អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សេដ្ឋកិច្ច ហុងកុង តើវិបត្តិនយោបាយហុងកុងមានពាក់ព័ន្ធអ្វីនឹងវិសមភាពសង្គម?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អំឡុង​ពេល​ប៉ុន្មាន​ខែចុងក្រោយ ពោល​គឺ​តាំង​ពី​ខែ​មិថុនា ភាពវឹកវរ​នយោបាយ​កំពុងបន្ត​កើតមាន​ឡើងនៅទីក្រុងហុងកុង ហើយ​គ្រប់គ្នាសុទ្ធតែមើល​ឃើញថា វិបត្តិ​នេះ​បាន​ផ្ទុះឡើង ក្រោយ​ពីរដ្ឋាភិបាល​ហុងកុង​ស្នើ​​សេចក្តីព្រាងច្បាប់​ ដែល​គ្រោង​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង ​ទៅ​កាត់ទោស​នៅ​ចិនដីគោក។ ក៏ប៉ុន្តែ ស្របពេលជាមួយគ្នា វិសមភាពសង្គមក៏អាច​ជាកត្តា​ដ៏មាន​ឥទ្ធិពល​មួយ​ផងដែរ សម្រាប់ពន្យល់​​វិបត្តិនយោបាយនេះ។ នៅពេល​ណា​កម្រិត​វិសមភាពសង្គមចេះតែបន្តកើនឡើង ពលរដ្ឋហុងកុង​ភាគច្រើន​​ចេះតែមាន​អារម្មណ៍ថា រដ្ឋាភិបាលរបស់ខ្លួន​មិន​បាន​ធ្វើអ្វីឡើយ ​សម្រាប់​ផលប្រយោជន៍សង្គមទាំងមូល ក៏ប៉ុន្តែសម្រាប់​តែ​អ្នក​មាន និងសម្រាប់​តែរដ្ឋាភិបាលចិន​ដីគោក។

លោកស្រីTanya Chan អ្នកតាក់តែងច្បាប់​គាំទ្រលិទ្ធិប្រជាធិបតេយ្យ​នៅហុងកុង​ ថត​បន្ទាប់​ពី​សេចក្តីថ្លែងមួយ​ក្នុងអង្គប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស ស្វីស ថ្ងៃទី​​១៦ កញ្ញា​២០១៩
លោកស្រីTanya Chan អ្នកតាក់តែងច្បាប់​គាំទ្រលិទ្ធិប្រជាធិបតេយ្យ​នៅហុងកុង​ ថត​បន្ទាប់​ពី​សេចក្តីថ្លែងមួយ​ក្នុងអង្គប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស ស្វីស ថ្ងៃទី​​១៦ កញ្ញា​២០១៩ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ហុងកុង​កំពុងប្រឈម​នឹង​វិបត្តិនយោបាយ និង​ការ​​ងើបឡើងទាមទារប្រឆាំងតវ៉ាពី​សំណាក់​ប្រជាជន​ ជាទូទៅ ទល់​នឹង​រដ្ឋាភិបាល​ខ្លួនឯង ឬក៏​ទល់​នឹង​រដ្ឋាភិបាល​ចិនដីគោក។ ក៏ប៉ុន្តែ ​នៅមាន​កត្តា​ដ៏ឥទ្ធិពលមួយផ្សេងទៀត ហើយ​ដែល​ត្រូវគេមើល​រំលង​ នោះគឺ បញ្ហា​វិសមភាពសង្គម។ កម្រិតខ្ពស់​នៃ​វិសមភាពសង្គម ​​កំពុង​ធ្វើឱ្យ​​មាន​ការ​អាក់អន់ស្រពន់ចិត្ត​ពីប្រជាជន​​។ បរាជ័យរបស់​រដ្ឋាភិបាលស្វយ័ត ក្នុង​ការ​ដោះស្រាយ​​បញ្ហា​នេះ អាចបង្ហាញ​ថា វិបត្តិនយោបាយ និង​ការងើបឡើង​ធ្វើបាតុកម្មប្រកបដោយការ​ប្តេជ្ញាចិត្តខ្ពស់ពីប្រជាជន មិន​មែន​ត្រឹម​តែជាចលនា​ដើម្បី​ទាមទារ​ប្រជាធិបតេយ្យ​នោះទេ។

ប្រជាធិបតេយ្យហុងកុង និង​វឌ្ឍនភាពសេដ្ឋកិច្ច

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ ចក្រភពអង់គ្លេស​បាន​ចុះកិច្ចព្រមព្រៀង ប្រគល់ហុងកុងទៅ​ឱ្យ​រដ្ឋាភិបាល​ចិន​វិញ ក្រោម​ទម្រង់ដឹកនាំ “ប្រទេស​មួយ ប្រព័ន្ធពីរ”។ ក្រោម​ប្រព័ន្ធនេះ ពលរដ្ឋហុងកុងមាន​សិទ្ធិបោះឆ្នោតជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន ហើយ​រដ្ឋាភិបាលហុងកុង អាច​គ្រប់គ្រងកិច្ច​ការ​រដ្ឋ លើ​គ្រប់​វិស័យ​ទាំងអស់ ដាច់ដោយឡែកពីរដ្ឋាភិបាលចិនដីគោក លើកលែងតែក្នុងកិច្ចការ​អន្តរជាតិ និង​វិស័យយោធា។ រហូតមកដល់​ពេល​បច្ចុប្បន្ន ហុងកុងបាន​ក្លាយ​​ជា​ទីក្រុងមួយ ក្នុងចំណោមទីក្រុងដ៏​មានជាងគេបំផុតនៅលើពិភពលោក វាស់វែងដោយ​ចំណូលជាតិសម្រាប់មនុស្សម្នាក់ៗ។ ជាក់ស្ដែង ហុងកុងបានក្លាយជាមន្ទីរ​ពិសោធន៍មួយ ដើម្បី​អាចឱ្យ​គេស្វែងយល់ថាតើ នីតិរដ្ឋ និងប្រជាធិបតេយ្យដោយការបោះឆ្នោតជាសាកល អាចដំណើរការបាននៅក្នុងបរិបទចិន។ ទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់ទី១៦ សម្រាប់​សន្ទស្សន៍នីតិរដ្ឋ ស្ថិតនៅពីក្រោយប្រទេសជប៉ុន និងនាំមុខបារាំង (លេខ១៧) អេស្បាញ (ទី ២១) និងអ៊ីតាលី (ទី២៨) ។

ហុងកុង វិសមភាពសង្គម និងវិបត្តិនយោបាយ

ស្របពេល​ដែល​ហុងកុងមាន​កម្រិតនៃការអភិវឌ្ឍខ្ពស់ ទីក្រុង​អាស៊ីមួយ​នេះត្រូវប្រឈម​នឹង​​បញ្ហាសង្គម​មួយ​ផងដែរ ប៉ុន្តែ គ្រប់គ្នា​ហាក់​មិនអើពើ សម្រាប់​ការ​មិន​ពេញចិត្ត​របស់​ប្រជាជន​ហុងក្រុង។ បញ្ហា​នោះពាក់ព័ន្ធទៅនឹង ផល​ពីការអភិវឌ្ឍសេដ្ឋកិច្ចប្រមូលផ្ដុំ នៅលើ​ពលរដ្ឋអ្នកមានចំណូលខ្ពស់ និង​ក្រុមអ្នក​មាន​អំណាច​ មិន​ថា​ក្នុងវិស័យ​ជំនួញ ឬនយោបាយ។

ជាឧទាហរណ៍ មិន​ថា​និស្សិតម្នាក់ពូកែ ឬឆ្លាត​យ៉ាងណា ក្រោយ​ពីបញ្ចប់ការសិក្សា​នៅសាកលវិទ្យាល័យហុងកុង ពួកគេ​មិន​មាន​លទ្ធភាព​ទិញផ្ទះនោះទេ ទោះជាត្រូវខិតខំធ្វើការ​ អស់ច្រើន​ឆ្នាំហើយក៏ដោយ។ ទិដ្ឋភាព​សង្គមនេះបង្ហាញយ៉ាងច្បាស់អំពី ការកើន​ឡើង​កម្រិត​វិសមភាពក្នុងសង្គមហុងកុង។ អ្នក​មាន​ចំណូលទាប​ ដែលតំណាង​ឱ្យជាងពាក់កណ្តាល​នៃប្រជាជនហុងកុងសរុប មានជីវភាពយ៉ាប់យ៉ឺនជាងមុន ព្រោះ​ចំណូល​របស់ពួកគេមិន​បានកើន​ឡើងសោះ អំឡុង​រយៈពេលបីទសវត្សរ៍ចុងក្រោយ ខណៈ​តម្លៃទំនិញ ជាពិសេស​តម្លៃលំនៅដ្ឋាន បាន​កើនឡើង​ខ្ពស់កប់ពពក។

កម្រិត​វិសមភាពសង្គម ដែល​វាស់​វែងដោយ មេគុណ Gini (លេខ​សូន្យតំណាងឱ្យ​​កម្រិត​ខ្ពស់​បំផុត​នៃភាពស្មើគ្នា និងលេខ​មួយ​តំណាងឱ្យ​កម្រិត​ខ្ពស់​បំផុតនៃ​វិសមភាព) នៅទីក្រុងហុង បាន​កើន​ឡើង​ដល់ ០,៥៣៩ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៤៥ឆ្នាំ។ បើប្រៀបធៀបជាមួយ​ប្រទេស​ដទៃលើ​ពិភពលោក កម្រិតវិសមភាព​នេះ​មាន​ភាពធ្ងន់ធ្ងន់​ជាង​នៅ​សហរដ្ឋអាមេរិក​ទៀត ពោលគឺ​អាមេរិក​មាន​កម្រិត ០,៤១១ ប៉ុន្តែ កម្រិតវិសមភាពនៅអាមេរិក​ត្រូវគេចាត់ទុកថាមានភាពអាក្រក់បំផុតរួចទៅហើយ។

កម្រិតវិសមភាពខ្លាំងបំផុត​គឺ​កើតឡើង​នៅលើ​វិស័យលំនៅដ្ឋាន។ ទំហំលំនៅដ្ឋានសម្រាប់មនុស្សម្នាក់ៗនៅហុងកុងមានទំហំត្រឹមតែ ១៦ម៉ែត្រការ៉េ ប៉ុណ្ណោះ ក្នុង​ពេល​បច្ចុប្បន្ន ប្រៀបធៀបនឹង ៣៦ម៉ែត្រការ៉េ នៅទីក្រុងសៀងហៃ។ លើសពីនេះ មាន​ត្រឹម​ប្រជាជនហុងកុងជិត៤៥%ប៉ុណ្ណោះ ដែល​រស់នៅក្នុងផ្ទះជួល ឬផ្ទះឧបត្ថម្ភធនដោយរដ្ឋ ប៉ុន្តែ អត្រាមាន​ដល់​ ៩០% សម្រាប់គ្រួសារចិនដែល​មានផ្ទះយ៉ាងតិចមួយ។

បើ​ទោះជាអាច​រក​ចំណូល​ពន្ធបាន​រហូតដល់ជាង ១៤៧ពាន់លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ក៏រដ្ឋាភិបាលស្វយ័តហុងកុងនូវតែបរាជ័យ ក្នុងការដោះស្រាយវិសមភាពសង្គម ហើយ​បញ្ហានេះ​ក៏កំពុងរួមចំណែក​រុញច្រាន​ឱ្យ​ចលនាបាតុកម្ម​មានកម្លាំងកាន់តែខ្លាំងផងដែរ។

សរុបជារួម នៅពេល​ណា​កម្រិត​វិសមភាពសង្គមចេះតែបន្តកើនឡើង ពលរដ្ឋហុងកុង​ភាគច្រើន​​ចេះតែមាន​អារម្មណ៍ថា រដ្ឋាភិបាលរបស់ខ្លួន​មិន​បាន​ធ្វើអ្វីឡើយ ​សម្រាប់​ផលប្រយោជន៍សង្គមទាំងមូល ក៏ប៉ុន្តែ សម្រាប់​តែ​អ្នក​មាន និងសម្រាប់​តែរដ្ឋាភិបាលចិន​ដីគោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ