អានតួអត្ថបទ
កូរ៉េខាងជើង-សហរដ្ឋអាមេរិក

ចរចា​នុយក្លេអ៊ែរ​កូរ៉េខាងជើង៖ ព្យុងយ៉ាងថា បរាជ័យ ប៉ុន្តែ វ៉ាស៊ីនតោន​ថា កំពុង​បោះជំហាន​ទៅមុខ

កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក មានជំហរ​មិន​ដូច​គ្នា ពី​រឿង​ចរចា​រវាង​ភាគី​ទាំងពីរ ដែល​បានប្រព្រឹត្តទៅ កាលពី​ថ្ងៃ​សៅរ៍ នៅ​ប្រទេស​ស៊ុយអែត។ ទីក្រុង​វ៉ាស៊ីនតោន​បាន​វាយតម្លៃថា ការពិភាក្សា​ជាមួយ​ភាគី​កូរ៉េខាងជើង​បាន​ប្រព្រឹត្ត​ទៅ​វិជ្ជមាន ប៉ុន្តែ នៅ​ថ្ងៃ​អាទិត្យ មួយថ្ងៃ​ក្រោយ ទម្លាក់កំហុស​លើ​អាមេរិក ថា ជាអ្នកធ្វើ​ឲ្យ​ការចរចា​បរាជ័យ ទីក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​បដិសេធ​ផងដែរ រាល់​ការចរចា​សាជាថ្មី ដរាបណា​អាមេរិក​មិន​ផ្លាស់ប្តូរ​ឥរិយាបថ ឈប់ ធ្វើ​នយោបាយ​អរិភាព​ដាក់​កូរ៉េខាងជើង។ 

ប្រធានក្រុមចរចា​នុយក្លេអ៊ែរពីខាងភាគី​កូរ៉េខាងជើង លោកKim Myong Gil ធ្វើ​សន្នីសិទ​កាសែត​នៅមុខ​ស្ថានទូត​កូរ៉េខាងជើង នៅទីក្រុង​ស្តុកខូម ប្រទេស​ស៊ុយអែត​ថ្ងៃទី ៥​តុលា​២០១៩
ប្រធានក្រុមចរចា​នុយក្លេអ៊ែរពីខាងភាគី​កូរ៉េខាងជើង លោកKim Myong Gil ធ្វើ​សន្នីសិទ​កាសែត​នៅមុខ​ស្ថានទូត​កូរ៉េខាងជើង នៅទីក្រុង​ស្តុកខូម ប្រទេស​ស៊ុយអែត​ថ្ងៃទី ៥​តុលា​២០១៩ © REUTERS/Philip O'Connor
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ព្យុងយ៉ាង​ខកចិត្ត​ខ្លាំង​នឹង​អាមេរិក ដែល​មិនបាន​នាំយក​អ្វីថ្មី មក​ដាក់​តុចរចា ក្រៅតែ​ពី​នយោបាយ​អរិភាព​ជាមួយ​កូរ៉េខាងជើង។ មួយថ្ងៃ​ក្រោយ ការចរចា បរាជ័យ ជាមួយ​ភាគី​អាមេរិក របបកុម្មុយនិស្ត​កូរ៉េខាងជើង តាមរយៈ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បាន​ប្រកាស​ទាត់ចោល រាល់​ការចរចា នានា​ស្តី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដរាបណា អាមេរិក​នៅ​តែ​មិន​ប្តូរ​ឥរិយាបថ។

“ព្យុងយ៉ាង​គ្មានប្រយោជន៍​អ្វី​ដែល​ត្រូវ​ចរចា ដ៏​ឈឺចាប់ ដូចលើកនេះ ទេ បើសិន​អាមេរិក មិនចាត់​វិធានការ​ជាក់ស្តែង ដើម្បី​បិទបញ្ចប់​នយោបាយ​អរិភាព​ជាមួយ​កូរ៉េខាងជើង។ នេះ​ជា​ប្រសាសន៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង ដែលស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន រដ្ឋ KCNA។

នៅថ្ងៃ​សៅរ៍ បន្ទាប់​ពី​ចែកផ្លូវ​គ្នា ដោយ​គ្មាន​លទ្ធផល​អ្វី នៅ​ក្រោយ​ការចរចាទ្វេភាគី​នៅ​ក្រសួង​ការបរទេស​ស៊ុយអែត ប្រធានគណៈប្រតិភូ​កូរ៉េខាងជើង បាន​ធ្វើ​សន្នីសិទ​កាសែត ប្រកាស​ពីបរាជ័យ នៃ​ការចរចា។ ភាគី​អាមេរិក​វិញ មិន​យល់​ឃើញ​ដូច្នេះទេ។ សម្រាប់​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក ការចរចា​បាន​ដំណើរការ​ទៅមុខ​គួរ​ឲ្យ​ចាប់អារម្មណ៍។ ម្យ៉ាងទៀត អាមេរិក​បានទទួល​រួចហើយ ការអញ្ជើញ​ពី​ភាគី​ស៊ុយអែត សម្រាប់​ការចរចា​ជាមួយ​កូរ៉េខាងជើង នៅជុំទី​២បន្តទៀត។

អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​និយាយ​បកយ៉ាងដូច្នេះទៅវិញ​ថា ការលើកឡើង​របស់​អាមេរិកដែល​ថា នឹង​មាន​ការជួបគ្នា សាជាថ្មី រវាង​អាមេរិក និង​កូរ៉េខាងជើង គឺ​ជាការលើកឡើង ដែល​គ្មាន​មូលដ្ឋាន​ទាល់តែសោះ។

យ៉ាងណាក៏ដោយ កូរ៉េខាងជើង​ក៏​មិន​បាន​បិទផ្លូវ​ចរចា ទាំងស្រុងនោះទេ ដោយ​បាន​ប្រកាស​ទុកពេលវេលា​ឲ្យ​អាមេរិក រហូត ដល់​ដំណាច់ឆ្នាំនេះ ដើម្បី ធ្វើ​ឲ្យ​ការចរចា អាមេរិក-កូរ៉េខាងជើង​អាច​កើតមានជីវិត​មាន​ឡើងវិញ។

នៅ​ថ្ងៃសៅរ៍ ស៊ុយអែត​បាន​ទទួល​រៀបចំ ជំនួបចរចា​ទ្វេភាគី អាមេរិក កូរ៉េខាងជើង ក្នុង​គោលដៅ ស្រោចស្រង់​ឡើងវិញ ការចរចា ស្តីពីការរំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​បាន​ជាប់គាំង អស់​៧ខែ​មកហើយ ពោល​គឺ​ចាប់តាំង​ពី​ការចរចា ជាលើកទី២ រវាង​លោកដូណាល់ ត្រាំ និង​លោកគីមជុងអ៊ុន នៅប្រទេស​វៀតណាម បាន​ជួបបរាជ័យ កាលពី​ខែ​កុម្ភៈ​ដើមឆ្នាំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ