ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៨
ថ្ងៃទី១ តុលា ឆ្នាំ ២០១៩នេះជាខួបគម្រប់ ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃ១ តុលា ១៩៤៩។ នាឱកាសនេះ រដ្ឋាភិបាលបានរៀបចំព្យុះហយាត្រាយោធាដ៏សម្បើមអស្ចារ្យមួយជាមួយនឹងការបង្ហាញគ្រឿងសព្វាវុធទំនើបៗនៅលើទីលានធានអានមេនក្នុងទីក្រុងប៉េកាំង។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកប្រធានាធិបតីស៊ី ជីនពីង ថ្នាក់ដឹកនាំចិនគ្រប់ជាន់ថ្នាក់ ថ្នាក់ដឹកនាំបរទេស ព្រមទាំងពលរដ្ឋជាច្រើនរយនាក់ផ្សេងទៀត។ តែអ្វីជាការកត់សម្គាល់ ខួបគម្រប់ ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឆ្នាំនេះបានធ្វើឡើង ក្នុងពេលដែលចិនកំពុងមានជម្លោះពាណិជ្ជកម្មជាមួយអាមេរិក សេដ្ឋកិច្ចថមថយ និងការបន្តក្បួនបាតុកម្មរបស់ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យនៅហុងកុង។
មានចំណាប់អារម្មណ៍ពីរសំខាន់នៅក្នុងពិធីប្រារព្ធខួបគម្រប់ ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ទី១ ជាឱកាសដែលចិនចង់បង្ហាញប្រាប់ពិភពលោកនូវមហិទ្ធិឫទ្ធិ ឬភាពជាមហាអំណាចរបស់ខ្លួនដែលមិនត្រូវមើលស្រាល និងទី២ គឺជាឱកាសសម្រាប់គណបក្សកុម្មុយនិស្តចិនដើម្បីបញ្ជាក់ពីការការសោយរាជ្យរបស់ខ្លួនជាមួយនឹងសមិទ្ធិផលដែលថ្នាក់ដឹកនាំសម្រេចបាន។ ក្បួនព្យុះហយាត្រាយោធាចូលរួមដោយទាហានចំនួន ១៥ ០០០នាក់ រថក្រោះចំនួន ៥៨០គ្រឿង គ្រាប់មីស៊ីលបាលីស្ទិក ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងជាច្រើនគ្រឿង។ គ្រាប់មីស៊ីល Made in China ជាមួយនឹងបច្ចេកវិទ្យាចិន ១០០% និងដែលចិនទើបបានបង្ហាញជាលើកទី១ គឺគ្រាប់មីស៊ីលនុយក្លេអ៊ែរអន្តរទ្វីបឈ្មោះ DF-៤១។
គ្រាប់មីស៊ីល DF-៤១ អាចបំពាក់ក្បាលនុយក្លេអ៊ែរចំនួន ១០គ្រាប់ និងអាចបាញ់បានចម្ងាយដល់ទៅ ១៤ ០០០គីឡូម៉ែត្រ ពោលបាញ់ទៅដល់ទឹកដីអាមេរិកាំង។ ក្រៅពីគ្រាប់មីស៊ីលថ្មី ចិនក៏បានបង្ហាញនូវគ្រឿងសព្វាវុធផ្សេងៗទៀត ដូចយ៉ាងអាវុធសម្រាប់ប្រឆាំងតបនឹងប្រព័ន្ធប្រឆាំងមីស៊ីលរបស់សត្រូវ ឬមួយក៏យន្តហោះដ្រូនជាដើម។ « គ្មានអ្វីដែលអាចធ្វើឲ្យរង្គោះរង្គើរគ្រឹះនៃមហាប្រជាជាតិរបស់យើងបានឡើយ។ គ្មានអ្វីដែលអាចរារាំងប្រជាជាតិ និងប្រជាជនរបស់យើងឲ្យធ្វើដំណើរឆ្ពោះទៅមុខបានឡើយ » នេះជាការថ្លែងរបស់ប្រធានាធិបតីចិនលោកស៊ី ជីនពីងដែលមានសំលៀកបំពាក់ពណ៌ក្រម៉ៅក្នុងពេលប្រកាសផ្តើមក្បួនព្យុះហយាត្រា។
គួររម្លឹកថា គឺនៅលើទីលានធានអានមេនក្នុងទីក្រុងប៉េកាំងដដែលនេះដែលអតីតមេដឹកនាំចិនលោកម៉ៅ សេទុងបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី១ តុលា ឆ្នាំ ១៩៤៩។ គឺនៅកន្លែងដដែលនេះដែលមានការវាយបង្រ្កាបយ៉ាងហិង្សាលើក្រុមបាតុករសិស្ស និស្សិតចិនដែលទាមទារលទ្ធិប្រជាធិបតេយ្យកាលពី ៣០ឆ្នាំមុន។
លោកស៊ី ជីនពីងសន្យាបន្តគោរពគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ
ក្នុងពេលដែលចិនដីគោកបានប្រារព្ធខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនយ៉ាងឱឡារិកក្នុងទីក្រុងប៉េកាំង ទឹកដីហុងកុងដែលមានចម្ងាយ ២ ០០០គីឡូម៉ែត្រកំពុងបន្តស្គាល់បាតុកម្មរបស់ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យ។ នេះពិតជារូបភាពមួយដែលលោកស៊ី ជីនពីងមិនចង់ឃើញនៅក្នុងថ្ងៃប្រារព្ធខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្បួនបាតុកម្មប្រឆាំងចិនរបស់ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យនៅហុងកុងមិនមែនជារឿងថ្មី តែសម្រាប់ពួកបាតុករ ថ្ងៃនេះជាថ្ងៃពិសេស និងជាឱកាសដ៏ល្អមួយដែលត្រូវបង្កើនការតវ៉ាឲ្យបានខ្លាំង និងធំធេងជាងសព្វមួយដង។ ក្នុងថ្ងៃអង្គារ ទី១ តុលានេះ រដ្ឋអំណាចហុងកុងបានដាក់ពង្រាយកម្លាំងប៉ូលិសយ៉ាងច្រើន ព្រមទាំងមានការបិទផ្លូវ និងច្រកចេញចូលស្ថានីយ៍រថភ្លើងក្រោមដីជាច្រើនកន្លែង។
ចំណែកច្រកចូលអគាររដ្ឋាភិបាល រដ្ឋសភា និងធនាគារធំៗរបស់ចិនដីញគោកក៏ត្រូវបានបិទខ្ទប់ដោយរបាំងយ៉ាងមាំទាំ។ ទន្ទឹមគ្នានេះ រដ្ឋអំណាចក៏បានប្រមូលគ្រឿងសំណង់នៅតាមផ្លូវ រួមទាំងរបស់របរជាច្រើនដែលពួកបាតុករអាចយកទៅប្រើដើម្បីវាយប្រហារលើប៉ូលិស។ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបជាច្រើនត្រូវបានបិទទ្វារ។ លោកស៊ី ជីនពីងបាននិយាយពីព្រឹត្តិការណ៍នៅហុងកុង តែនិយាយនៅយប់ថ្ងៃចន្ទ ទី៣០ កញ្ញាដោយសន្យាបន្តគោរពលើគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ។ តែលោកស៊ីមិនភ្លេចបន្ថែមពីការការពារឯកភាពជាតិដោយលោកយល់ថា ឯកភាពជាដែក និងដែកថែប ហើយឯកភាពជាប្រភពនៃកម្លាំង។
ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យបន្តបង្កើនគំនាបលើចិនដីគោក
ការថ្លែងរបស់លោកស៊ី ជីនពីងអាចនឹងរំងាប់ ឬមិនអាចរំងាប់ភាពបះបោរនៅហុងកុង គឺស៊ីសងលើការអនុវត្តន៍ជាក់ស្តែង។ ចូរកុំភ្លេចថានារយៈពេលចុងក្រោយនេះ មានព័ត៌មានលេចឮពីការដែលចិនចង់បញ្ជូនទ័ពទៅអន្តរាគមន៍បង្រ្កាបបាតុករហុងកុងដើម្បីរៀបចំសណ្តាប់ធ្នាប់សង្គមនៅហុងកុងឡើងវិញ។ លោកស៊ី ជីនពីងបានសន្យាគោរពលើគោលការណ៍ប្រទេសមួយប្រព័ន្ធពីរសម្រាប់ហុងកុង តែលោកស៊ីមិនភ្លេចបញ្ជាក់ពីការការពារឯកភាពជាតិដែលលោកចង់មានន័យថា គ្មានថ្ងៃដែលហុងកុងអាចផ្តាច់ខ្លួនចេញពីការគ្រប់គ្រងរបស់ចិនដីគោកបានឡើយ។
មានការចោទសួរថា តើការសន្យាគោរពលើគោលការណ៍ប្រទេសមួយប្រព័ន្ធពីរដែលលោកស៊ីចង់និយាយ ជាគោលការណ៍ដែលចិនជាអ្នកកំណត់ដោយខ្លួនឯង ឬជាគោលការណ៍ដែលចិនបានចុះហត្ថលេខាជាមួយប្រទេសអង់គ្លេសកាលពីឆ្នាំ ១៩៩៧។ អ្វីដែលពលរដ្ឋហុងកុងទូទៅ ពិសេសក្រុមអ្នកគាំទ្រប្រជាធិបតេយ្យកំពុងទទួលអារម្មណ៍ និងសម្លឹងឃើញពេលនេះគឺថា ចិនបាន និងកំពុងរំលោភបន្តិចម្តងៗលើគោលការណ៍ដែលចិនបានចុះហត្ថលេខាជាមួយអង់គ្លេសក្នុងឆ្នាំ ១៩៩៧។ គេនៅមិនទាន់ដឹងថា តើការថ្លែងរបស់លោកស៊ី ជីនពីងពេលនេះអាចនឹងរំងាប់ភាពបះបោរនៅហុងកុងបានដែរឬអត់ទេ?។ អ្វីដែលគេអាចនិយាយបាន ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យនៅហុងកុងហាក់មិនទាន់បានត្រៀមខ្លួនបោះបង់ការតវ៉ា ទាមទាររបស់ខ្លួននៅឡើយទេ។
៧០ឆ្នាំក្រោយការបង្កើតសាធារណរដ្ឋប្រជាមានិតចិន តើចិនកំពុងធ្វើដំណើរឆ្ពោះទៅក្លាយជាមហាអំណាចទី១ ក្នុងលោកជំនួសកន្លែងអាមេរិក?
នេះជាសុបិន្ត និងការចង់បានរបស់ប្រធានាធិបតីចិនលោកស៊ី ជីនពីង។ តែអ្វីដែលគ្រប់គ្នាកំពុងសម្លឹងឃើញភ្លាមៗពេលនេះ គឺការដែលលោកស៊ី ជីនពីងសម្រេចបានជោគជ័យក្នុងការពង្រឹងអំណាចផ្ទាល់ខ្លួនជាប្រធានាធិបតីអស់មួយជីវិត និងដែលត្រូវបានគេចាត់ទុកជាប្រធានាធិបតីដ៏មានអំណាចខ្លាំងជាងប្រធានាធិបតីមុនៗទៀតផង គិតតាំងពីក្រោយការសោយរាជ្យរបស់លោកម៉ៅ សេទុងពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ ១៩៧៦។ ទន្ទឹមនឹងពង្រឹងអំណាចផ្ទាល់ខ្លួន លោកស៊ីក៏បានពង្រឹងអំណាចគណបក្សកម្មុយនិស្តចិន តាំងពីលោកឡើងកាន់អំណាចនាដំណាច់ឆ្នាំ ២០១២។ បន្ទាប់ពីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោក ចិនកំពុងសម្លឹងកន្លែងអាមេរិកជាមហាអំណាចទី១ ក្នុងលោក។
គួរបញ្ជាក់ថា ជាប្រទេសកុម្មុយនិស្តក្រហមឆ្អិនឆ្អៅមែន តែចិនបានប្រកាន់យកនូវនយោបាយសេដ្ឋកិច្ចមូលធននិយម ពោលមិនមែនសេដ្ឋកិច្ចផែនការតាមបែបសង្គមនិយមទេ។ ចិនជាប្រទេសទំនើបទាន់សម័យមិនចាញ់បស្ចិមលោកទាំងក្នុងផ្នែកយោធា អវកាស និងបច្ចេកវិទ្យា។ តែទោះជាយ៉ាងនេះក្តី នៅមានបញ្ហាប្រឈមជាច្រើនដែលចិនត្រូវដោះស្រាយ ទាំងនៅផ្ទៃក្នុង និងនៅអន្តរជាតិ។ កំណើនសេដ្ឋកិច្ចថមថយ និងគម្លាតរវាងអ្នកមាន និងអ្នកក្រជាប្រធានរឿងអាទិភាពពីរដែលរដ្ឋាភិបាលត្រូវដោះស្រាយជាបន្ទាន់។ ចំណែកនៅអន្តរជាតិដែលចិនត្រូវដោះស្រាយ និងពិនិត្យមើលឡើងវិញនៅចំពោះមុខ គឺជម្លោះពាណិជ្ជកម្មជាមួយអាមេរិក និងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយដែលចិនកំពុងទទួលរងការរិះគន់ខ្លាំងពីប្រទេសពាក់ព័ន្ធមួយចំនួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ