ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អាស៊ី

អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនពីបទបានទិញប្រេងពីអ៊ីរ៉ង់

media  
ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ REUTERS/Kevin Lamarque

នៅ​ថ្ងៃ​ពុធ ទី២៥ កញ្ញា អាមេរិក​តាម​រយៈ​ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន ព្រម​ទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ក្នុង​បទ​បាន​ទិញ​ប្រេង​ពី​អ៊ីរ៉ង់។ លោក​ប៉ុមប៉េអូ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នា​ឱកាស​សន្និសីទ​រៀបចំ​ដោយ​ក្រុម​សម្ពាធ United Against Nuclear Iran នៅ​ក្នុង​ទីក្រុង​ញូយ៉ក។ តាម​លោក​ប៉ុមប៉េអូ ទង្វើ​របស់​ក្រុមហ៊ុន​ចិន​ទាំង​នេះ​ជា​ការ​រំលោភ​លើ​បំរាម​របស់​អាមេរិក​ដែល​ហាម​មិន​ឲ្យ​រកស៊ី​ជាមួយ​របបដឹកនាំ​អ៊ីរ៉ង់។

លោក​ម៉ៃ ប៉ុមប៉េអូ​មិន​បាន​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន និង​ឈ្មោះ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ចិន​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​ដោយសារ​ការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​នោះ​ទេ។ តែ​អ្វី​ដែល​គេ​អាច​និយាយ​បាន បញ្ជី​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​បរទេស រួម​ទាំង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ដែល​រកស៊ី​ជាមួយ​អ៊ីរ៉ង់​មាន​កាន់​តែ​វែង​ឡើងៗ។ « យើង​និយាយ​ទៅ​កាន់​ចិន និង​គ្រប់​ប្រទេស​ទាំង​អស់​ថា យើង​នឹង​ដាក់​ទណ្ឌកម្ម​លើ​គ្រប់​ការ​រំលោភ​លើ​បំរាម​របស់​យើង​ដែល​ហាម​មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប៉ុមប៉េអូ​នា​ឱកាស​សន្និសីទ​រៀបចំ​ដោយ​ក្រុម​សម្ពាធ United Against Nuclear Iran នៅ​ក្នុង​ទីក្រុង​ញូយ៉ក។

ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​ដដែល​បាន​ពន្យល់​បន្ថែម​ថា ចំណាត់ការ​របស់​រដ្ឋបាល​អាមេរិក​ពេល​នេះ​ជា​ការ​ចាប់​អនុវត្ត​តាម​ពាក្យ​សន្យា​របស់​លោក​ដូណាល់ ត្រាំ​ដែល​បាន​ថ្លែង​នៅ​លើ​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ថ្ងៃ​អង្គារ ទី២៤ កញ្ញា​ថា ដរាប​ណា​អ៊ីរ៉ង់​នៅ​តែ​មាន​ឥរិយាបទ​គំរាមកំហែង ដរាប​នោះ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​ចេញ និង​ថែម​ទាំង​បន្តឹង​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត។ ក្រៅ​ពី​សំដៅ​លើ​ក្រុមហ៊ុន​បរទេស​ដែល​រកស៊ី​ជាមួយ​អ៊ីរ៉ង់ លោក​ប៉ុមប៉េអូ​ក៏​បាន​ប្រកាស​ចេញ​នូវ​វិធានការ​ថ្មី​ប្រឆាំង​នឹង​កងឆ្មាំបដិវត្ត​អ៊ីរ៉ង់​ដែរ។

អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​គឺ​ថា តើ​អាច​មាន​ដែរ​ឬ​ទេ​នូវ​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ និង​សមភាគី​លោក​រ៉ូហានី។ « អ៊ីរ៉ង់​មិន​ជឿលើ​ភាព​ស្មោះត្រង់​របស់​ឆន្ទៈ​អាមេរិក​ក្នុង​ការ​ចរចា​ទេ » នេះ​ជា​ការ​ថ្លែង​របស់​លោក​រ៉ូហានី​នៅ​លើ​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ថ្ងៃ​ពុធ ទី២៥ កញ្ញា។ គួរ​រម្លឹក​ថា ថ្នាក់ដឹកនាំ​អឺរ៉ុប និង​អាស៊ី​ដែល​កំពុង​ចូលរួម​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​បាន​ប្រឹងប្រែង​ព្យាយាម​រៀបចំ​ឲ្យ​មាន​ជំនួប​ទ្វេភាគី​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ និង​សមភាគី​អ៊ីរ៉ង់​លោក​រ៉ូហានី​ក្នុង​ទីក្រុង​ញូយ៉ក។ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ថែម​ទាំង​បាន​យល់​ឃើញ​កាល​ពី​យប់​ថ្ងៃ​អង្គារ ទី២៤ កញ្ញ​ថា លក្ខខណ្ឌ​នៃ​ជំនួប​រវាង​លោក​ត្រាំ និង​លោក​រ៉ូហានី​ត្រូវ​បាន​បង្កើត​ឡើង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ