ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អាស៊ី

ហុងកុង ៖ បាតុកម្ម​នៅមុខ​ស្ថាន​កុងស៊ុល​អង់គ្លេស ដើម្បី​សុំ​ការគាំទ្រ​ពី​អន្តរជាតិ

media  
បាតុកម្ម​សុំ​ការ​គាំទ្រ​ពី​អង់គ្លេស​នៅ​មុខ​ស្ថានកុងស៊ុលប្រចាំ​ទីក្រុង​ហុងកុង REUTERS/Athit Perawongmetha

សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង រាប់​រយ​នាក់ បាននាំ​គ្នា​ទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានកុងស៊ុល​អង់គ្លេស​ប្រចាំ​ក្រុង​ហុងកុង​ នៅ​ថ្ងៃ​អាទិត្យ​ទី ១៥ កញ្ញា ដើម្បី​សុំ​ការ​គាំទ្រ​ពី​ទីក្រុង​ឡុងដ៍ និងខ្លះ​បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​ហុងកុង​អាច​ទទួល​បាន​​សញ្ជាតិអង់គ្លេស ឬ​សញ្ជាតិ​ណា​មួយ​នៃ​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​Commonwealth។

ទង់ជាតិអង់គ្លេស កំពុង​លេច​ត្រដែត​លាយ​លំ​ជាមួយ​នឹង​​ឆ័ត្រ ដែល​ជា​និម្មិត្ត​រូប​នៃចលនា​ប្រឆាំង​នៅ​​ហុងកុង។ បាតុករ​រាប់​សិប​រយ​នាក់ បាន​មក​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានកុងស៊ុល​អង់គ្លេស​ប្រចាំ​ក្រុង​ហុងកុង ដើម្បី​សុំ​ការ​គាំទ្រ​បន្ថែម​ពី​ក្រុង​ឡុងដ៍។ ចម្រៀង​ជាតិ​អង់គ្លេស​ លាន់​រងំ​ចេញ​ពី​បបូរមាត់​ហ្វូង​បាតុករ ដែល​ស្រែក​លាយ​លំ​បន្ទោស​​អង់គ្លេសថា​មិន​បាន​ដាក់​គំនាប​លើ​ប៉េកាំង​ឱ្យ​បាន​សម​នឹង​ទង្វើ។ ខ្លះ​ស្រែក​​ជ័យឃោស និងបដាដែល​មាន​ខ្លឹមសារ​ជា​អាទិ៍​ថា “សេចក្តី​ថ្លែងការ​រួម​ចិន-អង់គ្លេស គ្មាន​ន័យ ! សូមជួយ​ហុងកុង !”។

បាតុករ​ជា​ច្រើន​ផ្សេង​ទៀត បានស្នើ​សុំ​ឱ្យ​ពលរដ្ឋ​ហុងកុង​មាន​លទ្ធភាព​ទទួល​សញ្ជាតិ​អង់គ្លេស​ ឬ​សញ្ញាតិ​របស់​ប្រទេស​ណាមួយ​ដែលស្ថិត​នៅ​ក្នុង​​ក្រុមប្រទេស​Commonwealth (១៥ប្រទេស​ដែល​មាន​ព្រះ​មហាក្សត្រីយានីអេលីហ្សាបែត ២ ជា​ប្រមុខ​រដ្ឋ មាន​ជាអាទិ៍ កាណាដា អូស្ត្រាលី ឬ​នូវែលហ្សេឡង់ ...)។ តាំង​ពីមុន​និង​ក្រោយ​ការ​ផ្ទេរ​ហុងកុង​មកឱ្យ​ចិន ​ពលរដ្ឋ​ហុងកុងអាច​​ទទួល​លិខិត​ឆ្លង​ដែន​ពិសេស ដូច​ពលរដ្ឋ​អង់គ្លេស​រស់​នៅ​បរទេសដែរ ប៉ុន្តែ​លិខិត​ឆ្លង​ដែន​នេះ ពុំ​បាន​ផ្តល់​សិទ្ធិឱ្យ​ស្នាក់នៅ​និង​ប្រកបការងារ​ជា​អចិន្ត្រៃយ៍​នៅ​អង់គ្លេស​ទេ។ ហេតុដូច្នេះ​ហើយ​បាន​ក្រុម​បាតុករ​យល់​ថា អង់គ្លេស គួរ​តែ​ប្តូរ​លក្ខន្តិកៈ​នៃ​ការ​ផ្តល់​លិខិត​ឆ្លង​ដែន​អង់គ្លេស​នៅ​ឯនាយ​សមុទ្ទ។ សមាជិក​សភា​អង់គ្លេស ១៣០​រូប ក៏​បានចុះ​ហត្ថលេខា​លើ​លិខិត​ចំហ​មួយដែរ នៅ​សប្តាហ៍​នេះ​ស្នើ​សុំ​ឱ្យ​អង់គ្លេស និង​ប្រទេស​ក្នុង​ក្រុម​Commonwealth ទទួល​យក​ពលរដ្ឋ​ហុងកុង​ដែល​ចង់​និរទេស​ខ្លួន។

តាំង​ពី​ខែ​មិថុនា​មក ហុងកុង​បាន​ឆ្លង​កាត់​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ទេ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ ឆ្នាំ​ដែល​អង់គ្លេស​បាន​ប្រគល់​ហុងកុង​មក​ឱ្យ​ចិន​វិញ។ បាតុកម្ម​មាន​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ទាមទារ​ឱ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ និង​ដើម្បី​បរិហារ​ទង្វើ​បង្ក្រាប​ដ៏ហិង្សា​របស់​ប៉ូលិស​មក​លើ​បាតុករ។ នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បាតុករ​ហុងកុង​បាន​បង្កើន​សកម្មភាព​ដើម្បី​ទាក់ទាញ​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​គាំទ្រ។ តំណាង​សកម្មជន​ប្រជាធិបតេយ្យ​ Joshua Wong បាន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក និង​ទៅ​ជួប​តំណាងរាស្ត្រ​អាមេរិក​ដើម្បីឱ្យ​លោក​ត្រាំ បញ្ជូល​ករណី​សិទ្ធិមនុស្ស​នៅ​ហុងកុង​ទៅក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ប៉េកាំង។ ហើយ​ក្រោយ​បាតុកម្ម​នៅមុខ​ស្ថានកុងស៊ុល​អង់គ្លេស បាតុករហុងកុង​បានដង្ហែ​ក្បួន​ទៅ​កាន់​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​កោះ ដែល​ប៉ូលិស​ហាមឃាត់។ ការ​ប៉ះទង្គិច​បាន​កើត​ឡើង​នៅ​វេលាម៉ោង​៦​ល្ងាច​ (ម៉ោង​នៅ​ហុងកុង) ដោយ​ប៉ូលិស​បាន​បាញ់​គ្រាប់​បែក​ផ្សែង និង​កាណុង​​ទឹក ​បំបែក​បាតុករដែល​​បាន​នាំ​គ្នា​គប់​ដុំ​ថ្ម និង​ដប​សាំង​មកលើ​ប៉ូលិស៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ