អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី១ តុលា ឆ្នាំ ២០១៩​នេះ​ជា​ខួប​គម្រប់ ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​កាល​ពី​ថ្ងៃ១ តុលា ១៩៤៩។ នា​ឱកាស​នេះ រដ្ឋាភិបាល​បាន​រៀបចំ​ព្យុះហយាត្រា​យោធា​ដ៏​សម្បើម​អស្ចារ្យ​មួយ​ជា​មួយ​នឹង​ការ​បង្ហាញ​គ្រឿងសព្វាវុធ​ទំនើបៗ​នៅ​លើ​ទីលាន​ធានអានមេន​ក្នុង​ទីក្រុង​ប៉េកាំង។ ពិធី​នេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង ថ្នាក់ដឹកនាំ​ចិន​គ្រប់​ជាន់ថ្នាក់ ថ្នាក់​ដឹកនាំ​បរទេស ព្រម​ទាំង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ខួប​គម្រប់ ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​ឆ្នាំ​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ចិន​កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក សេដ្ឋកិច្ច​ថមថយ និង​ការ​បន្ត​ក្បួនបាតុកម្ម​របស់​ក្រុម​អ្នក​គាំទ្រប្រជាធិបតេយ្យ​នៅ​ហុងកុង។

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន Reuters
ផ្សាយពាណិជ្ជកម្ម

មាន​ចំណាប់អារម្មណ៍​ពីរ​សំខាន់​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​គម្រប់ ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន ទី១ ជា​ឱកាស​ដែល​ចិន​ចង់​បង្ហាញ​ប្រាប់​ពិភពលោក​នូវ​មហិទ្ធិឫទ្ធិ ឬ​ភាព​ជា​មហាអំណាច​របស់​ខ្លួន​ដែល​មិន​ត្រូវ​មើលស្រាល និង​ទី២ គឺ​ជា​ឱកាស​សម្រាប់​គណបក្ស​កុម្មុយនិស្តចិន​ដើម្បី​បញ្ជាក់​ពី​ការ​ការ​សោយរាជ្យ​របស់​ខ្លួន​ជាមួយ​នឹង​សមិទ្ធិផល​ដែល​ថ្នាក់ដឹកនាំ​សម្រេច​បាន។ ក្បួន​ព្យុះហយាត្រា​យោធា​ចូលរួម​ដោយ​ទាហាន​ចំនួន ១៥ ០០០នាក់ រថក្រោះ​ចំនួន ៥៨០គ្រឿង គ្រាប់មីស៊ីល​បាលីស្ទិក ឧទ្ធម្ភាគចក្រ និង​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង។ គ្រាប់មីស៊ីល Made in China ជាមួយ​នឹង​បច្ចេកវិទ្យា​ចិន ១០០% និង​ដែល​ចិន​ទើប​បាន​បង្ហាញ​ជា​លើកទី១ គឺ​គ្រាប់មីស៊ីលនុយក្លេអ៊ែរអន្តរទ្វីប​ឈ្មោះ DF-៤១។

គ្រាប់មីស៊ីល DF-៤១ អាច​បំពាក់​ក្បាល​នុយក្លេអ៊ែរ​ចំនួន ១០គ្រាប់ និង​អាច​បាញ់​បាន​ចម្ងាយ​ដល់​ទៅ ១៤ ០០០គីឡូម៉ែត្រ ពោល​បាញ់​ទៅ​ដល់​ទឹកដី​អាមេរិកាំង។ ក្រៅ​ពី​គ្រាប់មីស៊ីល​ថ្មី ចិន​ក៏​បាន​បង្ហាញ​នូវ​គ្រឿងសព្វាវុធ​ផ្សេងៗ​ទៀត ដូច​យ៉ាង​អាវុធ​សម្រាប់​ប្រឆាំង​តប​នឹង​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​របស់​សត្រូវ ឬ​មួយ​ក៏​យន្តហោះ​ដ្រូន​ជា​ដើម។ « គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​រង្គោះរង្គើរ​គ្រឹះ​នៃ​មហាប្រជាជាតិ​របស់​យើង​បាន​ឡើយ។ គ្មាន​អ្វី​ដែល​អាច​រារាំង​ប្រជាជាតិ និង​ប្រជាជន​របស់​យើង​ឲ្យ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​បាន​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ដែល​មាន​សំលៀកបំពាក់​ពណ៌ក្រម៉ៅ​ក្នុង​ពេល​ប្រកាស​ផ្តើម​ក្បួន​ព្យុះហយាត្រា។

គួរ​រម្លឹក​ថា គឺ​នៅ​លើ​ទីលាន​ធានអានមេន​ក្នុង​ទីក្រុង​ប៉េកាំង​ដដែល​នេះ​ដែល​អតីត​មេដឹកនាំ​ចិន​លោក​ម៉ៅ សេទុង​បាន​ប្រកាស​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​កាល​ពី​ថ្ងៃទី១ តុលា ឆ្នាំ ១៩៤៩។ គឺ​នៅ​កន្លែង​ដដែល​នេះ​ដែលមាន​ការ​វាយបង្រ្កាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ​សិស្ស និស្សិត​ចិន​ដែល​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​កាល​ពី ៣០ឆ្នាំ​មុន។

លោក​ស៊ី ជីនពីង​សន្យាបន្ត​គោរព​គោលការណ៍​ប្រទេស​មួយ ប្រព័ន្ធ​ពីរ

ក្នុង​ពេល​ដែល​ចិនដីគោក​បាន​ប្រារព្ធ​ខួប ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​យ៉ាង​ឱឡារិក​ក្នុង​ទីក្រុង​ប៉េកាំង ទឹកដី​ហុងកុង​ដែល​មាន​ចម្ងាយ ២ ០០០គីឡូម៉ែត្រ​កំពុង​បន្ត​ស្គាល់​បាតុកម្ម​របស់​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ។ នេះ​ពិត​ជា​រូបភាព​មួយ​ដែល​លោក​ស៊ី ជីនពីង​មិន​ចង់​ឃើញ​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន។ ក្បួន​បាតុកម្ម​ប្រឆាំង​ចិន​របស់​ក្រុម​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ហុងកុង​មិនមែន​ជា​រឿង​ថ្មី តែ​សម្រាប់​ពួក​បាតុករ ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស និង​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ត្រូវ​បង្កើន​ការ​តវ៉ា​ឲ្យ​បាន​ខ្លាំង និង​ធំធេង​ជាង​សព្វ​មួយ​ដង។ ក្នុង​ថ្ងៃ​អង្គារ ទី១ តុលា​នេះ រដ្ឋអំណាច​ហុងកុង​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​យ៉ាង​ច្រើន ព្រម​ទាំង​មាន​ការ​បិទផ្លូវ និង​ច្រកចេញ​ចូល​ស្ថានីយ៍​រថភ្លើង​ក្រោមដី​ជា​ច្រើន​កន្លែង។

ចំណែក​ច្រក​ចូល​អគារ​រដ្ឋាភិបាល រដ្ឋសភា និង​ធនាគារ​ធំៗ​របស់​ចិនដីញគោក​ក៏​ត្រូវ​បាន​បិទខ្ទប់​ដោយ​របាំង​យ៉ាង​មាំទាំ។ ទន្ទឹម​គ្នា​នេះ រដ្ឋអំណាច​ក៏​បាន​ប្រមូល​គ្រឿងសំណង់​នៅ​តាម​ផ្លូវ រួម​ទាំង​របស់របរ​ជា​ច្រើន​ដែល​ពួក​បាតុករ​អាច​យក​ទៅ​ប្រើ​ដើម្បី​វាយប្រហារ​លើ​ប៉ូលិស។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារទំនើប​ជា​ច្រើន​ត្រូវ​បាន​បិទទ្វារ។ លោក​ស៊ី ជីនពីង​បាន​និយាយ​ពី​ព្រឹត្តិការណ៍​នៅ​ហុងកុង តែ​និយាយ​នៅ​យប់​ថ្ងៃ​ចន្ទ ទី៣០ កញ្ញា​ដោយ​សន្យា​បន្ត​គោរព​លើ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។ តែ​លោក​ស៊ី​មិន​ភ្លេច​បន្ថែម​ពី​ការ​ការពារ​ឯកភាពជាតិ​ដោយ​លោក​យល់​ថា ឯកភាព​ជា​ដែក និង​ដែកថែប ហើយ​ឯកភាព​ជា​ប្រភព​នៃ​កម្លាំង។

ក្រុមអ្នកគាំទ្រ​ប្រជាធិបតេយ្យ​បន្ត​បង្កើន​គំនាប​លើ​ចិន​ដីគោក

ការ​ថ្លែង​របស់​លោក​ស៊ី ជីនពីង​អាច​នឹង​រំងាប់ ឬ​មិន​អាច​រំងាប់​ភាព​បះបោរ​នៅ​ហុងកុង គឺ​ស៊ីសង​លើ​ការ​អនុវត្តន៍​ជាក់ស្តែង។ ចូរ​កុំ​ភ្លេច​ថា​នា​រយៈពេល​ចុង​ក្រោយ​នេះ មាន​ព័ត៌មាន​លេច​ឮ​ពី​ការ​ដែល​ចិន​ចង់​បញ្ជូន​ទ័ព​ទៅ​អន្តរាគមន៍​បង្រ្កាប​បាតុករ​ហុងកុង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​នៅ​ហុងកុង​ឡើង​វិញ។ លោក​ស៊ី ជីនពីង​បាន​សន្យា​គោរព​លើ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​សម្រាប់​ហុងកុង តែ​លោក​ស៊ី​មិន​ភ្លេច​បញ្ជាក់​ពី​ការ​ការពារ​ឯកភាពជាតិ​ដែល​លោក​ចង់​មាន​ន័យ​ថា គ្មាន​ថ្ងៃ​ដែល​ហុងកុង​អាច​ផ្តាច់ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ចិនដីគោក​បាន​ឡើយ។

មាន​ការ​ចោទ​សួរ​ថា តើ​ការ​សន្យា​គោរព​លើ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ដែល​លោក​ស៊ី​ចង់​និយាយ ជា​គោលការណ៍​ដែល​ចិន​ជា​អ្នក​កំណត់​ដោយ​ខ្លួន​ឯង ឬ​ជា​គោលការណ៍​ដែល​ចិន​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ ១៩៩៧។ អ្វី​ដែល​ពលរដ្ឋ​ហុងកុង​ទូទៅ ពិសេស​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​កំពុង​ទទួល​អារម្មណ៍ និង​សម្លឹង​ឃើញ​ពេល​នេះ​គឺ​ថា ចិន​បាន និង​កំពុង​រំលោភ​បន្តិច​ម្តងៗ​លើ​គោលការណ៍​ដែល​ចិន​បាន​ចុះ​ហត្ថលេខា​ជាមួយ​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៩៧។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ថ្លែង​របស់​លោក​ស៊ី ជីនពីង​ពេល​នេះ​អាច​នឹង​រំងាប់​ភាព​បះបោរ​នៅ​ហុងកុង​បាន​ដែរ​ឬ​អត់​ទេ?។ អ្វី​ដែល​គេ​អាច​និយាយ​បាន ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ហាក់​មិន​ទាន់​បាន​ត្រៀមខ្លួន​បោះបង់​ការ​តវ៉ា ទាមទារ​របស់​ខ្លួន​នៅ​ឡើយ​ទេ។

៧០ឆ្នាំ​ក្រោយ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន តើ​ចិន​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្លាយ​ជា​មហាអំណាច​ទី១ ក្នុង​លោក​ជំនួស​កន្លែង​អាមេរិក?

នេះ​ជា​សុបិន្ត និង​ការ​ចង់​បាន​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​សម្លឹង​ឃើញ​ភ្លាមៗ​ពេល​នេះ គឺ​ការ​ដែល​លោក​ស៊ី ជីនពីង​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​ពង្រឹង​អំណាច​ផ្ទាល់​ខ្លួន​ជា​ប្រធានាធិបតី​អស់​មួយ​ជីវិត និង​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រធានាធិបតី​ដ៏​មាន​អំណាច​ខ្លាំង​ជាង​ប្រធានាធិបតី​មុនៗ​ទៀត​ផង គិត​តាំង​ពី​ក្រោយ​ការ​សោយរាជ្យ​របស់​លោក​ម៉ៅ សេទុង​ពី​ឆ្នាំ ១៩៤៩ ដល់​ឆ្នាំ ១៩៧៦។ ទន្ទឹម​នឹង​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន លោក​ស៊ី​ក៏​បាន​ពង្រឹង​អំណាច​គណបក្សកម្មុយនិស្ត​ចិន តាំង​ពី​លោក​ឡើង​កាន់​អំណាច​នា​ដំណាច់​ឆ្នាំ ២០១២។ បន្ទាប់​ពី​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ចទី២ ក្នុង​លោក ចិន​កំពុង​សម្លឹង​កន្លែង​អាមេរិក​ជា​មហាអំណាចទី១ ក្នុង​លោក។

គួរ​បញ្ជាក់​ថា ជា​ប្រទេស​កុម្មុយនិស្ត​ក្រហមឆ្អិនឆ្អៅ​មែន តែ​ចិន​បាន​ប្រកាន់​យក​នូវ​នយោបាយ​សេដ្ឋកិច្ច​មូលធននិយម ពោល​មិនមែន​សេដ្ឋកិច្ច​ផែនការ​តាម​បែប​សង្គមនិយម​ទេ។ ចិន​ជា​ប្រទេស​ទំនើប​ទាន់​សម័យ​មិន​ចាញ់​បស្ចិមលោក​ទាំង​ក្នុង​ផ្នែក​យោធា អវកាស និង​បច្ចេកវិទ្យា។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ចិន​ត្រូវ​ដោះស្រាយ ទាំង​នៅ​ផ្ទៃក្នុង និង​នៅ​អន្តរជាតិ។ កំណើន​សេដ្ឋកិច្ច​ថមថយ និង​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​ជា​ប្រធានរឿង​អាទិភាព​ពីរ​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។ ចំណែក​នៅ​អន្តរជាតិ​ដែល​ចិន​ត្រូវ​ដោះស្រាយ និង​ពិនិត្យ​មើល​ឡើង​វិញ​នៅ​ចំពោះ​មុខ គឺ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក និង​គម្រោង​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​ដែល​ចិន​កំពុង​ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​ប្រទេស​ពាក់ព័ន្ធ​មួយ​ចំនួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ