អានតួអត្ថបទ

អង្គការសហប្រជាជាតិ ៖ រ៉ូហ៊ីងយ៉ានៅភូមា រស់ក្រោមគំនាប “ប្រល័យពូជសាសន៍”

ជនជាតិរ៉ូហ៊ីងយ៉ា ទាំង​​៦សែន​នាក់ នៅ​ភូមា ​កំពុងរស់​ក្រោម​ការ​គំរាមកំហែង “​ប្រល័យ​ពូជសាសន៍” ជា​រៀង​រាល់​ថ្ងៃ ! បើមាន​ស្ថានភាព​​យ៉ាង​ដូច្នេះ តើ​ធ្វើ​ដូចម្តេចនឹង​អាច​ ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ជាង​៧​សែន​នាក់​នៅ​បង់ក្លាដែស​បាន ! នេះ​បើ​តាម​សម្រែក​អាសន្ន​របស់​ក្រុម​អ្នក​អង្កេត​អង្គការ​សហប្រជាជាតិ ដែល​អំពាវនាវ​ឱ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ បើក​សវនការ​ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​ភូមា​ ពី​បទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ជនរ៉ូហ៊ីងយ៉ា​បន្ត​រងទុក្ខបុកម្នេញ​ពី​សំណាក់​យោធា​ភូមា
ជនរ៉ូហ៊ីងយ៉ា​បន្ត​រងទុក្ខបុកម្នេញ​ពី​សំណាក់​យោធា​ភូមា REUTERS/Hannah McKay
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍ ដែល​នឹង​ត្រូវ​ដាក់​ជូន​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម​អ្នក​អង្កេត​​បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នាំ​ករណី​ភូមា ឡើង​ទៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​បង្កើត​តុលាការ​ពិសេស​មួយ ដូច​ករណី​អតីត​យូហ្កោស្លាវី និង​រវ៉ាន់ដា។ បន្ថែម​ពី​លើ​ឈ្មោះ​ឧត្តមសេនីយ៍​៦​នាក់ក្នុង​របាយការណ៍​លើក​មុន ក្រុម​អ្នក​អង្កេត​មាន​បញ្ជី​សម្ងាត់​មួយ​ទៀត មាន​ឈ្មោះ​ ​​១០០ នាក់ ក្នុង​នោះខ្លះ​​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាល​ភូមាផង ថា​ជាប់​សង្ស័យ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ អំពើ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

នៅ​ក្នុង​របាយការណ៍​ថ្មី​នេះ គេ​មាន​ភស្តុតាង​ និងមូលហេតុ​សមរម្យ​ ដែល​អាច​សន្និដ្ឋាន​បាន​​អំពី​ឆន្ទៈ​បែប​ប្រល័យ​ពូជសាសន៍​របស់​រដ្ឋ កាន់​តែ​ច្បាស់​ណាស់ និង​មាន​សញ្ញា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​បញ្ជាក់​ថា​សកម្មភាព​ប្រល័យ​ពូជសាសន៍ អាច​នឹង​កើត​ឡើង ឬ​អាច​កើត​ឡើង​សាជា​ថ្មី។

កាលពី​ឆ្នាំ​ទៅ​ អង្គការ​សហប្រជាជាតិ​ធា្លប់​បាន​អំពាវនាវ​ឱ្យ​នាំមេឧត្តមសេនីយ៍​ភូមាគ្រាក់ៗ​ រាប់​ទាំង​អគ្គមេបញ្ជាការ​កងទ័ព​ មីន អូនឡាំង​ផង ទៅ​តុលាការ​ ពី​បទ​ប្រល័យ​ពូជសាសន៍។ ក្រុម​ប្រឹក្សា​ក៏​បាន​អំពាវនាវ​ជា​ញឹក​ញយ​ឱ្យ​ភូមា​បញ្ឈប់​ប្រតិបត្តិការ​យោធា​និង​រៀប​ចំការ​វិល​ត្រលប់​របស់​រ៉ូហ៊ីងយ៉ា​ប្រកប​ដោយ​សុវត្ថិភាព ប៉ុន្តែ​គ្រប់​គំនិត​ផ្តួច​ផ្តើម​សុទ្ធ​តែ​ត្រូវ​រារាំង​ដោយ​ចិន ដែល​មាន​សិទ្ធិប្រឆាំង​វ៉េតូ។

សម្រាប់​ក្រុម​អ្នក​អង្កេត​ដែល​ពុំ​ត្រូវ​បាន​អនុញ្ញត​ឱ្យ​ចូល​ទៅ​ដល់​ផ្ទាល់​ដល់​កន្លែង​កើត​ហេតុ ស្ថានភាព​កាន់​តែ​បន្ទាន់​ខ្លាំង​ទៀត ព្រោះ​ភូមា​កំពុង​តែ​បន្ត​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ប្រឆាំង​នឹង​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ជនជាតិ​រ៉ូហ៊ីងយ៉ា​ប្រមាណ​៦សែន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​កំណើត​របស់​ខ្លួន​ កំពុង​រងទុក្ខ​ទណ្ឌ​ជា​ស្វ័យប្រវត្តិ​និង​រស់​ក្រោម​គំនាប​និង​ការ​គំរាមកំហែង​ប្រល័យ​ពូជសាសន៍ជាប់​ជានិច្ច។ លក្ខខណ្ឌ​រស់​នៅ​របស់​ពួកគេ​ ធ្លាក់​ដុនដាប​កាន់​តែ​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នេះ។ នេះ​បើ​ក្រុម​អ្នក​អង្កេត​អង្គការ​សហប្រជាជាតិ​ដដែល ដែល​ពន្យល់​ថា​ ដោយ​សារ​មូលហេតុ​នេះ​ទើប​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​បង់ក្លាដែស​មក​ភូមាវិញ​មិន​អាច​ដំណើរ​ការ​ទៅ​កើត។

របាយការណ៍​នេះ​ក៏​បាន​ចោទ​ប្រកាន់​ក្រុម​យោធា​ ថា​បាន​រំលោភ​ជា​ថ្មី​លើ​ជនស៊ីវិល​នៅ​តំបន់​ភាគ​ខាង​ជើង​រដ្ឋ​រ៉ាឃីន។ តំបន់​ដែល​មាន​ជម្លោះ​ប្រដាប់​បាន​ផ្ទុះ​ជា​ថ្មី​ឡើង​វិញ​រវាង​ទាហាន​ភូមា​ជាមួយ​នឹង​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​អារ៉ាខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ