ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៥
នៅក្នុងប្រទេសជប៉ុន តុលាការក្រុងតូក្យូបានចេញសាលក្រមនាថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញាដោយសម្រេចឲ្យអតីតមេដឹកនាំក្រុមហ៊ុនអគ្គិសនីជប៉ុនហៅកាត់ Tepco ចំនួន ៣នាក់រួចខ្លួននៅក្នុងគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ា។ គ្រោះថ្នាក់ដែលបង្កដោយរលកយក្សស៊ូណាមីកាលពីជាង ៨ឆ្នាំមុន ពោលក្នុងថ្ងៃទី១១ មីនា ឆ្នាំ ២០១១។ រលកយក្សស៊ូណាមីកាលណោះបានសម្លាប់ជីវិតមនុស្សចំនួន ១៨ ៥០០នាក់។ ចំណែកគ្រោះហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ាមិនបានសម្លាប់មនុស្សភ្លាមៗនៅនឹងកន្លែងទេ។ តែសវនាការបានធ្វើ បន្ទាប់ពីមានអ្នកជំងឺ ៤៤នាក់នៅក្នុងមន្ទីរពេទ្យហ្វូតាបាបានស្លាប់។ អង្គការការពារបរិស្ថាន Greenpeace បានចាត់ទុកសាលក្រមរបស់តុលាការក្រុងតូក្យូពេលនេះថាជាការបរាជ័យម្តងទៀតរបស់ប្រព័ន្ធតុលាការជប៉ុនស្តីពីការការពារជនគ្រោះរាប់ពាន់នាក់នៅក្នុងគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ា។
អតីតមេដឹកនាំក្រុមហ៊ុន Tepco ដែលជាក្រុមហ៊ុនអគ្គិសនីជប៉ុនទាំង ៣នាក់ មានម្នាក់ជាអតីតប្រធានក្រុមប្រឹក្សារដ្ឋបាលលោកស៊ូនេហ៊ីសា កាត់ស៊ូម៉ាតាដែលបច្ចុប្បន្នមានអាយុ ៧៩ឆ្នាំ និង ២នាក់ទៀតជាអតីតអនុប្រធានគឺលោកសាកេ មូតូអាយុ ៦៩ឆ្នាំ និងលោកអ៊ីឈីរ៉ូ តាកេគូរ៉ូមានអាយុ ៧៣ឆ្នាំ។ អ្នកទាំង ៣ បានដឹកនាំក្រុមហ៊ុន Tepco ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១២។តុលាការក្រុងតូក្យូបានបញ្ជាក់ថា អ្នកទាំង ៣ មិនមែនជាអ្នកទទួលខុសត្រូវនៅក្នុងគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ាដោយរលកយក្សស៊ូណាមីកាលពីថ្ងៃទី១១ មីនា ឆ្នាំ ២០១១ ទេ។
តាមសាលក្រមរបស់តុលាការក្រុងតូក្យូ អតីតមេដឹកនាំក្រុមហ៊ុន Tepco ទាំង ៣រូបមិនអាចដឹងមុនបានឡើយពីកម្លាំង និងឥទ្ធិពលរបស់រលកយក្សស៊ូណាមី ហើយពួកគេទាំង ៣នាក់ក៏មិនអាចទាយទុកមុនបានដែរពីភាពធុនរបស់មជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស្ហ៊ីម៉ាប្រឈមនឹងរលកយក្សស៊ូណាមី។ សូមបញ្ជាក់ថា អតីតមេដឹកនាំក្រុមហ៊ុន Tepco ទាំង ៣នាក់ជាក្រុមមនុស្សដំបូងគេដែលបានទទួលការកាត់ទោសពាក់ព័ន្ធនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ាកាលពីជាង ៨ឆ្នាំមុន។ គួររម្លឹកថាកាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ ២០១៨ ក្រុមព្រះរាជអាជ្ញាបានទាមទារឲ្យកាត់ទោសដាក់គុកអតីតមេដឹកនាំក្រុមហ៊ុន Tepco ទាំង ៣នាក់ចំនួន ៥ឆ្នាំដែលជាទោសអតិបរមាមានចែងនៅក្នុងច្បាប់។
សវនាការមួយនេះវិះនឹងមិនអាចមានឡើង
នៅក្នុងជំហានដំបូង ក្រុមព្រះរាជអាជ្ញាបានបដិសេធដល់ទៅ ២ដងក្នុងការប្តឹងក្រុមហ៊ុន Tepco និងរដ្ឋាភិបាលជប៉ុនក្នុងរឿងគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ា។ ក្រុមព្រះរាជអាជ្ញាបានលើកឡើងថា Tepco ក្តី ឬរដ្ឋាភិបាលជប៉ុនក្តីមិនអាចប្រមើលមើលបានមុនពីវិសាលភាពនៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីបានទេ។ តែដោយមានគំនាប និងការតវ៉ាខ្លាំងពេកពីប្រជាជន ក្រុមព្រះរាជអាជ្ញាក៏បានទាមទារក្នុងថ្ងៃទី២៦ ធ្នូឆ្នាំ ២០១៨ ឲ្យកាត់ទោសដាក់គុកអតីតមេដឹកនាំក្រុមហ៊ុន Tepco ទាំង ៣នាក់ចំនួន ៥ឆ្នាំដែលជាទោសអតិបរមាមានចែងនៅក្នុងច្បាប់។
ការសម្រេចប្តឹងប្រឆាំងនឹងអតីតមេដឹកនាំក្រុមហ៊ុន Tepco ទាំង ៣នាក់ក៏ដោយសារតែមានអ្នកជម្ងឺចំនួន ៤៤នាក់ក្នុងមន្ទីរពេទ្យហ្វូតាបាបានស្លាប់ បន្ទាប់ពីពួកគេត្រូវបានជម្លៀសជាបន្ទាន់នៅក្រោយរលកយក្សស៊ូណាមី។ មន្ទីរពេទ្យហ្វូតាបាមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស្ហ៊ីម៉ាដែលរងគ្រោះថ្នាក់។ គួរបញ្ជាក់ថា រលកយក្សស៊ូណាមីកាលពីថ្ងៃទី១១ មីនា ឆ្នាំ ២០១១ បានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១៨ ៥០០នាក់ តែគ្មានមនុស្សណាម្នាក់បានបាត់បង់ជីវិតភ្លាមៗនឹងកន្លែងដោយផ្ទាល់នៅក្នុងគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ាទេ។
តែដោយប្រយោល គ្រោះថ្នាក់មួយនេះបានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើនពាន់នាក់ដោយសារតែលក្ខខណ្ឌជិវិតរស់នៅលំបាកលំបិនរបស់ពួកគេ នៅក្រោយការជម្លៀសខ្លួន។ ចូរកុំភ្លេចថា គ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ាបានបង្ខំមនុស្សជាច្រើនពាន់នាក់ដែលរស់ក្បែរនោះឲ្យភៀសខ្លួនទៅតាំងលំនៅកន្លែងផ្សេងដោយខ្លាចប៉ះនឹងសារធាតុវិទ្យុសកម្ម។
ក្តីក្តាំនៅតុលាការនឹងអាចបន្តមានរយៈពេល ១០ឆ្នាំទៅមុខទៀត
ជាង ៨ឆ្នាំក្រោយគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ា យុត្តិធម៌សម្រាប់ជនរងគ្រោះនៅមិនទាន់បានរកឃើញនៅឡើយទេ ពិសេសប្រជាជនហ្វូគូស្ហ៊ីម៉ា។ អង្គការការពារបរិស្ថាន Greenpeace បានចាត់ទុកសាលក្រមរបស់តុលាការក្រុងតូក្យូពេលនេះ ថាជាបរាជ័យម្តងទៀតរបស់ប្រព័ន្ធតុលាការជប៉ុនស្តីពីការការពារជនគ្រោះរាប់ពាន់នាក់នៅក្នុងគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ា។ ជាង ៨ឆ្នាំក្រោយគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ា អតីតមេដឹកនាំក្រុមហ៊ុន Tepco ទាំង ៣នាក់ជាក្រុមមនុស្សដំបូងគេដែលបានទទួលការកាត់ទោស។
តែកន្លងមក ក្រុមហ៊ុន Tepco និងរដ្ឋាភិបាលជប៉ុនធ្លាប់ត្រូវបានតុលាការកាត់ទោសច្រើនដងនៅក្នុងបណ្តឹងជាក្រុម។ ជាក់ស្តែងក្នុងខែមេសា ឆ្នាំ ២០១៧ តុលាការស្រុកមួយនៅហ្វូគូស្ហ៊ីម៉ាបានផ្តន្ទាទោសក្រុមហ៊ុន Tepco និងរដ្ឋាភិបាលជប៉ុនពីបទទទួលខុសត្រូវនៅក្នុងគ្រោះថ្នាក់ ហើយបានផាកពិន័យជានិមិត្តរូប។ បន្ទាប់មកក្នុងខែកញ្ញា ឆ្នាំ ២០១៧ ដដែល តុលាការក្នុងស្រុកមួយទៀតបានផ្តន្ទាទោសក្រុមហ៊ុន Tepco ពីបទទទួលខុសត្រូវនៅក្នុងគ្រោះថ្នាក់ និងបានផាកពិន័យជានិមិត្តរូបដូចគ្នា។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន Tepco ខ្លួនឯងក៏បានយល់ព្រមសងជំងឺចិត្តដល់ជនរងគ្រោះដោយមហន្តរាយនុយក្លេអ៊ែរតាំងពីច្រើនឆ្នាំកន្លងមកដោយយកលុយចេញមូលនិធិពិសេសមួយដែលបង្កើតរួមគ្នាដោយរដ្ឋ និងក្រុមហ៊ុនអគ្គិសនីជប៉ុនទាំងអស់។
យ៉ាងណាក៏ដោយ សាលក្រមរបស់តុលាការក្រុងតូក្បូថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញាមិនមែនចប់ត្រឹមនេះទេ ព្រោះប្រជាជនហ្វូគូស្ហ៊ីម៉ាបានប្រកាសថាពួកគេនឹងប្តឹងឧទ្ធរណ៍។ ដូច្នេះគេអាចនិយាយបានថា ក្តីក្តាំនៅតុលាការក្នុងរឿងគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ាកាលពីជាង ៨ឆ្នាំមុនទើបនឹងចាប់ផ្តើម និងអាចអូសបន្លាយដល់ទៅ ១០ឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ