ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT

អង្គការ Amnesty International បរិហារពីអវត្តមានក្រមសីលធម៌ និងភាពគ្មានតម្លាភាពរបស់ឧស្សាហកម្មអាវុធ

អង្គការ Amnesty International បរិហារពីអវត្តមានក្រមសីលធម៌ និងភាពគ្មានតម្លាភាពរបស់ឧស្សាហកម្មអាវុធ
 
អង្គការ Amnesty International បរិហារពីអវត្តមានក្រមសីលធម៌ និងភាពគ្មានតម្លាភាពរបស់ឧស្សាហកម្មអាវុធ SAM YEH / AFP

ចាប់​ពី​ថ្ងៃ​អង្គារ ទី១០ ដល់​ថ្ងៃ​សុក្រ ទី១៣ កញ្ញា ពិព័ណ៌​គ្រឿងសព្វាវុធ​ផ្តើម​រៀបចំ​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស។ គឺ​ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​ឲ្យ​ឧស្សាហកម្ម​អាវុធ​គ្រាក់ៗ​ក្នុង​លោក​មក​ពី​ប្រទេស​អឺរ៉ុប អាមេរិក រុស្ស៊ី ចិន អ៊ីស្រាអែល ឬ​ប្រេស៊ីល​ដាក់​តាំង​អាវុធ​ថ្មីៗ​គ្រប់​ប្រភេទ​របស់​ខ្លួន។ តែ​ឆ្លៀត​ក្នុង​ឱកាស​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល Amnesty International បាន​ឆ្លៀត​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​បរិហារ​ពី​អវត្តមាន​ក្រមសីលធម៌ និង​ពី​ភាព​គ្មាន​តម្លាភាព​របស់​ឧស្សាហកម្ម​អាវុធ។

Amnesty International បាន​សោកស្តាយ​ពី​កង្វះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ឧស្សាហកម្ម​អាវុធ​ទាំង​នោះ​ក្នុង​ការទប់​ស្កាត់​កុំ​ឲ្យ​អាវុធ​របស់​ពួក​គេ​រួម​ចំណែក​ដល់​ការ​រំលោភ​សិទ្ធិមនុស្ស។

ទំរាំ​សម្រេច​បាន​របាយការណ៍​មួយ​ចេញ​ផ្សាយ​ពេល​នេះ Amnesty International បាន​បើក​ការ​ស៊ើបអង្កេត និង​ធ្វើ​ការ​សួរ​នាំ​ទៅ​កាន់​ឧស្សាហកម្ម​អាវុធ​គ្រាក់ៗ​ជា​ច្រើន​ក្នុង​លោក។ អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​នេះ​មិន​ចង់​ដឹង​ពី​ជំនួញ​អាវុធ​របស់​ពួក​គេ​ទេ តែ​ចង់​ដឹង​ពី​នយោបាយ​លក់​អាវុធ​របស់​ពួក​គេ និង​ចង់​ដឹង​ថា តើ​អាវុធ​របស់​ពួក​គេ​ត្រូវ​បាន​យក​ទៅ​ប្រើ​ដោយ​គោរព​តាម​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ពាណិជ្ជកម្ម​អាវុធ ឬ​អត់។ នៅ​ក្នុង​ន័យ​នេះ និង​ដើម្បី​ទទួល​បាន​ព័ត៌មាន​ជាក់លាក់ Amnesty International បាន​ធ្វើ​សំណើ​សុំ​ជួប​ក្រុមហ៊ុន​ផលិតអាវុធ​ធំៗ​ដោយ​ផ្ទាល់​ក្នុង​លោក​ចំនួន ២២ក្រុមហ៊ុន មិន​ថា​របស់​ប្រទេស​អឺរ៉ុប អាមេរិក រុស្ស៊ី ចិន អ៊ីស្រាអែល ឬ​ប្រទេស​ប្រេស៊ីល​ទេ។

តែ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ២២ ដែល​បាន​សុំ មាន​តែ ៨ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​បាន​យល់ព្រម​ឆ្លើយ ក្នុង​នោះ​មាន ក្រុមហ៊ុន Airbus របស់​អឺរ៉ុប ក្រុមហ៊ុន BAE Systeme និង​ក្រុមហ៊ុន Rolls-Royce របស់​អង់គ្លេស ក្រុមហ៊ុន Leonardo របស់​អ៊ីតាលី ក្រុមហ៊ុន Lockheed Martin និង​ក្រុមហ៊ុន Raytheon របស់​អាមេរិកាំង ក្រុមហ៊ុន Saab របស់​ស៊ុយអែត និង​ក្រុមហ៊ុន Thales របស់​ប្រទេស​បារាំង។ ចំណែក ១៤ក្រុមហ៊ុន​ផ្សេង​ទៀត​បាន​បដិសេធ​មិន​តប​នឹង​សំណើ​សុំជួប​របស់ Amnesty International ទេ។ នេះ​អាច​ថា​ជា​រឿង​មួយ​ធម្មតា ព្រោះ​ការ​ជួញដូរ​អាវុធ​ជា​ជំនួញ​មួយ​រសើប​ខ្លាំង​ណាស់​សម្រាប់​ក្រុមហ៊ុន​ក៏​ដូច​ជា​ប្រទេស​របស់​ពួក​គេ។ បើ​តាម Amnesty International ក្រុមហ៊ុន​ផលិត​អាវុធ​ទាំង ៨ ដែល​យល់ព្រម​ឆ្លើយ​សុទ្ធ​សឹង​ជា​ក្រុមហ៊ុន​ដែល​បាន​លក់​អាវុធ​សម្រាប់​ធ្វើ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន។

របាយការណ៍​របស់​Amnesty International បាន​សង្កេត​ឃើញ​ជា​រួម​ថា​ក្នុង​មួយ​ឆ្នាំៗ ឧស្សាហកម្ម​អាវុធ​ធំៗ​ក្នុង​លោក មិន​ថា​របស់​ប្រទេស​ណា​មួយ​ទេ គឺ​បាន​លក់​អាវុធ​ក្នុង​បរិមាណ​យ៉ាង​ច្រើន​សម្បើម​ទៅ​កាន់​តំបន់​ដែល​គ្រប​ដណ្តប់​ដោយ​ជម្លោះ​ប្រដាប់អាវុធ​វឹកវរ និង​បណ្តា​ប្រទេស​ដែល​កំពុង​ស្គាល់​អស្ថិរភាព​ខ្លាំង។ តែ​អ្វី​ដែល Amnesty International មាន​ការ​សោកស្តាយ​ខ្លាំង​នៅ​ត្រង់​ថា​ជា​ទូទៅ អាវុធ​ទាំង​អស់​នោះ​ត្រូវ​បាន​យក​ទៅ​ប្រើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​ដែល​មាន​បង្កប់​ដោយ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំពាន​ច្បាប់មនុស្សធម៌។ អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​នេះ​ចង់​ដាស់​តឿន​ដល់​ក្រុមហ៊ុន​លក់​អាវុធ​ទាំង​អស់​ក្នុង​លោក​ថា ពួក​គេ​មាន​កាតព្វកិច្ច​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​អាវុធ​របស់​ពួក​គេ​ដូច​ដែល​កិច្ចព្រមព្រៀង​របស់​អង្គការសហប្រជាជាតិ និង​របស់​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​បាន​តម្រូវ។

ការ​ដែល Amnesty International បាន​លើក​ឡើង​ពី​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ។ មិន​ចៃដន្យ​ព្រោះ​សង្រ្គាម​ដែល​បាន​ផ្តួចផ្តើម​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ជាមួយ​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ពេល​នេះ​កំពុង​បន្ត​សម្លាប់​ជនស៊ីវិល​យ៉ាង​ច្រើន​សម្បើម​ជាមួយ​នឹង​អាវុធ​របស់​អាមេរិកាំង បារាំង អ៊ីតាលី ឬ​មួយ​ប្រទេស​អង់គ្លេស។ បើ​ការ​ប្រើ​អាវុធ​នៅ​ក្នុង​ជម្លោះ ហើយ​មាន​ទិសដៅ​មួយ​នេះ​មិន​មែន​ជា​រឿង​ខុសច្បាប់ និង​មិនមែន​ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស រួម​ទាំង​បំពាន​ច្បាប់មនុស្សធម៌ តើ​វា​ជា​ទង្វើ​អ្វី​ទៅ?។ តែ​ក្រុមហ៊ុន​ផលិតអាវុធ​នីមួយៗ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៨ ដែល​សុទ្ធចិត្ត​ឆ្លើយ​បាន​អះអាង​ស្រដៀង​គ្នា​ថា ខ្លួន​បាន​តាម​ដាន និង​ត្រួតពិនិត្យ​ត្រឹមត្រូវ​លើ​ការ​ប្រើ​អាវុធ​ដែល​បាន​លក់​ចេញ។

ក្រុមហ៊ុន Airbus បាន​បញ្ជាក់​ថា ខ្លួន​តែង​ធ្វើ​ជំនួញ​ប្រកប​ដោយ​ក្រមសីលធម៌ ហើយ​ក្រុមហ៊ុន Leonardo បាន​បញ្ជាក់​ពី​ការ​លើក​ស្ទួយ​សិទ្ធមនុស្ស។ ចំណែក​ក្រុមហ៊ុន​អាមេរិកាំង Lockheed Martin និង​Raytheon បាន​អះអាង​ថា ពួក​គេ​កំពុង​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្តង់ដារ និង​ការ​គ្រប់គ្រង​អាជីវកម្មប្រកប​ដោយ​ក្រមសីលធម៌ រួម​ទាំង​ការ​ប្តេជ្ញាចិត្តខ្ពស់​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស។ តែ​សម្រាប់ Amnesty International វិញ ចម្លើយ​របស់​ក្រុមហ៊ុន​ទាំង​នេះ​បន្ត​ស្រពិចស្រពិល ឬ​មួយ​គ្មាន​ការ​ពិត​ទាល់​សោះ។ តាម Amnesty International គ្មាន​ក្រុមហ៊ុន​ណា​មួយ​ដែល​មាន​គោលនយោបាយ​ប្រាកដប្រជា ឬ​នីតិវិធីពិសេស​ដើម្បី​បញ្ជាក់​ពី​ការ​លក់​អាវុធ​ប្រកប​ដោយ​ក្រមសីលធម៌ និង​មាន​តម្លាភាព​របស់​ខ្លួន​ឡើយ។ សំណួរ បើ​អាវុធ​អាមេរិកាំង ឬ​បារាំង​ត្រូវ​បាន​ប្រើ​សម្លាប់​ជនស៊ីវិល​នៅ​ក្នុង​ជម្លោះ​ប្រទេស​ណា​មួយ តើ​វា​ជា​កំហុស​របស់​ក្រុមហ៊ុន​ផលិតអាវុធ ឬ​មួយ​ជា​កំហុស​របស់​រដ្ឋាភិបាល​បារាំង ឬ​រដ្ឋបាល​អាមេរិកាំង?។

Amnesty International បាន​ឆ្លើយ​ដោយ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​រដ្ឋាភិបាល​បារាំង ឬ​អាមេរិកាំង ព្រោះ​ដើម្បី​អាច​នាំ​អាវុធ​ចេញ​បាន ក្រុមហ៊ុន​បារាំង ឬ​អាមេរិកាំង​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋអំណាច​របស់​ប្រទេស​ខ្លួន​ជា​មុន​សិន។ ចំណែក​ក្រុម​អ្នកជំនាញ​ក៏​បាន​យល់​ឃើញ​ដូច​គ្នា​នេះ​ដោយ​បាន​អះអាង​ថា មិនមែន​ក្រុមហ៊ុន​ទេ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចាត់ចែង​លើ​សង្រ្គាម សន្តិភាព អប់រំ ឬ​ដោះស្រាយ​ពី​ភាព​ក្រីក្រ តែ​គឺ​រដ្ឋាភិបាល។ បើ​រដ្ឋាភិបាល​បាន​សម្រេច​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​ណា​មួយ ក្រុមហ៊ុន​នឹង​ធ្វើ​តាម​ដោយ​មិន​ប្រកែក​ទេ។ ពិតណាស់ ក្រុមហ៊ុន​ផលិតអាវុធ​ក៏​មាន​ចំណែក​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ដែរ តែ​រដ្ឋ​មាន​កាតព្វកិច្ច​ការពារ​ជនស៊ីវិល ប្រតិបត្តិ​តាម​បទដ្ឋាន​អន្តរជាតិ និង​ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​គោរព​ច្បាប់៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អាមេរិកអនុម័តគម្រោងលក់យន្តហោះចម្បាំងF-16 ចំនួន​៦៦គ្រឿង ឱ្យតៃវ៉ាន់

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

    ស្វែងយល់បន្ថែម

  • បារាំង-សព្វាវុធ

    ការនាំអាវុធបារាំង​ចេញ​បានកើនឡើង ៣០% ក្នុងឆ្នាំ ២០១៨ ហើយតំបន់ដើមបូព៌ា និងមជ្ឈិមបូព៌ាបន្តជាអតិថិជនទី១

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ