អានតួអត្ថបទ
ហ្វីលីពីន

Global Witness៖ឃាតកម្មសម្លាប់អ្នកការពារបរិស្ថានបានកើនឡើងនៅហ្វីលីពីនក្រោមអំណាចលោកឌុយទែរតេ

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន អង្គការ​ក្រៅរដ្ឋាភិបាល​ឈ្មោះ Global Witness បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​អង្គារ ទី២៤ កញ្ញា​ថា ចំនួន​ឃាតកម្ម​សម្លាប់​សកម្មជន​អ្នក​ការពារបរិស្ថាន និង​អ្នក​ការពារ​សិទ្ធិដីធ្លី​មាន​ការ​កើន​ឡើង តាំង​ពី​ការ​ជាប់ឆ្នោត​ប្រធានាធិបតី​របស់​លោក​ឌុយទែរតេ។ ទន្ទឹម​គ្នា​នេះ អង្គការ​ក្រៅរដ្ឋាភិបាល​ដដែល​បាន​ចោទ​លោក​ឌុយទែរតេ​ពី​បទ​បាន​ញុះញង់ អុជអាល​ឲ្យ​មាន​អំពើហិង្សា​តាម​រយៈ​វោរហារសាស្រ្ត​របស់​លោក។ តាម Global Witness មាន​មនុស្សឃាត​សរុប​ចំនួន ១១៣ករណី គិត​តាំង​ពី​ការ​ឡើង​កាន់​តំណែង​របស់​លោក​ឌុយទែរតេ​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៦។

ប្រធានាធិបតីហ្វីលីពីនលោកឌុយទែរតេ។
ប្រធានាធិបតីហ្វីលីពីនលោកឌុយទែរតេ។ TED ALJIBE / AFP
ផ្សាយពាណិជ្ជកម្ម

ករណី​ឃាតកម្ម​សម្លាប់​ក្រុម​សកម្មជន​ការពារ​បរិស្ថាន និង​ការពារ​ដីធ្លី​នៅ​ហ្វីលីពីន​មិនមែន​ជា​រឿង​ថ្មី​ទេ តែ​អង្គការ​ក្រៅរដ្ឋាភិបាល Global Witness បាន​កត់សម្គាល់​ឃើញ​ថា ស្ថានការណ៍​បាន​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាមួយ​នឹង​មនុស្សឃាត​ចំនួន ៣០ករណី​ក្នុង​ឆ្នាំ ២០១៨ ហ្វីលីពីន​បាន​ក្លាយ​ជា​ប្រទេស​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ក្រុម​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី។ លោក​បេន លីថឺ អ្នក​ទទួល​ខុស ត្រូវ​ម្នាក់​របស់ Global Witness បាន​ថ្លែង​ប្រាប់ AFP ថា តាំង​ពី​លោក​ឌុយទែរតេ​ឡើង​កាន់​អំណាច អត្រា​ឃាតកម្ម​សម្លាប់​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី​មាន​ការ​កើន​ឡើង​ខ្លាំង។

ជា​សរុប មាន​មនុស្សឃាត​ចំនួន ១១៣ករណី​តាំង​ពី​លោក​ឌុយទែរតេ​ចូល​កាន់​តំណែង​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៦។ « វោរហារសាស្រ្ត​គំរាម​របស់​ប្រធានាធិបតី​ប្រឆាំង​នឹង​ក្រុម​សកម្មជន បូក​ទាំង​បរិយាកាស​នៃ​អំពើហិង្សា និង​និទណ្ឌភាព​តាម​រយៈ​សង្រ្គាមប្រឆាំង​គ្រឿងញៀន​របស់​លោក​ឌុយទែរតេ​បាន​ធ្វើ​ឲ្យ​ចំនួន​ឃាតកម្ម​កើន​ឡើង​យ៉ាង​ខ្លាំង » នេះ​ជា​បញ្ជាក់​បន្ថែម​របស់​លោក​បេន លីថឺ។ គួរ​រម្លឹក​ថា ការ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​របស់​លោក​ឌុយទែរតេ​ក្នុង​ឆ្នាំ ២០១៦ ក៏​ដោយសារ​តែ​លោក​បាន​សន្យា​កំចាត់​ឲ្យ​អស់​នូវ​គ្រឿងញៀន​ដោយ​មិន​ខ្លាច​សម្លាប់​អ្នករត់ពន្ធ​គ្រឿងញៀន ឬ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជា​ច្រើន​ពាន់នាក់​ទេ។

តាម​តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល មាន​អ្នករត់ពន្ធ​គ្រឿង ឬ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាង ៥ ៥០០នាក់​ត្រូវ​បាន​សម្លាប់ តែ​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​យល់​ឃើញ​ថា អាច​មាន​ដល់​ទៅ​ជាង ២០ ០០០នាក់។ តាម Global Witness អំពើហិង្សា និង​សង្គ្រាម​ប្រឆាំងគ្រឿងញៀន​របស់​លោក​ឌុយទែរតេ​បាន​បង្កើត​​ឲ្យ​មាន​វប្បធម៌​និទណ្ឌភាព និង​ការ​ភ័យខ្លាច ហើយ​គឺ​វប្បធម៌​និទណ្ឌភាព និង​ការ​ភ័យខ្លាច​នេះ​ឯង​ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ស្របច្បាប់​ដោយ​អំណាច​នយោបាយ និង​សេដ្ឋកិច្ច។ គួរ​បញ្ជាក់​ថា​ខុស​ពី​ប្រធានាធិបតី​ហ្វីលីពីន​មុនៗ លោក​ឌុយទែរតេ​ត្រូវ​បាន​គេ​ស្គាល់​ជា​មនុស្ស​ពូកែនិយាយ ចូលចិត្ត​ប្រើ​ពាក្យ​អសុរោះ និង​មិន​ញញើត​គំរាម​ត្រង់​លើ​គូប្រជែង​របស់​ខ្លួន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ