បាតុកម្មនៅអ៊ីរ៉ាក់៖ មេដឹកនាំសាសនាស្ហ៊ីអ៊ីត ព្រមាននាយករដ្ឋមន្រ្តីពីផលវិបាក បើសិនគ្មានដំណោះស្រាយ
បាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ នៅបន្តកើតមាន នៅថ្ងៃសុក្រម្សិលមិញ បើទោះជាមានការអំពាវនាវរបស់នាយករដ្ឋមន្រ្តីឲ្យអត់ធ្មត់ ហើយនិងវិធានការកាត់ផ្តាច់អ៊ីនធ័រនែត នៅក្នុងប្រទេស។ នៅថ្ងៃសុក្រម្សិលមិញ ដែរ ប្រមុខដឹកនាំសាសនាស្ហ៊ីអ៊ីត របស់អ៊ីរ៉ាក់បានចេញមុខជាលើកទី ១ ដាក់កំរិតឲ្យរដ្ឋាភិបាល និងសភា ប្រញាប់ដោះស្រាយ តាមការទាមទាររបស់បាតុករ បើសិនមិនចង់ឲ្យមានមហាបាតុកម្មផ្ទុះឡើងនៅទូទាំងប្រទេស។ នៅក្នុងរយៈពេល តែ៤ថ្ងៃ បាតុកម្មហិង្សា តាំងពីថ្ងៃអង្គារបានសម្លាប់មនុស្ស៣៧នាក់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៤
បម្រាមគោរព និងការផ្តាច់អ៊ីនធ័រនែត។ ចំណាត់ការទាំងពីររបស់រដ្ឋាភិបាលអ៊ីរ៉ាក់ មិនបានធ្វើឲ្យប្រជាជនបាក់ទឹកចិត្ត ឈប់ធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាលនៅថ្ងៃសុក្រម្សិលមិញនោះទេ។ បាតុកម្មដើម្បី បរិហារ អំពើពុករលួយ និងការអត់ការងាររបស់ប្រជាជនអ៊ីរ៉ាក់ បានឈានចូលដល់ថ្ងៃទី ៤ ថ្ងៃដែលប៉ូលិស និងបាតុករនៅតែប៉ះទង្គិចគ្នា ដ៏ហិង្សា។
តាំងពីថ្ងៃអង្គារ ចលនាប្រឆាំងរដ្ឋាភិបាល បានផ្ទុះឡើង នៅរដ្ឋធានី បាកដាដ និងនៅតាមទីក្រុងភាគខាងត្បូងប្រទេស ដែលសំបូរដោយអ្នកកាន់សាសនាអ៊ីស្លាម និកាយស្ហ៊ីអ៊ីត។ នៅថ្ងៃសុក្រ ម្សិលមិញ ប្រមុខដឹកនាំសាសនាអ៊ីស្លាម និកាយស្ហ៊ីអ៊ីត ដែលជាបុគ្គលដ៏មានឥទ្ធិពលទៅលើអ្នកនយោបាយអ៊ីរ៉ាក់ បានបរិហារការបង្រ្កាប ដ៏ហិង្សាទៅលើបាតុករ ហើយនិងបានព្រមានប្រាប់នាយករដ្ឋមន្រ្តី និងសភាអ៊ីរ៉ាក់ ឲ្យប្រញាប់ធ្វើកំណែទម្រង់ ជាពិសេស គឺកែលម្អ សេវាសាធារណៈ ផ្តល់ការងារសម្រាប់យុវជន ហើយនិងបិទបញ្ចប់ បញ្ហាពុករលួយ។ សម្រាប់ប្រមុខសាសនាអ៊ីរ៉ាក់ បាតុកម្មអាចថយចុះខ្សោយនៅថ្ងៃនេះ ប៉ុន្តែ ក៏នឹងអាចត្រលប់មកសាជាថ្មី នឹងអាចរឹតតែខ្លាំងធ្ងន់ធ្ងរជាងពេលនេះ បើសិនរដ្ឋាភិបាលមិនរកដំណោះស្រាយឲ្យប្រជាបាតុករ។
លោក អាប់ឌែល ម៉ាឌី ដែលទើបចូលកាន់តំណែង នាយករដ្ឋមន្រ្តី អ៊ីរ៉ាក់ បាន១ឆ្នាំ គត់ នៅខែតុលានេះ បានអំពាវនាវ នៅថ្ងៃ ព្រហស្បតិ៍ ឲ្យប្រជាជនអ៊ីរ៉ាក់ អត់ធ្មត់ ប៉ុន្តែ ជាមួយគ្នានោះ លោកក៏ទទួលស្គាល់ថា គ្មានដំណោះស្រាយ ភ្លាមៗ នៅពេលនេះដែរ។
បាតុកម្មរបស់មហាជន ដែលគ្មានការដឹកនាំពីអ្នកនយោបាយ ឬមេដឹកនាំសាសនា គឺជារឿងថ្មីមួយ មិនធ្លាប់នៅអ៊ីរ៉ាក់ ដែលទើបតែចាកផុតពីអស្ថិរភាព នយោបាយ និងសន្តិសុខ បានតែ២ឆ្នាំ ប៉ុណ្ណោះ ចាប់តាំងពីសង្រ្គាមទម្លាក់សាដាម ហ៊ូសេន នៅឆ្នាំ ២០០៣។
ការដកតំណែង មេទ័ពប្រឆាំងនឹងក្រុមភេរវនិយម ជាចំណុចចាប់ផ្តើមនៃមហាបាតុកម្មរបស់ប្រជាជនអ៊ីរ៉ាក់ ដែលបានចោទនាយករដ្ឋមន្រ្តីថ្មីរបស់អ៊ីរ៉ាក់ ថា មាននិន្នាការខ្លាំងទៅរកអ៊ីរ៉ង់។ បន្ទាប់មកទៀត ទៅតាមការអំពាវនាវជាបន្តបន្ទាប់តាមបណ្តាញសង្គម ប្រជាជនអ៊ីរ៉ាក់ ជាពិសេសយុវជនបានចុះថ្នល់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលពួកគេវាយតម្លៃថា អសមត្ថភាពលុបបំបាត់អំពើពុករលួយ ដែលបានធ្វើឲ្យអ៊ីរ៉ាក់ ខាតបង់ថវិកា ជាង ៤១០ពាន់លានដុល្លារ ក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ។ បាតុករអ៊ីរ៉ាក់បានទាមទារផងដែរ ឲ្យរដ្ឋាភិបាល ដោះស្រាយ បញ្ហាយុវជនអត់ការងារធ្វើ ដែលមានចំនួន ប្រមាណ ២៥ភាគរយ នៅក្នុងប្រទេស។ រដ្ឋាភិបាលអ៊ីរ៉ាក់ត្រូវដោះស្រាយជាបន្ទាន់ផងដែរ សេវាសាធារណៈ ព្រោះថា ទោះជាប្រទេសចប់ លែងមានសង្រ្គាម និងអស្ថិរភាពនយោបាយ ២ឆ្នាំទៅហើយក្តី ប៉ុន្តែ ប្រជាជនអ៊ីរ៉ាក់ នៅតែខ្វះខាតទឹកស្អាត និងភ្លើងប្រើប្រាស់ដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ