អានតួអត្ថបទ
ហុងកុង

ហុងកុងគ្របដណ្តប់ដោយអំពើហិង្សាក្នុងថ្ងៃចិនដីគោកប្រារព្ធខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

នៅ​ហុងកុង មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុមបាតុករ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ និង​កម្លាំង​ប៉ូលិស​នា​ពេល​រសៀល​ឈាន​ចូល​ព្រលប់​ថ្ងៃ​អង្គារ ទី១ តុលា។ អំពើហិង្សា​បាន​បណ្តាល​ឲ្យ​មាន​បាតុករ​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​ពិត​ចំ​ដើមទ្រូង និង​មាន​បាតុករ​ចំនួន ១៥នាក់​ផ្សេង​ទៀត​បាន​រងរបួស។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ថ្មី​រវាង​ក្រុមបាតុករ​ហុងកុង និង​កម្លាំង​ប៉ូលិស​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ថ្ងៃ​ដែល​ចិនដីគោក​បាន​ប្រារព្ធខួប ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ហុងកុងគ្របដណ្តប់ដោយអំពើហិង្សាក្នុងថ្ងៃចិនដីគោកប្រារព្ធខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
ហុងកុងគ្របដណ្តប់ដោយអំពើហិង្សាក្នុងថ្ងៃចិនដីគោកប្រារព្ធខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​នៅ​ហុងកុង​ក្នុង​ថ្ងៃ​អង្គារ ទី១ តុលា​ដែល​ជា​ថ្ងៃ​ចិនដីគោក​ប្រារព្ធខួប ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​ជា​អ្វី​ដែល​ក្រុម​បាតុករ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​បាន​ប្តេជ្ញាចិត្ត និង​ជា​អ្វី​ដែល​ប៉ូលិស​បាន​ប្រមើល​ទុក។ ចាប់​ផ្តើម​ពី​គ្នា​តិច និង​ដោយ​សន្តិវិធី ក្បួន​បាតុកម្ម​ដែល​បាន​រៀបចំ​នៅ​ក្នុង​សង្កាត់​ខុសៗ​គ្នា​ចំនួន ៦កន្លែង​មាន​មនុស្ស​ចូលរួម​រហូត​ដល់​ពាន់​នាក់ និង​បាន​ធ្លាក់​ក្នុង​ការ​ប្រឈម​មុខ​តទល់​នឹង​កម្លាំង​ប៉ូលិស​យ៉ាង​ហិង្សា។ ក្រុម​ជ្រុលនិយម​បាន​ប្រើ​ដុំថ្ម និង​ដកសាំង​គប់​លើ​កម្លាំង​ប៉ូលិស និង​បាន​ធ្វើ​ការ​ដុត​របាំង​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ កម្លាំង​ប៉ូលិស​ក៏​បាន​ឆ្លើយ​តប​វិញ​ដោយ​ប្រើ​គ្រាប់បែក​ផ្សែង​បង្ហូរទឹកភ្នែក គ្រាប់បែក​ជ័រ ប្រើ​កាណុង​បាញ់ទឹក ព្រម​ទាំង​គ្រាប់​កំាភ្លើងពិត។

គ្រាប់កាំភ្លើង​ពិត​មួយ​គ្រាប់​បាន​ហោះ​ចំ​ដើមទ្រូង​បាតុករ​ម្នាក់ នេះ​បើ​តាម​ប្រភព​ប៉ូលិស។ ចំណែក​សារព័ត៌មាន​បាន​អះអាង​ថា បាតុករ​ត្រូវ​គ្រាប់កាំភ្លើង​ពិត​នោះ​ជា​ក្មេងប្រុស​មាន​អាយុ​ខ្ទង់ ១៥ ឬ ១៦ឆ្នាំ។ សាក្សី​ជា​ច្រើន​បាន​និយាយ​ថា ប៉ូលិស​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត​យ៉ាង​តិច​ចំនួន ៥ដង​នៅ​ក្នុង​ការ​បង្រ្កាប​បាតុករ។ ទន្ទឹម​គ្នា​នេះ ប្រភព​ពី​មន្ទីរពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​មនុស្ស​រងរបួស​ចំនួន ១៥នាក់​ដោយ​គ្រាប់បែក​ផ្សែង​បង្ហូរទឹកភ្នែក គ្រាប់បែក​ជ័រ ឬ​កាណុង​បាញ់ទឹក។ បន្ទាប់​មក មាន​បាតុករ​ប្រមាណ​ជា ១០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ប៉ូលិស​បាន​ចូលឆែកឆេរ​តាម​កន្លែង​មួយ​ចំនួន ពិសេស​តាម​រក​កន្លែង​ដែល​ក្រុម​បាតុករ​រៀបចំ​ដបសាំង។

អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ក្បួនបាតុកម្ម​របស់​ក្រុម​បាតុករ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​ពេល​នេះ គឺ​យុទ្ធសាស្រ្ត​បាតុកម្ម​សមូហភាព​ដោយ​ផ្តើម​នៅ​ក្នុង​សង្កាត់​ចំនួន ៦កន្លែង​ខុស​គ្នា​ក្នុង​ពេល​តែ​មួយ។ យុទ្ធសាស្រ្ត​នេះ​គឺ​ដើម្បី​កែន​ប្រមូល​បាតុករ​ឲ្យ​បាន​ច្រើន និង​ដើម្បី​បញ្ជៀស​ការ​រៀបចំ​នៅ​កន្លែង​តែ​មួយ​ដែល​អាច​ធ្លាក់​ក្នុង​ការ​ឡោមព័ទ្ធ​ពី​កម្លាំងប៉ូលិស​យ៉ាង​ឆាប់រហ័ស។ កំណត់សម្គាល់​មួយ​ទៀត ការ​បង្ហាញ​សាច់ដុំ និង​ការ​ដំឡើង​សម្លេង​កាន់​តែ​ខ្លាំង​របស់​បាតុករ​ហុងកុង​បាន​ធ្វើ​ឡើង ចំ​ថ្ងៃ​ដែល​ចិន​បាន​រៀបចំ​ខួប ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​សន្យា​ថា លោក​នឹង​បន្ត​គោរព​លើ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​នៅ​ហុងកុង។ តែ​អ្វី​ដែល​បាន​កើត​មាន​នៅ​ហុងកុង​ពេល​នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រុម​បាតុករ​មិន​បាន​ជឿ​លើ​សម្តី​សន្យា​របស់​លោក​ស៊ី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ