អានតួអត្ថបទ

កូរ៉េខាងជើង​បាញ់​​​មីស៊ីល ​ពេល​កំពុង​ត្រៀម​ចរចានុយក្លេអ៊ែរ​​សា​ជាថ្មី​ជាមួយ​អាមេរិក

ពិត​ជា​ទង្វើ​ផ្គើន​ដ៏​អស្ចារ្យ​មែន ! កូរ៉េខាង​ជើង បាន​ធ្វើ​ការ​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក នៅ​ព្រលឹម​​ថ្ងៃ​ពុធ​ទី ២​តុលានេះ តែ​ពីរ​បី​ម៉ោងប៉ុណ្ណោះក្រោយសេចក្តី​ប្រកាស​ត្រៀម​បើក​កិច្ច​ចរចា​សាជា​ថ្មី​ឡើង​វិញ ជាមួយ​សហរដ្ឋ​អាមេរិក។ បំបែក​មីស៊ីលមួយគ្រាប់​​ បានហោះ​ទៅ​​ធ្លាក់​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ជប៉ុនផង។

កូរ៉េខាង​ត្បង បង្ហាញ​រូបភាព​បាញ់​មីស៊ីល​របស់កូរ៉េខាង​ជើង តាម​កញ្ចក់​ទូរទស្សន៍ ថ្ងៃទី ២ តុលា ២០១៩octobre 2019.
កូរ៉េខាង​ត្បង បង្ហាញ​រូបភាព​បាញ់​មីស៊ីល​របស់កូរ៉េខាង​ជើង តាម​កញ្ចក់​ទូរទស្សន៍ ថ្ងៃទី ២ តុលា ២០១៩octobre 2019. REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

រយៈ​​ពីរ​ឆ្នាំ​មក​នេះ កូរ៉េខាងជើង​មិន​ដែល​ធ្វើការ​សាកល្បង​មីស៊ីល​ ក្នុង​ទ្រង់ទ្រាយ​ដូច្នេះឡើយ។ ប្រភព​កូរ៉េខាង​ត្បូង បាន​អះអាង​នៅ​ព្រឹក​មិញ​ថា កូរ៉េខាង​ជើង​ទើប​បានធ្វើការសាកល្បង​​មីស៊ីល​ ដែល​បាញ់​​ចេញ​ពី​នាវា​មុជ​ទឹក។ ទីតាំង​បាញ់​ស្ថិត​នៅ​ក្នុង​​ក្រុង​កំពង់ផែ Wonsan ​ ក្រុង​ដែល​ស្ថិត​នៅ​ទល់​នឹង​សមុទ្ទ​ជប៉ុន​ និង​ទំនង​ជា​ផែ​បណ្តែត​ទឹក​ផង។

ទំនង​​ជា​ប្រភេទមីស៊ីល​​ថ្មី ឬ​មីស៊ីលបាលីស្ទិក Pukguksong-1 ដែល​ព្យុងយ៉ាង​ធ្លាប់​បាន​ធ្វើការ​សាកល្បង​បាន​សម្រេច​កាលពី​ថ្ងៃទី ២៤​សីហា ២០១៦ម្តង មីស៊ីល​បាញ់​ហោះ​ឡើង​កម្ពស់​៩១០​គីឡូម៉ែត្រ និង​ហោះ​បាន​ក្នុង​រយៈ​ចម្ងាយ​ ៤៥០គីឡូម៉ែត្រ មុន​នឹង​ធ្លាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ជប៉ុន។ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ ដែល​គ្រាប់​មីស៊ីល​កូរ៉េខាង​ជើង បាញ់​បាន​ឆ្ងាយ​យ៉ាង​ដូច្នេះ។ ប្រសិន​បើ​កូរ៉េខាង​ជើង​បាញ់​បន្ទាបខ្លាំង គ្រាប់​មីស៊ីល នឹង​អាច​បាញ់​បាន​កាន់​តែ​ឆ្ងាយខ្លាំង។

ជប៉ុន ដែល​ទទួល​បំបែក​មីស៊ីល​មួយ​គ្រាប់ ក្នុង​តំបន់​ដែន​ទឹក​របស់​ខ្លួន បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោល​ទោស​ភ្លាម ថា​ “ទង្វើ​បាញ់​មីស៊ីល​នេះ​ជា​រំលោភ​សេចក្តី​សម្រេចចិត្ត​អង្គការ​សហប្រជាជាតិ”។

ហេតុ​អ្វី​បាន​ជា​កូរ៉េខាង​ជើង​ធ្វើការ​សាកល្បង​មីស៊ីល ក្រោយ​សេចក្តី​ប្រកាសភ្ជាប់​កិច្ចចរចា​​ជាមួយ​អាមេរិក​ឡើង​វិញ​នៅ​ថ្ងៃទី ៤​តុលា​ខាង​មុខ​ ​យ៉ាង​ដូច្នេះ ? ទង្វើ​ផ្គើន​របស់​ព្យុងយ៉ាងនេះ​ ត្រូវ​បាន​គេ​បក​ស្រាយ​ថា​មធ្យោបាយ​ប្រកាស​អំពី​សមត្ថភាព​យោធា​របស់​ខ្លួន​ផង និង​ជា​មធ្យោបាយ​ដាក់​សម្ពាធ​លើ​សហរដ្ឋ​អាមេរិក​ មុននឹង​ចាប់​ផ្តើម​ចរចា​នុយក្លេអ៊ែរ​ទ្វេ​ភាគី​ឡើង​វិញ​។ ការ​ចរចា ដែល​ជា​ការ​រង់ចាំ​អស់​ជា​ច្រើន​ខែ​មក​ហើយ ​​នឹង​ចាប់​ផ្តើម​សាជា​ថ្មី​ នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ។ កូរ៉េខាង​ជើង ចង់​ចូលអង្គុយតុចរចា ក្នុង​នាម​ជា​អ្នក​មាន​ប្រៀប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ