អានតួអត្ថបទ
ហុងកុង

ហុងកុង៖រដ្ឋអំណាចហាមមិនឲ្យពាក់ម៉ាស់បិទមុខក្នុងពេលបាតុកម្ម

នៅ​ថ្ងៃ​សុក្រ ទី៤ តុលា ប្រមុខ​រដ្ឋអំណាច​ហុងកុង​លោកស្រី​ការី ឡាំ​បាន​លើក​ឡើង​ពី​ច្បាប់អាសន្ន​មួយ​ដែល​ហុងកុង​មាន​តាំង​ពី​ឆ្នាំ ១៩២២ តែ​មិន​ត្រូវ​បាន​ប្រើ​តាំង​ពី​ឆ្នាំ ១៩៦៧ មក​ម្ល៉េះ។ លោកស្រី​ការី ឡាំ​បាន​ប្រើ​ច្បាប់អាសន្ន​មួយ​នេះ​ដើម្បី​ហាម​បាតុករ​មិន​ឲ្យ​ពាក់​ម៉ាស់​បិទ​មុខ​ក្នុង​ពេល​ធ្វើ​បាតុកម្ម។ គោលដៅ​នៃ​ការ​យក​ច្បាប់​នេះ​ទៅ​ប្រើ​វិញ គឺ​ដើម្បី​ងាយ​វែក​មុខ​បាតុករ​ដែល​ប្រើ​ហិង្សា​វាយប្រហារ​លើ​កម្លាំង​ប៉ូលិស។ គួរ​រម្លឹក​ថា​កាល​ពី​ថ្ងៃ​អង្គារ ទី១ តុលា​ដែល​ជា​ខួប ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន មាន​ផ្ទុះ​អំពើហិង្សា​មិន​ធ្លាប់​មាន​នៅ​ហុងកុង​រវាង​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ និង​កម្លាំង​ប៉ូលិស​រហូត​ជំរុញ​ឲ្យ​ប៉ូលិស​បាញ់​គ្រាប់កាំភ្លើង​ពិត​លើ​បាតុករ​វ័យ​ក្មេង​ម្នាក់​ចំ​ដើមទ្រូង។

ប្រមុខរដ្ឋអំណាចហុងកុងលោកស្រីការី ឡាំ
ប្រមុខរដ្ឋអំណាចហុងកុងលោកស្រីការី ឡាំ Reuters
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋអំណាច​ហុងកុង​លោកស្រី​ការី ឡាំ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ដោយ​បញ្ជាក់​ថា ច្បាប់អាសន្ន​ដែល​លោកស្រី​យក​ទៅ​ប្រើ​ដើម្បី​ហាម​ការ​ពាក់ម៉ាស់​បិទ​មុខ​ក្នុង​ពេល​ធ្វើ​បាតុកម្ម មិន​មែន​ជា​ការ​ប្រកាស​ដាក់​ហុងកុង​ក្នុង​ភាព​អាសន្ន​ទេ។ ច្បាប់អាសន្ន​នេះ​ចូល​ជា​ធរមាន​ចាប់​ពី​អធ្រាត្រ​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី៥ តុលា។ លោកស្រី​ការី ឡាំ​គិត​ថា ច្បាប់អាសន្ន​មួយ​នេះ​នឹង​មាន​ឥទ្ធិពល​បំភ័យ​ក្រុម​បាតុករ​ដែល​តែង​ប្រើ​ហិង្សា​វាយប្រហារ​លើ​កម្លាំង​ប៉ូលិស។ តាម​រយៈ​ការ​ប្រើ​ច្បាប់អាសន្ន​មួយ​នេះ ប៉ូលិស​អាច​នឹង​វែក​អត្តសញ្ញាណ​បាតុករ​ដែល​ញុះញង់ ប្រើ​ដបសាំង និង​ប្រើ​ឧបករណ៍​ផ្សេងៗ​ដើម្បី​វាយប្រហារ​លើ​កម្លាំង​ប៉ូលិស។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ក្បួនបាតុកម្ម​តាំង​ពី​ខែ​មិថុនា ក្រុម​បាតុករ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​បាន​ប្រើ​ម៉ាស់​បិទមុខ ពាក់​វ៉ែនតា និង​ពាក់​មួក​ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​អត្តសញ្ញាណ និង​គេច​ពី​ការ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ។

លោក​ស៊ីម៉ុន យ៉ាង់ សាស្រ្តាចារ្យ​ច្បាប់​នៅ​សាកលវិទ្យាល័យ​ហុងកុង​បាន​មើល​ឃើញ​ថា ការ​យក​ច្បាប់អាសន្ន​នេះ​មក​ប្រើ​អាច​នឹង​បង្អាក់​ក្រុមអ្នកកណ្តាល​និយម​មិន​ឲ្យ​ធ្វើ​បាតុកម្ម។ តែ​ផ្ទុយ​ទៅ​ទៅ​វិញ ការ​យក​ច្បាប់អាសន្ន​នេះ​មក​ប្រើ​ក៏​អាច​ជា​ការ​ញុះញង់​ឲ្យ​មនុស្ស​គ្រប់​រូប​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ដោយ​គេ​មាន​អារម្មណ៍​ថា ជា​ការ​រំលោភ​អំណាច។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ដែល​ប្រមុខ​រដ្ឋអំណាច​ហុងកុង​បាន​កកើយ​យក​ច្បាប់អាសន្ន​មក​ប្រើ​ពេល​នេះ គឺ​ចំ​ពេល​ដែល​ក្រុម​បាតុករ​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​កំពុង​បន្ត​បាតុកម្ម​នៅ​រៀងរាល់​ចុង​សប្តាហ៍​តាំង​ពី​ខែ​មិថុនា។ បាតុកម្ម​ដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើងៗ​រវាង​បាតុករ និង​កម្លាំង​ប៉ូលិស។

ជាក់ស្តែង​ក្នុង​ថ្ងៃទី១ តុលា​ដែល​ជា​ខួប ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន ក្រុម​បាតុករ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​បាន​បង្កើន​សកម្មភាព​របស់​ខ្លួន​មិន​ធ្លាប់​មាន​ដោយ​បាន​ប្រឈម​មុខ​យ៉ាង​ហិង្សា​ទល់​នឹង​កម្លាំង​ប៉ូលិស។ កម្លាំង​ប៉ូលិស​ដែល​មិន​ញញើត​បាញ់​គ្រាប់​កាំភ្លើងពិត​សំដៅ​ត្រង់​លើ​ដើមទ្រូង​បាតុករ​វ័យក្មេង​ម្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ