ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អាស៊ី

ហុងកុង៖ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យចូលរួមប្រារព្ធខួប ៥ឆ្នាំនៃចលនាឆត្រ​កាល​​ពី​ឆ្នាំ ២០១៤

media  
លោក Joshua Wong មេដឹកនាំចលនាឆ័ត្រតាំងពីឆ្នាំ ២០១៤ និងដែលសព្វថ្ងៃជាអគ្គលេខាធិការគណបក្ស Demosisto REUTERS/Joshua Roberts

នៅ​ហុងកុង មាន​អ្នក​គាំទ្រប្រជាធិបតេយ្យ​ជា​ច្រើន​ពាន់នាក់​បាន​នាំ​គ្នា​ដង្ហែរ​ក្បួន​តាម​ផ្លូវ​នា​យប់​ថ្ងៃ​សៅរ៍ ទី២៨ កញ្ញា​ដើម្បី​ប្រារព្ធខួប​គម្រប់ ៥ឆ្នាំ​នៃ​ការ​ផ្តើម​ចលនាឆត្រ​ក្នុង​ថ្ងៃទី២៨ កញ្ញា ឆ្នាំ ២០១៤។ កាល​ពី ៥ឆ្នាំ​មុន មាន​សិស្ស និស្សិត​ជា​ច្រើន​ពាន់នាក់​បាន​នាំ​គ្នា​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​គម្រោង​កំណែទម្រង់​របស់​ចិន​ដីគោក​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រមុខ​ដឹកនាំ​ហុងកុង។ ក្នុង​រយៈពេល ៧៩ថ្ងៃ ចលនា​ឆត្រ​របស់​សិស្ស និស្សិត​បាន​បិទផ្លូវ និង​បោះទីតាំង​នៅ​តាម​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​រហូត​ដល់​មាន​ការ​វាយបង្រ្កាប​យ៉ាង​ចាស់ដៃ​ពី​កម្លាំង​ប៉ូលិស​ដោយ​ប្រើ​គ្រាប់បែក​ផ្សែង​បង្ហូរទឹកភ្នែក។ នៅ​ពេល​នោះ បាតុករ​សិស្ស និស្សិត​បាន​ប្រើ​ឆត្រ​ដើម្បី​ការពារ​ខ្លួន។ ៥ឆ្នាំ​ក្រោយ​ចលនាឆ័ត្រ ក្រុម​អ្នកប្រជាធិបតេយ្យ​កំពុង​បន្ត​ទាមទារ​សេរីភាព ប្រជាធិបតេយ្យ និង​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​ខ្លួន។ លោក Joshua Wong មេដឹកនាំ​ចលនាឆត្រ​តាំង​ពី​ឆ្នាំ ២០១៤ និង​ដែល​សព្វថ្ងៃ​ជា​អគ្គលេខាធិការ​គណបក្ស Demosisto បាន​ប្រកាស​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឃុំ សង្កាត់​នៅ​ដំណាច់​ខែ​វិច្ឆិកា​ខាង​មុខ។ តាម​លោក Joshua Wong ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​របស់​ហុងកុង​សព្វថ្ងៃ​កំពុង​ក្លាយ​ជា​ប្រទេស​មួយ និង​ប្រព័ន្ធ​ពាក់កណ្តាល​នៅ​ក្រោម​គំនាប​របស់​ចិន​ប៉េកាំង។

« ចលនាឆត្រ​ជា​សញ្ញា​សម្គាល់​មួយ​យ៉ាង​សំខាន់​នៃ​ចលនា​ប្រឆាំង​នៅ​ហុងកុង។ អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​យើង គឺ​ប្រជាជន​ហុងកុង​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ កាល​ពី ៥ឆ្នាំ​មុន​យើង​បាន​និយាយ​ថា យើង​នឹង​ត្រឡប់​មក​វិញ។ ឃើញ​ទេ​ឥឡូវ​នេះ យើង​បាន​ត្រឡប់​មក​វិញ​ដោយ​មាន​មនុស្ស​លាន​នាក់​ដើម្បី​បន្ត​ការ​ទាមទារ។ យើង​សង្ឃឹម​ថា ប្រជាជន​ហុងកុង​អាច​សម្រេច​អ្វីៗ​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង សម្រេច​ពី​អធិបតេយ្យ សម្រេច​ពី​របៀប​រស់នៅ និង​សម្រេច​ពី​ជោគវាសនា​អនាគត​របស់​ខ្លួន។

ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​ប្រជាជន​ហុងកុង​ទាមទារ​ថ្ងៃ​នេះ​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​រវាង​ប្រទេស​ចិន និង​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៨៤។ ដូច្នេះ​គេ​ត្រូវ​តែ​គោរព​ពាក្យ​សន្យា​នេះ។ អស់​លោក​ដឹង​ទេ​ថា​សព្វថ្ងៃ​នេះ ប្រជាជន​ហុងកុង​គ្មាន​សិទ្ធិ​ជ្រើសរើស​ប្រមុខដឹកនាំ​របស់​ខ្លួន​ទេ ហើយ​រដ្ឋអំណាច​ហុងកុង​ស្តាប់ និង​ធ្វើ​តាម​តែ​ចិនដីគោក។ ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​របស់​ហុងកុង​សព្វថ្ងៃ​កំពុង​ក្លាយ​ជា​ប្រទេស​មួយ និង​ប្រព័ន្ធ​ពាក់កណ្តាល​នៅ​ក្រោម​គំនាប​របស់​ចិន​ប៉េកាំង។

ការ​ចាប់​បញ្ជូន​អ្នក​តវ៉ា​វ័យក្មេង​ទៅ​ដាក់​ពន្ធនាគារ ឬ​ការ​ដក​ហូត​សិទ្ធិ​អ្នកតំណាងរាស្រ្ត​របស់​យើង​ជា​សក្ខីកម្ម​ដែល​បង្ហាញ​ថា យើង​កំពុង​ប្រឈម​នឹង​ការ​គាបសង្កត់​ឥត​ឈប់ឈរ​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​បច្ចុប្បន្ន។ សំណួរ​ដែល​ចោទ​ពេល​នេះ​មិនមែន​ដើម្បី​ចង់ដឹង​ថា តើ​ខ្ញុំ​ជា​បេក្ខជន​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ឬ​អត់​ទេ។ តែ​ត្រូវ​សួរ​ថា តើ​ទីក្រុង​ប៉េកាំង​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​រារាំង​យើង​កុំ​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ឬ​អត់។

សម្រាប់​យើង វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ស្វែង​ការ​គាំទ្រ​ពី​ប្រជាជន​នៅ​តាម​សង្កាត់​នានា​ក៏​ដូច​ជា​ការ​ដង្ហែរ​ក្បួន​នៅ​តាម​ដង​ផ្លូវ ឬ​មួយ​ក៏​ស្វែងរក​ការ​គាំទ្រ​នៅ​លើ​ឆាកអន្តរជាតិ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ