អានតួអត្ថបទ
ជម្លោះពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ ពន្យារ​ការដំឡើងពន្ធថ្មី​លើ​ទំនិញអាមេរិក

វ៉ាស៊ីនតោន និង​ប៉េកាំង​ បាន​ព្រមព្រៀងគ្នា ផ្អាក​សង្រ្គាម​ដំឡើងពន្ធលើ​ទំនិញ មួយរយៈ ដើម្បី​ទុក​ពេល​ឲ្យ​ក្រុមចរចា​របស់​ប្រទេស​ទាំងពីរ អាច​ចាប់ផ្តើម​ការងារ ចរចា​ឡើងវិញ នៅ​ដើម​ខែ​តុលា​ខាងមុខ។ គឺ​ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ដែល​បាន​សរសេរ​ប្រកាស​ដំណឹងនេះ នៅក្នុង​សារTwitter របស់លោក កាលពី​ថ្ងៃ​ពុធ​ទី១១ កញ្ញា ២០១៩។ 

មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក បានផ្តើម​សង្រ្គាមពាណិជ្ជកម្ម​តាំង​ពី​ខែ មីនា ២០១៨
មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក បានផ្តើម​សង្រ្គាមពាណិជ្ជកម្ម​តាំង​ពី​ខែ មីនា ២០១៨ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ការលើកថ្ងៃ ដំឡើងពន្ធ​លើ​ទំនិញ​ចិន ត្រូវ​បាន​ប្រធានាធិបតី អាមេរិក ពន្យល់ថា ធ្វើឡើង ក្នុង​បំណងល្អ។ គម្រោង​ដំឡើង​ពន្ធ ៥%​បន្ថែម​ទៀត លើ​ទំនិញ​ចិន នាំចូល​ទៅ​អាមេរិក ត្រូវ​ចាប់អនុវត្ត​ជា​ផ្លូវការ ពី​ថ្ងៃទី ១​តុលា ប៉ុន្តែ នៅ​ថ្ងៃ​ពុធ ម្សិលមិញ លោក ដូណាល់ ត្រាំ បាន​ប្រកាស​លើក​ពេល​ទៅ​នៅ​ថ្ងៃទី ១៥​តុលា​វិញ។

នៅក្នុង​សង្រ្គាម​ពាណិជ្ជកម្ម ជាមួយ​ចិន រដ្ឋបាល​លោកដូណាល់ ត្រាំ កាលពី​ខែ​សីហា​កន្លងទៅ បាន​ប្រកាស ដំឡើងពន្ធ បន្ថែមទៀត ពី ២៥% ទៅ ៣០ភាគរយ លើ​ទំនិញ​ចិន ប្រមាណ ២៥០ពាន់​លាន​ដុល្លារ។

នៅក្នុង​សារTwitter នៅ​ថ្ងៃ​ម្សិលមិញ លោកដូណាល់ ត្រាំ បាន​សរសេរ​ថា លោក​សម្រេច​ពន្យារពេល លើក​ថ្ងៃ ដំឡើង​ពន្ធ​លើ​ទំនិញចិន ក៏ដោយសារ​តែ​មាន​ការស្នើសុំ​ពីខាង​ឧបនាយករដ្ឋមន្រ្តី​ចិន ដែល​ថា ថ្ងៃទី​១ តុលា គឺ​ជា​ថ្ងៃ​ដែល​ចិន​ត្រូវ​ប្រារព្ធ​ខួប ៧០​ឆ្នាំ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

មួយ​វិញ​ទៀត បើ​តាម លោក​ដូណាល់ ត្រាំ លោក​យល់ព្រម ផ្អាក​លើក​ថ្ងៃ ដំឡើងពន្ធ​បន្ថែមទៀត លើ​ទំនិញ ចិន ក៏ដោយ​មក​ពីលោក​ឃើញ​សញ្ញា វិជ្ជមាន​ពី​ខាង​ភាគីចិន។ នៅក្នុង​ជំនួប​ជាមួយ​អ្នកកាសែត​នៅ​សេតវិមាន លោកដូណាល់ ត្រាំ បាន​ថ្លែង​ស្វាគម ជំហាន របស់​ទីក្រុង​ប៉េកាំង ដែលកាលពី​ថ្ងៃ​ពុធ ​បាន​សម្រេច លើកលែង មិន​ដំឡើងពន្ធ​លើ​ទំនិញ អាមេរិក ចំនួន​១៦ប្រភេទ។

ប៉ះពាល់ ដោយសារ​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក ទីក្រុង​ប៉េកាំង​បាន​សម្រេច ជាលើក​ទី​១ លុបចោល​គម្រោង ដំឡើងពន្ធ​បន្ថែម លើ​ទំនិញ​អាមេរិក ចំនួន ១៦មុខ ដែល​មាន​តាំង​ពី​ថ្នាំពេទ្យ ចំណីត្រី ហើយ​និង​ថ្នាំសម្លាប់​សត្វល្អិតជាដើម។ ដើម្បី សម្រាល​បន្ទុក​របស់​ក្រុមហ៊ុន​សហគ្រាស​ចិន ដែល​បាន​ត្អូញត្អែរពី​ការដំឡើងពន្ធ លើ​ទំនិញ​អាមេរិក ទីក្រុង​ប៉េកាំង​បាន​សម្រេច ផ្អាក មិន​ដំឡើង​ពន្ធ​បន្ថែម ចាប់ពីថ្ងៃ ទី ១៧​កញ្ញា​ឆ្នាំនេះ រហូត​ដល់​ថ្ងៃទី ១៦​កញ្ញា​ឆ្នាំក្រោយ (ឆ្នាំ ២០២០)។

ចំណាត់ការ​របស់​ចិន ជា​សញ្ញា​វិជ្ជមាន បំណងល្អ​របស់​ចិន ទៅ​កាន់​ប្រធានាធិបតី​អាមេរិក ដែល​បាន​បើក​សង្រ្គាមពាណិជ្ជកម្ម ជាមួយចិន តាមរយៈ ការដំឡើងពន្ធ លើ​ទំនិញ នាំចូលពី​ចិន តាំង​ពីខែមីនា ឆ្នាំមុន។ យ៉ាងណាក៏ដោយ កាយវិការ​លើកលែង​របស់​ចិន មាន​កំណត់ ព្រោះថា ចិន​នៅតែ​អនុវត្ត​យកពន្ធ​ធ្ងន់ លើ​ទំនិញ​អាមេរិក សំខាន់ៗ​ដូចជា សណ្តែក និង​សាច់ជ្រូក​ជាដើម។

អាមេរិក និង​ចិន​សម្រេច​ផ្អាក ធ្វើសង្រ្គាម​មួយរយៈ ក៏ដើម្បី បើកផ្លូវ​ទុក​ឲ្យ​អ្នកចរចា​របស់​ប្រទេស​ទាំងពីរ​អាច​ចាប់ផ្តើម​ជួបពិភាក្សា​គ្នា សាជាថ្មី សម្រាប់​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​នឹង​គ្នា។ នៅ​ដើម​ខែ​ឧសភា​កន្លងទៅ អាមេរិក​និង​ចិន​ចរចា​ត្រូវរ៉ូវគ្នា រហូត​ជិត ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទៅហើយ ប៉ុន្តែ ការចរចា​ក៏បាន​ផ្អាកទៅវិញ នៅក្រោយ​លោកដូណាល់ ត្រាំ ចោទប្រកាន់​ភាគី​ចិនថា មិន​គោរព​សន្យា។

នៅក្នុង​ការចរចា​ដើម្បី បិទបញ្ចប់​សង្រ្គាមពាណិជ្ជកម្ម វ៉ាស៊ីនតោន​បាន​ទាមទារ​ភាគី​ចិន ឲ្យ​ឈប់​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មោះត្រង់ ដូចជា ការបង្ខំ​ទាញយកប្រយោជន៍​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំង ការអន្តរាគមន៍​ជួយ​របស់​រដ្ឋ សម្រាប់ក្រុមហ៊ុន​ចិន ហើយ​និង​ការលួច​កម្មសិទ្ធិបញ្ញាជាដើម។

លោកដូណាល់ ត្រាំធ្លាប់​អះអាងថា លោក​នឹង​ចុះ​ហត្ថលេខា​តែ​លើ​កិច្ចព្រមព្រៀង​ល្អតែប៉ុណ្ណោះ។ លោក​បាន​គំរាម​រួចហើយ​ដែរថា ពីពេលនេះ រហូត​ដល់​ចុងឆ្នាំ លោក​នឹង​សម្រេច​ដំឡើងពន្ធ បន្ថែមទៀត លើទំនិញ​ចិន​ទាំងអស់ ដែល​នាំចូល​ទៅ​អាមេរិក ដែល​មាន​តម្លៃ ៥៤០ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ