាល់តែ​សោះ​សម្រាប់​ប្រទេស​មួយ​ដែល​លូកលាន់​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង។ ប្រតិកម្ម​ខ្លាំងៗ​របស់​លោកស្រី​ការី ឡាំ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ស្ថានកុងស៊ុល​អាមេរិកាំង​ក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​អាទិត្យ ទី៨ កញ្ញា។ គោលដៅ​នៃ​បាតុកម្ម​របស់​ពួក​គេ គឺ​ចង់​ឲ្យ​សភា​អាមេរិកាំង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​មួយ​សម្តែង​ការ​គាំទ្រ​ចំពោះ​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង។

គេ​នៅ​មិន​ទាន់​ដឹង​ចម្លើយ​របស់​អាមេរិក​ចំពោះ​ការ​ទាមទារ​ចង់​បាន​របស់​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ប្រមុខ​ដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​បាន​ចេញ​មុខ​ព្រមាន​ត្រង់ៗ​ថា សេចក្តីព្រាងច្បាប់​ណា​មួយ​របស់​អាមេរិក​ដែល​សំដៅ​លូកដៃ​នៅ​ក្នុង​កិច្ចការផ្ទៃក្នុង​ហុងកុង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពិសេស​រវាង​អាមេរិក និង​ហុងកុង។ ទំនាក់ទំនង​ពិសេស​ដែល​លោក​ការី ឡាំ​ចង់​និយាយ គឺ​ទំនាក់ទំនង​សេដ្ឋកិច្ច​ដែល​លោកស្រី​យល់​ថា បើ​មាន​ការ​ផ្លាស់ប្តូរ​ណា​មួយ​នៅ​ក្នុង​ទំនាក់ទំនងពិសេស​រវាង​អាមេរិក និង​ហុងកុង​ជះ​ផលវិបាក​ដល់​ភាគី​ទាំង​ពីរ។

ប្រមុខ​ដឹកនាំ​ហុងកុង​រូប​នេះ​ដដែល​បាន​បន្ថែម​ដោយ​សង្ឃឹម​ថា គ្មាន​មនុស្ស​ណា​ទៀត​នៅ​ហុងកុង​នឹង​បន្ត​ទាមទារ​សុំ​ឲ្យ​អាមេរិក​អនុម័ត​ច្បាប់​មួយ​ដែល​សំដៅ​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋអំណាច​ហុងកុង​ទេ។ គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ មាន​សមាជិកសភា​អាមេរិកាំង​ពី​គ្រប់​និន្នាការនយោបាយ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ចលនា​អ្នកប្រជាធិបតេយ្យ​ហុងកុង។ ចំណែក​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ដែល​កំពុង​មាន​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​ចិន​បាន​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​បញ្ជាក់​ជា​ថ្មី​ពី​កាតព្វកិច្ច​របស់​ចិន​ដែល​ត្រូវ​ដោះស្រាយ​វិបត្តិ​មួយ​នេះ។

គួរ​បញ្ជាក់​ថា ចិន​ធ្លាប់​បាន​ចោទ​អាមេរិក​ពី​បទ​បាន​គាំទ្រ​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង ហើយ​អាមេរិក​ក៏​ធ្លាប់​បាន​ច្រានចោល​លើ​ការ​ចោទ​ប្រកាន់​នេះ និង​បាន​ទាមទារ​ឲ្យ​ចិន​បង្ហាញ​ភស្តុតាង។ តែ​ចិន​មិន​បាន​បង្ហាញ​ភស្តុតាង​ជាក់ស្តែង​អ្វី ក្រៅ​ពី​សេចក្តីថ្លែងការណ៍​គាំទ្រ​បាតុករ​ហុងកុង​របស់​ឥស្សរជន​នយោបាយ​អាមេរិកាំង​ទេ។ សូម​រម្លឹក​ថា តាំង​ពី​ខែ​មិថុនា​ដែល​ក្រុម​បាតុករ​អ្នក​ប្រជាធិបតេយ្យ​ហុងកុង​បាន​ផ្តើម​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​របស់​លោកស្រី​ការី ឡាំ​ដែល​គ្រោង​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិនដីគោក។ តែ​គេ​សង្កេត​ឃើញ​ថា ទោះ​បី​ជា​លោកស្រី​ការី ឡាំ​បាន​ព្យួរ និង​បាន​ប្រកាស​ដក​សេចក្តីព្រាងច្បាប់​នោះ​ចេញ​វិញ​ក៏​ដោយ​ក៏​ក្រុម​អ្នក​ប្រជាធិបតេយ្យ​មិន​បញ្ឈប់​បាតកម្ម​ដែរ។

នៅ​មាន​លក្ខខណ្ឌ​ចំនួន ៤ ទៀត​ដែល​ប្រជាជន​ហុងកុង​បន្ត​ទាមទារ​ពេល​នេះ ទី១ បើក​ការ​ស៊ើបអង្កេត​មួយ​ស្តីពី​ទង្វើ ឥរិយាបទ​របស់​កម្លាំង​ប៉ូលិស ទី២ លើកលែង​ទោស​ដល់​បាតុករ​ដែល​បាន​ចាប់​ខ្លួន ទី៣ បញ្ឈប់​ការ​ហៅ​បាតុករ​ថា​ជា​កុប្បករ ឬ​អ្នក​បះបោរ និង​ទី៤ បង្កើត​ប្រព័ន្ធ​បោះឆ្នោត​សកល​សម្រាប់​ជ្រើសរើស​ប្រមុខដឹកនាំ​ហុងកុង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ