ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អាស៊ី

កូរ៉េខាងជើង និងសហរដ្ឋ​អាមេរិក​ ផ្តើម​​ចរចានុយក្លេអ៊ែរ ជាថ្មី នៅស៊ុយអែត

media  
លោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ជួប​គ្នា​នៅ​តំបន់​ព្រំ​ដែន​កូរ៉េ​ ថ្ងៃទី ៣០​មិថុនា ២០១៩ REUTERS/Kevin Lamarque

បន្ទាប់​ពី ជាប់​គាំង​ស្តូក​ស្តឹង​អស់​រយៈ​ពេល​៧​ខែ និង​បើ​ទោះ​បី​ជាព្យុងយ៉ាង​បាន​​ផ្គើន​សាកល្បង​មីស៊ីល​ជា​ច្រើន​លើក​ក្តីក៏​ដោយ​ ក៏​នៅ​ថ្ងៃ​សៅរ៍នេះ​ សញ្ញា​នៃ​ការ​ចង​​ភ្ជាប់ទំនាក់ទំនង​កូរ៉េខាង​ជើង​-អាមេរិក​ឡើង​បាន​បណ្តុះ​ឡើង។ ប្រតិភូ​​កូរ៉េខាង​ជើង និង​អាមេរិក​ បាន​ផ្តើម​​កិច្ច​ចរចានុយក្លេអ៊ែរ​ឡើង​វិញ​​ នៅ​ទីក្រុង​ស្តុកខុម​ប្រទេស​ស៊ុយអែត ​ដែល​មាន​ទំនាក់ទំនង​ជាការទូត​ជាមួយ​កូរ៉េខាង​ជើង និង​ក៏​ជា​តំណាង​អាមេរិក​ នៅ​ព្យុងយ៉ាង។

ខាង​អាមេរិក ប្រតិភូ​​ដឹកនាំ​​ដោយ​​តំណាង​ពិសេស​របស់​លោក​ដូណាល់ លោក Stephen Biegum។ ចំណែក​ខាង​កូរ៉េខាង​ជើងវិញ ជា​​ប្រតិភូ​ក្រុម​ថ្មី​ដឹកនាំ​ដោយលោក គីម មីញ៉ុង ហ្គីល ជំនួស​លោក​គីម យ៉ុងចុល ដែល​ត្រូវ​ដក​ចេញ​ពី​តំណែង​ក្រោយ​បរាជ័យ​នៅ​វៀតណាម។ ជា​ឯកអគ្គរដ្ឋ​ទូត​កូរ៉េខាង​ជើង​ប្រចាំ​ក្រុង​ហាណូយ តាំង​ពី​ឆ្នាំ​២០១៥ លោក គីម មីញ៉ុងហ្គីល ​មាន​ប្រវត្តិ​​ការងារ​ក្នុង​ក្រសួង​ការបរទេស ជំនាញ​ខាងសហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៨២មក និង​ធ្លាប់​ចូលរួម​ចរចា​នុយក្លេអ៊ែរ​ជាមួយអាមេរិក​នៅ​ឆ្នាំ ១៩៩៤ និង​ការ​ចរចា​៦ភាគី​នៅ​ឆ្នាំ​២០០០។ ​ នៅ​ថ្ងៃ សុក្រ​ទី​៤​តុលា​ម្សិលមិញ តំណាង​ប្រតិភូទាំង​ពីរ​​ភាគី​ បាន​ជួបគ្នា​មួយ​ភ្លែត និង​ត្រូវ​ចាប់​ផ្តើម​ចរចា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍​នេះ។

ពី​ទីក្រុង​ប៉េកាំង មុន​នឹង​ធ្វើ​ដំណើរ​មក​ដល់​​ស្តុកខុម តំណាង​ប្រតិភូ​កូរ៉េខាង​ជើងរូប​នេះ​​ បាន​ប្រកាស​អំពី​​សុទិដ្ឋនិយម ចំពោះ​ជំនួប​ចរចា​ថ្ងៃ​នេះ ដោយ​សំអាង​ថា​បាន​ទទួល​សញ្ញា​ថ្មី​ពី​​ភាគី​អាមេរិក​​​ក្នុង​សំណុំ​រឿង​រំសាយ​នុយក្លេអ៊ែរ​។

ជំនួបចរចា​ស្តី​ពី​ការ​រំសាយ​កម្មវិធី​​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង ​ជាន់​ខ្ពស់​កំរិត​នេះ ធ្លាប់​កើត​មាន​ម្តង​កាលពី​ខែ​មីនាឆ្នាំ​២០១៨ និង​ម្តង​ទៀត កាលពី​ខែ​មករា​ឆ្នាំ​២០១៩ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ត្រៀម​ជំនួប​ ត្រាំ​-គីម​។ ប៉ុន្តែ​បរាជ័យ​នៃ​ជំនួប​​នៅ​ក្រុង​ហាណូយ រវាង​លោកដូណាល់ ត្រាំ​និងលោក​ គីមជុងអ៊ុន នៅ​ខែ​កុម្ភៈ​ បាន​ធ្វើ​សំណុំ​រឿង​ចរចា​នុយក្លេអ៊ែរ​លិប​បាត់​ទៅ​វិញ។ គេត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី ១​តុលា ទើប​ឃើញ​មាន​សញ្ញានៃ​ការ​ចាប់​ផ្តើម​ថ្មី ៖ កូរ៉េខាង​ជើង​បាន​ប្រកាស​ស្នើ​សុំ​ចរចា​នុយក្លេអ៊ែរ​​វិញ​ ហើយ​អាមេរិក​ក៏​បាន​ផ្តល់​ចម្លើយ​វិជ្ជមាន​ភ្លាម។

ប៉ុន្មាន​ម៉ោង​ក្រោយ​សេចក្តី​ប្រកាស​បើក​កិច្ចចរចា ព្យុងយ៉ាង​​បាន​​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីកទៅ​ធ្លាក់​នៅ​ក្នុង​ដែន​ពាណិជ្ជកម្ម​ផ្តាច់​មុខ​របស់​ជប៉ុន។ ជា​មីស៊ីល​ជា​ទំនើប​ខ្លាំង​ អាច​បាញ់​ដល់​អាមេរិក និង​បាញ់​ចេញ​ពី​នាវាមុជ​ទឹក​ ដែល​ព្យុងយ៉ាង​ចង់​បញ្ជាក់​អំពី​អំណាច​យោធា​របស់​ខ្លួន​ទល់​នឹង​ការ​គំរាម​កំហែង​ខាង​ក្រៅ​ផង និង​បញ្ជាក់​អំពី​ជម្រើស​ទីពីរ​​ ក្នុង​ការ​តបត​ប្រសិនបើ​មជ្ឈមណ្ឌល​លើ​ដី​​គោក​រង​ការ​បំផ្លាញ។ តែ​អាមេរិក​មិន​ប្តូរ​ចិត្ត លោក​ដូណាល់ ត្រាំ សម្រេច​រក្សា​ជំនួប​ចរចា​ថ្ងៃ​នេះ​ដដែល៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ