អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាហ្វហ្កានីស្ថាន៖ការរៀបចំបោះឆ្នោតប្រធានាធិបតីពោរពេញដោយហានិភ័យ និងការភ័យខ្លាច

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍ ទី២៨ កញ្ញា​នេះ ប្រទេស​អាហ្វហ្កានីស្ថាន​បាន​រៀប​ចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ មាន​មណ្ឌល​បោះឆ្នោត​សរុប​ចំនួន ៥ ០០០មណ្ឌល​បាន​បើក​ទ្វារ​នៅ​ព្រលឹម​ស្រាងៗ​ដើម្បី​ទទួល​អ្នក​បោះឆ្នោត​ជិត ១០លាននាក់។ ចំណែក​បេក្ខជន​ឈរ​បោះឆ្នោត​មាន​ចំនួន ១៨នាក់ ក្នុង​នោះ​ក៏​មាន​ប្រធានាធិបតី​ផុតអាណត្តិ​លោក​អារ៉ាហ្វ ហ្កានី និង​នាយករដ្ឋមន្រ្តី​លោក​អាប់ឌូឡា អាប់ឌូឡា។ តាំង​ពី​ក្រោយ​ការ​ដួលរលំ​របប​តាលីបង់​ក្នុង​ឆ្នាំ ២០០១ នេះ​ជា​លើកទី៤ ដែល​អាហ្វហ្កានីស្ថាន​បាន​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ការ​បោះឆ្នោត​ពេល​នេះ​បាន​គ្របដណ្តប់​ដោយ​ហានិភ័យ និង​ការ​ភ័យខ្លាច ព្រោះ​ក្នុង​ថ្ងៃ​រៀបចំ​បោះឆ្នោត​មាន​ផ្ទុះ​អំពើ​ភេរវកម្ម​នៅ​សឹង​គ្រប់កន្លែង​នៅ​ទូទាំង​ប្រទេស។

Men arrive to cast their votes outside a polling station in the presidential election in Jalalabad, Afghanistan
Men arrive to cast their votes outside a polling station in the presidential election in Jalalabad, Afghanistan Reuters
ផ្សាយពាណិជ្ជកម្ម

បរិយាកាស​រួម​នៃ​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​នៅ​អាហ្វហ្កានីស្ថាន​ឆ្នាំ ២០១៩ គឺ​មិន​ល្អ​ទាល់​តែ​សោះ ព្រោះ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ក្នុង​ចំណោម​ការិយាល័យ​សរុប​ទាំង ៥ ០០០កន្លែង គេ​មិន​សូវ​ឃើញ​មាន​វត្តមាន​អ្នក​បោះឆ្នោត​ឈរ​ចាំ​បោះឆ្នោត​ច្រើន​ប៉ុន្មាន​ទេ។ ការិយាល័យ​បោះឆ្នោត​បាន​បើក​ទ្វារ​ទទួល​អ្នក​បោះឆ្នោត​នៅ​ម៉ោង ៧ព្រឹក និង​បាន​បិទទ្វារ​នៅ​ម៉ោង ៣រសៀល ហើយ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់​ចាំ គឺ​អត្រា​អ្នក​ចូលរួម​បោះឆ្នោត។ ការ​ដែល​មិន​សូវ​មាន​អ្នក​ចូលរួម​បោះឆ្នោត​ច្រើន​ក៏​ដោយសារ​តែ​ពួក​គេ​ភ័យខ្លាច និង​បារម្ភ​ពី​សុវត្តិភាព។ នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​នេះ មាន​ផ្ទុះ​អំពើ​ភេរវកម្ម​សឹង​នៅ​គ្រប់​កន្លែង​ទូទាំង​ប្រទេស​ពី​ទីក្រុង​កាប៊ូល ខេត្ត​ហ្កានី ខេត្ត​យ៉ាឡាឡាបាដ និង​ខេត្ត​កង់ដាហារ។

នៅ​ប៉ែក​កណ្តាល​ទីក្រុង​កាប៊ូល គេ​បាន​ឮ​សូរ​ផ្ទុះ​ជា​ច្រើន​កន្លែង តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ការ​ខូចខាត និង​អ្នក​រងគ្រោះ​ទេ។ ចំណែក​ការ​ផ្ទុះ​នៅ​តំបន់​ប៉ែក​ខាង​កើត និង​ខាង​ត្បូង ពិសេស​ក្នុង​ខេត្ត​យ៉ាឡាឡាបាដ និង​ខេត្ត​កង់ដាហារ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ចំនួន ១៥នាក់។ គឺ​ជា​ទង្វើ​បង្ក​ឡើង​ដោយ​ពួក​ឧទ្ទាម​តាលីបង់ ព្រោះ​ពួក​នេះ​បាន​ព្រមាន​ជា​មុន​ពី​ការ​រំខាន​ដល់​ការ​រៀបចំ​បោះឆ្នោត​ថ្ងៃ​នេះ​តាម​រយៈ​ការ​បាញ់​គ្រាប់រ៉ូកែត និង​ការ​វាយប្រហារ​អត្តឃាត។ នៅ​ក្នុង​ការ​រៀបចំ​បោះឆ្នោត​ថ្ងៃ​នេះ រដ្ឋអំណាច​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​ទាហាន​សរុប​ជាង ១០០ ០០០នាក់។ គួរ​បញ្ជាក់​ថា ការ​គំរាម​របស់​ពួក​ឧទ្ទាម​តាលីបង់​បាន​កើត​មាន​តាំង​ពី​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត។

នៅ​ក្នុង​ថ្ងៃទី១ នៃ​ការ​ឃោសនាបោះឆ្នោត​ដែល​ចាប់​ផ្តើម​នា​ដំណាច់​ខែ​កក្កដា មាន​ផ្ទុះ​អំពើភេរវកម្ម​សម្លាប់​មនុស្ស ២០នាក់ និង​មាន​ស្លាប់​ជាង ១០០នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​បង្ក​ឡើង​ដោយ​ពួក​តាលីបង់។ បន្ទាប់​មក នៅ​មាន​ការ​វាយប្រហារ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ជាក់ស្តែង​ក្នុង​ខែ​សីហា ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​វាយប្រហារ​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​ដោយ​ផ្តាច់​ជីវិត​មនុស្ស​អស់ ៨០នាក់។ បន្ទាប់​មក​ទៀត នៅ​មាន​ក្តីបារម្ភ​ជុំ​វិញ​ការ​លួច​បន្លំ​សន្លឹកឆ្នោត។

ក្តីបារម្ភ​ពី​ការ​ជាប់គាំង​នយោបាយ

តាំង​ពី​អាមេរិក​បាន​ដឹកនាំ​កម្លាំងសម្ព័ន្ធ​មិត្ត​ផ្តួលរំលំ​របប​តាលីបង់​ក្នុង​ឆ្នាំ ២០០១ នេះ​ជា​លើកទី៤ ដែល​អាហ្វហ្កានីស្ថាន​បាន​រៀប​ចំ​បោះឆ្នោត​ប្រធានាធិបតី។ សម្រាប់​ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​លើកទី៤ នេះ មាន​បេក្ខជន​ឈរ​ឈ្មោះ​សរុប​ចំនួន ១៨នាក់ ក្នុង​នោះ​ក៏​មាន​ប្រធានាធិបតី​ផុតអាណត្តិ​លោក​អារ៉ាហ្វ ហ្កានី និង​នាយករដ្ឋមន្រ្តី​លោក​អាប់ឌូឡា អាប់ឌូឡា។ តែ​មាន​កំណត់​សម្គាល់​ចំនួន​ពីរ​ចំពោះ​លោក​ហ្កានី និង​លោក​អាប់ឌូឡា ទី១ ជា​បេក្ខជន​ដែល​កំពុង​នាំ​មុខ​គេ និង​កំណត់សម្គាល់​ទី២ ឥស្សរជន​នយោបាយ​ទាំង​ពីរ​នាក់​ធ្លាប់​បាន​ប្រកួត​គ្នា​ម្តង​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០១៤។ ការ​បោះឆ្នោត​ឆ្នាំ ២០១៤ មាន​បង្កប់​ដោយ​ការ​លួចបន្លំ និង​ការ​ប្រឆាំង​តវ៉ា​រវាង​លោក​ហ្កានី និង​លោក​អាប់ឌូឡា​ដែល​បាន​រុញ​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​ស្ថាប័ន​មួយ​ធ្ងន់ធ្ងរ។

វិបត្តិ​ស្ថាប័ន​ឆ្នាំ ២០១៤ បាន​បង្ខំ​ឲ្យ​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​អូបាម៉ា​ចេញ​មុខ​ធ្វើ​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ជម្លោះ​ដណ្តើម​អំណាច​រវាង​លោក​ហ្កានី និង​លោក​អាប់ឌូឡា។ ទីបំផុត លោក​អូបាម៉ា​បាន​បង្ខំ​លោក​ហ្កានី និង​លោក​អាប់ឌូឡា​ឲ្យ​ចាប់ដៃ​ធ្វើ​ការ​រួម​គ្នា​តាម​រយៈ​ការ​បង្កើត​ចេញ​នូវ​កតិកាសញ្ញា​ឯកភាពជាតិ​មួយ។ តែ​តាំង​ពី​ពេល​នោះ​មក សង្រ្គាមពាក្យសម្តី​រវាង​បុរស​ខ្លាំង​ទាំង​ពីរ​បាន​បន្ត​មាន​យ៉ាង​ផុសផុល​មក​ដល់​សព្វថ្ងៃ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​មេរៀន​ជូរចត់​មួយ​នេះ​នឹង​កើត​មាន​ជា​ថ្មី​រវាង​លោក​ហ្កានី និង​លោក​អាប់ឌូឡា​ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង គ្មាន​នរណា​ម្នាក់​​សុខចិត្ត​ចុះ​ចាញ់ និង​ធ្វើ​សម្បទាន​ឲ្យ​នរណា​ម្នាក់​ឡើយ។

ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ កញ្ញា លោក​អាប់ឌូឡា​បាន​ថ្លែង​ពី​ក្តីបារម្ភ​ចំពោះ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។ ចំណែក​លោក​ហ្កានី​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ កញ្ញា​ដដែល​ថា អាហ្វហ្កានីស្ថាន​ត្រូវ​ការ​ប្រធានាធិបតី​តែ​ម្នាក់​គត់ គឺ​មិនមែន​ពីរ​នាក់​ទេ និង​អះអាង​ថា បើ​លោក​ឈ្នះ​ឆ្នោត​លើក​នេះ លោក​នឹង​មិន​យល់​ព្រម​ឲ្យ​មាន​រដ្ឋាភិបាល​ឯកភាពជាតិ​ដូច​មុន​ទៀត​ជា​ដាច់​ខាត។

ចលនា​ឧទ្ទាម​តាលីបង់​កំពុង​ឡើង​ឥទ្ធិពល​ខ្លាំង

អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាំង និង​ចោទ​ជា​សំណួរ​នៅ​ពេល​នេះ​គឺ​ថា តើ​អាហ្វហ្កានីស្ថាន​នឹង​មិន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់​ពួក​ឧទ្ទាម​តាលីបង់​នៅ​ថ្ងៃ​ណា​មួយ​ជា​ថ្មី​ទេ​ឬ​យ៉ាង​ណា?។ ចូរ​កុំ​ភ្លេច​ថា​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​សព្វថ្ងៃ អ្នក​ដែល​កំពុង​សោយរាជ្យ និង​កំពុង​ដើរ​តួនាទី​នយោបាយ​មិនមែន​រដ្ឋាភិបាល​ស្របច្បាប់​សព្វថ្ងៃ​ទេ តែ​គឺ​ចលនា​ឧទ្ទាម​តាលីបង់​ក្រៅ​ច្បាប់។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​នេះ ចលនា​ឧទ្ទាម​មួយ​នេះ​ហាក់​មាន​កម្លាំង និង​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ​ចង់​វាយប្រហារ​នៅ​កន្លែង​ណា​ក៏​បាន និង​នៅ​ពេល​ណា​ក៏​បាន​ដែរ។ កុំ​ថា​ឡើយ​តែ​វាយប្រហារ​លើ​កម្លាំង​រដ្ឋាភិបាល សូម្បី​តែ​ទាហាន​កម្លាំង​សម្ព័ន្ធមិត្ត​ដឹក​នាំ​ដោយ​អាមេរិក​ក៏​ពួក​តាលីបង់​មិន​ញញើត​ដែរ។ ចលនា​ឧទ្ទាម​តាលីបង់​មិន​ដែល​ទទួល​ស្គាល់​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ប្រធានាធិបតី​ផុត​អាណត្តិ​លោក​ហ្កានី​ទេ។

កម្លាំង និង​ឥទ្ធិពល​គ្មាន​គូប្រៀប​នៅ​ក្នុង​ស្រុក​របស់​ពួក​តាលីបង់​នេះ​បាន​បង្ខំ​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ឲ្យ​អង្គុយ​ចរចា​ជាមួយ​ពួក​តាលីបង់​តាំង​ពី​ជាង ១ឆ្នាំ​កន្លង​មក។ គោលដៅ​របស់​ទីក្រុង​វ៉ាស៊ីនតោន គឺ​ស្វែង​រក​សន្តិភាព​ឲ្យ​អាហ្វហ្កានីស្ថាន​តាម​រយៈ​កិច្ចសន្ទនា​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង។ អាមេរិក​សង្ឃឹម​ថា បើ​អាច​និយាយ​បញ្ចុះបញ្ចូល​ពួក​តាលីបង់​ឲ្យ​អង្គុយ​ចរចា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​កាបូល និង​រក​បាន​សន្តិភាព ទីក្រុង​វ៉ាស៊ីនតោន​អាច​នឹង​ដក​ទ័ព​ទាំង​អស់​របស់​ខ្លួន​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។ តែ​ក្នុង​ពេល​ដែល​កំពុង​អង្គុយ​ចរចា​ជាមួយ​ភាគី​អាមេរិក ពួក​តាលីបង់​ក៏​បាន​បន្ត​បង្ក​ភេរវកម្ម​សឹង​គ្មាន​លួស​ថ្ងៃ​នៅ​អាហ្វហ្កានីស្ថាន។ ទង្វើ​របៀប​នេះ​ត្រូវ​លោក​ត្រាំ​ប្រកាស​បិទ​ទ្វារ​ចរចា​ជាមួយ​ពួក​ឧទ្ទាម​តាលីបង់​ក្នុង​ថ្ងៃទី៧ កញ្ញា។

តើ​ជិត ២០ឆ្នាំ​ក្រោយ​ការ​ដួលរលំ​របប​តាលីបង់​ក្នុង​ឆ្នាំ ២០០១ អាហ្វហ្កានីស្ថាន​មិនមែន​កំពុង​បក​ក្រោយ​ត្រឡប់​ទៅ​ដើរ​នៅ​លើ​ផ្លូវ​ចាស់​ទេ​ឬ​យ៉ាង​ណា?។ នេះ​ហើយ​ជា​អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាំង​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ