អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ជប៉ុន តុលាការ​ក្រុង​តូក្យូ​បាន​ចេញ​សាលក្រម​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កញ្ញា​ដោយ​សម្រេច​ឲ្យ​អតីត​មេដឹកនាំ​ក្រុមហ៊ុន​អគ្គិសនីជប៉ុន​ហៅកាត់ Tepco ចំនួន ៣នាក់​រួច​ខ្លួន​នៅ​ក្នុង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា។ គ្រោះថ្នាក់​ដែល​បង្ក​ដោយ​រលកយក្ស​ស៊ូណាមី​កាល​ពី​ជាង ៨ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី១១ មីនា ឆ្នាំ ២០១១។ រលកយក្ស​ស៊ូណាមី​កាល​ណោះ​បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន ១៨ ៥០០នាក់។ ចំណែក​គ្រោះហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា​មិន​បាន​សម្លាប់​មនុស្ស​ភ្លាមៗ​នៅ​នឹង​កន្លែង​ទេ។ តែ​សវនាការ​បាន​ធ្វើ បន្ទាប់​ពី​មាន​អ្នក​ជំងឺ ៤៤នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ហ្វូតាបា​បាន​ស្លាប់។ អង្គការ​ការពារបរិស្ថាន Greenpeace បាន​ចាត់​ទុក​សាលក្រម​របស់​តុលាការ​ក្រុង​តូក្យូ​ពេល​នេះ​ថា​ជា​ការ​បរាជ័យ​ម្តង​ទៀត​របស់​ប្រព័ន្ធ​តុលាការ​ជប៉ុន​ស្តីពី​ការ​ការពារ​ជនគ្រោះ​រាប់ពាន់​នាក់​នៅ​ក្នុង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា។

តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន​នៅ​ក្នុង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា
តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន​នៅ​ក្នុង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា Kazuhiro Nogi/AFP
ផ្សាយពាណិជ្ជកម្ម

អតីត​មេដឹកនាំ​ក្រុមហ៊ុន Tepco ដែល​ជា​ក្រុមហ៊ុន​អគ្គិសនី​ជប៉ុន​ទាំង ៣នាក់ មាន​ម្នាក់​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​លោក​ស៊ូនេហ៊ីសា កាត់ស៊ូម៉ាតា​ដែល​បច្ចុប្បន្ន​មាន​អាយុ ៧៩ឆ្នាំ និង ២នាក់​ទៀត​ជា​អតីត​អនុប្រធាន​គឺ​លោក​សាកេ មូតូ​អាយុ ៦៩ឆ្នាំ និង​លោក​អ៊ីឈីរ៉ូ តាកេគូរ៉ូ​មាន​អាយុ ៧៣ឆ្នាំ។ អ្នក​ទាំង ៣ បាន​ដឹកនាំ​ក្រុមហ៊ុន Tepco ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០១២។តុលាការ​ក្រុង​តូក្យូ​បាន​បញ្ជាក់​ថា អ្នក​ទាំង ៣ មិនមែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា​ដោយ​រលកយក្ស​ស៊ូណាមី​កាល​ពី​ថ្ងៃទី១១ មីនា ឆ្នាំ ២០១១ ទេ។

តាម​សាលក្រម​របស់​តុលាការ​ក្រុង​តូក្យូ អតីត​មេដឹកនាំ​ក្រុមហ៊ុន Tepco ទាំង ៣រូប​មិន​អាច​ដឹង​មុន​បាន​ឡើយ​ពី​កម្លាំង និង​ឥទ្ធិពល​របស់​រលកយក្ស​ស៊ូណាមី ហើយ​ពួក​គេ​ទាំង ៣នាក់​ក៏​មិន​អាច​ទាយទុក​មុន​បាន​ដែរ​ពី​ភាព​ធុន​របស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​ប្រឈម​នឹង​រលកយក្ស​ស៊ូណាមី។ សូម​បញ្ជាក់​ថា អតីត​មេដឹកនាំ​ក្រុមហ៊ុន Tepco ទាំង ៣នាក់​ជា​ក្រុម​មនុស្ស​ដំបូង​គេ​ដែល​បាន​ទទួល​ការ​កាត់ទោស​ពាក់ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា​កាល​ពី​ជាង ៨ឆ្នាំ​មុន។ គួរ​រម្លឹក​ថា​កាល​ពី​ថ្ងៃទី២៦ ធ្នូ ឆ្នាំ ២០១៨ ក្រុម​ព្រះរាជអាជ្ញា​បាន​ទាមទារ​ឲ្យ​កាត់ទោស​ដាក់​គុក​អតីត​មេដឹកនាំ​ក្រុមហ៊ុន Tepco ទាំង ៣នាក់​ចំនួន ៥ឆ្នាំ​ដែល​ជា​ទោស​អតិបរមា​មាន​ចែង​នៅ​ក្នុង​ច្បាប់។

សវនាការ​មួយ​នេះ​វិះ​នឹង​មិន​អាច​មាន​ឡើង

នៅ​ក្នុង​ជំហាន​ដំបូង ក្រុម​ព្រះរាជអាជ្ញា​បាន​បដិសេធ​ដល់​ទៅ ២ដង​ក្នុង​ការ​ប្តឹង​ក្រុមហ៊ុន Tepco និង​រដ្ឋាភិបាល​ជប៉ុន​​ក្នុង​រឿង​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា។ ក្រុម​ព្រះរាជអាជ្ញា​បាន​លើក​ឡើង​ថា Tepco ក្តី ឬ​រដ្ឋាភិបាលជប៉ុន​ក្តី​មិន​អាច​ប្រមើលមើល​បាន​មុន​ពី​វិសាលភាព​នៃ​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី​បាន​ទេ។ តែ​ដោយ​មាន​គំនាប និង​ការ​តវ៉ា​ខ្លាំង​ពេក​ពី​ប្រជាជន ក្រុម​ព្រះរាជអាជ្ញា​ក៏​បាន​ទាមទារ​ក្នុង​ថ្ងៃទី២៦ ធ្នូ​ឆ្នាំ ២០១៨ ឲ្យ​កាត់ទោស​ដាក់​គុក​អតីត​មេដឹកនាំ​ក្រុមហ៊ុន Tepco ទាំង ៣នាក់​ចំនួន ៥ឆ្នាំ​ដែល​ជា​ទោស​អតិបរមា​មាន​ចែង​នៅ​ក្នុង​ច្បាប់។

ការ​សម្រេច​ប្តឹង​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ក្រុមហ៊ុន Tepco ទាំង ៣នាក់​ក៏​ដោយសារ​តែ​មាន​អ្នក​ជម្ងឺ​ចំនួន ៤៤នាក់​ក្នុង​មន្ទីរពេទ្យ​ហ្វូតាបា​បាន​ស្លាប់ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ជម្លៀស​ជា​បន្ទាន់​នៅ​ក្រោយ​រលកយក្ស​ស៊ូណាមី។ មន្ទីរពេទ្យ​ហ្វូតាបា​មាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​ដែល​រងគ្រោះថ្នាក់។ គួរ​បញ្ជាក់​ថា រលកយក្ស​ស៊ូណាមី​កាល​ពី​ថ្ងៃទី១១ មីនា ឆ្នាំ ២០១១ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១៨ ៥០០នាក់ តែ​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាមៗ​នឹង​កន្លែង​ដោយ​ផ្ទាល់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា​ទេ។

តែ​ដោយ​ប្រយោល គ្រោះថ្នាក់​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់នាក់​ដោយសារ​តែ​លក្ខខណ្ឌ​ជិវិត​រស់នៅ​លំបាកលំបិន​របស់​ពួក​គេ នៅ​ក្រោយ​ការ​ជម្លៀសខ្លួន។ ចូរ​កុំ​ភ្លេច​ថា គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា​បាន​បង្ខំ​មនុស្ស​ជា​ច្រើន​ពាន់នាក់​ដែល​រស់ក្បែរ​នោះ​ឲ្យ​ភៀសខ្លួន​ទៅ​តាំង​លំនៅ​កន្លែង​ផ្សេង​ដោយ​ខ្លាច​ប៉ះ​នឹង​សារធាតុវិទ្យុសកម្ម។

ក្តីក្តាំ​នៅ​តុលាការ​នឹង​អាច​បន្ត​មាន​រយៈពេល ១០ឆ្នាំទៅ​មុខ​ទៀត

ជាង ៨ឆ្នាំ​ក្រោយ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៅ​មិន​ទាន់​បាន​រក​ឃើញ​នៅ​ឡើយ​ទេ ពិសេស​ប្រជាជន​ហ្វូគូស្ហ៊ីម៉ា។ អង្គការ​ការពារ​បរិស្ថាន Greenpeace បាន​ចាត់​ទុក​សាលក្រម​របស់​តុលាការ​ក្រុង​តូក្យូ​ពេល​នេះ ថា​ជា​បរាជ័យ​ម្តង​ទៀត​របស់​ប្រព័ន្ធ​តុលាការ​ជប៉ុន​ស្តីពី​ការ​ការពារ​ជនគ្រោះ​រាប់ពាន់​នាក់​នៅ​ក្នុង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា។ ជាង ៨ឆ្នាំ​ក្រោយ​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា អតីត​មេដឹកនាំ​ក្រុមហ៊ុន Tepco ទាំង ៣នាក់​ជា​ក្រុម​មនុស្ស​ដំបូង​គេ​ដែល​បាន​ទទួល​ការ​កាត់​ទោស។

តែ​កន្លង​មក ក្រុមហ៊ុន Tepco និង​រដ្ឋាភិបាល​ជប៉ុន​ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់ទោស​ច្រើន​ដង​នៅ​ក្នុង​បណ្តឹង​ជា​ក្រុម។ ជាក់ស្តែង​ក្នុង​ខែ​មេសា ឆ្នាំ ២០១៧ តុលាការ​ស្រុក​មួយ​នៅ​ហ្វូគូស្ហ៊ីម៉ា​បាន​ផ្តន្ទាទោស​ក្រុមហ៊ុន Tepco និង​រដ្ឋាភិបាល​ជប៉ុន​ពី​បទ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​គ្រោះថ្នាក់ ហើយ​បាន​ផាកពិន័យ​ជា​និមិត្តរូប។ បន្ទាប់​មក​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៧ ដដែល តុលាការ​ក្នុង​ស្រុក​មួយ​ទៀត​បាន​ផ្តន្ទាទោស​ក្រុមហ៊ុន Tepco ពី​បទ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​គ្រោះថ្នាក់ និង​បាន​ផាកពិន័យ​ជា​និមិត្តរូប​ដូច​គ្នា។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន Tepco ខ្លួន​ឯង​ក៏​បាន​យល់ព្រម​សងជំងឺចិត្ត​ដល់​ជនរងគ្រោះ​ដោយ​មហន្តរាយ​នុយក្លេអ៊ែរ​តាំង​ពី​ច្រើន​ឆ្នាំ​កន្លង​មក​ដោយ​យក​លុយ​ចេញ​មូលនិធិពិសេស​មួយ​ដែល​បង្កើត​រួម​គ្នា​ដោយ​រដ្ឋ និង​ក្រុមហ៊ុន​អគ្គិសនីជប៉ុន​ទាំង​អស់។

យ៉ាង​ណា​ក៏​ដោយ សាលក្រម​របស់​តុលាការ​ក្រុង​តូក្បូ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កញ្ញា​មិនមែន​ចប់​ត្រឹម​នេះ​ទេ ព្រោះ​ប្រជាជន​ហ្វូគូស្ហ៊ីម៉ា​បាន​ប្រកាស​ថា​ពួក​គេ​នឹង​ប្តឹង​ឧទ្ធរណ៍។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ក្តីក្តាំ​នៅ​តុលាការ​ក្នុង​រឿង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា​កាល​ពី​ជាង ៨ឆ្នាំ​មុន​ទើប​នឹង​ចាប់​ផ្តើម និង​អាច​អូសបន្លាយ​ដល់​ទៅ ១០ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ